32.5 C
Phnom Penh

ប្រេសិត​​​ អ.ស.ប. ព្រមាន​​​ថា នឹង​​​មាន​​​អំពើ​​​ហិង្សា​​​បន្ថែ​​​ម​​​ទៀត​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​មិន​​​ទទួល​​​យក​​​ការ​​​ផ្លាស់​​​ប្តូរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិត​​​ពិសេស​​​សិទ្ធិមនុស្ស​​​នៃ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ ​​​ដែល​​​បំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថា  “ខ្វះ​​​ឆន្ទៈ​​​ស្មោះ​​​ត្រង់​​​” នៅ​​​ក្នុង​​​ការ​​​ស្តាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ ហើយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​កាន់​​​អំណា​​​ច​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​នៅ​​​ក្នុង​​​ការ​​​បញ្ចប់​​​ស្ថានភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ ប៉ុន្តែ លោក​​​ក៏​​​បាន​​​ជំរុញ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ផង​​​ដែរ​​​។subedi

លោក​​​ សុរិយា ស៊ូបេឌី ដែល​​​ជា​​​អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ស្តីពី​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​បញ្ចប់​​​បេសកកម្ម​​​លើក​​​ទី​​​១១​​​របស់​​​លោក​​​មក​​​​​​កាន់​​​ប្រទេស​​​នេះ ដោយ​​​ការ​​​ធ្វើ​​​សន្និ​​​សី​​​ទ​​​កាសែត​​​មួយ​​​ដែល​​​​​​អំឡុ​​​ង​​​ពេល​​​នោះ​​​ លោក​​​បាន​​​ព្រមាន​​​​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​​ថ្មី​​​ៗ​​​នូវ​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​សហជីព​​​ ហើយ​​​បាន​​​រិ​​​ះ​​​គន់​​​ការលាក់​​​​​​កំបាំង​​​របស់​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ ដែល​​​គំរាម​​​រឹត​​​បន្តឹង​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​ និង​​​ការ​​​ជួប​​​ជុំ​​​។

អ្នកធ្វើ​​​របាយការណ៍​​​ពិសេស​​​រូប​​​នេះ​​​ ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បញ្ចេញ​​​​​​របាយការណ៍​​​​​​របស់​​​រដ្ឋាភិបាល​​​ស្តី​​​ពី​​​ការ​​​បាញ់​​​សម្លាប់​​​កម្មករ​​​កាត់​​​ដេរ​​​​​​ពីសំណាក់​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​​​​របស់​​​រដ្ឋាភិបាល​​​ អំឡុង​​​បាតុកម្ម​​​កាល​​​ពី​​​ខែ​​​មករា ​​​ផង​​​ដែរ​​​ ហើយ​​​បាន​​​ព្រមាន​​​ថា នឹង​​​មាន​​​អំពើ​​​ហិង្សា និង​​​ស្ថានភាព​​​ចលាចល​​​បន្ថែ​​​ម​​​ទៀត​​​ប្រសិន​​​បើ​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា មិនព្រម​​​ឲ្យ​​​មាន​​​​​​ការ​​​ផ្លាស់​​​ប្តូរ​​​។

ភាគ​​​ច្រើន​​​នៃ​​​ស្ថាន​​​ភាព​​​ចលាចល​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ មាន​​​ការ​​​ផុស​​​ផុល​​​ខ្លាំង​​​ដោយ​​​សារ​​​ស្ថាន​​​ភាព​​​ជាប់​​​គាំង​​​ក្រោ​​​យ​​​ពីការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃទី​​​២៨​​​ខែ​​​កក្កដា​​​ ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ទទួល​​​ជ័យ​​​ជម្នះ​​​ជា​​​ផ្លូវ​​​ការ ប៉ុន្តែ​​​គណបក្សសង្គ្រោះ​​​ជាតិ​​​ចោទ​​​ប្រកាន់​​​ថា គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​លួច​​​បន្លំ​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ក្រោយ​​​ពី​​​ការ​​​ចរចា​​​ផ្នែក​​​នយោ​​​បាយ​​​ដ៏តាន​​​តឹង​​​ជាច្រើន​​​ខែ​​​ ស្តីពីការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​បែង​​​ចែក​​​អំណាច​​​ មិន​​​ទាន់​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​ជឿ​​​ទុក​​​ចិត្ត​​​ និង​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​នៅក្នុង​​​រដ្ឋ​​​សភា​​​នៅ​​​ឡើយ​​​ទេ​។

លោក សុ​​​រិយា ស៊ូបេឌី បានថ្លែង​​​ទៅកាន់​​​បណ្តា​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូ​​​វ​​​ច្រើន​​​ជាង​​​គេ​​​បំផុត​​​ដើម្បី​​​បំបែក​​​ភាព​​​ទាល់​​​ច្រក​​​នេះ។ ​​​លោក​​​មាន​​​ប្រសាសន៍​​​ថា “ជា​​​ការ​​​ពិត​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច និង​​​រដ្ឋាភិបាល​​​ខ្លួន​​​ឯង​​​មាន​​​ការ​​​ទទួល​​​ខុសត្រូវ​​​ធំធេង​​​ ដើម្បី​​​បង្ហាញ​​​ពី​​​ភាព​​​បត់​​​បែន​​​អតិបរមា ភាព​​​ជា​​​អ្នក​​​ដឹកនាំ ភាព​​​មឺុង​​​ម៉ាត់ និង​​​ទទួល​​​យក​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​កំណែ​​​ទម្រង់​​​ ដើម្បី​​​ធានា​​​ឲ្យ​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​ដំណើរការ​​​ដោយ​​​រលូន”។

ប៉ុន្តែ នៅ​​​ក្នុង​​​ការពិភាក្សា​​​រ​​បស់​​​លោក​​​ជាមួយ​​​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង លោក​​​ សុរិយា ស៊ូបេឌី មានប្រសាសន៍​​​ថា លោក​​​ក៏​​​បាន​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​ “​​​មាន​​​ហេតុ​​​ផល និង​​​ប្រាកដ​​​និយម​​​” ផង​​​ដែរ​​​ ហើយ​​​បាន​​​គូ​​​ស​​​បញ្ជាក់​​​ពី​​​ “ភាព​​​ចាំបាច់ និ​​​ង​​​អត្ថ​​​ប្រយោជន៍​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ចូល​​​រដ្ឋ​​​សភា ដើម្បី​​​ប្រយោជន៍​​​ប្រទេស​​​ជាតិ​​​”។

ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​រូប​​​នេះ​​​បាន​​​មានប្រសាសន៍ថា លោក​​​មានក្តី​​​សោមនស្ស​​​រីករាយ​​​ ដែល​​​បាន​​​ឃើញ​​​គណបក្ស​​​ទាំង​​​ពីរ​​​ព្រម​​​ព្រៀង​​​គ្នា​​​ថា គ.ជ.ប. គួរតែ​​​ត្រូវ​​​បាន​​​ការពារ​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ និង​​​មាន​​​ថវិកា​​​ឯករាជ្យ​​​។

ប៉ុន្តែ លោក​​​ក៏​​​បាន​​​ទ​​​ទូ​​​ច​​​ឲ្យ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​បោះ​​ឆ្នោត​​ផ្សេងៗ​​​ទៀត​​​​ផង​​​ដែរ រួម​​​មាន​​​គណៈកម្មាធិការ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ការ​​​រៀប​​​ចំ​​​រចនាសម្ព័ន្ធ​​​ឡើង​​​វិញ​​​ ការ​​​ដោះ​​​ស្រា​​​យ​​​ដំណើរ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​គុណ​​​វិបត្តិ​​​ធ្ងន់​​​ធ្ងរ និង​​​ប្រព័ន្ធ​​​យុត្តិធម៌​​​ និង​​​បើក​​​ចំហ​​​​​​​​​​​​សម្រាប់​​​ការ​​​ដោះ​​​ស្រាយ​​​វិវាទ​​​បោះ​​​​​​ឆ្នោត​​​។

លោក សុរិយា ស៊ូបេឌី បានមាន​​​ប្រសាសន៍​​​ថា លោក ” ព្រួយ​​​បារម្ភ​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​នូវ​​​ការ​​​បំភិត​​​បំភ័យ​​​របស់​​​តុលាការ​​​ចំពោះ​​​សកម្មជន​​​សហជីព”​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ រួម​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​ផង​​​ដែរ ហើយ​​​បាន​​​ហៅ​​​ការ​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​ឲ្យ​​​លោក អាត់ ធន់ ប្រធាន​​​សហជីព​​​ឯករាជ្យ​​​ធំ​​​បំផុត​​​នៅ​​​ប្រទេស​​​កម្ពុជា​បង់​​​ប្រាក់​​​ធានា​​​ខ្លួន​​​២៥.០០០ដុល្លារ​​​ថា ” មិន​​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មក​​​ទេ​​​”។

លោក បាន​​​ស្វាគមន៍​​​ការ​​​ដោះ​​​លែង​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​នូវ​​​សកម្ម​​​ជន​​​សហជីព​​​ កម្មករ​​​កាត់​​​ដេរ​​​ និង​​​អ្នក​​​ឈរ​​​មើល​​​សរុប​​​​​​២៥​​​នាក់​​​ ដែល​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​ការ​​​តវ៉ា​​​ជា​​​បន្ត​​​បន្ទាប់​​​ដែល​​​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​កាល​​ពី​​​ខែ​​​វិច្ឆិកា និ​​ងខែ​​​ធ្នូ​​​ ប៉ុន្តែ បាន​​​រិះ​​​គន់​​​តុលាការ​​​ចំពោះ​​​ការ​​​ផ្តន្ទាទោស​​​​​​ពួក​​​គេ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តន្ទាទោស​​​បែប​​​នេះ​​​ ” គ្មាន​​​ភ័ស្តុ​​​តាង​​​គួរ​​​ឲ្យ​​​ជឿជាក់​​​បង្ហាញ​​​ថា វា​​​ជា​​​ការ​​​ពិត​​​ឡើយ​​​ ក្រោយ​​​ពី​​​សវនាការ​​​ដែល​​​យោង​​​តាម​​​អ្នក​​​អង្កេត​​​ការណ៍​​​ឯករាជ្យ​​​ជា​​​ច្រើន​​​ថា មិន​​​បាន​​​គោរព​​​តាម​​​បទដ្ឋាន​​​សវនាការ​​​យុត្តិធម៌​​​ជា​​​អន្ត​​​ជាតិ​​​ ហើយ​​​ត្រូវ​​​បានដាក់​​​​​​បញ្ចូល​​​ដើម្បី​​​ប្រឆាំង​​​នឹង​​​បុគ្គល​​​ដែល​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​លើស​​​ពី​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​​​​បញ្ចេញ​​​មតិ​​​ និ​​​ង​​​ការ​​​ជួប​​​ជុំ​​​ឡើយ​​​”។

យ៉ាង​​​ហោច​​​ណាស់​​​មនុស្ស​​​ប្រាំ​​​ពី​​​រនាក់​​​ត្រូ​​​វបាន​​​នគរបាល​​​ ឬ​​​យោធា​​​បាញ់​​​ស្លាប់​​​ អំឡុង​​​បាតុកម្ម​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ចន្លោះ​​​ពី​​​​​​ខែ​​​កញ្ញា​​​​​​​​​​​​​​​​​​ដល់​​​ខែ​​​មករា​​​ រួម​​​ទាំង​​​ក្មេង​​​ជំទង់​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​លើក​​​ចុង​​​ក្រោយ​​​ហូរ​​​ឈាម​​​យ៉ាង​​​ខ្លាំង​​​ពី​​​របួស​​​ដើម​​​ទ្រូង​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​មួយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣​​​ ខែ​​​មករា​​​ផង​​​ដែរ​​​ ប៉ុន្តែ សាក​​​សព​​​ក្មេង​​​ជំទង់​​​នេះ​​​មិន​​​ទាន់​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​​​​​​​នៅ​​​ឡើយ​​​ទេ។

លោក សុរិយា ស៊ូបេឌី  បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​បញ្ចេញ​​​លទ្ធផល​​​នៃ​​​​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​លើ​​​ព្រឹត្តិការណ៍​​​ទាំង​​​នេះ​​​ ហើយ​​​​​​ពន្យល់​​​ថា ខ្លួន​​​បាន​​​ធ្វើ​​​អ្វី​​​ខ្ល​​​ះ​​​ដើម្បី​​​ព្យាយាម​​​ស្វែង​​​រក​​​ក្មេង​​​ជំទង់​​​នេះ​​​។ ក្រសួង​​​មហាផ្ទៃ​​​បាន​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​ដឹង​​​អំពី​​​អ្នក​​​បាត់​​​ខ្លួន​​​ក្នុង​​​ការ​​​តវា៉​​​នោះ​​​ទេ។

ពាក់​​​ព័ន្ធ​​​នឹ​​​ងសេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​​​​​​កម្មករ​​​ ដែល​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ ILO បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ខែ​​​មុន​​​ថា​​​អន់​​​ជាង​​​សេចក្តី​​​ព្រាងច្បាប់​​​​​​មុន​​​ឆ្ងាយ​​​ណាស់​​​​​​ និង​​​ខ្វះ​​​កាត​​​ព្វកិច្ច​​​អនុ​​​សញ្ញាអន្តរជាតិ​​​របស់​​​កម្ពុជានោះ​​​ លោក សុរិយា ស៊ូបេឌី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក អិុត សំហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​សន្យា​​​ថា នឹង​​​យក​​​ច្បាប់​​​នេះ​​​ទៅ​​​អនុវត្ត​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​។

ប៉ុន្តែ ជាថ្មី​​​ម្តង​​​ទៀត​​​ លោក សុរិយា ស៊ូបេឌី បាន​​​បន្ទោស​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​​មិន​​​បាន​​​ពិគ្រោះ​​​យោបល់​​​ជាមួយអ្នក​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ដោយសារ​​​ច្បាប់មួយ​​​ចំនួន​​​ទៀត​​​ រួម​​​ទាំង​​​ច្បាប់​​​ប្រឆាំង​​​បទ​​​ល្មើស​​​តាម​​​អីុន​​​ធើណិត​​​ដ៏អាថ៌កំបាំង​​​ផង​​​ដែរ​​​។ ហើ​​​យ​​​លោក​​​បានមានប្រសាសន៍​​​ថា ច្បាប់​​​ដែល​​​គេ​​​រង់​​​ចាំ​​​ជាយូរ​​​មក​​​ហើយ​​​ស្តីពី​​​កំណែ​​​ទម្រង់​​​តុលាការ​​​ដែ​​​ល​​​​​ទើប​​​នឹង​​​អនុម័ត​​​កាល​​​ពីខែ​​​មុននោះ​​​ នៅ​​​តែ​​​ធ្វើ​​​ឲ្យ​​​ស្ថាប័ន​​​នីតិប្រតិបត្តិ​​​មាន​​​ ” ឥទ្ធិពល​​​គំរាម​​​កំហែង” លើ​​​តុលាការ​​​របស់​​​កម្ពុជា​​​ និង​​​ “ខ្វះ​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​” ។

លោក សុរិយា ស៊ូបេឌី បាន​​​សម្តែង​​​ការ​​​ខក​​​ចិត្ត​​​ចំពោះ​​​បម្រាម​​​នា​​​ពេល​​​បច្ចុប្បន្ន​​​លើ​​បាតុកម្ម​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របាំង​​​ផ្លូវ​​​ដែល​​​នគរបាល​​​បាន​​​ដាក់​​​ជុំ​​​វិញ​​​​​​ជា​​​ភ័ស្តុ​​​តាង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា រដ្ឋាភិបាល​​​ចង់​​​ “រឹត​​​ត្បិត​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិវឌ្ឍ​​​តិច​​​តួ​​​ច​​​របស់​​​រដ្ឋាភិបាល​​​លើ​​​កំណែ​​​ទម្រង់​​​​បាន​​​បង្ហាញ​​​ពី​​​ “កង្វះ​​​ឆន្ទៈ​​​ស្មោះ​​​ត្រង់​​​ដើម្បី​​​ទទួល​​​ស្គាល់​​​សារ ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​បាន​​​​​​បញ្ចេញ​​​ឮៗ​​​និង​​​ច្បាស់​​​ៗ​​​។ សិល្បៈ​​​នៃ​​​ការ​​​គ្រប់​​​គ្រង​​​ គឺ​​​ជា​​​សិល្បៈ​​​នៃការ​​​ផ្លាស់​​​ប្តូរ។ អ្នក​​​ដែល​​​​​​រារាំង​​​ការ​​​ផ្លាស់​​​ប្តូរ​​​យល់​​​ថា នៅ​​​ថ្ងៃ​​​ណា​​​មួយ ​​​ការ​​​អភិវឌ្ឍ​​​ដែល​​​ហួស​​​ពី​​​សមត្ថភាព​​​គ្រប់​​​គ្រង​​​របស់​​​ពួកគេ​​​ នឹង​​​ធ្វើ​​​ឲ្យមាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ប្រសិនបើ​​​កំណែទម្រង់​​​មិន​​​ទាន់​​​មាន​​​ប្រសិទ្ធ​​​ភាព​​​នា​​​ពេល​​​នេះ​​​ទេ ប្រទេស​​​នេះ​​​នឹង​​​ប្រឈម​​​ហានិ​​​ភ័យ​​​វិល​​​ទៅ​​​រក​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ជា​​​ថ្មី​​​ម្តង​​​ទៀត។ ខ្ញុំ​​​គិត​​​ថា នឹង​​​មានការ​​​ខក​​​ចិត្ត​​​ខ្លាំង​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ ជា​​​ពិសេស​​​យុវជន​​​ ប្រជាពល​​​រដ្ឋ​​​ក្រីក្រ​​​នៅ​​​តាម​​​ជន​​​បទ អ្នក​​​ដែល​​​បាត់​​​សិទ្ធិ​​​បោះ​​​ឆ្នោត និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​ត្រូវ​​​បាន​​​គេ​​​បណ្តេញ​​​ពីដីធ្លី​​​”។

លោក​​​ សុរិយា ស៊ូបេឌី ដែល​​​ជាសាស្ត្រាចារ្យ​​​ច្បាប់​​​អន្តរ​​​ជាតិ​​​នៅ​​​ចក្រ​​​ភព​​​អង់គ្លេស​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ប្រើ​​​ប្រាស់​​​លទ្ធផល​​​នៃ​​​ការ​​​​​​រក​​​ឃើញ​​​របស់​​​លោក​​​ ពី​​​ដំណើរ​​​ទស្សនកិច្ច​​​នេះ​​​សម្រាប់​​​ការ​​​ធ្វើ​​​របាយការណ៍​​​​​​លើក​​​ក្រោយ​​​របស់​​​លោក​​​ទៅ​​​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ខែ​​​កញ្ញា​​​។

របាយការណ៍​​​មុន​​​ៗ​​​របស់​​​លោក​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​គុណ​​​វិបត្តិធំៗ និង​​​ចាក់​​​ប្ញសយ៉ាង​​​​​​ជ្រៅ​​​ក្នុង​​​តុលាការ និង​​​ស្ថាប័ន​​​នីតិបញ្ញត្តិ និង​​​សម្បទាន​​​ដីធ្លី និង​​​ក្រុមហ៊ុន​​​ដែល​​​គេ​​​បន្ទោស​​​ចំពោះ​​​ការ​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​សែន​​​នាក់​​​ចេញ​​​នៅ​​​ទូទាំង​​​ប្រទេស​​​៕សុខុម​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស