32.5 C
Phnom Penh

សន្តិសុខ​ខណ្ឌ​បាន​បំបែក​ដោយ​ហិង្សាទៅលើ​ការតវ៉ា​នៅ​ស្ថានទូត​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជាតិនិយម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ប្រហែល​១០០​អង្គ-នាក់​​ត្រូវ​បាន​បំបែក​ដោយ ហិង្សា​នៅ​ខាង​ក្រៅ​ស្ថានទូត​វៀតណាម​ក្នុងរាជ​ធានីភ្នំពេញ​កាលពីម្សិលមិញ បន្ទាប់ពី​មាន​ការ​តវ៉ា​ចំពោះ​ការ​អត្ថាធិប្បាយ​​របស់អ្នក​ការទូត​ម្នាក់​ដែល​ថា អតីត​ខេត្តមួយ​ចំនួន​​​នៅកម្ពុជា​ក្រោម​ត្រូវបាន​គ្រប់គ្រងដោយ​​វៀតណាម​មុន​ឆ្នាំ​១៩៤៩​។cam-photo-khmer-krom

លោក​ ត្រាន វ៉ាន់ថុង ​អ្ន​ក​នាំពាក្យ​ស្ថានទូត​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាស​តាម​វិទ្យុ​កាលពី​ខែមុន​ថា ខេត្ត​ទាំង​នោះជា​កម្មសិទ្ធិ​របស់​វៀតណាម “​យូរ​ណាស់​មក​ហើយ” មុន​ពេលរបបអាណានិគម​បារាំង ​បានប្រគល់​ខេត្ត​​ទាំង​នេះជាផ្លូវការ​ទៅ​ឲ្យរដ្ឋ​វៀតណាម​ថ្មី។

ក្រុម​អ្នក​តវ៉ា​ដែលភាគ​ច្រើន​មានទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​នេះ ទាម​ទារ​ឲ្យលោក ត្រាន សូម​អភ័យ​ទោស​ចំពោះការ​បក​ស្រាយ​របស់​លោក​អំពីការ​គ្រប់​គ្រង​នេះ​។

លោក ទិប ទាវ នាយក​ប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​​កម្ពុជា ដែល​បានជួយ​ដឹក​នាំ​ការ​តវ៉ា​បានមាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​ស្ថានទូត​វៀតណាម​បង្ហាញ​ថា កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​របស់​ពួកគេ​យូរ​មក​ហើយ។ យើង​មានឯកសារ​ និង​ភ័ស្តុតាង​បង្ហាញ​ថា កម្ពុជា​ក្រោម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​រយៈពេល​៦៥​ឆ្នាំហើយ”។

មេដឹកនាំ​និស្សិត​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មាន​ពេល​បីខែ​ដើម្បី​ឆ្លើយ​តប​ចំពោះការ​​ទាម​ទារ​របស់​យើង​ ហើយប្រសិន​បើ​គ្មាន​ការ​ឆ្លើយ​តប​ទេ យើងនឹង​ធ្វើការ​តវ៉ា​ដ៏ធំ​”។

នៅម៉ោង​ប្រហែល​៨និង​៣០​នាទីព្រឹក​ សន្តិសុខ​ខណ្ឌ​ចំការ​មន ដែល​ពាក់​​មួក​សុវត្ថិភាព​បិទ​មុខ​ជិតនិង​ប្រដាប់​ដោយ​ដំបង​ឆក់​បាន​បង្ហាញ​ខ្លួន​នៅ​កន្លែង​តវ៉ា​​​នៅ​តាម​មហា​វិថី​ព្រះមុនីវង្ស ហើយ​បាន​ចាប់​ផ្ដើម​បំបែក​ក្រុម​អ្នក​តវ៉ា​។ ដំបូង​ សន្តិសុខ​បាន​​ផ្លុំ​កញ្ចែ​រុញ​ច្រាន​អ្នក​តវ៉ា​ឲ្យចេញ​ពី​ស្ថាន​ទូត ហើយ​បន្ទាប់​មក​បាន​ចាប់​ផ្ដើម​យក​ដំបង​វាយតែ​ម្ដង​។

សន្តិសុខ​មួយ​ចំនួន​បាន​ដេញ​វាយ​អ្នក​ដែល​ព្យាយាម​រត់​គេច​ ចំណែក​មួយ​ចំនួន​ទៀតយក​ដំបងគប់​អ្នក​តវា៉​ដែល​រត់​គេច ហើយ​បាន​ចាប់​ផ្ដើម​វាយ​អ្នក​​ឈរ​មើ​ល​មួយចំនួន​ ដែល​បាន​ប្រមូល​ផ្ដុំគ្នា​មើល​ហេតុការណ៍​នោះ​។

នៅ​ខាង​មុខ​ស្ថានទូត សន្តិសុខ​ម្នាក់​បាន​ចាប់​យក​ទូរស័ព្ទ​ស្មាត​ហ្វូនរបស់​ព្រះសង្ឃ​មួយ​អង្គ។ អ្នក​តវ៉ា​ម្នាក់​ទៀត​ដែល​ឈរ​នៅ​ក្បែរ​នោះបានយក​ iPad របស់​ខ្លួន​ថតពីការ​ចាប់យក​​ទូរស័ព្ទ​នេះ​​ ហើយ​បន្ទាប់​មក​បាន​ព្យាយាម​រត់​គេ​ចពី​សន្តិសុខ​ ដែល​បាន​ចាប់ និង​ធាក់​គាត់​មុន​​ពេល​ចាប់​យក​ iPad ហើយ​គេច​ខ្លួន​បា​ត់។ បុរសរូបនេះឈ្មោះ អាន បា៉កផាម អាយុ​៣៥​ឆ្នាំ​បាន​និយាយ​ថា ” មន្ត្រី​ខណ្ឌ​ចំការមន បាន​ប្រាប់​ខ្ញុំ​ថា ឥឡូវ​នេះ​ iPad របស់​ខ្ញុំ​ស្ថិត​ក្នុង​ដៃ​របស់​អភិបាល​រង​ខណ្ឌ​”។

រូប​ភាព​វីដេអូអំពី​ហេតុការណ៍​នេះ ព្រម​ទាំង​រូប​ភាព​វីដេអូ​អំពី​សន្តិសុខ​​​ពាក់​មួក​សុវត្ថិភាព​ជា​ច្រើន​នាក់​ ដែល​បាន​រុញ​លោក​ រៀល ខេមរិន្ទ សមាជិក​សភា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​​ផ្ទប់​ជញ្ជាំង ហើយ​បាន​វាយ​ដំ​ និង​ទាត់​ធាក់​លោក​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

នៅម៉ោង​ប្រហែល​៩​ព្រឹក​ នគរ​បាល​បង្ក្រាប​បាតុកម្ម​បាន​មក​ដល់ ហើយ​បាន​ដាក់​របាំង​បិទ​​ផ្លូវនៅ​ចម្ងាយ​​ប្រហែល​៥០០​ម៉ែត្រ​ពី​ខាង​ត្បូង​ស្ថានទូត​នៅ​​តាម​មហាវិថី​ព្រះ​មុនីវង្ស។ ក្រុមអ្នក​តវ៉ា​បាន​បន្ត​ស្រែក​ពាក្យ​រើស​អើង​ជាតិ​សាសន៍​ដាក់​នគរ​បាល​ ដោយ​ចោទ​ពួកគេ​ថា​ជា​វៀត​ណាម មុន​ពេល​មាន​ការ​បំបែក​នៅម៉ោង​ប្រហែល​១០​ព្រឹក។

​នៅពេល​ទាក់​ទង​តាម​ទូរស័ព្ទ​បន្ទាប់ពី​ហេតុការណ៍​បាន​កើត​ឡើង លោក ឡុង ឌីម៉ង់ អ្នក​នាំាពាក្យសាលា​រាជធានី​បាន​បដិសេធ​ថា លោក​មិន​ដឹង​ពីការ​ចាប់​យក​ទូរស័ព្ទ និង​iPad ទេ ហើយបាន​និយាយ​ការ​ពារ​ការ​បង្ក្រាប​របស់​សន្តិសុខ​ខណ្ឌ​ទៅ​លើ​ការ​តវ៉ា​នេះ​។​លោក​បានមាន​ប្រសាសន៍​ថា ” យើង​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ភាព​អនាធិបតេយ្យ​”។

លោ​ក​ ត្រាន ដែល​សម្ដី​របស់​លោក​បាន​បង្ក​ឲ្យមានការ​តវ៉ា​​នេះ មិន​អាច​ទាក់​ទង​សុំអត្ថាធិប្បាយ​បានទេ ប៉ុន្តែ​ស្ថានទូត​វៀតណាមបាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ថ្កោល​ទោសចំពោះ​ការ​តវ៉ា​នេះ ហើយ​បាន​លើកឡើង​ពី​ចំណុច​សំខាន់ៗ​នៃ​ពាក្យ​សម្តី​របស់លោក។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​លើក​ឡើង​ថា ” ស្ថានទូត​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​ជ្រៀត​ជ្រែក​ក្នុង​អធិបតេយ្យភាព​ និង​​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​វៀតណាម។ វៀតណាម​ភាគ​ខាង​ត្បូង​ គឺ​ជា​ផ្នែក​ដ៏សំខាន់​នៃ​ទឹក​ដីវៀតណាម​ ហើយ​បើ​តាម​ច្បាប់អន្តរជាតិ ត្រូវ​បាន​​ទទួល​ស្គាល់​ពេញ​លេញ​ដោយអង្គការ​សហ​ប្រជា​​ជាតិ អង្គការ​អន្តរជាតិ​ និង​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក រួ​ម​ទាំង​ប្រទេស​ជា​សមាជិក​អាសា៊ន​ផង​ដែរ”។

អតីត​ទឹក​ដីកម្ពុជាក្រោម​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បារាំង​ ជា​អាណានិគម​ឥណ្ឌូចិនរបស់ខ្លួន​ចន្លោះឆ្នាំ១៨៦២​ និងការ​​ទទួល​ស្គាល់​ពី​រដ្ឋវៀតណាម​ក្នុង​​ឆ្នាំ​១៩៤៩​។

ទឹក​ដី​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​ចាប់​តាំង​ពី​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៧​ ដែល​នៅ​ពេល​នោះ​អ្នក​ដឹកនាំ​ប្រទេស​នេះ​បាន​កេង​យក​ចំណេញ​ពី​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​​ប្រទេស​កម្ពុជា ហើយ​បាន​បញ្ជូន​ជន​ជាតិ​វៀត​ណាម​​ឲ្យ​មក​រស់​នៅ​ដើម្បី​កាន់​កាប់​យក​ទឹកដីនេះ​តែម្តង៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស