ការខិតខំរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដើម្បីទៅជួបជាមួយពលករខ្មែរចំណាកស្រុក ដែលភៀសខ្លួនចេញពីការបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសថៃ នៅក្រុងប៉ោយប៉ែត និងដើម្បីចែកប្រាក់នោះ ត្រូវរារាំងដោយអាជ្ញាធរមូលដ្ឋាន និងក្រុមបុរសគ្មានអត្តសញ្ញាណ ដែលស្រែកប្រមាថ និងដែលគេសង្ស័យថា បានគប់ស៊ុតដាក់ក្បួនរថយន្តរបស់លោក កឹម សុខា ។

ពលករខ្មែរចំណាកស្រុកប្រមាណ២០០.០០០នាក់បានឆ្លងព្រំដែនកាលពីពីរសប្តាហ៍កន្លងមកនេះ ដោយខ្លាចទាហានថៃចាប់ខ្លួន ចាប់តាំងពីកងទ័ពថៃបានទម្លាក់រដ្ឋាភិបាលក្រុងបាងកកកាលពីខែមុនមក ហើយកម្មករភាគច្រើនបានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
ដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាល និងអ្នកស្ម័គ្រចិត្តនោះ រដ្ឋាភិបាលបានចាប់ផ្ដើមផ្តល់ជំនួយមនុស្សធម៌នៅច្រកទ្វារអន្តរជាតិនេះ ដើម្បីជួយសម្រួលដល់ការភៀសខ្លួនដ៏គំហុកនេះ និងជួយពលករចំណាកស្រុកឲ្យបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅក្រុងប៉ោយប៉ែតដោយសង្ឃឹមថា នឹងបានជួបសំណេះសំណាលជាមួយពលករចំណាកស្រុក និងចែកប្រាក់ចំនួន៣០.០០០រៀល (ប្រហែល៧,៥០ដុល្លារ) ដើម្បីជួយឲ្យពួកគេបានត្រឡប់ទៅស្រុកកំណើតវិញ។
តែទោះជាយ៉ាងណា វីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ហាញឲ្យឃើញថា កងសន្តិសុខបានប្រើម៉ូតូនិងរបាំងដើម្បីបិទផ្លូវ និងរារាំងក្បួនរថយន្តរបស់លោក កឹម សុខា ។ វីដេអូឃ្លីបនេះក៏បានបង្ហាញឲ្យឃើញផងដែរថា លោក ឡុង រី សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមកពីខេត្តបន្ទាយមានជ័យ និងជាប្រធានផ្នែកសន្តិសុខរបស់គណបក្សប្រឆាំងនេះដែរនោះ បានស្នើសុំការអនុញ្ញាតពីលោក ងោ៉ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតឲ្យពួកគាត់ចូលទៅតំបន់ដែលពលករចំណាកស្រុកកំពុងជួបជុំគ្នា ប៉ុន្តែ មិនបានសម្រេចនោះទេ។
លោក ឡុង រី បានមានប្រសាសន៍នៅក្នុងវីដេអូឃ្លីបនោះថា “ខ្ញុំចង់ចូលទៅដើម្បីចង់ដឹងការពិតជាមួយឯកឧត្តម [ កឹម សុខា ]”។ លោកអភិបាលក្រុងប៉ោយប៉ែតរូបនេះ បានបដិសេធការស្នើសុំរបស់លោក ឡុង រី ហើយបានប្រាប់ពួកគាត់ឲ្យទៅចែកអំណោយនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តនោះវិញ។
លោក ម៉េងជ្រួន បានឆ្លើយតបថា “ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ខ្ញុំរីករាយណាស់ដែលបានឃើញអំណោយ ប៉ុន្តែ ដើម្បីចៀសវាងបញ្ហាដែលអាចធ្វើឲ្យខូចសណ្តាប់ធ្នាប់នោះ ការចែកអំណោយគួរតែធ្វើឡើងនៅការិយាល័យ [គណបក្សសង្គ្រោះជាតិ]”។
បន្ទាប់មកលោកបានអនុញ្ញាតឲ្យក្បួនរថយន្តបើកកាត់តំបន់នោះ ប៉ុន្តែ មិនឲ្យបង្អែបង្អង់ ឬក៏ចែកអំណោយនោះទេ ហើយវីដេអូឃ្លីបនេះក៏បានបង្ហាញឲ្យឃើញពីពលករចំណាកស្រុកដែលជិះលើរថយន្តចង់ចាប់ដៃលោក កឹម សុខា ខណៈរថយន្តរបស់លោកបើកឆ្លងកាត់យ៉ាងយឺតៗផងដែរ។
ក្រុមបុរសស្លៀកសីុវិល ដែលនៅលើទំព័រហ្វេសប៊ុកហៅថា “មនុស្សរបស់គណបក្សប្រជាជនកម្ពុជា” ត្រូវបានគេឃើញថាបានដេញតាមពីក្រោយក្បួនរថយន្ត ហើយស្រែកឲ្យលោក កឹម សុខា “ចាកចេញឆ្ងាយ”។
លោក ឡុង រី បានមានប្រសាសន៍ពេលទាក់ទងតាមទូរស័ព្ទតាមក្រោយថា ” គណបក្សសង្គ្រោះជាតិចង់ផ្តល់ជំនួយមនុស្សធម៌ឲ្យពលករចំណាកស្រុក ខណៈពួកគាត់មកក្រុងប៉ោយប៉ែត ហើយបន្ទាប់មកទៀតយើងចង់ធ្វើដំណើរកម្សាន្តក្នុងក្រុងនេះ។ ប៉ុន្តែ ប្រតិភូរបស់យើងត្រូវបានរំខានដោយឧគ្ឃោសនសព្ទ និងសីុផ្លេ ដែលចេញពីរថយន្តយោធា និងការស្រែកចេញពីក្រុមបុរសពាក់អាវខៀវ”។
លោក ស៊ុម ចាន់គា អ្នកឃ្លាំមើលរបស់អង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថា រថយន្តមួយគ្រឿងនៅក្នុងក្បួនរបស់គណបក្សសង្គ្រោះជាតិ ដែលមិនមែនជារថយន្តរបស់លោក កឹម សុខា ក៏មានប្រឡាក់ថ្នាំពណ៌ និងស៊ុតផងដែរ ហើយបានតតាំងជាមួយរ៉ឺម៉កម៉ូតូកង់បីចំនួនពីរគ្រឿង ដែលអ្នកដំណើរក្នុងរ៉ឺម៉កនោះ បានលាបដាដែលមានសរសេរថា ការគាំទ្រឥតងាករេរបស់ពលរដ្ឋមូលដ្ឋានចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការស្អប់ចំពោះ “មនុស្សអាក្រក់”។
លោក កែ សម្ផស្ស ទីប្រឹក្សានៅគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា ការខិតខំរារាំងនោះពិតជាមានការរៀបចំទុកជាមុន។ លោកបានមានប្រសាសន៍ថា ” វាមិនមែនកើតឡើងដោយចៃដន្យទេ។ វាត្រូវបានរៀបចំឡើងយ៉ាងល្អដើម្បីប្រឆាំងនឹងប្រតិភូបក្សរបស់យើង។ ប្រតិភូរបស់យើងចង់ចែកប្រាក់ខ្លះ ដើម្បីឲ្យពលករចំណាកស្រុកអាចមានសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតវិញ ព្រោះរថយន្តដឹកពួកគេមកត្រឹមទីរួមខេត្តប៉ុណ្ណោះ ប៉ុន្តែ យើងមិនអាចធ្វើអ្វីបានទេ”។
ទាំងលោក ម៉េងជ្រួន និងលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។ លោក អ៊ុំ សុផល ស្នងការនគរបាលក្រុងបោ៉យប៉ែតបានឲ្យដឹងថា លោកមិនបានដឹងថា អ្នកដែលគេចោទថាជា “មនុស្សរបស់គណបក្សប្រជាជនកម្ពុជា” នេះជានរណាទេ។
លោកបានមានប្រសាសន៍ថា “យើងមិនស្គាល់មនុស្សទាំងនោះទេ ។ ហើយមិនដឹងថាតើពួកគេជាមនុស្សគណបក្សប្រជាជន ឬនរណាឲ្យប្រាកដទេ ដែលនិយាយរឿងអាក្រក់ៗ ឬដែលដេញក្បួនរថយន្តរបស់លោក កឹម សុខា នោះ”។
លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជួបការលំបាកយ៉ាងខ្លាំងក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិដើម្បីតវ៉ាប្រឆាំងនឹងការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន ត្រូវនគរបាល និងក្រុមបុរសស្លៀកសីុវិលរារាំងរាល់លើកចំពោះការធ្វើដំណើរទៅតាមខេត្តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កាលពីដើមខែមិថុនា បុរសមួយក្រុមបានបិទផ្លូវដោយខុសច្បាប់ ដើម្បីរារាំងមេដឹកនាំទាំងពីរនេះមិនឲ្យចុះទៅតំបន់ខ្លះក្នុងខេត្តឧត្តរមានជ័យ រីឯនគរបាលមូលដ្ឋានវិញមិនអើពើអ្វីឡើយ។
កាលពីមួយខែមុន កងរាជអាវុធហត្ថបានរារាំងលោក សម រង្ស៊ី មិនឲ្យចុះទៅសួរសុខទុក្ខសហគមន៍មួយនៅភាគឦសាននៃខេត្តរតនគិរីដែលមានវិវាទដីធ្លីជាយូរមកហើយជាមួយក្រុមហ៊ុនកសិឧស្សាហកម្មឡើយ ដោយលើកឡើងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់មេដឹកនាំគណបក្សរូបនេះ៕គឹមហឿន