33.2 C
Phnom Penh

មេប្រយោគ​និង​អនុរក្ស​មិន​ពេញ​ចិត្ត​នឹង​អ្នក​សង្កេត​ការណ៍​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់​រយៈ​ពេល​២១​ឆ្នាំ​ហើយ អ្នកគ្រូ ស្រី បូរ៉ានី បាន​បង្រៀន​​ សង្កេត​ និង​វាយ​តម្លៃ​សិស្ស ហើយអ្នកគ្រូ​ក៏​បាន​ទារ​លុយ​ពីពួកគេ​ដើម្បីជួយ​ឲ្យ​ពួកគេ​​ទទួល​បាន​និទ្ទេស​ល្អ​អស់​រយៈពេល​២១​ឆ្នាំ​ដែរ​។

ទោះជាយា៉ង​ណា​​នៅ​ឆ្នាំ​នេះ គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រាក់​ចំណូល​ដ៏ធំ​តែ​មួយ​គត់​របស់​អ្នកគ្រូ​ បូរ៉ានី ក្រៅ​​ពី​ប្រាក់​ខែ​គ្រូបង្រៀន​បន្តិច​បន្តួច​របស់​អ្នក​គ្រូ​ ត្រូវ​បាន​កាត់​ផ្ដាច់​ នៅ​ពេល​ដែល​ក្រសួង​អប់រំ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជួយ​ទប់​ស្កាត់​ការ​សូក​ប៉ាន់ និង​ការ​លួច​ចម្លង​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ជាយូរ​មក​ហើយ។

អ្នកគ្រូ​ បូរ៉ានី អាយុ​៤៣​ឆ្នាំ​​បាន​និយាយ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក ក្រោយ​ការ​បិទ​ការ​ប្រឡង​កាលពី​ថ្ងៃ​អង្គារថា ” ខ្ញុំ​អាច​រក​លុយ​បាន​ប្រហែល​២០០.០០០​រៀល​ពី​សិស្ស​​អំឡុង​ពេល​ប្រឡង​ថ្នាក់​ជាតិ​ម្ដងៗ​ ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ញុំ​មិន​​អាច​រក​លុយ​បានពី​សិស្ស​ទាល់​តែ​សោះ។ ពីមុន​ ការ​ប្រឡង​មិនសូវ​តឹង​រ៉ឹង​ទេ ឥឡូវ​នេះ​វា​បាន​ប្រែក្លាយ​១៨០​ដឺក្រេ”។

តាម​សំណើ​របស់​ក្រសួង​អប់រំ​ ដែល​ដឹកនាំ​ដោយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​កែ​ទម្រង់​ដែល​ទើប​តែង​តាំង​​ថ្មី និង​មាន​​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ពី​ទីក្រុង​មូស្គូ នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​ដាក់​មន្ត្រី​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​ក្នុង​ចំណោម​មណ្ឌល​ទាំង​​១៥៤​នៅទូទាំង​ប្រទេស​ ហើយ​បាន​ដាក់​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​២.០០០​នាក់​ឲ្យ​ឃ្លាំ​មើល​ការ​ប្រឡង​នេះ​។

ក្រុម​ការ​ងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សហការ​ជា​មួយ​ក្រុម​ការ​ងារ​របស់​ក្រសួង​ ដែល​មាន​គ្រូបង្រៀន​ពីរ​នាក់​នៅ​ក្នុង​បន្ទប់នីមួយៗ​​ អ្នក​ត្រួត​ពិនិត្យ​អគារ​នីមួយៗ​ ​អធិការកិច្ច​ម្នាក់​ និង​ប្រធាន​ម្នាក់​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ។

ក្រុម​ការ​ងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​គេ​ជូន​ដំណឹង​ថា គ្រូ​និង​មេ​ប្រយោគ​ត្រូវ​បាន​​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ដូច​បេក្ខជន​ប្រឡង​ដែរ ព្រោះ​ពួកគេ​ជាប់ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ឃុបឃិត​​ធ្វើ​ឲ្យ​សិស្ស​ទទួល​បាន​និទ្ទេស​ខ្ពស់​ ដោយ​ធ្វើ​ឲ្យ​គ្រូបង្រៀន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​កាបូប​ស្វិត។គ្រូបង្រៀន​មិន​ចូល​ចិត្ត​ការ​សង្កេត​ការណ៍​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ក្មេងៗ​ទាំង​នេះ​ទេ​។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​មាន​សមាជិក​ជាង​១០.០០០​នាក់ ​និងដើរ​តួជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​ចំពោះ​គ្រូ​បង្រៀន​របស់​ខ្លួន​នោះ​ បាន​មាន​ប្រសាសន៍​ថា ” គ្រូខឹង​ ពីព្រោះ​អ្នក​សង្កេត​ការណ៍ទាំង​នោះ​បាន​បញ្ជា​ពួកគាត់​។

លោក រ៉ុង ឈុន ក៏​ដូច​ជា​គ្រូបង្រៀន​ជាច្រើន​ទៀត ដែល​គេ​បាន​និយាយ​ជា​មួយ​​អំឡុង​ពេល​ប្រឡង​ពីរ​ថ្ងៃ​នេះ​ បាន​មាន​ប្រសាសន៍​ថា អ្នក​សង្កេតការណ៍​វ័យ​ក្មេង​​ចូល​មក​គ្រប់​គ្រង​គ្រូបង្រៀន និង​បញ្ជា​អ្នកមាន​​វិជ្ជាជីវៈ​ ដែល​អ្នក​ខ្លះបាន​បម្រើការ​​ងារ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ពួកគាត់​។

អ្នកគ្រូ បូរ៉ានី បាន​និយាយ​ថា ” ខ្ញុំ​មិន​​សប្បាយ​ចិត្ត​ទេ ដោយ​សារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​ក្មេងៗ​ត្រួត​ត្រា​ខ្ញុំ​ ព្រោះ​ខ្ញុំ​មាន​បទ​ពិសោធន៍​ជាគ្រូ​បង្រៀន​ប្រហែល​២០​ឆ្នាំ​​មក​ហើយ”។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ លោក រស់ សាលីន ប្រធាន​ខុទ្ទកាល័យ​របស់​លោក ហង់ ជួន ណារ៉ុន និង​ជា​អ្នក​នាំពាក្យ​ក្រសួង​អប់រំ បាន​អះអាង​ថា តាមពិត​គ្រូបង្រៀន​បាន​កោត​សរសើរ​ដល់​ការ​ជួយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពេល​ប្រឡង​នេះ​។

លោក​ សាលីន បាន​មាន​​ប្រសាសន៍​ថា ” ប្រសិន​បើ​ពួកគេ​ធ្វើ​តែ​ឯង​ ឬ​មាន​តែ​អនុរក្ស​ពីរ​នាក់​នៅ​ក្នុង​បន្ទប់​នោះ ពួក​គាត់​ច្បាស់​ជា​​ពិបាក​ធ្វើ​ការ​ហើយ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​អនុរក្ស​ធ្វើការ​រួម​គ្នា​ដើម្បី​ធ្វើ​​ឲ្យ​ការ​ប្រឡង​នេះ​ស្អាត​ស្អំ​”។

ទោះ​ជាយ៉ាង​ណា ហេតុការណ៍​មួយ​​ដែល​បាន​កើត​ឡើង​នៅសាលា​បឋម​សិក្សា​ចតុមុខ​ គឺ​ជា​ភ័ស្តុ​តាង​បង្ហាញ​ថា ទំនាក់​ទំនង​រវាង​​ក្រុម​ទាំង​ពីរ​ជួន​កាល​មិន​សូវ​ជា​ល្អ​ទេ​។

អ៊ុន ទូច ​អាយុ​២៧​ឆ្នាំ​ ជា​ភ្នាក់​ងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​ដឹក​នាំ​ក្រុម​អ្នក​សង្កេត​ការណ៍​នៅ​សាលា​ចតុមុខ​ បាន​លើក​ឡើង​អំពី​កំហឹង​របស់​​​មេប្រយោគ​មួយ​ចំនួន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ ហើយ​ជួន​កាល​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​​ប៉ះទង្គិចសម្ដី​គ្នា​យ៉ាង​ខ្លាំង ដោយសារ​សកម្ម​ភាព​សង្កេត​ការណ៍​ហួស​ហេតុ​របស់​កញ្ញា​ទៅ​លើ​បេក្ខជន​។

ក្រោយ​ការ​ប្រឡង​នេះ កញ្ញា អ៊ុន ទូច ក៏​ដូច​ជា​អ្នក​ស្មគ្រ​ចិត្ត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​អស់​បាន​ធ្វើ​របាយការណ៍​បញ្ជាក់​ពី​អ្វី​ដែល​កញ្ញា​បាន​ឃើញ​។ កញ្ញា​បាន​វាយ​តម្លៃ​ថា មេ​ប្រយោគ​មួយ​ចំនួន​មិន​រារាំង​បេក្ខជន​មិន​ឲ្យ​ចម្លង​គ្នា​ទេ​។

កញ្ញា ទូច បាន​និយាយ​ថា ” វា​គឺ​ជា​រឿង​ពិត​នៅ​ក្នុង​បន្ទប់​។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​របាយការណ៍​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ប៉ុណ្ណោះ”។

លោក នាង សាខន ប្រធាន​មណ្ឌល​ចតុមុខ​ មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​វិនិច្ឆ័យ​របស់​កញ្ញា ទូច ទេ ហើយ​លោក​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​របាយការណ៍​នោះ​ឡើយ​។

លោក សាខន បាន​ប្រាប់​កញ្ញា​ ទូច ថា ” របាយការណ៍​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ខ្ញុំ​មិន​ចុះ​ហត្ថលេខា​ឡើយ។ ប្រសិន​បើ​ខ្ញុំ​ចុះ​ហត្ថលេខា​លើ​របាយការណ៍​នេះ លើក​ក្រោយ​គ្មាន​គ្រូបង្រៀនចូល​រួម​ទៀត​ទេ។

ទោះ​ជាយ៉ាង​ណា កញ្ញា ទូច នៅ​តែ​គាំទ្រ​របាយ​ការណ៍របស់​ខ្លួន​ ហើយ​បាន​បញ្ជូន​របាយ​ការណ៍​នោះ​ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​គ្មាន​ហត្ថលេខា​របស់​លោក សាខន។

អ្នក​សង្កេត​ការណ៍​ជា​ច្រើន​ដែល​ត្រូវ​បាន​សាក​សួរ​​បាន​រាយការណ៍​ថា មេប្រយោគ​មិន​សប្បាយ​ចិត្តនឹង​វត្តមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​រារាំង​បាន​ច្រើន​ដល់​​ទម្លាប់​រក​លុយ​នៅ​ពេល​ប្រឡង​នោះ​ទេ។

កញ្ញា​ គាំ ច័ន្ទ​រស្មី អ្នក​សង្កេត​ការណ៍នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយ​ថា មន្ត្រី​ក្រសួង​អប់រំ​ដែល​ទទួល​បន្ទុក​ឆេក​បេក្ខជន​ប្រឡង​ នៅ​ពេល​​ពួកគេ​ចូល​ក្នុង​បរិវេណ​សាលា​នេះ​ មិន​ឆេក​បាន​​ល្អិត​ល្អន់​ទេ។ កញ្ញា រស្មី បាន​និយាយ​ថា ” ពួកគេ​បិទ​ភ្នែក​ម្ខាង​​បើក​ភ្នែក​ម្ខាង”។

កញ្ញា​បាននិយាយ​ថា គ្រូនិង​សិស្ស​នៅ​មណ្ឌល​ប្រឡង​នេះ​ បាន​បង្កើត​ប្រព័ន្ធ​មួយ​​ដើម្បី​​ឲ្យ​ដំណឹង​គ្នា​អំពី​ការ​ចល័ត​របស់​អ្នក​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​បាន​លើក​ឡើង​ថា មាន​ការ​សូក​ប៉ាន់​នៅ​ទីនោះ​។

កញ្ញា​បាន​និយាយ​ថា ” គ្រូបង្រៀន​មួយ​ចំនួន​បាន​ឲ្យ​សញ្ញា​ទៅ​សិស្ស​​នៅពេល​យើង​ទៅ​ជិត​ដល់​បន្ទប់​ពួកគេ​។ មេ​ប្រយោគ​​ធ្វើ​​ឲ្យ​យើង​ដឹង​​ច្បាស់​ថា ពួកគេ​មិន​ចូល​ចិត្ត​យើង​​នៅពេល​​ដែល​ពួកគេ​មើល​មក​យើង​”។

លោក សាលីន មក​ពី​ក្រសួងអប់រំ​ បាន​បញ្ជាក់​ថា មាន​ទំនាក់​ទំនង​ល្អ​រវាង​ក្រសួង​ និង​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ ហើយ​គ្រូបង្រៀន​បាន​បំពេញការ​ងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។

ប៉ុន្តែ​សម្រាប់​អ្នកគ្រូ បូរ៉ានី ក៏ដូច​ជា​គ្រូបង្រៀន​ភាគ​ច្រើន​ទៀត​ក្នុង​ចំណោម​គ្រូបង្រៀន​ទូទាំង​​ប្រទេស​ប្រហែល​៨៨.០០០​នាក់​​ពឹង​ផ្អែក​លើ​ការ​យក​លុយ​ក្រៅ​ផ្លូវ​ការ​ ដើម្បី​បន្ថែម​លើ​ប្រាក់​ខែ​ប្រហែល​១២០​ដុល្លារ​រ​បស់​គាត់។

អ្នកគ្រូ បូរ៉ានី បាននិយាយ​ថា ” ឆ្នាំ​ក្រោយ​មិន​ចាំ​បាច់​ឲ្យ​ក្រសួង​ប្រើ​យើង​ជា​មេប្រយោគ​ទៀត​ទេ ទុក​ឲ្យ​ពួកគេ​ប្រើ​អ្នក​សង្កេត​ការណ៍​ក្មេង​ៗ​ទាំង​នោះ​ទៅ”៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ MattBlomberg)​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស