29.6 C
Phnom Penh

តុលាការ​នឹង​កោះហៅ​ព្រះតេជគុណ លួន​ សុវ៉ាត​ មក​ចូលរួម​សវនាការ​ជាមួយ​ លោក សួន សេរីរដ្ឋា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ព្រះតេជគុណ លួន សុវ៉ាត សកម្មជន​ព្រះសង្ឃ​ចូល​ទៅ​ក្នុង​បញ្ជី​​ជន​ជាប់​ចោទ​​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​របស់លោក សួន សេរីរដ្ឋា ​អ្នក​ប្រឆាំង​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក ដែល​​ជាប់​ចោទ​ពីបទ​ញុះញង់ និង​មាន​ផែន​ការ​វាយ​ប្រហារ​​នោះ ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​​១៨ ខែ​កញ្ញា​។​​​

លោក សេរីរដ្ឋា ប្រធាន​អំណាច​ពល​រដ្ឋខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​​ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ហេតុការណ៍​ចំនួន​ពីរ​​មុន​ពេល​ និង​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​មុន។

នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា លោក សេរីរដ្ឋា បាន​បោះពុម្ព​អាវ​យឺត​ដោយ​មាន​សរសេរ​ពាក្យ​ស្លោក​ជំរុញ​ឲ្យ​ពលរដ្ឋខ្មែរ​កុំទៅ​បោះ​ឆ្នោត។ បន្ទាប់​ពីការ​បោះ​ឆ្នោត​លោក​បាន​ព្យាយាម​រៀបចំ​ចែក​​ផ្កា​កូឡាប​ពណ៌លឿង​ដល់​កម្លាំង​សន្តិសុខដែលឈរ​ជើងនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ជាមួយនឹង​​ស្ទីកគ័រ​​ជំរុញ​ឲ្យពួកគេ​ ” បែរ​កាណុង​កាំភ្លើង​​ប្រឆាំង​ជន​ផ្ដាច់​ការ​”​។ បច្ចុប្បន្ន​​នេះ លោក​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​។

លោក មាស ច័ន្ទពិសិដ្ឋ​ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ព្រះតេជគុណ លួន សុវ៉ាត នឹង​ត្រូវ​បើក​សវនាការ​ជំនុំជម្រះ​ជាមួយ​លោក សេរី​រដ្ឋា។ លោក​​បាន​មាន​ប្រសាសន៍​​ពី​ព្រះ​សង្ឃ​អង្គ​នេះ​ថា “យើង​ក៏​បាន​កោះ​ហៅ​​​ព្រះអង្គ​ឲ្យ​មក​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ផង​ដែរ​”។

​នៅ​ពេល​ត្រូវ​បាន​សួរ​ពី​មូលហេតុ​ដែល​កោះ​ហៅ​ព្រះតេជគុណ​ លួន សុវ៉ាត នោះ លោក មាស ច័ន្ទពិសិដ្ឋ បាន​ឆ្លើយ​តប​ថា ” ​ពីព្រោះ​ព្រះ​អង្គ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​” ហើយ​លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ឡើយ​។

លោក ឈុន ហេង ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​បដិសេធ​មិន​​ធ្វើ​អត្ថា​​ធិប្បាយ​។

លោក សុក សំអឿន មេធាវី​របស់​លោក សេរីរដ្ឋា ដែល​នឹង​ចូល​រួម​សវនាការ​ជំនួស​​កូនក្ដី​របស់​លោក​បានមាន​ប្រសាសន៍​ថា លោក​​នឹង​មិន​តំណាង​ឲ្យ​ព្រះតេជគុណ​ លួន សុវា៉ត ទេ ប៉ុន្តែ​លោក​បាន​ឃើញ​ដីកា​កោះ​ហៅ​ព្រះសង្ឃ​អង្គ​នោះ​​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ឃើញ​ដីកាកោះរបស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ព្រះតេជគុណ​ លួន សុវ៉ាត ឲ្យ​ចូល​រួម​សវនាការ​ជាមួយ​លោក សួន សេរី​រដ្ឋា។ ព្រះ​អង្គ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មាន​ផែន​ការ ៉​ [វាយ​ប្រហារ]​​។

បទ​ឧក្រិដ្ឋ​នេះ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​។ ព្រះតេជគុណ លួន សុវ៉ាត អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​ដ៏ឆ្នើម​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​បានទទួល​ដីកា​កោះ​ហៅ​នោះ​ទេ ប៉ុន្តែ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា ” អាត្មា​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ពីព្រោះ​អាត្មា​មិន​ដែល​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូច​នោះឡើយ​”។ ព្រះ​អង្គ​បាន​បន្ថែម​ថា ប្រសិន​បើ​ត្រូវ​បាន​កោះ​ហៅ​ឲ្យទៅកាន់តុលាការ​ ព្រះ​អង្គ​នឹង​ស្នើ​ឲ្យ​​​​ពន្យារ​ពេល​សវនាការនោះ​​ ពីព្រោះ​វា​​ប៉ះពាល់​ជាមួយនឹង​ពិធី​សាសនា​ ដែល​ព្រះអង្គ​គ្រោង​ទៅ​ចូល​រួម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

ព្រះតេជគុណ លួន សុវ៉ាត ​​​តែង​តែ​មាន​វត្តមាន​​ជាប្រចាំនៅ​កន្លែង​ធ្វើ​បាតុកម្ម​​ ថតវីដេអូ​ និង​ថតរូប​​អំពី​ហេតុការណ៍​ទាំង​នោះ។ ព្រះអង្គ​ត្រូវ​បាន​​ជ្រើស​រើស​​សម្រាប់​ទទួល​ពាន​​រង្វាន់​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​ត្រូវ​បាន​​ផ្ដល់​កិត្តិយស​ដោយអង្គការ​ក្រៅ​រដ្ឋាភិបាល​​មនុស្ស​ធម៌ Witness.org សម្រាប់​ការ​ចង​ក្រង​ឯកសារ​របស់​ព្រះអង្គ​។

បើ​ទោះណា​ជា​ព្រះ​អង្គធ្លាប់​បានជួប​លោក សេរីរដ្ឋា ម្ដង​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០១១​ក៏​ដោយ ក៏​ព្រះ​អង្គមាន​សង្ឃដីកា​​ថា ​​ព្រះ​អង្គបាន​ប្តូរព្រះទ័យដោយសារ​មហិច្ឆតា​នយោ​បាយ​និងការ​និយាយ​ពីការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជារបស់​ជន​ប្រឆាំង​រូប​នេះ​។

ព្រះតេជគុណ លួន សុវ៉ាត មាន​សង្ឃដីកា​ថា ” អាត្មា​មិន​ដែល​គាំទ្រ​សកម្ម​ភាព​របស់​លោក សួន សេរីរដ្ឋា ទេ​ ពីព្រោះ​សកម្មភាព​របស់​គាត់​មិន​ត្រូវ​គ្នា​នឹង​​យោបល់​របស់​អាត្មា​ឡើយ។ អាត្មា​ជាព្រះសង្ឃ​មួយ​ដែល​ចង់​ជួយ​ដល់​ប្រជា​ពល​រដ្ឋក្រីក្រ និង​ការ​ពារ​សិទ្ធិ​មនុស្ស​​ មិន​មែន​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​”។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចាត់​ទុក​ចលនា​អំណាច​ពលរដ្ឋខ្មែរ​ថា ជា​អង្គការ​ភេរវកម្ម​ ដែល​មាន​ផែន​ការ​​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​។ កាលពី​ខែ​ឧសភា​ឆ្នាំ​មុន នគរ​បាល​ជាតិ​បាន​បង្ហោះ​រូប​ថត​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ ដោយ​បង្ហាញ​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស​ប្រឆាំង​ និង​លោក ម៉ម សុណង់ដូ ម្ចាស់​ស្ថានីយវិទ្យុ​ឯករាជ្យ​ជួប​ប្រជុំ​គ្នា​នៅ​សហរដ្ឋអាមេរិក​ជាមួយ​លោក សេរីរដ្ឋា និង​សកម្មជន​ដទៃទៀត​។

លោក សេរីរដ្ឋា ខ្លួនឯងអះអាង​ថា លោក​ចង់​​ជំរុញ​ឲ្យ​មាន​ចលនា​បះបោរ​អារ៉ាប់​ស្ព្រីង​​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​​បង្ខំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​អំណាច​ ប៉ុន្តែ​​បាន​បដិសេធ​មិន​គាំទ្រ​ការ​ប្រើ​អំពើ​ហិង្សា​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ស្ទីកគ័រ​ដែល​មាន​ខ្លឹមសារ​ថា ” បែរ​កាណូង​កាំភ្លើង​ប្រឆាំង​ជន​ផ្ដាច់​ការ​” មាន​បំណង​​ជំរុញ​ឲ្យ​នគរ​បាល​ និង​ទាហាន​ការ​ពារ​ជន​ស៊ីវិល​​ពី​លោក​ ហ៊ុន សែន មិន​មែន​វាយ​ប្រហារ​រូប​លោក​ឡើយ​។

កាលពី​ខែ​មេសា លោក​ សេរីរដ្ឋា បាន​ប្រកាស​ថា លោក​មាន​គម្រោង​​ចុះបញ្ជី​ចលនា​អំណាច​ពលរដ្ឋខ្មែរ​​ជា​គណបក្ស​នយោបាយ​មួយ​ក្នុង​ប្រទេស​កម្ពុជា​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស