28.4 C
Phnom Penh

ជន​ជាតិ​អាមេរិកម្នាក់​​ត្រូវ​បាន​គេ​រឹត​ក​សម្លាប់​ហើយ​យក​ទៅ​ប្លុង​​​​ចោល​នៅ​កន្លែង​ចាក់​សំរាម​នៅ​ជាយ​ក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ និង​អ្នកភូមិ​បាន​និយាយ​ថា បុរស​ជនជាតិ​អាមេរិក​អាយុ​៤៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​សារ​គេ​រឹតក​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាលពីព្រឹក​ព្រលឹមថ្ងៃពុធ។ សាក​សព​មាន​ស្នាម​ជាំ​របស់​គាត់​ត្រូវ​បាន​គេ​រុំ​នៅ​ក្នុង​ក្រណាត់វាំងនន​ ហើយ​បាន​យកទៅ​ប្លុង​ចោល​នៅ​ផ្លូវ​ដីមួយ​ខ្សែ​នៅ​ខណ្ឌ​ព្រែក​​ព្នៅ។

លោក យឹម សារ៉ន អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​កន្លែង​ឧក្រិដ្ឋកម្ម​ បាន​មាន​ប្រសាសន៍​ថា សាក​សព​នេះ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ម៉ោង​ប្រហែល​៥​និង​៤៥នាទី​ព្រឹក​នៅ​ក្នុង​សង្កាត់​គោករកា ដោយក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ដែល​បាន​យក​សំរាម​ទៅបោះ​ចោល​នៅ​កន្លែង​ចាក់​សំរាម​នោះ។

នគរ​បាល​បាន​បញ្ជាក់​ថា ជនរងគ្រោះរូ​ប​នេះ​ឈ្មោះ វីលៀម ប្រ៊ីយ៉ាន​ ហ្គ្លិន មក​ពី​រដ្ឋមីស៊ីស៊ីពី ហើយ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​កាបូប​លុយ​មួយ​ ដែល​មាន​ប័ណ្ណ​ឥណទាន​ និង​ក្រដាស​ថត​ចម្លង​លិខិត​ឆ្លង​ដែន​របស់​គាត់​មួយ​សន្លឹកនៅ​ក្នុង​ហោប៉ៅ​ខោ​ខ្លី​របស់​គាត់​។

លោក សារ៉ន បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​របស់​យើង​បាន​​ចុះ​ទៅកន្លែង​កើតហេតុ​ បន្ទាប់ពី​ក្មេង​ប្រុស​នោះ​បាន​ប្រាប់​គ្រួសារ​របស់វា​នៅ​ក្នុង​ភូមិនោះ។ មាន​ស្នាម​ជំា​នៅ​លើ​ដង​ខ្លួន​បុរស​នេះ និង​មាន​ឈាម​ចេញ​តាម​ច្រមុះ​ ដូច្នេះ​នេះ​គឺ​ជា​ឃាត​កម្ម​ មិន​មែន​ជា​អំពើ​អត្តឃាត​ទេ​”។

លោក ណង សុវណ្ណរ័ត្ន វេជ្ជបណ្ឌិត​ដែល​ពិនិត្យសាក​សព​នេះ​បាន​បញ្ជាក់ថា ស្នាម​ជាំ​នៅ​ជុំវិញ​កនេះ​បញ្ជាក់​ថា ជន​រងគ្រោះស្លាប់​ដោយ​សារ​ការ​រឹត​ក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​រងគ្រោះ​អាច​ស្លាប់​នៅ​កន្លែង​ណាមួយ​រយៈ​ពេល​២៤​ម៉ោង​មុន​គេ​ប្រទះ​ឃើញ​សាក​សព​គាត់​។

លោក សួន សំអឿន នាយ​ប៉ុស្តិ៍​នគរ​បាល​គោករកា បាន​មាន​ប្រសាសន៍​ថា អ្នកភូមិ​ម្នាក់​បាន​រាយការណ៍​ថា បាន​ឃើញ​រ៉ឺម៉ក​ម៉ូតូកង់បី​មួយ​គ្រឿង​ ដែលមាន​ម៉ូតូ​​បើក​តាម​ក្រោយ​មួួយ​គ្រឿង​​តាម​ផ្លូវ​ដីនេះ​នៅក្បែរ​វិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នៅ​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ​ ហើយ​បាន​ឈប់​មួយ​ភ្លែត​នៅ​កន្លែង​ចាក់​សំរាម​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​រងគ្រោះ​ទំនង​ជា​ត្រូវ​បាន​គេ​យក​ពី​កន្លែង​ណាមួយ​ទៅ​ប្លុង​ចោល​នៅទីនេះ​”។

ជន​ជាតិ​អាមេរិក​រូប​នេះ បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក​មក​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន ហើយ​បាន​ដាក់​ប្រវត្តិរូប​​របស់​គាត់​នៅ​តាម​គេហទំព័រ​ជនបរទេស​នៅ​កម្ពុជា​ ដើម្បី​ស្វែង​រក​ការ​ងារ​ជា​គ្រូបង្រៀននៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ គាត់​​បាន​សរសេរ​ដាក់​តាម​ប្លក់​កាលពីថ្ងៃ​ទី៤ ខែ​ឧសភា​ថា ” ខ្ញុំ​ទើប​តែ​មកដល់​កាល​ពីពីរ​ថ្ងៃ​មុន មិន​សូវ​ដឹង​ព័ត៌មាន​ច្រើន​ទេ ពីព្រោះខ្ញុំ​មិន​ដែលជួប​នរណា​ម្នាក់​​ដែល​បង្រៀន​នៅ​ទីនេះឡើយ​”។

គាត់​បាន​ចាប់​ផ្ដើម​បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ហ្គោលដិនហ្គេត សាខាទូលគោក កាលពីខែមិថុនា ប៉ុន្តែ​បើ​តាម​គណនេយ្យករ​ឈ្មោះ គន្ធី នៅ​សាលា​នេះ​បាន​ឲ្យ​ដឹង​ថា គាត​់​បានឈប់​ទៅវិញ​បន្ទាប់ពី​បង្រៀន​បាន​មួយ​ខែ​ ក្រោយ​ពី​វគ្គ​សិក្សា​នោះ​បាន​បញ្ចប់​។

គណនេយ្យ​ករ​រូប​នេះ​និយាយ​ថា ” គាត់​ឈប់ធ្វើការ​នៅ​ចុង​ខែ​ ព្រោះ​វា​ជា​ចុង​បញ្ចប់​នៃ​ឆ្នាំ​សិក្សា​ ដូច្នេះគាត់​ធ្វើការ​បាន​តែ​មួយខែ​ប៉ុណ្ណោះ។ គាត់​តែង​តែ​មក​ធ្វើការ​ ប៉ុន្តែ​ខ្ញុំមិន​ដឹង​ថា តើ​គាត់​ត្រឡប់​មក​វិញឬមាន​អ្វី​កើត​ឡើង​ទេ”។

កាលពីបី​ថ្ងៃ​មុន គាត់​បាន​ប្រកាស​រក​ការ​ងារ​នៅ​តាម​ទស្សនាវដ្ដី​​​ The Beijinger ដែល​ជា​ទស្សនាវដ្ដី​​​តាម​អុីនធើណិត​នៅ​ទីក្រុង​េប៉កាំង​ ដើម្បី​ស្វែង​រក​ការ​ងារ​ភ្លាមៗ​​ជា​គ្រូ​បង្រៀន​ពេល​សម្រាក​នៅ​រដូវ​ក្ដៅ និង​បាន​ស្នើ​សុំ​ឲ្យមានការ​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥ​ត​គិត​ថ្លៃ និង​អាច​ចាប់​ផ្ដើម​ក្នុង​រយៈ​ពេល​ពីរ​បីថ្ងៃ​ទៀត។

លោក វីលៀម ហ្គ្លិន ក៏ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​នៅ​ពេល​ល្ងាច​នៅ​វិទ្យាស្ថាន​​បង្រៀន​ភាសា​អង់គ្លេស​ Collingwood ផង​ដែរ​ ប៉ុន្តែ​នាយក​ថ្មីនៃ​សាលា​នេះ គឺ​លោក ម៉ៃឃើល សាប បាន​និយាយ​ថា បុរស​អាមេរិក​រូប​នេះ​​មិន​បាន​មក​បង្រៀន​ដូច​ការ​គ្រោង​ទុក​នៅ​សប្ដាហ៍​នេះ​ទេ។

លោក សាប បាន​និយាយ​ថា ” ខ្ញុំ​បាន​ជួប​គាត់​តែ​ម្ដង​ប៉ុណ្ណោះ គឺនៅ​ពេល​គាត់​មក​ណែនាំខ្លួន​ប្រាប់​ខ្ញុំ​ ប៉ុន្តែ​គាត់​មិន​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​របស់​គ្រូបង្រៀន​កាលពី​សប្ដាហ៍មុន​ទេ ហើយ​ក៏​មិនបាន​មក​បង្រៀន​នៅថ្ងៃច័ន្ទ​ដែរ ដូច្នេះ​ខ្ញុំគិត​ថា គាត់​គឺ​ជា​គ្រូបរទេស​ម្នាក់​ទៀត​ដែល​មិន​បានមក​បង្រៀន​”។

យោងតាម​លោក សាប បាន​ឲ្យ​ដឹង​ថា ​ប៉ុន្តែ​នៅ​រសៀល​មុនគេ​សម្លាប់​គាត់​ គាត់​បាន​ទូរស័ព្ទ​​ប្រាប់​អ្នកទទួល​ភ្ញៀវនៅ​សាលា​ថា គាត់​អាច​​​បង្រៀន​ថ្នាក់​គាត់​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច។ លោក​បាន​និយាយ​ថា ” ខ្ញុំមិនដឹង​ថា តើ​គាត់​ទូរស័ព្ទ​មក​ដោយ​ខ្លួន​គាត់​ ឬ​អ្នក​ផ្សេង​ទូរស័ព្ទ​ជំនួស​គាត់​ទេ ប៉ុន្តែ​គាត់​មិន​បាន​មក​ទេ ហើយខ្ញុំ​ត្រូវ​បង្រៀន​ថ្នាក់នោះ​”។

លោក អេនឌី ហ្វីឌឺ អតីត​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​​ហ្គោលដិនហ្គេត មក​ពី​អៀកឡង់​ខាង​ជើង បាន​និយាយ​ថា គាត់​បាន​ស្គាល់​ជន​រងគ្រោះ​​ពីរ​បី​សប្ដាហ៍​មុន​ពេល​គាត់​ឈប់​បង្រៀន​នៅ​សាលា​នេះ​។

គាត់​បាន​​និយាយ​ថា ” ខ្ញុំ​មិន​បាន​ស្និទ្ធ​ស្នាល​ជាមួយគាត់​ទេ បុ៉ុន្តែ​ខ្ញុំ​និយាយ​ជាមួយ​គាត់​នៅ​សាលា​ ហើយ​គាត់​ពូកែ​ណាស់​ គាត់​បង្រៀន​អស់រយៈ​ពេល​១៨​ឆ្នាំនៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​ចិន ហើយគាត់​បាន​និយាយ​ថា គាត់​ធុញ​ទ្រាន់​នឹង​ការ​ងារ​នេះ​។ ក្រៅពី​នេះ​ គ្មាន​នរណាម្នាក់​ដឹង​អ្វី​អំពី​គាត់​ទេ​”។

​បុគ្គលិក​បញ្ជាក់​ថា ស្ថានទូត​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​ដោយ​លើក​ឡើង​ពី​កង្វល់​អំពី​ភាព​ឯក​ជន​។ សាក​សព​លោក វីលៀមហ្គ្លិន ត្រូវ​បាន​ដឹក​ទៅ​កន្លែង​តម្កល់សព​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ រង់​ចាំ​ការ​ស៊ើប​អង្កេត​របស់​នគរ​បាល​៕ គឹមហឿន​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស