38.8 C
Phnom Penh

បុគ្គលិក​ក្រុម​ហ៊ុន​​ភ្នំពេញ-សូរិយា ធ្វើ​ការ​តវា៉​​តបត​នឹង​ការ​តវ៉ា​របស់​អ្នក​បើក​បរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​បុគ្គលិក​សព្វ​ថ្ងៃ​របស់​​ក្រុម​ហ៊ុន​ ភ្នំពេញ-សូរិយា​ ដឹកជញ្ជូនអ្នក​ដំណើរ ប្រហែល​៥០​នាក់​ បាន​នាំគ្នា​ធ្វើការ​តវ៉ា​តប​ត​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹង​ការ​តវ៉ា​​កំពុង​បន្ត​​របស់​​អ្នក​បើក​បររថយន្ត​ចំនួន​១៧​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ និង​សមាជិក​សហជីព​រាប់​សិប​នាក់​ផ្សេង​ទៀត​។Sorya-front

កាលពី​ថ្ងៃ​អាទិត្យ សមាជិក​សហជីព​ជាង​១០០​នាក់​ ដែល​បាន​ចូល​រួម​​នៅ​ក្នុង​ការ​តវ៉ា​របស់​អតីត​អ្នក​បើក​បរ​ទាំង​នេះ​បាន​នាំគ្នា​​បិទ​ផ្លូវ​នៅ​ខាង​មុខ​ចំណត​រថយន្ត​ក្រុង​សូរិយា​ ក្នុង​ខណ្ឌដូនពេញ ហើយ​បាន​រារាំង​មិន​ឲ្យ​រថយន្ត​ក្រុង​ចាក​ចេញ​ ដោយធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ខឹង​​រួច​ចុះ​​ពី​លើ​រថយន្ត​ ហើយ​ទៅ​រក​រថយន្ត​ក្រុង​ផ្សេង។

កាលពី​ម្សិលមិញ បុគ្គលិក​របស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន​នេះ​​​ប្រហែល​៥០​នាក់​ បាន​ចាក់​​ចម្រៀង​ចង្វាក់​ញាក់​តាម​ធុង​បាស​ ដើម្បី​​តប​ត​​នឹង​​ឧបករណ៍​បំពង​សំឡេង​របស់​សមាជិក​សហជីព​ ដែល​កំពុង​ទាមទារ​ឲ្យ​អ្នក​បើក​បរ​​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​នោះ​​មាន​ការ​ងារ​ធ្វើ​ឡើង​វិញ។

ខណៈ​អ្នក​តវ៉ា​នៅ​ទល់​មុខ​នោះ​បាន​ស្រែក​តវ៉ា​កាន់​តែ​ខ្លាំង​ឡើងៗ បុគ្គលិក​ស្រី​ម្នាក់​របស់​ក្រុម​ហ៊ុន​ ​ភ្នំពេញ-សូរិយា ដឹកជញ្ជូនអ្នក​ដំណើរ បាន​​ប្រាប់​ឲ្យ​អ្នក​រួម​ការ​ងារ​របស់​ខ្លួន​ជួយ​​ស្រែក​ឡើង​ថា ” ទៅ​ឲ្យ​ឆ្ងាយទៅ! ទៅ​ឲ្យ​ឆ្ងាយទៅ! យើង​មិន​ចង់​ឲ្យ​ពួក​អ្នក​ឯង​នៅ​ទីនេះទេ។ ប្រសិន​បើ​ពួក​អ្នក​ឯងធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​បញ្ហា​ អ៊ីចឹង​ពួក​អ្នក​ឯង​ក៏ធ្វើ​ឲ្យ​យើងទាំង​អស់​គ្នា​មាន​បញ្ហា​ដែរ​”។

ការ​​តវ៉ា​​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​បាន​ធ្វើ​ឲ្យ​ទេសចរ​សម្ពាយ​​ជា​ច្រើន​នាក់​ ដែល​កំពុង​តែ​រង់ចាំ​រថយន្ត​ក្រុង​នោះ​ត្រូវ​ខក​ខាន​ដំណើរ​របស់​ពួកគេ​ ទោះបីជា​មាន​វត្តមាន​មន្ត្រី​នគរ​បាល​រាជ​ធានី​ជាង​១០​នាក់​ក៏ដោយ​។

ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ Lynn Devlin អាយុ​២៨​ឆ្នាំ​ មក​ពី​ប្រទេស​អៀរឡង់ ដែល​នៅ​តែ​រង់ចាំ​​​ដើម្បី​ជិះ​រថយន្ត​ក្រុង​ទៅ​ខេត្ត​ព្រះសីហនុ​​នៅ​ម៉ោង​១១​ព្រឹក​ បាន​និយាយ​ថា ” ខ្ញុំ​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ ទាក់​ទិន​ទៅ​នឹង​រឿង​ដែល​កំពុង​បន្ត​នេះ​ វា​ហាក់​បីដូច​ជា​ការ​ប្រារព្ធ​ពិធី​ជាង​ការ​តវ៉ា​”។

ភ្ញៀវ​ទេសចរ​​ជនជាតិ​កាណាដា​ម្នាក់​ទៀត​ឈ្មោះ​ Laksh Khatter​ អាយុ​៣៣​ឆ្នាំ បាន​និយាយ​ថា គាត់​គិត​ថា ការ​ចាក​់​តន្ត្រី​ និង​ការ​និយាយ​បែប​កំប្លុក​កំប្លែង​នេះ​ គឺ​ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ ​ភ្នំពេញ-សូរិយា ដឹកជញ្ជូនអ្នក​ដំណើរ។

គាត់​បាន​និយាយ​ថា ” ខ្ញុំ​គិត​ថា វា​គឺ​ជា​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​មួយ​ ប៉ុន្តែ​ខ្ញុំ​បាន​សួរ​បុគ្គលិក​នៅ​កន្លែង​លក់​សំបុត្រ​ប្រាំ​លើក​ហើយ​ថា តើ​អ្វី​កំពុង​កើត​ឡើង​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​និយាយ​អ្វី​ឡើយ​”។

សមាជិក​សហជីព​បាន​ចែក​ខិត្តប័ណ្ណ​ដល់​អ្នក​ដំណើរ​ ហើយ​មាន​អ្នក​ដំណើរ​ពីរ​បី​នាក់​បាន​មក​ចូលរួម​ការ​តវ៉ា​ជាមួយ​អតីត​អ្នក​បើកបរ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​ ដោយ​សារ​ការ​តវ៉ា​​ជុំវិញ​​លក្ខខណ្ឌការ​ងារ​ និង​ការ​ប៉ុនប៉ង​បង្កើត​សហជីព​មួយ​។

​ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ Sheila Grasso​ អាយុ​២៣​ឆ្នាំ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​ការ​តវ៉ា​ និង​ដែល​បានរង់ចាំ​ជិះ​រថយន្ត​ក្រុង​ទៅ​ខេត្ត​សៀមរាប​នៅ​ម៉ោង​១និង​៣០​នាទី​រសៀល​បាន​និយាយ​ថា នាង​សូម​សរសើរ​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​​អ្នក​បើក​បរ​រថយន្ត​ដែល​ត្រូវ​គេ​បណ្ដេញ​ចោល ប៉ុន្តែ​នៅ​តែ​​ជិះ​រថយន្ត​ក្រុុង​របស់​​ក្រុម​ហ៊ុន​ ភ្នំពេញ-សូរិយា​ ដឹកជញ្ជូនអ្នក​ដំណើរ ដដែល​។ គាត់បាន​និយាយ​ថា “ខ្ញុំ​ចាប់​អារម្មណ៍​លើ​ស្ថាន​ភាព​របស់​ពួកគេ​ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​​ជិះ​រថយន្ត​ក្រុង​នេះ​បាន​ទេ”។

យោង​តាមលោក ចាន់ សុផាន់​ណា​ អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​តវ៉ា​បានធ្វើ​ឲ្យ​អ្នក​ដំណើរ​ជា​ច្រើន​ទៅ​ជិះ​រថយន្ត​ផ្សេង​។ លោក​បាន​និយាយ​ថា “ថ្ងៃ​នេះ​យើង​ត្រូវ​លុប​ចោល​​សេវា​​ដឹក​ជញ្ជូន​ភ្ញៀវ​​ប្រហែល​៤០​ភាគរយ​ ព្រោះ​​គ្មាន​អ្នក​ដំណើរ​មក​ជិះ​​។ យើង​សូម​អភ័យ​ទោស​ចំពោះ​អតិថិជន​របស់​យើង​ទាំង​អស់​ចំពោះ​ការ​ពន្យារ​ពេល​ ឬការ​រំខាន​ដល់​​សេវា​កម្ម​របស់​យើង​ ដែល​បង្ក​ឡើង​ដោយ​អ្នក​តវ៉ា​ទាំង​នេះ”។

លោក សុផាន់ណា បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ខែ​មេសា​មក ការ​តវ៉ា​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ខាតបង់​ប្រាក់​ចំណេញ​ពី​៧០.០០០​ដុល្លារ​ទៅ​៨០.០០០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ប្រសិន​បើពួកគេ​នៅ​តែ​បន្ត​ទៀត​នោះ ក្រុម​ហ៊ុន​នឹង​​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​។

ទោះបី​ជា​​មាន​បញ្ហា​បែប​នេះ​ក្ដី​ តែ​​លោក​​នឹង​មិន​ទទួល​យក​ការ​សម្រេច​ដែល​មិន​ភ្ជាប់​កាតព្វកិច្ច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​​​ដែល​ថា គួរ​តែ​ផ្ដល់​ការ​ងារ​ឲ្យ​អ្នក​បើកបរ​ទាំង​​នេះ​វិញ​ឡើយ​។

លោក​បាន​និយាយ​បន្ត​ថា “ក្រុម​ប្រឹក្សា​នាយក​​នឹង​មិន​យល់​ព្រម​ជួល​​អតីត​អ្នក​បើក​បរ​ទាំង​នេះ​វិញ​ទេ ប៉ុន្តែ​យើង​សូម​អំពាវ​នាវ​ឲ្យ​ពួកគេ​ឈប់​ធ្វើ​ការ​តវ៉ា​ ហើយ​យើង​នឹង​ផ្ដល់​​ប្រាក់​អតីត​ភាព​ការ​ងារ​ពេញ​លេញ​ឲ្យ​ពួកគេ​។ ប្រសិន​បើ​ពួកគេ​មិន​ឈប់​ទេ យើង​ត្រូវ​តែ​បិទ​ក្រុម​ហ៊ុន​ ហើយ​លក់​រថយន្ត​របស់​យើង​ទាំង​អស់​ដើម្បី​ផ្ដល់​ប្រាក់​អតីត​ភាព​ការ​ងារ​ឲ្យ​បុគ្គលិក​ចំនួន​៤៥០​នាក់​របស់​យើង​​ ដែល​កំពុង​ធ្វើ​ការ​ងារ​នៅ​ទី​នេះ។ យើង​សង្ឃឹម​ថា អតីត​អ្នក​បើក​បរ​ទាំង​អស់​យល់​ពី​ចំណុច​នេះ​”៕ គឹមហឿន​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស