39.4 C
Phnom Penh

ប្រធាន​​​អង្គការ​​​លីកាដូ​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ជា​​​សមាជិក​​​ចុង​​​ក្រោយ​​​នៃ​​​ គ.ជ.ប.​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បោះ​​​​​​មួយ​​​ជំហាន​​​ទៀត​​​ខិត​​​ជិត​​​ដល់​​​​​​ការ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា ដោយ​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​នេះ​​​ និង​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​បាន​​​សម្រេច​​​ព្រមព្រៀង​​​គ្នា​​​ទទួល​​​យក​​​​​​ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ ធ្វើ​​​ជា​​​សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.)ថ្មី​​​។NEC

កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​សប្ដាហ៍​​​មុន គណបក្ស​​​ប្រជា​​​ជនក​​​ម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការមិន​​​ចូល​​​សភា
​​​រយៈ​​​ពេល​​​១០ខែ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​កែ​​​ប្រែ គ.ជ.ប. ដោយ​​​សម្រេច​​​បង្កើត​​​ គ.ជ.ប.ថ្មី​​​មួយ​​​ដែល​​​មាន​​​សមាសភាព​​​សមាជិក​​​បួន​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​នីមួយៗ​​​ និង​​​សមាជិក​​​ទី​​​៩​​​ដែល​​​ជ្រើស​​​តាំង​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​។

កាល​​​ពី​​​ម្សិល​​​មិញ គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​អះអាង​​​ថា លោកស្រី ពុង​​​ ឈីវកេក ជា​​​ស្ថាបនិក​​​ និ​​​ង​​​ជា​​​ប្រធាន​​​អង្គការ​​​លីកាដូ​​​ ត្រូវ​​​បាន​​​សម្រេច​​​ជ្រើស​​​រើស​​​ជា​​​សមាជិក​​​អព្យាក្រឹត​​​​​​ ដែល​​​​​​នឹង​​​ធ្វើជាសន្លឹកឆ្នោតសម្រេច ហើយ​​​តម្រងទិស​​​គណៈកម្មាធិការ​​​មួយ​​​នេះ។

លោក ជាម យៀប​​​ សមាជិកសភា​​​ជាន់​​​ខ្ពស់​​​ និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ព្រមព្រៀង​​​ជ្រើស​​​រើស​​​គាត់​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ដឹង​​​ព័ត៌​​​មាន​​​លម្អិត​​​បន្ថែ​​​ម​​​ទៀត​​​ថា តើ​​​គាត់​​​ទទួល​​​យក​​​សំណើ​​​នេះ ឬ​​​ក៏​​​អត់​​​នោះ​​​ទេ​​​”។

​​​លោក​​​ស្រី ពុង ឈីវ​​​កេក មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ ប៉ុន្តែ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​សើុប​​​អង្កេត​​​នៅ​​​អង្គការ​​​លីកាដូ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ប្រធាន​​​ដឹក​​​នាំ​​​យូរ​​​មក​​​ហើយ​​​របស់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​នេះ បាន​​​ប្រាប់​​​គណបក្ស​​​ទាំង​​​ពីរ​​​ថា លោក​​​ស្រី​​​ត្រៀម​​​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​ទទួល​​​យក​​​មុខ​​​តំណែង​​​នេះ​​​។

ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ ពុង​​​ ឈីវ​​​កេក បាន​​​ដាក់​​​លក្ខខណ្ឌ​​​ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​និង​​​លោក សម រង្ស៊ី មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា “មាន​​​ចំណុច​​​សំខាន់​​​ៗ​​​បី​​​ ដែល​​​លោកស្រី​​​ស្នើ​​​សុំ​​​ ទី​​​១​​​ប្រសិន​​​បើ​​​ គ.ជ.ប.​​​ ជា​​​ គ.ជ.ប. ថ្មី វា​​​ត្រូវ​​​តែ​​​ធានា​​​ច្បាស់​​​លាស់​​​នូវ​​​ភាព​​​ឯករាជ​​​្យ និង​​​អព្យាក្រឹត​​​ភាព​​​របស់​​​ខ្លួន​​​។ ទី​​​២ គឺ គ.ជ.ប. មិន​​​ត្រូវ​​​ស្ថិត​​​នៅ​​​​​​ក្រោម​​​ស្ថាប័ន​​​ណា​​​មួយ​​​ឡើយ​​​ ហើយ​​​វា​​​ត្រូវ​​​មាន​​អភ័យ​​​ឯកសិទ្ធិ​​​ និង​​​សិទ្ធិ​​​ស្វ័យ​​​ភាព​​​ក្នុង​​​ការ​​​ធ្វើ​​​សេចក្ដី​​​សម្រេច​​​ចិត្ត​​​។ ទី​​​៣​​​ គឺ​​​ គ.ជ.ប. ត្រូវ​​​មាន​​​សិទ្ធិ​​​ជ្រើស​​​រើស​​​អ្នក​​​ជំនាញ​​​ឲ្យ​​​ចាត់​​​ចែង​​​ និង​​​គ្រប់​​​គ្រង​​​កិច្ច​​​ការ​​​របស់​​​ខ្លួន​​​ ហើយ​​​​​​ជា​​​ពិសេស​​​ គ.ជ.ប.​​​ ត្រូវ​​​មាន​​​សិទ្ធិ​​​ទទួល​​​មូលនិធិ និង​​​ជំនួយ​​​ផ្សេង​​ៗ​​​ដោយ​​​ឯករាជ្យ​​​ទាំង​​​ក្នុង​​​ និង​​​ក្រៅ​​​ប្រទេស​​​ និង​​​សិទ្ធិ​​​ស្វ័យ​​​ភាព​​​ក្នុង​​​ការ​​​ប្រើ​​​ប្រាស់​​​មូលនិធិ​​​ទាំង​​​នោះ”។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទទួល​​​លិខិត​​​ពី​​​លោកស្រី ពុង​​​ ឈីវកេក ហើយ​​​ ហើយ​​​លោ​​​ក​​​បាន​​​ឆ្លើយ​​​តប​​​ដោយ​​​យល់​​​ព្រម​​​តាម​​​​​​គ្រប់​​​លក្ខខណ្ឌ​​​ទាំង​​​នេះ។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​បាន​​​ទទួល​​​លិខិត​​​ពី​​​ប្រធាន​​​អង្គការ​​​លីកាដូ រួ​​​ច​​​ហើយ​​​ ហើយ​​​ខ្ញុំ​​​ក៏​​​បាន​​​ឆ្លើយ​​​តប​​​គាត់​​​រួច​​​ហើយ​​​ដែរ​​​។ លោកស្រី​​​បាន​​​ផ្ញើ​​​លិខិត​​​នេះ​​​មក​​​​​​លោក កឹម សុខា [អនុប្រធាន​​​គណ​​​បក​្ស​​​សង្គ្រោះ​​​ជាតិ​​​] និង​​​​​​ខ្ញុំ ហើយ​​​យើង​​​ទាំង​​​ពីរ​​​បាន​​​ទទួល​​​យក​​​សំណើ​​​ទាំង​​​នោះ​​​ ហើយ​​​យើង​​​បាន​​​និយាយ​​​ថា គ្រប់​​​កាលៈទេសៈ យើង​​​នឹង​​​ធ្វើ​​​តាម​​​សំណើ​​​របស់​​​គាត់​​​”។

លោក ជាម យៀប បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​​​​ប្រាកដ​​​​​​ថា តើ​​​លោក​​​ ហ៊ុន សែន ទទួល​​​បាន​​​លិខិត​​​របស់​​​លោក​​​ស្រី ពុង​​​ ឈីវកេក ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ ប៉ុន្តែ សំណើ​​​របស់​​​គាត់​​​សម​​​ហេតុ​​​ផល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “សម្ដេច​​​តេជោ ហ៊ុន សែន បាន​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​នេះ​​​រួច​​​ហើយ​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ដេច​​​ទទួល​​​យក​​​គាត់​​​ ដូច្នេះ ខ្ញុំ​​​មិន​​​គិត​​​ថា សម្ដេច មិន​​​យល់​​​ព្រម​​​តាម​​​លក្ខខណ្ឌ​​​របស់​​​គាត់​​​នោះ​​​ទេ។ តាម​​​ទស្សន​​​ៈរបស់​​​ខ្ញុំ រឿង​​​សំខាន់​​​បំផុត​​​របស់​​​ខ្ញុំ​​​គឺ​​​ដាក់​​​ គ.ជ.ប. ជា​​​ស្ថាប័ន​​​ធម្មនុញ្ញ។ គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​​​​ព្រមព្រៀង​​​គ្នា​​​ដាក់​​​វា​​​ទៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​វិបត្តិ​​​នយោបាយ​​​។ វា​​​ក្ដោប​​​ទាំង​​​អស់ ពាក់​​​ព័ន្ធ​​​នឹង​​​ឯករាជ​​​ភាព អព្យាក្រឹត​​​ភាព​​​ និង​​​សិទ្ធិ​​​ស្វ័យភាព​​​​​​​​​លើ​​​ការ​​​ប្រើ​​​ប្រាស់​​​មូលនិធិ និង​​​ការ​​​ជ្រើស​​​រើស​​​បុគ្គលិក​​​ជំនាញ”។

កា​​​រជ្រើស​​​រើស​​​លោកស្រី ពុង​​​ ឈីវ​​​កេក ជា​​​សមាជិក​​​ “ដែល​​​មាន​​​ការ​​​ឯកភាព​​​គ្នា” របស់​​​ គ.ជ.ប.​​​ ថ្មី បាន​​​បញ្ចប់​​​បញ្ហា​រាំងស្ទះហា​​​ចុង​​​ក្រោយ​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​សេចក្ដី​​​លម្អិត​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​។

ស្ថិត​​​ក្រោម​​​កិច្ច​​​ព្រមព្រៀង​​​ចុះ​​​កិច្ច​​​សន្យា​​​ដោយ​​​ លោក​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី  ប្រសិន​​​បើ​​​គណបក្ស​​​ទាំង​​​ពីរ​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បេក្ខភាព​​​ “ដែល​​​មាន​​​ការ​​​ព្រមព្រៀង​​​គ្នា” ចុង​​​ក្រោយ​​​ទេ​​​នោះ​​​ គ.ជ.ប. ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​នា​​​ខែ​​​មករា ឆ្នាំ​​​១៩៩៨​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុម​​​ការិយាធិបតេយ្យ​​​នៃ​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​នឹង​​​រក្សា​​​ទុក​​​ឲ្យ​​​នៅ​​​ដដែល។

ក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​មក​​​នេះ​​​ មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​លើក​​​ឡើង​​​ខុស​​​ៗ​​​គ្នា​​​ពី​​​ពេល​​​វេលា​​​ដែល​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​នេះ​​​នឹង​​​ស្បថ​​​ចូល​​​កាន់​​​តំណែង ដោយ​​​មានការ​​​​​​ប៉ាន់​​​ប្រមាណ​​​ទាំង​​​នោះ​​​មាន​​​ចាប់​​​ពី​​​ថ្ងៃ​​​សុក្រ​​​សប្ដាហ៍​​​មុន​​​រហូត​​​ដល់​​​ពីរ​​​សប្ដាហ៍​​​ទៀត​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ជ្រើស​​​រើស​​​លោកស្រី ពុង​​​ ឈីវកេក មាន​​​ន័យ​​​ថា ពេល​​​នៅ​​​សល់​​​តែ​​​ការ​​​ពិភាក្សា​​​ផ្នែក​​​បច្ចេកទេស​​​ ដែល​​​បាន​​​​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ម្សិលមិញ ហើយ​​​គ្រោង​​​នឹង​​​បន្ត​​​នៅ​​​​​​ថ្ងៃ​​​នេះ​​​ប៉ុណ្ណោះ​​​ មុន​​​នឹង​​​គណបក្ស​​​ប្រឆាំង​​​ស្បថ​​​ចូល​​​​​​កាន់​​​តំណែង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​នេះ​​​ថា “ខ្ញុំ​​​សូម​​​និយាយ​​​ពី​​​ការ​​​ចូល​​​កាន់​​​តំណែង​​​នេះ​​​ថា យូរ​​​បំផុត​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​ប៉ុណ្ណោះ”។

លោក​​​បាន​​​ពន្យល់​​​ថា “អ្វី​​​ដែល​​​មិន​​​ទាន់​​​ធ្វើ​​​ គឺ​​​សេចក្ដី​​​ព្រាង​​​វិសោធន​​​កម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​​​វិធាន​​​ផ្ទៃ​​​ក្នុង​​​នៃ​​​រដ្ឋ​​​សភា​​​រហូត​​​ដល់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ និង​​​រដ្ឋធម្មនុញ្ញ ដូច្នេះ នឹង​​​មាន​​​សេចក្ដី​​​ព្រាង​​​ចំនួន​​​បី និង​​​ក្រុម​​​ការងារ​​​ដោយ​​​ឡែក​​​បី​​​ទទួល​​​បន្ទុក​​​លើ​​​ការ​​​ព្រាង​​​កិច្ច​​​ព្រម​ព្រៀង​​​​​​ទាំង​​​នោះ”។

លោក គួយ ប៊ុន​​​រឿន តំណាងរាស្ត្រ​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​បាន​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​តំណាង​​​រាស្ត្រ​​​របស់​​​ខ្លួន​​​ដើម្បី​​​ទុក​​​ឲ្យ​​​លោក សម រង្ស៊ី ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ និង​​​ដែល​​​ពេល​​​នេះ​​​គ្រោង​​​នឹង​​​ក្លាយ​​​​​​ជា​​​សមាជិក​​​ គ.ជ.ប. ថ្មី​​​នោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក មិន​​​ប្រាកដ​​​ថា ការ​​​ពិភាក្សា​​​បញ្ហា​​​បច្ចេកទេស​​​​​​នឹង​​​ចប់​​​នៅ​​​ពេល​​​ណា​​​នោះ​​​ទេ។

លោក​​​បាន​​​ពន្យល់​​​ថា “ក្រុម​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​នឹង​​​ជួប​​​ជា​​​មួយ​​​ក្រុម​​​ការងារ​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​ដឹក​​​នាំ​​​ដោយ​​​​​​ឯក​​​ឧត្ដម ប៊ិន ឈិន [ ឧបនាយក​​​រដ្ឋ​​​មន្ត្រី ] ដើម្បី​​​ពិភាក្សា​​​អំពី​​​​​​១៤​​​ចំណុច​​​ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែល​​​ក្រុម​​​ការងារ​​​បច្ចេកទេស​​​​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​​​​ព្រមព្រៀង​​​គ្នា​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​មុន​​​ៗ​​​។ ដោយ​​​សារ​​​តែ​​​យើង​​​មាន​​​ស្មារតី និង​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ក្នុង​​​ការ​​​ចរចា និង​​​ឈាន​​​ដល់​​​ការ​​​ព្រមព្រៀង​​​គ្នា​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ​​​ ហើយ​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ទាំង​​​នោះ​​​នឹង​​​ធ្វើ​​​ឡើង​​​មុន​​​ពេល​​​យើង​​​ទៅ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​។

លោក គួយ ប៊ុន​​​រឿន ដែល​​​ក្លាយ​​​ជា​​​មន្ត្រី​​​របស់​​​គណបក្ស​​​សម រង្ស៊ី ក្នុង​​​ឆ្នាំ​​​២០០១ និង​​​ដែលត្រូវ​​​បាន​​​លោក ហ៊ុន សែន សម្រេច​​​ទទ​​​ួល​​​ស្គាល់​​​ជា​​​សមាជិក​​​ថ្មី​​​របស់​​​ គ.ជ.ប. ក្រោយ​​​ពី​​​លោក​​​ សម រង្ស៊ី បាន​​​រិះ​​​គន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ខ្លាំង​​​ៗ​​​នៅ​​​ក្នុង​​​សភា​​​នោះ​​​ គឺ​​​ជា​​​សមាជិក​​​តែ​​​មួយ​​​រូប​​​ទៀត​​​ប៉ុណ្ណោះ​​​​​​នៃ​​​ គ.ជ.ប.​​​ថ្មី ដែល​​​ត្រូវ​​​បាន​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​។

លោក​​​ យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​ គ.ជ.ប. បី​​​រូប​​​ផ្សេង​​​ទៀត​​​របស់​​​​​​គណបក្ស​​​ប្រឆាំង​​​ មិន​​​ទាន់​​​ត្រូវ​​​បាន​​​គណបក្ស​​​នេះ​​​​​​ជ្រើស​​​រើស​​​នៅ​​​ឡើយ​​​ទេ។

លោក ព្រំុ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​ដឹក​​​នាំ​​​ក្រុម​​​ការងារ​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ទទួល​​​បន្ទុក​​​ខាង​​​កំណែទម្រង់​​​រដ្ឋ​​​ធម្មនុញ្ញ បាន​​​មាន​​​ប្រសាសន៍​ថា គណបក្ស​​​កាន់​​​អំណាច​​​ក៏​​​មិន​​​ទាន់​​​ជ្រើស​​​រើស​​​សមាជិក​​​ គ.ជ.ប. ថ្មី បួន​រូប​របស់​ខ្លួន​នៅ​ឡើយ​ដែរ។

លោក​ស្រី ពុង​ ឈីវកេក បាន​បង្កើត​អង្គការ​លីកាដូ ជា​អង្គការ​គាំពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ឆ្នាំ​១៩៩២ ហើយ​បាន​ធ្វើ​ជា​ប្រធាន​អង្គការ​នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក​។

បន្ទាប់​ពី​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង​អស់​រយៈ​​​ពេល​ច្រើន​ឆ្នាំ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ អ្នកស្រី ពុង ឈីវកេក បាន​ជួយ​សម្រុះ​សម្រួល​ឲ្យ​មាន​ការ​ចរចា​រវាង​លោក ហ៊ុន សែន និង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម សីហនុ ដែល​បាន​ជួយ​បញ្ចប់​សង្គ្រាម​ស៊ី​វិល​​ក្នុង​ប្រទេស​នេះ​នៅ​ក្នុង​ឆ្នាំ​១៩៩១​។

នៅ​ក្នុង​ឆ្នាំ​១៩៨៣​ក្នុង​ឋានៈ​​​ជា​​​ភរិយា​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​បារាំង​​​ប្រចាំ​​​ប្រទេស​​​អង់ហ្គោឡា អ្នក​​​ស្រី ពុង ឈីវកេក បាន​​​ជួប​​​ជា​​​មួយ​​​លោក ហ៊ុន សែន​​​ពិភាក្សា​​​អំពីសង្គ្រាម​​​សីុវិល​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា។ នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៨៧ ​​​លោក​​​ស្រី​​​បាន​​​រៀប​​​ចំ​​​ឲ្យ​​​មាន​​​ជំនួប​​​មួយ​​​រវាង​​​លោក ហ៊ុន សែន និង​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម សីហនុ ក្នុង​​​ប្រទេស​​​បារាំង​​​ ហើយ​​​ជំនួប​​​នោះ​​​បាន​​​ក្លាយ​​​ជា​​​ជំហាន​​​ដំបូង​​​ឈាន​​​ទៅ​​​ដល់​​​កិច្ច​​​ព្រមព្រៀង​​​សន្តិភាព​​​ក្រុង​​​ប៉ារីស​​​ឆ្នាំ​​​១៩៩១។

លោកស្រី ពុង​​​ ឈីវកេក ក៏​​​មាន​​​ប្រវត្តិ​​​​​​ចេញ​​​ពី​​​ត្រកូល​​​អភិជន​​​ផង​​​ដែរ​​​។ លោក ពុង​​​ ខៀវ​​​សែ ប្អូន​​​ជីដូន​​​មួយ​​​របស់​​​លោក​​​ស្រី​​​ គឺ​​​ជា​​​ “ឧកញ៉ា” ដែល​​​បាន​​​បង្កើត​​​ធនាគារ​​​កាណាឌីយ៉ា​​​ នៅ​​​ពេល​​​លោក​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ ហើយ​​​ពេល​​​នេះ​​​​​​លោក​​​នៅ​​​តែ​​​ជា​​​​​​នាយក​​​ធនាគារ​​​នេះ​។

លោក ពុង​​​ ប៉េង​​​ចេង ដែល​​​ត្រូវ​​​​​​ជា​​​​ឪពុក​​​លោក​​​ស្រី ពុង​​​ ឈីវកេក​​​ បាន​​​ទទួល​​​មរណ​​​ភាព​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០១​​​ ប៉ុន្តែ លោក​​​គឺ​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​កម្ពុជា​​​​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​តាំង​​​ដោយ​​​សម្ដេច​​​ឪ​​​ នរោត្តម សីហនុ ​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។ លោក​​​ធ្លាប់​​​ធ្វើ​​​ជា​​​ប្រធាន​​​ខុទ្ទកាល័យ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម សីហនុ ពី​​​ឆ្នាំ​​​១៩៧២ដល់​​​ឆ្នាំ​​​១៩៧៥ និង​​​ពី​​​ឆ្នាំ​​​១៩៧៩​​​ដល់​​​ឆ្នាំ​​​១៩៩៣។

លោក​​​ស្រី តុង ស៊ីវ​​​អេង ដែល​​​ត្រូវ​​ជា​​​ម្ដាយ​​​របស់​​​អ្នក​​​ស្រី​​​បាន​​​ទទួល​​​មរណភាព​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០១។ លោក​​​ស្រី គឺ​​​ជា​​​ស្ត្រី​​​ដំបូង​​​ដែល​​​ចូល​​​បម្រើ​​​ការងារ​​​ក្នុង​​​រដ្ឋសភា​​​ដោយ​​​លោក​​​ស្រី​​​បាន​​​ជាប់​​​ជា​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​​​ខេត្ត​​​កណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ឆ្នាំ​​​១៩៥៨។លោក​​​ស្រី​​​បាន​​​ក្លាយ​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល និង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សង្គម​​​កិច្ច ក្រោម​​​របប​​​ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម សីហនុ ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០។

លោក​​​ស្រី ឡូរ៉ា ថន​​​តុន (Laura Thornton) នាយក​​​វិទ្យាស្ថាន​​​​​​ជាតិ​​​ប្រជា​​​ធិប​​​តេយ្យ (NDI) ប្រចាំ​​​ប្រទេស​​​កម្ពុជា ដែល​​​បាន​​​ដើរ​​​តួ​​​យ៉ាង​​​សំខាន់​​​នៅ​​​ក្នុង​​​សម្ព័ន្ធ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ ដែល​​​គេ​​​ស្គាល់​​​ថា សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត (ERA) បាន​​​ចាត់​​​ទុក​​​លោក​​​ស្រី ពុង​​​ ឈីវកេក ថា​​​ជា​​​​​​ “អ្នក​​​នាំ​​​ពាក្យ​​​ដ៏​​​មាន​​​ទេពកោសល្យ​​​ អព្យាក្រឹត និង​​​គួរ​​​ឲ្យ​​​គោរព​​​” ដែល​​​នឹង​​​ក្លាយ​​​ជា​​​បុគ្គល​​​ដ៏​​​សំខាន់​​​សម្រាប់​​​ គ.ជ.ប. ថ្មី​​​នេះ​​​។

ប៉ុន្តែ លោក​​​ស្រី​​​បាន​​​ក្រើន​​​រំឭក​​​ចំពោះ​​​សុទិដ្ឋិនិយម​​​​​​ជុំវិញ​​ការ​​​ព្រមព្រៀង​​​គ្នា​​​រវាង​​លោក ហ៊ុន សែន និង​​​លោក សម រង្ស៊ី ជ្រើស​​​រើស​​​លោក​​​ស្រី ពុង​​​ ឈីវកេក។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ការ​​​តែងតាំង​​​សមាជិក​​​ទី​​​៩​​​របស់​​​ គ.ជ.ប. មិន​​​បាន​​​ដោះ​​​ស្រាយ​​​ក្តី​​​បារម្ភ​​​ចម្បង​​​ៗ អំពី​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​ពិត​​​ប្រាកដ​​​នៅ​​​ឡើយ​​​ទេ​​​។

មាន​​​ក្តី​​​បារម្ភ​​​ថា បើ​​​គ្មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​​​​លើ​​​ចំណុច​​​សំខាន់​​​ៗ​​​ជា​​​មុន​​​ទេ​​​នោះ​​​ ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​បទប្បញ្ញត្តិ​​​អាច​​​នឹង​​​ជាប់​​​គាំង​​​ ឬ​​​បរាជ័យ​​​នៅ​​​ក្នុង​​​ [ រដ្ឋសភា]​​​ នៅ​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ខាង​​​មុខ​​​”៕សុខុម​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស