32.5 C
Phnom Penh

កម្មករ​​​រោង​​​ចក្រ​​​ដែល​​​ធ្វើ​​​កូដ​​​កម្ម​​​ រារាំង​​​មិន​​​ឲ្យនគរបាល​​​​ចាប់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ នគរបាល​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ត្រូវ​​​បាន​​​រារាំង​​​​​​មិន​​​ឲ្យ​​​ចាប់​​​ខ្លួន​​​កម្មករ​​​ និង​​​សមាជិក​​​សហជីព​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ស្រុក​​​សាមគ្គីមាន​​​ជ័យ​​​ដោយ​​​ក្រុម​​​​​​អ្នក​​​តវ៉ា​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង​​​ ដែល​​​បាន​​​ទាញ​​​យក​​​អ្នក​​​រួម​​​ការងារ​​​​​​ពីរ​​​នាក់​​​របស់​​​ខ្លួន​​​ចេញ​​​ពី​​​រថយន្ត​​​នគរ​​​បាល​​​មក​​​វិញ​​​។

កម្មករ​​​ប្រហែល​​​៣.០០០នាក់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​កាត់​​​ដេរ Jiun Ye គ្រប់​​​គ្រង​​​ដោយ​​​ចិន​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​បាតុកម្ម​​​តាំង​​​ពីថ្ងៃ​​​ច័ន្ទ​​​ មក​​​ម្លេ៉ះ​​​ជុំ​​វិញ​​​រឿង​​​ដែល​​​រោង​​​ចក្រ​​​នេះ​​​មិន​​​បាន​​​បញ្ចូល​​​ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំ​​​ខែ​​​​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ក្រដាស​​​បើក​​​ប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​។

រោងចក្រ​​​បាន​​​បន្ទោស​​​លើ​​​បញ្ហា​​​បច្ចេកទេស​​​ដែល​​​មិ​​​ន​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ឲ្យ​​​ច្បាស់​​​លាស់ ហើយ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​កម្មករ​​​យោគ​​​យល់​​​ ខណៈ​​​រោង​​​ចក្រ​​​​​​​​​​​​​​​កំពុង​​​កែ​​​តម្រូវ​​​កំហុស​​ឆ្គង ប៉ុន្តែ កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា  រោង​​​ចក្រ​​​កំពុង​​​ព្យាយាម​​​បោក​​​ប្រាស់​​​ពួក​​​គេ។

ការ​​​ជួប​​​ចរចា​​​គ្នា​​​​​​រវាង​​​សហជីព​​​ និង​​​តំណាង​​​រោង​​​ចក្រ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ មិន​​​អាច​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​បាន​​​ទេ​​​។ តែ​​​ផ្ទុយ​​​ទៅ​​​វិញ​​​​​សហជីព​​​​​ទទួលបាន​​​ដី​​​កា​​​បង្គាប់​​​មួ​​​យ​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​ ដោយ​​​បង្គាប់​​​ឲ្យ​​​កម្មករ​​​បញ្ឈប់​​​ការ​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥ ហើយ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​។

កម្មករ​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​សហព័ន្ធ​សហជីព​​​​​​ស្មារតី​​​កម្មករ​​​ខ្មែរមិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ដីកា​​​បង្គាប់​​​នោះ​​​ទេ ហើយ​​​បាន​​​បន្ត​​​កូដ​​​កម្ម​​​របស់​​​ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ដោយ​​​នៅ​​​ពេល​​​មួយ​​​នគរបាល​​​បាន​​​មក​​​​​​ដល់​​​ ហើយ​​​បាន​​​​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​តែ​​​ម្តង។

លោក មុំ សៀក ប្រធាន​​​សហជីព​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក​​​ នគរ​​​បាល​​​បាន​​​ចាប់ខ្លួន លោក អំ វុទ្ធី តំណាង​​​សហជីព​​​នៅ​​​រោង​​​ចក្រ និង​​​សមាជិក​​​សហជីព​​​ម្នាក់​​​ទៀត​​​ដែល​​​លោក​​​មិន​​​ចាំ​​​​​​ឈ្មោះ ហើយ​​​បញ្ជូន​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​ចូល​​​ក្នុង​​​រថយន្ត​​​​​​​​​​​​​​​​​​​​​​​​​​​នគរ​​​បាល​​​។ ប៉ុន្តែ អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​បាន​​​ព័ទ្ធ​​​រថយន្ត​​​នេះ ហើយ​​​យក​​​ដុំ​​​ថ្ម​​​គប់​​​ និង​​​វាយ​​​បំបែក​​​កញ្ចក់​​​រថយន្ត​​​ ដើម្បី​​​រំដោះ​​​អ្នក​​​ទាំង​​​ពីរ​​។

លោក សៀក​​​ បាន​​​លើក​​​ឡើង​​​ថា ​​​បន្ទាប់​​​មក​​​មន្ត្រី​​​នគរ​​​បាល​​​ស្រុក​​​ប្រហែល​​​២០០នាក់​​​បាន​​​ព្យាយាម​​​សម្រុក​​​ចូល​​​ក្នុង​​​ក្រុម​​​កម្មករ​​​ធ្វើ​​​កូដ​​​កម្ម​​​ ដើម្បី​​​ព្យាយាម​​​ចាប់ខ្លួន​​​បន្ថែម​​​ទៀត​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​រារាំង។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “នគរ​​​បាល​​​មិន​​​បាន​​​បង្ហាញ​​​​​​ដីកា​​​ចាប់ខ្លួន​​​ណា​​​មួយ​​​ដល់​​​តំណាង​​​សហជីព​​​របស់​​​យើង​​​ទេ។ប្រសិន​​​បើ​​​ពួក​​​គេ​​​មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​នោះ ម្លេ៉ះ​​​ពួក​​​គេ​​​​​​មិន​​​បាន​​​គេច​​​ខ្លួន​​​ឡើយ​​​​​​”។

លោក សៀក បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា  បន្ទាប់​​​មក​​​កម្មករ​​​ប្រហែល​​​១.០០០​​​នាក់​​​បាន​​​នាំ​​​គ្នា​​​ហែ​​​ក្បួន​​​ទៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ ដែល​​​ជាប់​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដើម្បី​​​គេច​​​ចេញ​​​ពី​​​ដែន​​​សមត្ថកិច្ច​​​នគរ​​​បាល​​​ ហើយ​​​នៅ​​​តាម​​​ផ្លូវ​​​ពួក​​​គេ​​​បាន​​​ការ​​​ពារ​​​​​​សមាជិក​​​សហជីព​​​ និង​​​អ្នក​​​រួម​​​ការ​​​ងារ​​​ជាមួយ​​​ ដែល​​​នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់ខ្លួន​​​។

លោក គង់ ច័ន្ទ​​​​​​មុនី​​​ អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​ង បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ឃើញ​​​ព្រឹត្តិការណ៍​​​នោះ​​​ ហើយ​​​អាច​​​ផ្តល​​​់​​​ភ័ស្តុ​​​តាង​​​​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​ដែល​​​លោក សៀក បាន​​​រៀប​​​រាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ឃើញ​​​មន្ត្រី​​​នគរ​​​បាល​​​ខេត្ត​​​ និង​​​ស្រុក​​​ប្រហែល​​​២០០​​​នាក់​​​មក​​​បំបែក​​​កូដ​​​កម្ម​​​ ហើយ​​​ស្វែង​​​រក​​​សមាជិក​​​សហជីព ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​បាន​​​ដេញ​​​តាម​​​កម្មករ​​​ដែល​​​កំពុង​​​ហែ​​​ក្បួន​​​ និ​​​ង​​​ដែល​​​បាន​​​ការ​​​ពារ​​​សមាជិក​​​សហជីព​​​”។

លោក ង៉ែត រស្មី ប្រធាន​​​គ្រប់​​​គ្រង​​​ផ្នែក​​​ធន​​​ធាន​​​មនុស្ស​​​​​​​​​នៅ​​​ រោង​​​ចក្រ Jiun Ye បាន​​​ឲ្យ​​​ដឹង​​​ថា រោង​​​ចក្រ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទើប​​​មាន​​​ដីកា​​​បង្គាប់​​​ពី​​​តុលាការ​​​ឲ្យ​​​ចាប់ខ្លួន​​​លោក វុទ្ធី  និង​​​សមាជិក​​​សហជីព​​​ជាង​​​១០​​​នាក់​​​​​​ផ្សេង​​​ទៀត​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​ពួក​​​គេ​​​ពី​​​បទ​​​ញុះញង់​​​ និង​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ ព្រោះ​​​ពួក​​​គេ​​​បាន​​​ញុះ​​​ញង់​​​កម្មករ​​​ឲ្យ​​​ចូល​​​រួម​​​ធ្វើ​​​កូដ​​​កម្ម​​​ និង​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ក្រុមហ៊ុន​​​”។

លោក រស្មី បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា កម្មករ​​​បាន​​​វាយ​​​បំបែក​​​កញ្ចក់​​​នៅ​​​ប៉ុស្តិ៍​​​យាម​​​មួយ​​​​​​ដែល​​​ស្ថិត​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​ Yiun Ye ហើយ​​​បាន​​​​​​វាយ​​​រំលំ​​​ខ្លោង​​​ទ្វារ​​​រោង​​​ចក្រ​​​។

លោក ដួង​​ ហុង​​​ អធិការ​​​នគរ​​​បាល​​​ស្រុក​​​​​​បាន​​​បញ្ជាក់​​​ថា នគរ​​​បាល​​​បាន​​​ទៅ​រោង​​​ចក្រ​​​ដើម្បី​​​បំបែក​​​កូដ​​​កម្ម​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “កង​​​កម្លាំង​​​របស់​​​យើង​​​បាន​​​ទៅ​​​ទី​​​នោះ​​​ដើម្បី រារាំង​​​កម្មករ​​​កុំ​​​ឲ្យ​​​ធ្វើ​​​បាតុកម្ម​​​ខុស​​​ច្បាប់​​​ ព្រោះ​​​កម្មករ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​រោង​​​ចក្រ​​​”។

លោក ដួង​​​ ហុង ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា បុរស​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ឃាត់ខ្លួន​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​​​​ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​រៀប​​​រាប់​​លម្អិត​​​ឡើយ​​​។

លោក សៀក ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​បន្ត​​​ទៀត​​​ថា ​​​កម្មករ​​​នឹង​​​បន្ត​​​ធ្វើការ​ត​វ៉ាទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​៕គឹម​​​ហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស