32.5 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​មនុស្ស​ប្រាំ​នាក់​នៅ​ក្នុង​រឿង​ក្តី​លួច​បន្លំ​លុុយ​ធនាគារ​ជិត​បី​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើញ​ពិរុទ្ធភាព​អតីត​ប្រធាន​ផ្នែក​ពីរ​នាក់​នៅធនាគារ​កាណាឌីយា៉ និង​អ្នក​សម​គំនិត​បីនាក់​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុង​រឿ​ងក្ដី​លួច​បន្លំ​លុយ​ជា​ច្រើន​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​វិស័យ​ធនាគារ​ ដោយ​មាន​ការ​ផ្ដន្ទាទោស​ធ្ងន់​ចំពោះ​មេខ្លោង​នៅ​ក្នុង​រឿង​នេះ​ដែល​បាន​សារភាព​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។

កញ្ញា យ៉េត សុភក្ត្រា អាយុ​៣០​ឆ្នាំ អតីត​ប្រធាន​ផ្នែក​ម្នាក់​នៅ​ធនាគារ​នេះ​ ដែល​បានអះអាង​ថា នាង​បាន​លួច​បន្លំ​លុយ​​២,៧​លាន​ដុល្លារ​តែ​ម្នាក់​ឯង​ពី​ធនាគារ​កាណាឌីយ៉ា​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​តុលា ឆ្នាំ​២០១៣​ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​បំពាន​លើ​សេចក្ដី​ទុក​ចិត្ត​ពិសេស​ចំពោះ​ការ​បង្កើត​គណនី​ឥណទាន​ក្លែង​ក្លាយ​ និង​បំពាន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ធនាគារ​នេះ​។

ចុង​ចោទ​បួន​នាក់​ទៀត ដែល​មាន​ឈ្មោះ​ ឡេង ស៊ុនទ្រី អាយុ​៣៤​ឆ្នាំ ​អតីត​​ប្រធាន​ផ្នែក​ប័ណ្ណ​ឥណទាន​នៃ​ធនាគារ​នេះ​ ស៊ុន សៅនិន អាយុ​៣៣​ឆ្នាំ ជាមិត្ត​ប្រុស​របស់​កញ្ញា សុភក្ត្រា ចក់ គឹមហេង អាយុ​៥៩​ឆ្នាំ​ជា​ម្ដាយ​របស់​​កញ្ញា សុភក្ត្រា និង​កញ្ញា ទេព វិនចន្ធី អាយុ​២៨​ឆ្នាំ​ ដែល​មាន​ឈ្មោះ​នៅ​លើ​ប័ណ្ណ​ឥណទាន​ក្លែង​ក្លាយ​ ដែល​គេ​ប្រើ​ក្នុង​ការ​លួច​បន្លំ​នេះ​ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​រួម​គំនិត​នៅ​ក្នុង​ការ​បំពាន​លើ​សេចក្ដី​ទុក​ចិត្ត​ពិសេស​នេះ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈ​ពេល​ពីរ​ឆ្នាំ​។

ការ​ផ្ដន្ទាទោស​អ្នកស្រី​ គឹមហេង ត្រូវ​បាន​កាត់​បន្ថយ​។ វិន​ចន្ធី ​ជា​ចុង​ចោទ​តែ​ម្នាក់​​ដែល​ត្រូវ​បាន​កាត់​ទោស​កំបាំង​​មុខ​​នោះ​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​។

លោកចៅក្រម កោ វណ្ឌី បាន​មាន​ប្រសាសន៍​ថា ” តុលាការ​បាន​ផ្ដន្ទាទោស​ពួកគេ​បន្ទាប់​ពី​យើង​រក​ឃើញ​ថា ពួកគេ​មាន​ពិរុទ្ធភាព​។ យើង​បាន​ចេញ​ដីកា​​ចាប់​ខ្លួន​ វិនចន្ធី រួច​ហើយ​”។

កញ្ញា សុភក្ត្រា​ ត្រូវ​បាន​ពិន័យ​ចំនួន​២.០០០​ដុល្លារ រីឯ​មនុស្ស​បួន​នាក់​ទៀត​ត្រូវ​បាន​ពិន័យ​ម្នាក់​១.០០០​ដុល្លារ​។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​មនុស្ស​ទាំង​ប្រាំ​នាក់​ប្រគល់​លុយ​២,៧​​លាន​ដុល្លារ​ទៅ​ឲ្យ​ធនាគារ​នេះ​វិញ​រួម​ជាមួយ​នឹង​សំណង​​ការ​ខូច​ខាត​ចំនួន​២០០.០០០ដុល្លារ​ទៀត​​ផងដែរ។

កញ្ញា សុភក្ត្រា លោក ស៊ុនទ្រី ​និង​លោក សៅនិន បាន​បដិសេធ​​មិន​និយាយ​កាលពី​ម្សិលមិញ​នៅ​ក្រៅ​តុលា​ការ​។ ទោះ​ជាយ៉ាង​ណា លោក នាង ហៃ មេធាវី​របស់​ សុភក្ត្រា និង​ សៅនិន បាន​និយាយ​ថា កូនក្ដី​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​សាល​ក្រម​នេះ​។

លោក​បាន​មាន​​ប្រសាសន៍​ថា “វា​អយុត្តិធម៌ណាស់​ និង​មិន​អាច​ទទួល​យក​បាន​ទេ​។ កូន​ក្ដី​ខ្ញុំ​នឹង​ប្ដឹង​ឧទ្ធរណ៍ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​”។

ក្នុង​រយៈ​ពេល​បើក​សវនាការ​ប្រាំមួយ​ខែ​​ដែល​បាន​បញ្ចប់​កាល​ពីចុង​ខែ​​កក្កដា កញ្ញា សុភក្ត្រា បាន​អះអាង​ថា នាង​បាន​ប្រព្រឹត្ត​តែ​ម្នាក់​ឯង​នៅ​ក្នុង​ការ​បង្កើត​គណនី​​ឥណទាន​ក្លែង​ក្លាយ​ ដែល​មាន​​ប័ណ្ណ​ឥណទាន​ក្លែង​ក្លាយ​​ដែល​គេ​ប្រើ​ដើម្បី​ដក​លុយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ពី​ម៉ាស៊ីន​អេធីអឹម​នៅ​ទូទាំង​ទីក្រុង។

បន្ទាប់​ពី​​សវនាការបាន​បញ្ចប់​កាលពីខែ​កក្កដា ព្រះរាជ​អាជ្ញា​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក ស៊ុនទ្រី និង​ម្ដាយ​របស់​កញ្ញា សុភក្ត្រា ដោយ​សារ​ខ្វះ​ភ័ស្តុ​តាង​​។

ប៉ុន្តែ​មេធាវី​របស់​ធនាគារ​កាណាឌីយ៉ា​បាន​ប្រាប់​តុលាការ​ថា​ការ​លួច​បន្លំនេះ​មិន​អាច​ធ្វើ​បាន​សម្រេច​ដោយ​​គ្មាន​ការ​ជួយ​ដោយ​ចេតនា​ពី​លោក ស៊ុនទ្រី អតីត​ប្រធាន​របស់​កញ្ញា សុភក្ត្រា បាន​ទេ។ ​ព្រះ​រាជ​អាជ្ញា​បាន​លើក​ឡើង​ថា​ចុង​ចោទ​ផ្សេង​ទៀត​បាន​ប្រើ​ប័ណ្ណ​ឥណទាន​ក្លែង​ក្លាយ​ទាំង​នេះ​ដោយ​ចេតនា​ ដោយ​ប្រើ​ឈ្មោះ​របស់​កញ្ញា វិន​ចន្ធី ដើម្បី​ដក​លុយ​ពី​គណនី​ធនាគារ​ ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​កញ្ញា សុភក្ត្រា។

លោក​ ម៉ៃឃើល ឡ នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា​ បាន​ស្វាគមន៍សេចក្ដី​សម្រេច​កាលពី​ម្សិលមិញ​នេះ។

លោក​បាន​និយាយ​ថា “យើង​មិន​ទទួល​យក​ឥរិយាបថ​មិន​ស្មោះ​ត្រង់​បន្តិច​បន្តួច​ណា​ឡើយ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយផ្ទាល់​ដល់​អតិថិជន​របស់​យើង​ និង​ជា​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​សេចក្ដី​ទុក​ចិត្ត​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​យើង​ផ្ដល់​សេវា​”។

​​​​​​​​​​​​ មន្ត្រី​ធនាគារ​មួយ​ចំនួន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​ការ​សម្រេច​ចេញ​សាល​ក្រម​ផ្តន្ទា​ទោស​ចំពោះ​ការ​លួច​​បន្លំ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​កំពុង​លូត​លាស់​យ៉ាង​លឿន​របស់​ប្រទេស​នេះ​ទេ​។

ទោះ​ជាយ៉ាង​ណា លោក ស្ទីហ្វេន ហ៊ីហ្គីន អតីត​ប្រធាន​ធនាគារ​ ANZ Royal​ បាន​និយាយ​ថា ដោយ​សារ​ទំហំ​ និង​ការ​រៀប​ចំ​បាន​ល្អ​នៃ​បទ​ល្មើស​នេះ គួរ​តែ​មាន​ការ​ផ្ដន្ទាទោស​ឲ្យ​ធ្ងន់​ជាង​នេះ​។

លោក ហ៊ីហ្គីន បាន​សរសេរ​តាម​អុីម៉េល​ថា ” នេះ​មិន​មែន​ជា​បទ​ល្មើស​ឱកាស​និយម ធ្វើ​ឡើង​ភ្លាមៗ​នោះទេ​ វា​ពិត​ជា​មាន​ការ​គិត​ទុក​ជាមុន​ ដូច្នេះ​គួរ​តែ​មាន​ការ​ផ្ដន្ទាទោស​ឲ្យ​ធ្ងន់​ជាង​ការ​ផ្ដន្ទាទោស​ធម្មតា​”។ “​បុគ្គលិក​ធនាគារ​ជាច្រើន​អាច​ដក​ឬ​បញ្ចេញលុយ​ជា​ច្រើន​ ហើយវា​មាន​សារៈសំខាន់​ចំពោះ​ការ​ដាក់​ប្រព័ន្ធ​ដែល​អាច​ទប់​ស្កាត់​​បាន​ច្រើន​ចំពោះ​ការ​លួច​បន្លំ​លុយ​បែប​នេះ”៕ គឹមហឿន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស