26 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​មនុស្ស​ប្រាំបួន​នាក់​ពី​បទ​សង្ស័យ​ថា ជា​ក្រុម​ជួញដូរ​ក្រលៀន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំបួន​នាក់​ រួម​មាន​ ជនជាតិ​ចិន និង​វៀតណាម​ផង​ដែរ​​ពាក់​ព័ន្ធ​នឹង​ក្រុម​​ជួញដូរ​ក្រលៀន​នៅ​មន្ទីរ​ពេទ្យ​យោធា​ព្រះកេតុមាលា កាលពី​ថ្ងៃ​សៅរ៍ ។

​វរសេនីយ៍ទោ​ កែវ ធា នាយនគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំ​បួន​នាក់​នោះ​មាន ប្រធាន​មន្ទីរ​ពេទ្យ​ អនុ​ប្រធាន​ និង​សាស្ត្រាចារ្យ​ជន​ជាតិ​ចិន​ម្នាក់​ដែល​ផ្ដល់​វគ្គបណ្ដុះ​បណ្ដាល​ដល់​គ្រូពេទ្យ​កម្ពុជា​។

លោក កែវ ធា បាន​មាន​ប្រសាសន៍​ថា “ជនជាតិ​ចិន​រូប​នេះ គឺ​ជា​វេជ្ជបណ្ឌិត​ម្នាក់​ និង​​ជា​សាស្ត្រាចារ្យ​មួួយ​រូប​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​មន្ទីរ​ពេទ្យ​នេះ​”។ លោក​បាន​បន្ថែម​ថា ​”វេជ្ជបណ្ឌិត​រូប​នេះ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ខាង​វះកាត់​ និង​ប្ដូរ​ក្រលៀន​។ គាត់​មិន​មក​ទី​នេះ​រហូត​ទេ គាត់​មកទី​នេះ​នៅ​ពេល​ចាំបាច់”។

លោក​ កែវ ធា បាន​បន្ថែម​ថា អ្នកជំងឺ​ជនជាតិ​វៀតណាម​ចំនួន​បី​នាក់​ក៏ស្ថិត​នៅ​ក្នុង​ក្រុម​​មនុស្ស​ដែល​នគរ​បាល​ចាប់​ខ្លួន​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា ” [ជនជាតិ​វៀតណាម]​ គឺ​ជា​អ្នក​ដែល​ផ្ដល់​ក្រលៀន​ឲ្យ​សាច់​ញាតិ។ អ្នក​ដែល​នៅ​សេស​សល់​ទាំង​បី​នាក់​មិន​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ទេ។

លោក កែវ ធា បាន​ឲ្យ​ដឹង​ថា នគរ​បាល​កំពុង​តែ​បន្ត​ស៊ើប​អង្កេត​ ហើយ​បាន​បដិសេធ​មិន​ពិភាក្សា​បន្ថែម​ទេទាក់​ទិន​នឹង​ករណី​នេះ​។

មន្ទីរ​ពេទ្យ​ព្រះកេតុមាលា គឺ​ជា​មន្ទីរ​ពេទ្យ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ ហើយ​ក៏​ទទួល​ព្យាបាល​អ្នក​ជំងឺ​ស៊ីវិល​ផង​ដែរ​។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​លើក​ឡើង​ថា មាន​ពាក្យ​បណ្ដឹង​មួយ​ត្រូវ​បាន​ប្ដឹង​មន្ទីរ​ពេទ្យ​យោធា​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ ដែល​សហការ​ជាមួយ​នគរ​បាល​រាជ​ធានី​ដើម្បី​នាំខ្លួន​មនុស្ស​ទាំង​ប្រាំបួន​នាក់​នេះ​មក​សាកសួរ​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ចុះ​ទៅ​មន្ទីរ​ពេទ្យ​នេះ​កាលពី​ម្សិល​មិញ ហើយ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា គ្មាន​ក្រុម​​ជួញដូរ​ក្រលៀន​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” សេចក្ដី​រាយការណ៍​បាន​រាយការណ៍​ថា មាន​ការ​ជួញដូរ​ក្រលៀន​ ប៉ុន្តែ​ការ​វះ​កាត់​គឺ​ដោយ​ស្ម័គ្រ​ចិត្ត​ [គ្មាន]​ ​ការ​ជួញដូរ​នោះទេ”។

លោក ទៀ បាញ់ បាន​លើក​ឡើង​ថា សាស្ត្រាចារ្យ​ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កំពុង​តែ​បណ្ដុះ​បណ្ដាល​គ្រូពេទ្យ​កម្ពុជា​​ឲ្យ​ចេះ​វះកាត់​ដូរ​ក្រលៀន​ ហើយ​ថា​លោក​​បាន​មក​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​ម្នាក់​កាលពី​ម្សិលមិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ទៅ​សួរ​សុខទុក្ខ​អ្នក​ជំងឺ​។ [ការវះ​កាត់​] គឺ​ល្អ​និង​ទទួល​បានជោគជ័យ ខ្ញុំ​ក៏​មើល​ឃើញ​ថា​ល្អ​ដែរ”។

លោក ទៀ បាញ់ ក៏បាន​លើក​ឡើង​ដែរ​ថា អ្នកជំងឺ​ជន​ជាតិ​វៀតណាម​ជា​ធម្មតា​តែង​តែ​មក​វះកាត់​ និង​ដូរ​ក្រលៀន​នៅ​មន្ទីរពេទ្យ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​មក​មន្ទីរ​ពេទ្យ​ដើម្បី​សុំ​ឲ្យ​គ្រូពេទ្យ​យើង​ជួយ។ ម្នាក់​គឺ​ជា​អ្នក​ជំងឺ​ ហើយ​ម្នាក់​ទៀត​គឺ​ជាអ្នក​ដែល​ផ្ដល់​ [ក្រលៀន​]។ ការ​វះកាត់​ដូរ​ក្រលៀន​កើត​មាន​នៅ​ពេល​​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ និង​អ្នក​ម្នាក់​ទៀត​ដែល​អាច​ទទួល​យក​ក្រលៀន​បាន​”។ ប៉ុន្តែ​សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ផ្សេង​កាលពី​ម្សិលមិញ។

គេហទំព័រ​ព័ត៌មាន​ដើម​អម្ពិល​បាន​រាយការណ៍​ថា ​គ្រូពេទ្យ​អនាមិក​មួយ​ក្រុម​បាន​និយាយ​ថា ក្រុម​​ជួញដូរ​ក្រលៀនមាន​​នៅ​មន្ទីរ​ពេទ្យ​នេះ​ជិត​ពីរ​ឆ្នាំ​មក​ហើយ។

គេហទំព័រ​ដើម​អម្ពិល​បាន​ដក​ស្រង​សម្ដី​របស់​គ្រូពេទ្យ​ម្នាក់​​ថា ” ក្រលៀន​មួយ​មាន​តម្លៃ​​ពី​៣៥.០០០​ដុល្លារ​ទៅ​៤០.០០០​ដុល្លារ​ ហើយ​ការ​វះ​កាត់​ដូរ​ក្រលៀន​ភាគ​ច្រើន​ គឺ​សម្រាប់​ជន​ជាតិ​ចិន ហើយ​អ្នក​លក់​គឺ​ជនជាតិ​​ខ្មែរ​”។

ទោះ​ជាយ៉ាង​ណា លោក ទួត ណារ៉ា វេជ្ជបណ្ឌិត​ម្នាក់​ទៀត​​នៅ​មន្ទីរ​ពេទ្យ​នេះ​បាន​លើក​ឡើង​ថា គ្មាន​បណ្ដាញ​​ឧក្រិដ្ឋ​​ជន​បែប​នេះ​នៅ​ក្នុង​មន្ទីរ​​ពេទ្យ​យោធា​នេះ​ទេ។ លោក ណារ៉ា បាន​មាន​ប្រសាសន៍​ថា “ក្រលៀន​មិន​អាច​លក់​បាន​ទេ គ្មាន​នរណា​ម្នាក់​អាច​លក់​ក្រលៀន​បាន​ឡើយ​។ ក្រលៀន​លែង​មាន​ប្រសិទ្ធភាព​ក្រោយ​ការ​វះ​កាត់​ជាង​៤០​នាទី”។

ទោះ​ជាយ៉ាង​នេះ​ក្ដី​ កាល​ពី​ឆ្នាំ​២០១២​ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា ការ​ជួញដូរ​ក្រលៀន​​មាន​ប្រហែល​៧៥​ភាគរយ​នៃ​ទីផ្សារ​ងងឹត​ក្នុង​ការ​ដូរ​សរីរាង្គ​​ ដែល​អ្នក​ជំនាញ​សន្មត​ទៅ​នឹង​ការ​កើនឡើងជំងឺ​ផ្សេងៗ​ដូច​ជា ជំងឺ​ទឹក​នោមផ្អែម និង​លើស​ឈាម​ជា​ដើម។

ស៊ី ប៊ូន អាយុ​៣៨​ឆ្នាំ​ បាន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុ​មាលា​កាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ។ ក្រលៀន​ទាំង​សង​ខាង​របស់​គាត់​ខូច​ ហើយ​គាត់​បាននិយាយ​កាលពី​ម្សិលមិញ​ថា គាត់​កំពុង​សន្សំ​ប្រាក់​ដើម្បី​វះ​កាត់​ដូរ​ក្រលៀន​។

គាត់​បាន​និយាយ​ថា ” ខ្ញុំ​ឮថា ក្រលៀន​មួយ​មាន​តម្លៃ​ពី​៣០.០០០​ដុល្លារ​ទៅ​៤០.០០០​ដុល្លារ​។ ខ្ញុំ​ចង់​ដូរ​ក្រលៀន​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គ្មាន​លុយ​គ្រប់​គ្រាន់​”៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ AlexConsiglio)​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស