39.4 C
Phnom Penh

លោក​​​ ហ៊ុន សែន គឺ​​​ជា​​​​​​ជម្រើស​​​ចុង​​​ក្រោយ​​​សម្រាប់​​អ្នកភូមិ​​​ដែល​​​បាត់បង់​​​ដី​​​ធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​​​សហ​​​គមន៍​​​ចំនួន​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​មក​​​ពី​​​ទូ​​​ទាំង​​​ប្រទេស​​​ បាន​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ដាក់​​​ញត្តិ​​​ជូ​​​ន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ឲ្យ​​​ធ្វើ​​អន្ត​​​រាគមន៍​​​ដោយ​​​ផ្ទាល់​​​ ដើម្បី​​​ជួយ​​​ដោះ​​​​​​ស្រាយ​​​វិវាទ​​​​​​​​​​​​ដី​​​ធ្លី​​​ផ្សេង​​​ៗ​​​របស់ខ្លួន​​​។

ជា​​​ញឹក​​​ញាប់​​​ សហគមន៍​​​ដែល​​​រង​​​​​ផល​​​ប៉ះ​​​ពាល​​​់​​​ដោយសារ​​​ការ​​​ចាប់​​​យក​​​ដី​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​ក្រៅ​​​ពី​​​នេះ បាន​​​អំពាវ​​​នាវ​​​ដោយ​​​ផ្ទាល់​​​សុំ​​​ឲ្យ​​​​​លោក​​​ ហ៊ុន សែន ​​​ជួយ​​​ តាម​​​រយៈ​​​ការ​​​ដាក់​​​ញត្តិ​​​ទៅ​​​ខុទ្ទ​​​កា​​​ល័យ​​​របស់​​​លោក​​​​​​ ​ឬ​​​សូម្បី​​​ធ្វើ​​​ការ​​​តវ៉ា​​​ដោយ​​​លើក​​​គ្រវី​​​រូប​​​ថត​​​​​​ស្វាមី​​​ភរិយា​​​លោក ហ៊ុន  សែន និង​​​សន្យា​​​គាំទ្រ​​​លោក​​​ទាំង​​​ពីរ​​​ជា​​​រៀង​​​រហូត​​​​​ទៀត​​​ផង​​​។

ប៉ុន្តែ ការ​​​មក​​​ជួប​​​ជុំ​​​គ្នា​​​​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​​​​របស់​​​តំណាង​​​មក​​​ពី​​​សហ​​​គមន៍​​​​​​ដាច់​​​ស្រយាល​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កំពង់​​​ឆ្នាំង​​​ និង​​​ក្រចេះ ដែល​​​ជា​​​ភ័ស្តុ​​​តាង​​​បន្ថែ​​​ម​​​ទៀត​​​​​​បង្ហាញ​​​ថា ស្ថាប័ន​​​នានា​​​របស់​​​រដ្ឋាភិបាល​​​​​​​​​គួរ​​​​​​តែ​​​ដោ​​​ះ​​​ស្រាយ​​​វិវាទ​​​របស់​​​ពួក​​​គេ​​​នោះ ​​​​​​មិន​​​ត្រូវ​​​បាន​​​បំបែក​​​ហ្វូង​​​ដូច​​​សព្វ​​​ដង​​​ទេ​​ នេះ​​​បើ​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក។

លោក ឡាត់​​​ គី ប្រធាន​​​កម្មវិធី​​​ដី​​​ធ្លី​​​ និ​​​ង​​​ធន​​​ធាន​​​ធម្មជាតិ​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” មន្ត្រី​​​ឃុំ​​​ ស្រុក​​​ និង​​​ខេត្ត​​​មិន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​ពួក​​​គាត់​​​ទេ​​​ ពួក​​​គេ​​​មិន​​​អើ​​​ពើ​​​ចំពោះ​​​ករណី​​​របស់​​​ពួក​​​គាត់​​​ឡើយ​​​ ហើយ​​​រង់​​​ចាំ​​​មើល​​​ដោយ​​​សង្ឃឹម​​​ថា ពួក​​​គាត់​​​នឹង​​​​​​ស្ងៀម​​​ស្ងាត់​​​។​​​ ដូច្នេះ​​​ហើយ​​​ ពួក​​​គាត់​​​ត្រូវ​​​​​​ទៅ​​​រក​​​បុគ្គល​​​ម្នាក់​​​ដែល​​​មាន​​​អំណា​​​ច​​​ នោះ​​​គឺ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។ ប៉ុន្តែ ​​​យើង​​​ត្រូវ​​​សួរ​​​ថា តើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន មាន​​​ដៃ​​​១.០០០​​​សម្រាប់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​ដែរ​​​​​ទេ​​​​​?”។

លោក​​​ អ៊ុក​​​ តាំង​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​៣០​​​នាក់​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ជួស​​​មុខ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៣០០គ្រួសារ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ដែល​​​បាន​​​ព្យាយាម​​​ដណ្តើម​​​ដី​​​ប្រមាណ​​​២.១០០​​​ហិកតា​​​ពី​​​ចម្ការ​​​កៅស៊ូ​​​របស់​​​ក្រុមហ៊ុន​​​ឯក​​​ជន​​​​​​មួយ​​​អស់​​​រយៈពេល​​​មួយ​​​ទសវត្ស​​​រ៍​​​មក​​​ហើយ​​​។

កសិករ​​​​​​បង្ក​​​បង្កើន​​​ផល​​​ស្រូវ​​​ វ័យ​​​៦៣ឆ្នាំ​​​រូប​​​នេះ​​​និយាយ​​​ថា ពួកគាត់​​​បាន​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​ខ្លួន​​​ជាមួយ​​​អាជ្ញាធរ​​​អស់​​​រយៈ​​​ពេល​​​រាប់​​​​​​ឆ្នាំ​​​មក​​​ហើយ​​​​​​​​​​​​​​ ប៉ុន្តែ មិន​​​បាន​​​ផល​​​។ គាត់​​​និយាយ​​​ទៀត​​​ថា ” យើង​​​ទាំ​​​ងអស់​​​គ្នា​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ស្នើ​​​សុ​​​ំ​​​ឲ្យ​​​សម្តេច​​​ហ៊ុន សែន អន្តរាគមន៍​​​ ពីព្រោះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ពុក​​​រលួយ​​​ និង​​​មិន​​​​​​អើ​​​ពើ​​​ចំពោះ​​​បញ្ហា​​​របស់​​​យើង​​​ឡើយ​​​” បន្ទាប់ពី​​​ពួក​​​គាត់​​​បាន​​​ដាក់​​​ញត្តិ​​​របស់​​​ខ្លួន​​​ជូ​​​ន​​​សមាជិក​​​​​​ខុទ្ទាកាល័យ​​​​​​មួយ​​​រូប​​​របស់​​​លោក ហ៊ុន សែន នៅ​​​សួន​​​ច្បារ​​​មុខ​​​វត្ត​​​បទុម ដែល​​​ពេល​​​នេះ​​​ក្លាយ​​​ជា​​​កន្លែង​​​ពេញ​​​និយម​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រៅ​​​ក្រុង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​។

គាត់​​​បាន​​​និយាយ​​​ទៀ​​​តថា  “យើង​​​បាន​​​ព្យាយាម​​​សុំ​​​ជំនួយ​​​ពី​​​អាជ្ញាធរ​​​ថ្នាក់​​​ឃុំ​​​ ស្រុក និង​​​ខេត្ត​​​ ហើយ​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឡើយ​​​។ ពួកគេ​​​​​​បាន​​​​​ត្រឹម​​​តែ​​​ទទួល​​​យក​​​​​​ [ ពាក្យ​​​បណ្តឹង​​​ ] ប៉ុណ្ណោះ។​​​ ខ្ញុំ​​​គិត​​​ថា​​​ មាន​​​តែ​​​សម្តេច​​​ ហ៊ុន សែន ទេ​​​ ដែល​​​មាន​​​អំណាច​​​ដោះស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​ ពីព្រោះ​​​សម្តេច​​​ជា​​​មេដឹកនាំ​​​”។

អ្នក​​​ស្រី​​​ អ៊ុំ​​​ សុភី បាន​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជាមួយ​​​មនុស្ស​​​មួយ​​​ក្រុម​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដោយ​​​នៅ​​​ទីនោះ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​៥១​​​គ្រួសារ​​​មាន​​​ជម្លោះ​​​រាប់​​​ឆ្នាំ​​​​​​មក​​​ហើយ​​​​​​ជាមួយ​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​របស់​​​​​​​​​ភរិយា​​​លោក ស៊ុយ​​​ សែម រដ្ឋមន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​។

អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ជា​​​មួយ​​​នឹង​​​ការ​​​ផ្តល់​​​សំណង​​​ ប៉ុន្តែ មិន​​​បាន​​​អញ្ជើញ​​​អ្នក​​តំណាង​​​ណា​​​ម្នាក់​​​មក​​​ពី​​​គ្រួសារ​​​ទាំង​​​នេះ​​​ឲ្យ​​​មក​​​ចូល​​​រួម​​​ទេ ខណៈ​​​ដែល​​​កិច្ច​​​ព្រម​​​ព្រៀងមួយ​​​ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប៉ុន្មាន​​​​​គ្រួសារ​​​ មិន​​​អាច​​​បញ្ចប់​​​វិវាទ​​នេះ​​​បាន​​​។ អ្នកស្រី​​​និយាយ​​​ថា ” យើង​​​មក​​​កាន់​​​រាជធានី​​​ភ្នំពេញ ដោយ​​​សារ​​​តែ​​​​​​អាជ្ញាធរ​​​ខេត្ត​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​ពួក​​​​​​យើង​​​។ រដ្ឋ​​​សភា​​​បង្កើត​​​ច្បាប់​​​សម្រាប់​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រី​​​ក្រ​​​អនុវត្ត​​​តាម ប៉ុន្តែ អ្នក​​​មាន​​​អាច​​​បំពាន​​​ច្បាប់​​​បាន​​​​​​”។

ប៉ុន្តែ មន្ត្រី​​​ខេត្ត​​​​​​ទាំង​​​បី​​​នេះ និយាយ​​​ថា វា​​​គឺ​​​ជា​​​កំហុស​​​ទាំង​​​ស្រុង​​​របស់​​​អ្នក​​​ភូមិ​​​ និង​​​​​ឈ្មួញ​​​កណ្តាល​​​ទុច្ច​​​រិត​​​ដែល​​​លក់​​​ដី​​​ឲ្យ​​​ពួក​​​គេ។

លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​បានមាន​​​ប្រសាសន៍​​​ថា ” តើ​​​ឲ្យខ្ញុំ​​​ដោះ​​​ស្រា​​​យ​​​វា​​​ម៉េច​​​នឹង​​​កើត​​​?ពួកគាត់​​​កំពុង​​​កាន់​​​កាប់​​​ដី​​​ [ដាំ​​​ដើម​​​ឈើ​​​ឡើង​​​វិញ​​​] ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​អ្នក​​ខ្លះ​​​ចាញ់​​​បោក​​​អ្នក​​​គួក​​​ជេ ដែល​​ប្រាប់​​​ពួកគាត់​​​ឲ្យ​​​មក​​​កាន់​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​តវ៉ា”។

ប៉ុន្តែ អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ទៀត​​​មក​​​ពីខេត្ត​​​ក្រចេះ​​​ក៏​​​បាន​​​មក​​​កាន់​​​រា​​​ជធានី​​​ភ្នំពេញ​​​ដែរ កាល​​​ពី​​​ម្សិលមិញ ​​​ដោយ​​​សង្ឃឹម​​​ថា លោក ហ៊ុន សែន នឹង​​​អនុញ្ញាត​​​ឲ្យ​​​ខ្លួន​​​រក្សា​​​ទុក​​​ដី​​​រដ្ឋ​​​នេះ​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៤០០គ្រួសារ​​​បាន​​​ចាប់​​​ផ្តើម​​​​​​មក​​​តាំង​​​​​​លំនៅ​​​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​ ប៉ុន្តែ ពេល​​​នេះ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពីរ​​​លើក​​​មក​​​ហើយ​​​។ គ្រួសារ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ផ្តល់​​​ដី​ឲ្យ​​​​​នៅ​​​​​​កន្លែង​​​ផ្សេង​​​ ប៉ុន្តែ និយាយ​​​ថា ដី​​​នោះ​​​មិន​​​អំណោយ​​​ផល​​​សម្រាប់​​​​​​​​​ដាំដំណាំ​​​ទេ​​​។

លោក ស ចំរ៉ុង​​​ អភិបាល​​​ខេត្ត​​​ក្រចេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” អ្នក​​​គ្រប់​​​គ្នា​​​មាន​​​បញ្ហា។​​​ពួក​​​គាត់​​​ទៅ​​​រកជំនួយ​​​ពី​​​​​​អង្គការ​​​អាដ​​​ហុក​​​ និង​​​លោក សុរិយា ស៊ូបេឌី [ ប្រេសិត​​​សិទ្ធិមនុស្ស​​​សហ​​​ប្រជាជាតិ​​​មក​​​កាន់​​​កម្ពុជា​​​] ប៉ុន្តែ ត្រូវ​​​ដឹង​​​ថា ពួកគាត់​​រស់​​​នៅ​​​លើ​​​ដី​​​​​​អភិរក្ស​​​របស់​​​រដ្ឋ​​​”។

ការ​​​អំពាវ​​​នាវ​​​ភាគ​​​ច្រើន​​​សុំ​​​ឲ្យ​​​លោក​​​ ហ៊ុន សែន​​​ ជួយ​​​អន្តរាគមន៍​​​មិន​​​បាន​​​ផល​​​ទេ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ចេញ​​​មុខ​​​អន្តរាគមន៍​​​យូរ​​​ៗ​​​ម្តង​​​ប៉ុណ្ណោះ​​​។​​​

​​​បន្ទាប់ពី​​​ការ​​​តវ៉ា​​​យ៉ាង​​​ជូរ​​​ចត់​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​​​​នេះ​​​​​​របស់​​គ្រួ​​​សារ​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់ ​​​រាជ​​​ធានី​​​ភ្នំពេញ ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​​​​ពួក​​​គេ​​​ចេញ​​​ដើម្បី​​​បើក​​ផ្លូវ​​​​​​សម្រាប់​​​គម្រោង​​​អចលន​​​ទ្រព្យ​​​លំដាប់​​​ខ្ពស់​​​របស់​​​សមាជិក​​​ព្រឹទ្ធសភា​​​មួយ​​​រូប​​​ ដែល​​​​​​ជា​​​ញឹក​​​ញាប់​​​​​បាន​​​​​​អំពាវ​​​នាវ​​​ទៅ​​​​​​​​​លោក​​​​​​ ហ៊ុន សែន កាល​​​ពី​​​​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១១​​​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រីបាន​​​ចុះ​​​ហត្ថលេខា​​​​​ដោយ​​​ផ្ទាល់​​​​លើ​​​អនុក្រឹត​​​្យ​​​មួយ​​​កាត់​​​ដី​​​មួយ​​ភាគ​​​ចេញ​​​ពី​​​ទីតាំង​​​សម្រាប់​​​ពួកគាត់​​​។ ​​​​​​ជាង​​​៦០០​​​គ្រួសារ​​​​​​ក្នុង​​​ចំណោម​​​​​​ប្រជា​​​ពល​​​រដ្ឋ​ទាំង​​​​​​​​នេះ​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​ធ្លី​​​ដែល​​​ពួកគាត់​​​បាន​​​ទាម​​​ទារ​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ និង​​​ត្រូវ​​រក្សា​​​ទុក​​​​​​ផ្ទះ​​​របស់​​​ពួក​​​គាត់។

លោក ឡាត់​​ គី ដែល​​​មក​​​ពី​​​អង្គការ​​​អាដ​​​ហុក ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​សម្រេច​​​របស់​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ដើម្បី​ចៀស​​​វាង​​​ស្ថាប័ន​​​រដ្ឋ​​​ដែល​​​ទទួល​​​បន្ទុក ​​​បាន​​​​​​ជំរុញឲ្យ​​​អ្នក​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​បន្ត​​​មក​​​កាន់​​​រា​​​ធានី​​​ភ្នំពេញ ​​​ទៅ​​​វិញ​​​ទេ​​​។ ប៉ុន្តែ លោក​​​ក៏​​​បាន​​​ព្រមាន​​​ដែរ​​​ថា ការ​​​អនុ​​​វត្ត​​​​​​បែប​​​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យស្ថាប័ន​​​ទាំង​​​នោះ​​​ចុះ​​​ខ្សោយ​​​។

ក្នុង​​​ឆ្នាំ​​​២០០៦​​​ រដ្ឋាភិបាល​​​ដែល​​​ទទួល​​​​​​បាន​​​ការ​​​តែង​​​តាំង​​ដោយ​​​​​​ព្រះរាជ​​​ក្រឹត្យ​​​​​​​​​​​​​​​​​​ ​​​បាន​​​បង្កើត​​​​​​​​អាជ្ញាធរ​​​ជាតិ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី ជា​​​ស្ថាប័ន​​​អន្តរ​​​ក្រសួង​​​មួយទទួល​​​​​​​​​បន្ទុក​​​​​​ពិសេស​​ដើម្បី​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី គ្មាន​​​នរណា​​​ម្នាក់​​​ផ្សេង​​​ទៀត​​​អាច​​​ដោះ​​​ស្រាយ​​​​​​បាន​​​ឡើយ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា អាជ្ញាធរ​​​ជាតិ​​​​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​បាន​​​ទទួល​​​ស្គាល់​​​ថា គឺ​​​ជា​​​ការ​​​​​​​​បរាជ័យ​​​​​​ទាំង​​ស្រុង​​​។

នៅ​​ឯ​​​កិច្ច​​​ប្រជុំ​​​​​​បូក​​​សរុប​​​ការ​​​​​​ងារ​​​ប្រចាំឆ្នាំ​​​របស់​​​ក្រសួង​​​​​រៀប​​​ចំ​​​ដែន​​​ដី​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ លោក ប៊ិន​​​ ឈិន ប្រធាន​​​អាជ្ញាធរ​​​​​​ជាតិ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី និង​​​ជា​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​ថា លោក​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​​​វិវាទ​​​សូម្បី​​​តែ​​​​​​​​​មួយ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ឆ្នាំ​​​មក​​​​នេះ។​​​ការ​​​​​​រំពឹង​​​​​​ថាលោក​​​នឹង​​​​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ដែល​​​កើត​​​ចេញ​​​ពី​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដីធ្លី​​​ដែល​​​​​ក្រសួង​​​​​​កសិកម្ម ឬ​​​ក្រសួង​​​បរិស្ថាន​​​​​​​​​​​​បាន​​​ចុះ​​​​​​ហត្ថ​​​លេខា​​​​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​កសិ​​​ពាណិជ្ជកម្ម​​​នោះ លោកគ្រាន់​​តែ​​​មាន​​​​​​ប្រសាសន៍​​​ថា មិន​​​​​​​​​អាច​​​ទៅ​​​​​​រួច​​​ឡើយ។

លោក​​​បាន​​​​​​សួរ​​​នៅ​​​ពេល​​​នោះ​​​ថា “ហេតុ​​​អ្វី​​​បាន​​​ជា​​​យើង​​​មិន​​​បាន​​​ដោះស្រាយ​​​វា?អាជ្ញាធរ​​​ជាតិ​​​​​​ដោះ​​​ស្រាយ​​​​​​វិវាទ​​​ដីធ្លី​​​មិន​​​ផ្តល់​​​ដី​​​សម្បទាន​​​​​​សេដ្ឋកិច្ច​​​ទេ​​​។ យើង​​​គ្មាន​​​សិទ្ធិ​​​ផ្តល់​​​ឲ្យ​​ឡើយ​​​។ នៅ​​​ពេល​​​ផ្តល់​​​ [ ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​] ពួក​​​គាត់​​​មិន​​​សួរ​​​យើង​​​ថា តើ​​​គួរ​​​តែ​​​ផ្តល់​​​ឲ្យ​​នោះ​​​ទេ។

​​​បើ​​​ដូច្នេះ​​​ តើ​​​យើង​​​​​​​ត្រូវ​​​ដោះ​​​ស្រាយ​​​វា​​​ជំនួស​​ [ពួកគេ​​​ ]?វា​​​មិន​​​ស​​​ម​​​ហេតុផល​​​សោះ​​​”។

អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​ជាតិ​​​ដោះ​​​ស្រាយ​​​​​​​​វិវាទ​​​ដី​​​ធ្លី​​​​​​មាន​​​គុណ​​​វិបត្តិ​​​​​​តាំង​​​ពី​​​ដំបូង​​ម្លេ៉ះ​​​ ពីព្រោះ​​​ព្រះរាជ​​​ក្រឹត​​​្យ​​​​​​ដែល​​​បាន​​​បង្កើ​​​តវា​​​ឡើង​​​ មិន​​​ពន្យល់​​​ឲ្យ​​​បាន​​​ច្បាស​​​់ថា តើ​​​គួរ​​​​​លូក​​​ដៃ​​​អន្តរាគមន៍​​​ ឬ​​​មិន​​​​​​គួរ​​​​​​។ ព្រះ​​​រាជ​​​ក្រឹត្យ​​​នេះ​​​គ្រាន់​​​តែ​​​ផ្តល់​​​សិទ្ធិ​​​អំណាច​​​ដល់​​​អាជ្ញាធរ​​​​​​នេះ​​​​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​​​​ប៉ុណ្ណោះ នៅ​​​ពេល​​​ជម្លោះ “​​​ហួស​​ពី​​​​​​សមត្ថកិច្ច​​​របស់​​​គណៈ​​​កម្មការសុរិយោ​​​ដី “។

ជាថ្មី​​​ម្តង​​​ទៀត​​​ ការ​​ចៀស​​​​​​វាង​​​មិន​​​​​​​​​ប្រើ​​​ប្រាស់​​​​​​បណ្តាញ​​​​​​ធម្មតា និង​​​ហក់​​​ចូល​​​​​​អន្តរាគមន៍​​​ក្នុង​​វិវាទ​​​​​នោះ​​​ ​​​លោក​​​ ហ៊ុន សែន ​​​កាលពីឆ្នាំ​​​មុន​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​ផ្អាក​​​ភ្លាមៗ​​​​​​នូវ​​​ការ​​​ផ្តល់​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ថ្មី​​​ៗ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​​​​​​​យុទ្ធ​​​នាការ​​​ទូទាំង​​​ប្រទេស​​​​​​ដើម្បី​​​​​​ចេញ​​​ប័ណ្ណកម្មសិទ្ធិ​​​ដីធ្លី​​​ថ្មី​​​ដល់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​​​រាប់សែន​​​​​​គ្រួសារ​​​។

ទោះបី​​​ជា​​​មាន​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​​​បែប​​​នេះ​​​ក្តី ក៏​​​​​​បណ្តា​​​អង្គ​​​ការ​​​សិទ្ធិ​​​​​​មនុស្ស​​​និយាយ​​​ថា ​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​តែ​​​បន្ត​​​​​​កើន​​​ឡើង​​​ដដែល​​​។អង្គការ​​​អាដហុក​​​និយាយ​​​ថា ខ្លួន​​​បាន​​​ចូល​​​រួម​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​ថ្មីៗ​​​ចំនួន​​​១៣៥​​​ករណី​​​នៅ​​​ទូ​​​ទាំ​​​ង​​​ប្រទេស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ គឺ​​​កើនឡើង​​​​​​ជិត​​​ទ្វេ​​​ដង​​​បើ​​​ប្រៀប​​​​​​ធៀប​​​ទៅ​​​នឹង​​​​​​វិវាទ​​​ថ្មី​​​ៗ​​​ចំនួន​​​​​​៧០​​​ករណី​​​​​​ដែល​​​ខ្លួន​​​​​បាន​​​ដោះ​​​ស្រាយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​​​​២០១២។

ហើយ​​​ទោះ​​​បី​​​ជា​​​មាន​​​វិវាទ​​​ដីធ្លី​​​​​​​​កើត​​​ឡើង​​​ជា​​​ធម្មតា​​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​កាល​​​ពីខែ​​​កក្កដា ឆ្នាំ​​​២០១៣​ក្តី ​​ក៏​​​អង្គការ​​​អាដ​​​ហុក​​​ និង​​​អង្គការ​​​លីកា​​​ដូ​​​​​​សុទ្ធ​​​តែ​​​និយាយថា វិវាទ​​​ដី​​​ធ្លី​​​​​​កំពុង​​​​​​ចាប់​​​ផ្តើម​​​កើន​​​ឡើង​​​​​​វិញ​​​ហើយ​​​នៅ​​​ឆ្នាំ​​​នេះ​​​៕​​​សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស