38.8 C
Phnom Penh

អភិបាល​រាជ​ធានី​លើក​សរសើរ​កង​រាជ​អាវុធ​ហត្ថ​ ដោយ​ផ្ដល់​អំណោយ​ជាប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក បា៉ា សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ បាន​ចែក​ប្រាក់​សរុប​៣០.០០០ដុល្លារ ​ដល់​កង​រាជអាវុធហត្ថ​ប្រហែល​១.០០០​នាក់​នៅ​ក្នុង​ពិធី​មួយ​ ដោយ​លើក​សរសើរ​ពីការ​បំពេញ​​​ការ​ងារ​ និង​គោរព​វិន័យ​ “បាន​ល្អ​ប្រសើរ​” ​របស់​ពួកគេ​បន្ទាប់​ពី​ឆ្នាំ​ដែល​មានអំពើ​ហិង្សា​ជាច្រើន​ និង​នៅ​ពេល​ខ្លះ​មាន​ការ​តវ៉ា​ ដែល​​បាន​​​បណ្ដាល​ឲ្យ​​បាត់​បង់​អាយុជីវិត​មនុស្ស​​ផង​​នោះ​។front

ថ្លែង​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​​ដែល​ឈរ​ជា​ជួរ​ៗ​នៅ​ក្នុង​បរិវេណ​​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​បន្ទោស​ភាព​ចលាចល​ភាគ​ច្រើន​កាល​ពី​ឆ្នាំ​មុន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។

គណបក្ស​នេះ​បាន​ដឹក​នាំ​បាតុកម្ម​ជាច្រើន​ ដែល​ភាគ​ច្រើន​ជា​បាតុកម្ម​អហិង្សា​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ប្រឆាំង​នឹង​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែ​កក្កដា ឆ្នាំ​២០១៣​ ដែល​ខ្លួនចាត់​ទុក​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដឹក​នាំ​ប្រទេស​បាន​៥ឆ្នាំ​បន្ត​ទៀត​នោះ។

ប៉ុន្តែ​​ការ​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំៗ​ទាំង​នេះ​ ក៏ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​នាំ​ឲ្យ​កើត​​មាន​ការ​តវ៉ា​ដ៏ហិង្សា​មួយ​ចំនួន​ ដែល​​កង​រាជ​អាវុធ​ហត្ថ​ និង​នគរ​បាល​បាន​ឆ្លើយ​តប​ដោយ​​ប្រើ​កម្លាំង​ហួស​ហេតុ​របស់​ខ្លួន​ ហើយ​បណ្ដាល​​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​នាក់​បាន​បាត់​បង់ជីវិត និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួសកាលពី​ដើម​ខែ​មករា​នោះ។

លោក បា៉ សុជាតិវង្ស បាន​មាន​ប្រសាសន៍​ដោយ​មិន​រៀប​រាប់​ច្រើន​ថា ” ការ​ពិត​ទៅ​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​បាតុកម្ម​ចំនួន​៨៦​លើក ហើយ​ធ្វើ​ឲ្យ​ផ្ទុះ​​អំពើ​ហិង្សា​ចំនួន​បីលើក​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អនាធិបតេយ្យ​ កង​កម្លាំង​នៃ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ និង​នគរ​បាល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ​ ហើយ​បាន​​​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត​​​របស់​ខ្លួន​បាន​ជា​ធម្មតា​វិញ​។ ដោយ​ការ​ទទួល​បាន​​ជោគ​ជ័យ​ដ៏ធំនេះ​ ខ្ញុំ​អាច​និយាយ​បាន​ថា កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​មាន​វិន័យ​ពិតប្រាកដ​ ហើយ​គោរព​តាម​បញ្ជា​មន្ត្រី​ថ្នាក់​លើ​​​​”។military-police

លោក​អភិបាល​រាជ​ធានី​បាន​​លើក​ឡើង​ទៀត​ថា ការ​សម្រេច​ចិត្ត​ថ្មីៗ​នេះ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ទទួល​អាសនៈ​សភា​របស់​ខ្លួន​ បន្ទាប់ពី​ធ្វើ​ពហិការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក បាន​ជួយ​​ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់មួយ​ចំនួន​ឡើង​វិញ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ការ​ងារ​របស់​កង​រាជ​អាវុធ​ហត្ថ​មិនទាន់​ចប់​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​ទំនង​ជា​មាន​បាតុកម្ម​ថ្មីៗ​ទៀត។ កូដកម្ម​ត្រូវ​បាន​ដឹក​នាំ​ដោយ​សហជីព​នៅ​តាម​រោងចក្រ​ ហើយ​សកម្មជន​សិទ្ធិមនុស្ស​ និង​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​បាតុកម្ម​ ដោយ​មាន​បំណង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ និង​ធ្វើ​ឲ្យមាន​អសន្តិសុខ​”។

ឧត្តម​​សេនីយ៍ទោ រ័ត្ន ស្រា៊ង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ក៏​បាន​ថ្លែង​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​ដើម្បី​ការ​ពារ​ចំពោះ​ការ​ប្រើ​ប្រាស់​កាំភ្លើង​របស់​ពួកគេ​ផង​ដែរ។ លោក​បានមាន​ប្រសាសន៍​ថា “ហេតុអ្វី​បាន​ជា​យើង​ប្រើ​កំាភ្លើង​អាកា​បែប​នេះ​? យើង​កាន់​អាវុធ​បែប​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋជន ដែល​ចង់​​​ប្រឆាំង​នឹង​កង​រាជ​អាវុធ​ហត្ថ​”។

រដ្ឋាភិបាល និង​កង​សន្តិសុខ​ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ចំពោះ​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​តវ៉ា​កាលពី​ខែ​មករា។ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ខ្លួន​​បាន​ស៊ើប​អង្កេត​លើ​ហេតុការណ៍​បាញ់​សម្លាប់​ទាំង​នោះ​​ហើយ ប៉ុន្តែ​​នៅ​មិន​ទាន់​បាន​ចេញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ​។

លោក បា៉ សុជាតិវង្ស បាន​បញ្ចប់​ពិធី​នេះ​​ដោយ​ចែក​ប្រាក់​សរុប​៣០.០០០​ដុល្លារ​ទៅ​ឲ្យមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​មក​ជួប​ជុំគ្នា​។ ​ប្រាក់​នេះ​ គឺ​ជា​​​អំណោយ​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​យក​មក​ចែក​តាម​រយៈ​លោក​ ប៉ា សុជាតិវង្ស​៕ គឹមហឿន​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស