ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ-ពេលដែលយុវជន សុ ឃីម អាយុ២៤ឆ្នាំ មកពីគ្រួសារកសិករក្រីក្រក្នុងខេត្តពោធិ៍សាត់ បានសម្រេចចិត្តនៅពេលថ្មីៗថា គាត់ចង់ស្វែងរកការងារធ្វើនៅប្រទេសថៃនោះ គាត់មិនទាំងបានពិចារណាការដាក់ពាក្យធ្វើលិខិតឆ្លងដែន និងការឆ្លងព្រំដែនស្របច្បាប់នោះទេ។
ផ្ទុយទៅវិញគាត់បានបង់ប្រាក់១៥ដុល្លារឲ្យមេខ្យល់ ហើយបានចូលរួមនឹងអ្នកភូមិ៩០នាក់ផ្សេងទៀត ដែលសុទ្ធតែចង់ធ្វើការនៅប្រទេសថៃ។ កាលពីសប្តាហ៍មុន ពួកគេបានដើរទាំងអស់គ្នាកាត់ព្រៃក្រាស់ ហើយបានលួចឆ្លងព្រំដែននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ឃីម បាននិយាយថា ” ពេលយើងចូលដល់ប្រទេសថៃ ទាហានថៃប្រហែល១០នាក់បានរង់ចាំនៅម្ខាងព្រំដែន។ ពួកគេបានបាញ់បីគ្រាប់ទៅលើ ហើយបានប្រាប់យើងឲ្យនៅស្ងៀម”។ លោក ឃីម បានក្រាបទៅនឹងដី និងបានសហការជាមួយទាហានទាំងនោះ ដែលបានបញ្ជូនពួកគេទៅមន្ទីរឃុំឃាំងរបស់នគរបាល។ លោក និងជនចំណាកស្រុកផ្សេងទៀតត្រូវបាននគរបាលឃាត់ខ្លួនមួយយប់ មុនពេលត្រូវបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃអាទិត្យ។
បើទោះជាយុទ្ធសាស្ត្ររដ្ឋាភិបាលក្នុងការជួយពលករចំណាកស្រុកឲ្យត្រឡប់ទៅប្រទេសថៃវិញដោយស្របច្បាប់ក៏ដោយ ក៏ពលកររាប់ពាន់នាក់នៅតែឆ្លងព្រំដែនដោយខុសច្បាប់ដដែល ដោយពលករយ៉ាងហោចណាស់៥.០០០នាក់ត្រូវអាជ្ញាធរថៃចាប់បាននិងបញ្ជូនមកវិញចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា គ្រាន់តែក្នុងខេត្តបន្ទាយមានជ័យមួយ។ ខេត្តនេះមានព្រំដែនរួមប្រវែង១៥៣គីឡូម៉ែត្រជាមួយប្រទេសថៃ ដោយមានច្រកព្រំដែនរាប់រយ ទាំងស្របច្បាប់និងខុសច្បាប់ អាចឲ្យពលករចំណាកស្រុកចូលបានដោយងាយស្រួល។
ដើម្បីទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់ រដ្ឋាភិបាលបានបញ្ចុះតម្លៃលិខិតឆ្លងដែនពី១២៤ដុល្លារ មកត្រឹមបួនដុល្លារកាលពីខែមុន ប៉ុន្តែ ដំណើរការដាក់ពាក្យនៅស្មុគស្មាញនៅឡើយ និងប្រើពេលវេលាយូរ ហើយពលករជាច្រើននិយាយថា ពួកគេមិនសូវយល់អំពីរបៀបដាក់ពាក្យសុំទេ។
លោក ឃីម បាននិយាយថា លោកមិនដឹងទាល់តែសោះអំពីការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការផ្តល់លិខិតឆ្លងដែនតម្លៃបួនដុល្លារដល់ពលករចំណាកស្រុក បន្ទាប់ពីការហូរចូលដ៏គំហុកនៃពលករជិត២៥០.០០០នាក់កាលពីខែមុនពីប្រទេសថៃ ក្នុងពេលមានពាក្យចចាមអារ៉ាមថា ក្រុមយោធាថៃបានចាប់ខ្លួន និងថែមទាំងបានសម្លាប់ពលករដែលគ្មានឯកសារទៀតផង។ លោក ឃីម បាននិយាយថា ” ខ្ញុំមិនដែលបានឮអំពីគោលនយោបាយណាមួយពីរដ្ឋាភិបាលទេ។ រដ្ឋាភិបាលគួរផ្សព្វផ្សាយព័ត៌មាននេះដល់ប្រជាជនក្នុងភូមិ និងឃុំនានា”។

យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា គ្មានពលករណាម្នាក់បានបញ្ចប់ដំណើរការសុំលិខិតឆ្លងដែននេះនៅឡើយទេ ឬបានឈានដល់ដំណាក់កាលដាក់ពាក្យសុំលិខិតឆ្លងដែនក៏ទេដែរ ចាប់តាំងពីការប្រកាសជួនដំណឹងកាលពីថ្ងៃទី២៤ ខែមិថុនាមក។
ដើម្បីទទួលបានលិខិតឆ្លងដែនតម្លៃបួនដុល្លារ ពលករត្រូវមានការបញ្ជាក់អំពីការងារពីទីភ្នាក់ងារជ្រើសរើសពលករដែលរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យ ឬពីនិយោជកថៃ ហើយយកវាមកក្រសួងការងារក្នុងរាជធានីភ្នំពេញ។
បន្ទាប់មកក្រសួងនឹងផ្តល់លិខិតបញ្ជាក់ដល់ពលករ ដែលត្រូវយកលិខិតនោះទៅការិយាល័យលិខិតឆ្លងដែនក្នុងរាជធានី ដើម្បីទទួលបានលិខិតឆ្លងដែនតម្លៃបួនដុល្លារ។ ក្រោយមកទៀត ពលករត្រូវដាក់ពាក្យសុំទិដ្ឋាការការងារថៃ។ ដំណើរការទាំងមូលអាចត្រូវការពេលជិត៦០ថ្ងៃទើបបញ្ចប់។
លោក ថាន គីមសេង អគ្គនាយករងនៃអគ្គនាយកដ្ឋានលិខិតឆ្លងដែនក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នាយកដ្ឋានរបស់លោក “មិនទាន់បានទទួលសំណើសុំលិខិតឆ្លងដែនណាមួយពីក្រសួងការងារនៅឡើយទេ”។
លោក អាន ប៊ុនហាក់ ប្រធានទីភ្នាក់ងារជ្រើសរើសពលករ TopManpower ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួនជិត៥០ ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាល ដើម្បីជួយបញ្ជូនពលករត្រឡប់ទៅប្រទេសថៃវិញ បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមិនទាន់បានទទួលការណែនាំគ្រប់គ្រាន់ពីរដ្ឋាភិបាលនៅឡើយទេ។
លោក ប៊ុនហាក់ បានមានប្រសាសន៍ថា “ដំណើរការនេះចាំបាច់ត្រូវមានការពន្យល់ឲ្យច្បាស់”។ លោក ប៊ុនហាក់ បារម្ភថា ពលករមួយចំនួន ដែលស្វែងរកជំនួយពីលោកអាចព្យាយាមចង់បានលិខិតឆ្លងដែនបួនដុល្លារដោយមិនទៅប្រទេសថៃធ្វើការ ដែលនឹងធ្វើឲ្យលោកខាតប្រាក់ ព្រោះនិយោជកបង់ថ្លៃកម្រៃជើងសារឲ្យលោកសម្រាប់ការផ្តល់ពលករ។ លោក ប៊ុនហាក់ បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់លោកមានឈ្មោះពលករពីរបីរយនាក់ ប៉ុន្តែ មិនទាន់បានដំណើរការពាក្យសុំរបស់ពួកគេទេ ដោយសារការមិនសូវយល់ច្បាស់។ លោកបានឲ្យដឹងទៀតថា “រដ្ឋាភិបាលចាំបាច់ត្រូវបង្ហាញគោលការណ៍ណែនាំដល់ពលករ និងទីភ្នាក់ងារនានា។ អ្វីដែលជាដំណាក់កាលទាំងនោះ?”។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការផ្តួចផ្តើមរបស់រដ្ឋាភិបាលមិនបានសម្រេចទេ។ លោកបានមានប្រសាសន៍ថា ” វាជាការលំបាក ដែលក្រសួងការងារតែឯងផ្តល់លិខិតបញ្ជាក់ដល់ពលករនោះ។ ពួកគេគួរទុកការងារនេះឲ្យស្រុក ឬនាយកដ្ឋាន”។ លោក សារឿត បានមានប្រសាសន៍ថា ក្រសួងការងារគួរពិចារណាការធ្វើវិមជ្ឈការដំណើរការនៃការចេញលិខិតឆ្លងដែនដល់ពលករ។ លោកបានបន្ថែមថា “មន្ត្រីស្រុកអាចធ្វើការជាមួយមន្ទីរការងារបាន ហើយពួកគេអាចធ្វើការជាមួយមេឃុំ និងប្រធានភូមិបាន ពីព្រោះពួកគេស្គាល់ប្រជាជនរបស់ខ្លួនយ៉ាងច្បាស់”។
លោក សាត សមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ រីឯក្រុមមន្ត្រីក្រសួងនេះផ្សេងទៀតមិនអាចទាក់ទងបានឡើយ។

លោក នុត សំអុល ទីប្រឹក្សាគម្រោងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ដែលបាននិងកំពុងជួយពលករនៅក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ពលករចំណាកស្រុកជាច្រើននាក់កំពុងជ្រើសរើសការឆ្លងដែនដោយខុសច្បាប់ ពីព្រោះពួកគេមិនបានដឹងអំពីប្រព័ន្ធថ្មីនេះ ឬមិនបានយល់ពីវាឡើយ។ លោកបានឲ្យដឹងទៀតថា “បញ្ហាគឺថា រដ្ឋាភិបាលបានប្រកាសការកែប្រែថ្មីសម្រាប់លិខិតឆ្លងដែន និងដំណើរការស្របច្បាប់ ប៉ុន្តែ គ្មាននរណាម្នាក់បានទទួលព័ត៌មានណាមួយឡើយ”។ លោក សំអុល បានបន្ថែមថា ពលករជាច្រើននាក់ធ្វើចំណាកស្រុកតាមរដូវ ដោយត្រឡប់មកប្រទេសកម្ពុជាដើម្បីប្រមូលផលស្រូវ និងបន្ទាប់មកទៅប្រទេសថៃវិញ។ លោកបានឲ្យដឹងថា ” ពួកគេមានពេលពីរបីខែប៉ុណ្ណោះ។ ពួកគេមិនចង់រង់ចាំដំណើរការរបស់រដ្ឋាភិបាលឡើយ”។
លោកស្រី យ៉ត ណាង មេឃុំដំរីនៅខេត្តកំពង់ធំ ជាទីដែលពលករចំណាកស្រុកច្រើនជាង១.០០០នាក់បានត្រឡប់ទៅវិញកាលពីខែមុន បានមានប្រសាសន៍ថា ក្រុមអ្នកភូមិបាននិងកំពុងចាកចេញជាថ្មីម្តងទៀតដើម្បី លួចចូលប្រទេសថៃតាមខេត្តបន្ទាយមានជ័យ។ លោកស្រី ណាង បានមានប្រសាសន៍ថា “ពួកគេ ចេះតែសួរខ្ញុំចង់ដឹងពីព័ត៌មានអំពីរបៀបធ្វើលិខិតឆ្លងដែន ប៉ុន្តែ ខ្ញុំមិនដឹងដំណើរការធ្វើរបៀបណានោះទេ។ ខ្ញុំមិនដឹងប្រាប់គេថា យ៉ាងដូចម្តេចទេ។ ខ្ញុំមិនដឹងប្រាកដថា ធ្វើរបៀបណាឡើយ”។
អ្នកស្រី ភូ កែវ អាយុ២០ឆ្នាំ និងប្តីរបស់អ្នកស្រី ឈ្មោះ លី ស៊ីណាត អាយុ២១ឆ្នាំ បានធ្វើការជាកម្មករសំណង់នៅប្រទេសថៃ មុនមានរដ្ឋប្រហារ។ ពួកគេបានឆ្លងដែនដោយខុសច្បាប់ ហើយបានព្យាយាមឆ្លងម្តងទៀតកាលពីថ្ងៃអាទិត្យ ប៉ុន្តែ ត្រូវបានទាហានថៃចាប់។ អ្នកស្រី កែវ ដែលរស់នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានផែនការឆ្លងដែនដោយខុសច្បាប់ជាថ្មីទៀតក្នុងពេលឆាប់ៗនេះបាននិយាយថា “ទៅទីនោះដោយខុសច្បាប់គឺស្រួលជាង និងលឿនជាង”។
អ្នកស្រីបាននិយាយថា “ខ្ញុំចង់បានលិខិតឆ្លងដែន ហើយខ្ញុំបានឮតាមវិទ្យុថា វាមានតម្លៃបួនដុល្លារប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំបានទៅសួរធ្វើលិខិតឆ្លងដែន ហើយពួកគេបាននិយាយថា វាថ្លៃ១៥០ដុល្លារ”។ អ្នកស្រីទំនងជាមិនបានធ្វើតាមរបៀបត្រឹមត្រូវទេ មុនពេលស្នើសុំលិខិតឆ្លងដែនបួនដុល្លារនោះ។ អ្នកស្រី កែវ បាននិយាយថា “ខ្ញុំចង់ឲ្យពួកគេមកជួយយើងធ្វើលិខិតឆ្លងដែនក្នុងភូមិរបស់យើង”។
នៅចម្ងាយតែពីរបីគីឡូម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកខុសច្បាប់ជាច្រើនមាននៅតាមបណ្តោយស្ទឹងបត់ ជាស្ទឹងមួយនៅចន្លោះប្រទេសកម្ពុជា និងថៃ។ ច្រកមួយក្នុងចំណោមស្រកទាំងនោះស្ថិតនៅអែបការិយាល័យនគរបាលការពារព្រំដែនស្ទឹងបត់។
មន្ត្រីនគរបាលព្រំដែនម្នាក់ធ្វើការនៅទីនោះ ដែលសុំមិនប្រាប់ឈ្មោះ ពីព្រោះគាត់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ បានពន្យល់ថា រាល់យប់ ពលករពី៣០នាក់ទៅ៥០នាក់បានឡើងជិះទូក និងក្បូនទាញដោយខ្សែពួរ ដើម្បីឆ្លងទឹក ម្នាក់ៗចំណាយប្រហែលបីដុល្លារ។ លោកបាននិយាយថា “ខ្ញុំអាចនាំអ្នកទៅដល់ទីនោះបាន ពីព្រោះនគរបាលនៅទីនោះស្គាល់ខ្ញុំ”៕មានិត