29.6 C
Phnom Penh

អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ 7NG កំពុង​ទិញ​យក​លំនៅ​ដ្ឋាន​ក្នុង​អគារ​ប៊ូឌីង​ដោយ​ស្ងាត់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ​7NG បានបញ្ចប់​ការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​លើ​អ្នក​ភូមិ​ជាង​១.៤០០​គ្រួសារ​​ពី​សហគមន៍​ដីក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៩​រួច ក្រុម​ហ៊ុន​នេះ​កំពុង​ចាប់​អារម្មណ៍​លើ​អគារ ប៊ូឌីង (Building) ដែល​នៅជាប់​នោះបន្ត​ទៀត​។front

​អគារ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បានសាង​សង់​ក្រោម​គម្រោង​​លំនៅដ្ឋាន​​ដែល​មាន​តម្លៃ​សមរម្យ​​​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៦៣​ ហើយ​ឥឡូវ​នេះ​គឺ​ជា​កន្លែង​សម្រាប់​អ្នក​ភូមិ​ជាង​៦០០​គ្រួសារ​នោះ គឺ​ជា​អគារ​ចុង​ក្រោយ​ ដែល​ខណ្ឌ​ចែក​ដី​ដ៏សំខាន់​របស់​ក្រុម​ហ៊ុន​ 7NG ពី​មហាវិថី​សុធារស។

លោក​ ស្រី សុធា ប្រធាន​ក្រុម​ហ៊ុន​​ 7NG បាន​​និយាយ​នៅ​ពេល​នោះ​ថា “ក្រុម​ហ៊ុន​នឹង​ពិភាក្សា​ជាមួយ​សាលា​រាជ​ធានី​អំពី​អ្នក​ភូមិ​ទាំង​នោះ ​ទាក់​ទិន​នឹង​​ការ​ដែល​អាច​មាន​​ការ​ផ្លាស់​ទីលំនៅ​ថ្មី”។

​មក​ទល់​នឹង​ពេល​នេះ​៥ឆ្នាំ​កន្លង​​មក​ហើយ​​ ហើយ​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​7NG សម្រាប់តំបន់​នោះ​នៅ​មិនទាន់​ចេញ​ជា​រូប​រាង​អ្វី​នៅ​ឡើយ អ្នក​ភូមិ​ និង​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​អគារ​ប៊ូឌីង កំពុង​ព្រួយបារម្ភ​ខ្លាច​ក្រែង​ក្រុម​ហ៊ុន​នេះ​​ផ្ដោត​ការ​ចាប់អារម្មណ៍​​​មក​លើ​ដី​របស់​ពួកគាត់​បន្ត​ទៀត​។ អ្នក​ភូមិ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សម្ភាស​​នៅ​ក្នុង​ខែ​នេះ​បាននិយាយ​ថា តំណាង​ក្រុម​ហ៊ុន 7NG កំពុង​ទិញ​យក​​លំនៅដ្ឋាន​នៅ​ក្នុង​អគារ​នេះ​ដោយ​ស្ងាត់ៗ។

ឃួន លីណា អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​ងារ​សង្គម និង​ជា​គ្រូបង្រៀន​នៅ​អគារ​ប៊ូឌីង​នេះ​​បាន​និយាយ​ថា ” ពួកគេ​បាន​មក​ដោយ​ស្ងាត់ៗ​បំផុត​ ហើយ​ទិញ​យក​លំនៅដ្ឋាន​​​ម្ដង​មួយៗ។ ជួន​កាល​វា​ដោយ​ស្ងាត់ៗ​បំផុត ប៉ុន្តែ​​​នៅ​ដំណាច់​ឆ្នាំ​២០១៣ និង​ក្នុង​ឆ្នាំ​២០១៤​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​។ ពួកគេ​បាន​មក​ចរចា​រឿង​​តម្លៃ​ ទិញ និង​លក់​ ហើយ​វា​ប្រហែល​ជា​ពួកគេ​បាន​ទិញ​​លំនៅដ្ឋាន​​​ប្រហែល​២០​ ឬក៏អាច​ច្រើន​ជាង​នេះ​ផង​មើល​ទៅ​”។

ឈួន ចាន់វណ្ឌី អាយុ​២៧​ឆ្នាំ ជា​អ្នក​ភូមិ​នៅ​អគារ​ប៊ូឌីង​នេះ​បាន​និយាយ​ថា “ពួកគេ​បាន​មក​ ហើយ​ឲ្យ​លុយ​២០.០០០​ដុល្លារ​ដល់​គ្រួសារ​របស់​ខ្ញុំ​។ យើង​​មិន​មាន​ព័ត៌មាន​លម្អិត​សម្រាប់​ទាក់​ទង​ពួកគេ​ទេ ពីព្រោះ​ពួកគេ​បាន​មក​ដោយ​ស្ងាត់ៗ​បំផុត ហើយយើង​មិន​បាន​ទទួល​យក​ការ​ផ្ដល់​ប្រាក់​ចំនួន​ប៉ុណ្ណឹង​ឡើយ​”។

ចាន់វណ្ឌី ក៏បាន​លើក​ឡើង​​ដែរ​ថា គាត់​គិត​ថា ក្រុម​ហ៊ុន 7NG ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ទិញ​ផ្ទះ​ល្វែង​ផ្សេងៗ​ទៀត​ក្នុង​ពេល​ថ្មីៗ​នេះ​ ព្រោះ​ថា ផ្ទះ​មួយ​ចំនួន​​ដែល​គេ​ធ្លាប់​កាន់​កាប់​ពី​មុន​មក​​ឥឡូវ​នេះ​ត្រូវ​បាន​ចាក់​សោហើយ​។ គាត់​បាន​បន្ថែម​ថា ” ក្រុម​ហ៊ុន​ 7NG បាន​មក​ទិញ​​លំនៅដ្ឋាន​ បន្ទាប់​មក​ចាក់​សោ​”។

នៅ​ក្នុង​អគារ​ប៊ូឌីង ដែល​បានក្លាយ​ទៅ​ជា​កន្លែង​​សម្រាប់​សិល្បករ​ និង​មន្ត្រី​រាជ​ការ​ស្នាក់​​នៅ​ពេល​រាជ​ធានី​ភ្នំពេញ​មាន​ប្រជាប្រិយភាព​ឡើង​វិញ​ក្រោយពេល​របប​ខ្មែរ​ក្រហម​បាន​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩​ សាលា​រៀន​​ដែល​គ្រប់​គ្រង​ដោយអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក៏ទទួល​រង​សម្ពាធ​ពី​ក្រុម​ហ៊ុន​ 7NG ដែរ​។

សាលា​ Aziza ដែល​ផ្ដល់​ការ​អប់រំ​​ និង​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ភូមិ​រស់​នៅ​អគារ​ប៊ូឌីង និង​តំបន់​ជុំវិញ​នោះ​ គឺ​កំពុង​តែ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ 7NG បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ទិញ​បន្ទប់​ចំនួន​ពីរ​​ដែល​សាលា​បាន​ជួល​។

លោក ផា សុធា អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​សាលា​នេះ​បាន​និយាយ​ថា “ប្រហែល​ជា​បី​ខែ​កន្លង​មក​ហើយ ក្រុម​ហ៊ុន​ 7NG បាន​ហៅ​ទូរស័ព្ទ​មក​ហើយ​ប្រាប់​ថា យើង​ត្រូវ​តែ​រើចេញ​នៅ​ពេល​​ចប់​កិច្ច​សន្យា​របស់​យើង​”។

លោក សុធា បាន​ឲ្យ​ដឹង​ថា លោក​គ្រាន់​តែ​ដឹង​ថា អ្នក​គួកជេ​របស់​ក្រុម​ហ៊ុន​ 7NG ដែល​លោក​បាន​ដោះ​ស្រាយ​ជាមួយ​គឺ​ជា​ស្ត្រី​ម្នាក់​មាន​ឈ្មោះ ” បង នី” ប៉ុណ្ណោះ​ ហើយ​ថា បន្ទាប់​ពី​ការ​ចរចា​មួយ​ចំនួន​ស្ត្រី​រូ​បនេះ​បាន​គូស​បញ្ជាក់​ថា កិច្ច​សន្យា​​របស់​សាលា​នឹង​ត្រូវ​បន្ត​។

លោកស្រី​​ ស្រី​ ចន្ធូ ​នាយិកា​ក្រុម​ហ៊ុន​ 7NG បាន​បដិសេធ​​ថា ក្រុម​ហ៊ុន​របស់​លោក​ស្រី​មិន​បាន​កាន់​កាប់​​លំនៅដ្ឋាន​ណាមួយ​នៅ​ក្នុង​អគារ​ប៊ូឌីង​នេះ​ទេ ហើយ​បាន​លើក​ឡើង​ថា អ្នកដែល​កំពុង​និយាយ​ដូច្នោះ គឺ​កំពុង​តែ​​ផ្សព្វផ្សាយ​ “ព័ត៌មាន​មិន​ពិត​”។

លោកស្រី​ ចន្ធូ បាន​លើក​ឡើង​ទៀត​ថា ក្រុម​ហ៊ុន 7NG មាន​គម្រោង​សាង​សង់​អគារ​លំនៅដ្ឋាន​នៅ​លើ​ដី​ក្នុង​សហគមន៍​ដីក្រហម​​ជាមួយ​ “ដៃគូ​បរទេស​” ហើយ​ថា សេចក្ដី​លម្អិត​នៃ​ការ​អភិវឌ្ឍ​នោះ​នឹង​ត្រូវ​ប្រាប់​ឲ្យ​ដឹង​នៅ​ខែក្រោយ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ” គម្រោង​សាង​សង់​អគារ​លំនៅដ្ឋាននេះ​នឹង​ត្រូវ​សាង​សង់​តែ​នៅ​លើ​ដី​ដែល​យើង​បាន​កាន់​កាប់​រួច​ហើយ​ប៉ុណ្ណោះ”។

ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​នៅ​ឯការិយាល័យ​របស់​លោកស្រី​កាលពី​សប្ដាហ៍​មុន បុគ្គលិក​របស់ក្រុម​ហ៊ុន​ 7NG ឈ្មោះ​ យុត ធានី អតីត​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូឌីង​នេះ​បាន​ពន្យល់​ថា ​ក្រុម​ហ៊ុន​បាន​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ សាមគ្គីដើម្បី​សហព័ន្ធ​អ្នក​ក្រីក្រ​រស់​នៅ​​ក្នុង​តំបន់​ក្រុង​ ដើម្បី​ជួយ​អ្នកក្រីក្រ​​​ឲ្យ​ក្លាយជា​ម្ចាស់​ដី​​ដោយ​ការ​ដោះ​ដូរ​​លំនៅដ្ឋាន​របស់​ពួកគាត់​។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​អ្នកស្រី ធានី ​ជា​គណនេយ្យករ​នោះ​ ​​កំពុង​ផ្ដល់​រំលោះ​គ្មានការ​ប្រាក់​សម្រាប់​ដី​នៅ​ក្នុង​ខេត្ត​កណ្ដាល​ដល់​អ្នក​ភូមិ​រស់​នៅ​អគារ​ប៊ូឌីង និង​អ្នកក្រីក្រ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផ្សេងទៀត ជា​ថ្នូរ​នឹង​លំនៅដ្ឋាន​សព្វ​ថ្ងៃ​របស់​ពួកគាត់​។ អ្នក​ស្រី​បាន​និយាយ​​ថា ” ក្រុម​ហ៊ុន 7NG ចង់​ជួយ​អ្នកក្រីក្រ​ ដោយផ្ដល់​​​រំលោះ​គ្មាន​ការ​ប្រាក់​ ហើយ​នេះគឺ​ជា​ឱកាស​ដ៏​កម្រ​មួយ​​។ វា​មិន​គ្រាន់​ជា​ឱកាស​ដ៏​កម្រ​ទេ ប៉ុន្តែ​វា​មិន​ដែល​មាន​ពីមុន​មក​ឡើយ​”។

អ្នក​ស្រី​បាន​បន្ថែម​ថា អ្នក​ភូមិ​ដែល​​ទទួល​យក​ដំណោះ​ស្រាយ​នេះ​ គឺ​តម្រូវ​ឲ្យ​បង់​មក​ឲ្យ​ក្រុម​ហ៊ុន​វិញ​ត្រឹម​តែ​២០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។

អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា “គម្រោង​របស់​ថៅកែ​ខ្ញុំ​ គឺដើម្បី​ជួយ​អ្នកក្រីក្រ​ ដោយ​​​ឲ្យ​ពួកគាត់​បង់​ប្រាក់​ត្រឹម​តែ​២០ដុល្លារ​ប៉ុណ្ណោះ ហេតុដូច្នេះ ពួកគាត់​គ្រប់​គ្នា​អាច​មាន​លទ្ធភាព​។ យើង​មិន​យក​ថ្លៃ​សេវា​ ឬថ្លៃ​រៀបចំ​ឯកសារ​ឡើយ​”។

អ្នក​ស្រី ធានី បាន​លើក​ឡើង​ទៀត​ថា អ្នកភូមិ​ជា​ច្រើន​នៅ​អគារ​ប៊ូឌីង បាន​ទទួល​យក​ដំណោះ​ស្រាយ​នេះ ហើយ​ថា ក្រុម​ហ៊ុន 7NG បាន​កាន់​កាប់​លំនៅដ្ឋាន​​ចំនួន​១១​រួច​ហើយ​នៅ​ក្នុង​បរិវេណ​នេះ​ រួម​ទាំង​លំនៅដ្ឋាន​​ចំនួន​ពីរ​ ដែល​​អ្នក​ស្រី ធានី បាន​កាន់​កាប់​​ពី​មុន​មក​ផង​ដែរ​​។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា សម្រាប់​ពេល​ឥឡូវ សន្តិសុខ​របស់​ក្រុម​ហ៊ុន​ 7NG កំពុង​រស់​នៅ​​ក្នុង​ផ្ទះ​ល្វែង​ទាំង​នោះ​ជាមួយ​គ្រួសារ​​របស់​ពួកគេ​។ សន្តិសុខ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ទីនោះ​ដោយ​ឥត​គិត​ថ្លៃ ហើយ​ក្រុម​ហ៊ុន​ក៏អនុញ្ញាត​ឲ្យ​ប្រើ​ទឹក​ និង​ភ្លើង​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។

អ្នក​ស្រី ធានី បាន​មាន​ប្រសាសន៍​ថា ” ឯកឧត្តម ដែល​ជា​ប្រធាន​សន្តិសុខ​គឺ​ចិត្ត​ល្អ​ណាស់។ គាត់​ដឹង​ពី​ការ​លំបាក​របស់​សន្តិសុខ​”។ អ្នក​ស្រី​ក្រោយ​មក​បាន​បញ្ជាក់​ថា អ្នក​ស្រី​កំពុង​សំដៅ​ទៅ​លើ​លោក ស្រី សុធា ប្រធាន​ក្រុម​ហ៊ុន​ 7NG។

នៅ​ពេល​ត្រូវ​បាន​សួរ​ពី​គោល​បំណង​របស់​អង្គការ​​សាមគ្គី​ដើម្បី​សហព័ន្ធ​អ្នកក្រីក្រ​រស់​នៅ​តំបន់​ក្រុង អ្នកគួក​ជេ​រូប​នេះ​បានលើក​ឡើង​ថា អ្វី​ៗ​ត្រូវ​បាន​ធ្វើ​រួច​ហើយ ដោយ​មាន​ការ​យល់​ព្រម​ពី​មន្ត្រី​រដ្ឋាភិបាល​​​ដែល​មាន​ឋានៈ​ខ្ពស់​បំផុត។

អ្នក​ស្រី ធានី បាន​មាន​ប្រសាសន៍ទៀត​ថា “​វា​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក​នាយក​រដ្ឋមន្ត្រី នេះ​បើ​តាម​អ្វី​ដែល​​ខ្ញុំ​បាន​ដឹង​ពីប្រធានអង្គការ​របស់​ខ្ញុំ​។ នៅ​ពេល​រដ្ឋាភិបាល​តម្រូវ​​ឲ្យ​ពល​រដ្ឋ​ផ្លាស់​ប្ដូរ​ទីលំនៅ​ យើង​ត្រូវ​ការ​ឲ្យ​អង្គការ​ប្រមូល​ស្នាម​មេដៃ​ និង​ត្រូវ​ការ​ឲ្យពល​រដ្ឋ​យល់​ព្រម​ចំពោះ​​ការ​ដោះ​ដូរ​នេះ​”៕ គឹមហឿន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស