38.8 C
Phnom Penh

​តុលាការ​ដាក់​មេដឹកនាំ​សហជីព​ទី២​​ក្រោម​ការ​​ឃ្លាំ​មើល​​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ បាន​ក្លាយ​ជា​មេដឹកនាំ​​សហ​​ជីព​ទី២​ ដែល​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​នៅ​ក្នុង​ខែ​នេះ​ ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ពីបទ​​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​បទ​ល្មើស​​​​អំឡុង​​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស​កាលពី​ខែ​ធ្នូ និង​ខែ​មករា។

cam-photo-front-chea-mony

លោក ជា មុនី បាន​ប្រាប់​អ្នក​យកព័ត៌មាន​បន្ទាប់ពី​​ត្រូវ​បាន​សាក​សួរ​អស់​រយៈ​​ពេល​បី​ម៉ោង​ថា លោក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​​ជួប​ជាមួយ​មេដឹកនាំ​សហជីព​ផ្សេង​ៗ​ ឬចូលរួម​នៅ​ក្នុង​ការ​ជួប​ជុំ​ជាសាធារណៈ​ណាមួយ​រហូត​ទាល់​តែ​ការ​បើក​សវនាការ​ជំនុំជម្រះ​​រឿង​ក្ដី​​របស់​លោក​​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា គំរាម ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​​ធ្វើ​ឲ្យកក​ស្ទះ​ចរាចរណ៍​ត្រូវ​បាន​បញ្ចប់​ជាមុន​សិន​។

លោក​បាន​មាន​​ប្រសាសន៍​ថា ” តុលាការ​​បាន​ដាក់​ខ្ញុំ​នៅ​ក្រោម​ការ​ឃ្លាំមើល​ ហើយខ្ញុំ​ត្រូវ​រាយការណ៍​ទៅ​​អាជ្ញាធរ​សង្កាត់​ម្ដង​​ក្នុង​មួយខែ ហើយ​ខ្ញុំ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ ឬក៏រៀប​ចំ​ការ​ជួប​ជុំ​ណាមួយ​ឡើយ”។

កាល​បរិច្ឆេទ​សម្រាប់​ការ​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​របស់​លោក ជា មុនី នៅ​មិនទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែ​​ការ​កំណត់​​ពេល​វេលា​​កោះ​ហៅ​លោក​​ និងមេដឹកនាំ​សហជីព​ចំនួន​ប្រាំ​នាក់​ផ្សេងទៀត​​​គឺ​មាន​ន័យ​ថា ​មេដឹកនាំ​សហជីព​ដ៏​លេចធ្លោ​បំផុត​មួយចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រារាំង​​មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៧៧ដុល្លារ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ។

លោក ជា មុនី បាន​ប្រកាស​កាលពី​ដើម​សប្ដាហ៍​នេះ​ថា សហជីព​របស់​លោក​នឹង​មិន​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​នេះ​ឡើយ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធសហជីព​ចលនាកម្ពុជា​​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​​កាលពី​ថ្ងៃ​សុក្រ។ មន្ត្រី​តុលាការ​​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្ដី​សម្រេច​ដែល​​ដាក​់​បន្ទុក​លើ​លោក ជា មុនី និង​លោក ប៉ាវ ស៊ីណា ឡើយ។

មេដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត​ដូចជា ​លោក អាត់ ធន់ លោកស្រី យ៉ាង សុភ័ណ្ឌ​ លោកស្រី ម៉ម ញឹម និង​លោក រ៉ុង ឈុន ក៏​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​​ក្នុង​តុលាការ​នៅ​សប្ដាហ៍​នេះ​ដែរ​ ដើម្បី​ឲ្យ​តុលាការ​សាក​សួរ​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួកគេ​នៅ​ក្នុង​ការ​តវ៉ា​ក្នុង​វិស័យ​កាត់​ដេរ​ ដែល​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល ដែល​​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​ បន្ទាប់​ពី​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ផ្ទុះអំពើហិង្សា​កាលពី​ដើម​ខែ​មករា​។

ទោះ​ជាយ៉ាង​ណា លោក ហ្វា សាលី ប្រធាន​​​​សម្ព័ន្ធ​​​សហជីព​ជាតិ​បាន​លើក​ឡើង​ថា សហជីព​​នឹង​មិន​ខ្លាច​រអា​ក្នុង​ការ​​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​ពី​ការ​ទាម​ទារ​របស់​កម្មករ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​​ថា ” យើង​មិន​ខ្លាច​នោះ​ទេ ទោះ​បី​ជា​តុលាការ​បាន​កោះ​ហៅ​ឬក៏គំរាម​ចាប់​ខ្លួន​យើង​ក៏ដោយ។ យើង​នឹង​ធ្វើ​យុទ្ធនាការ​របស់​យើង​ ព្រោះ​ថា យើង​បាន​បាត់​បង់​កម្មករ​ជាច្រើន​នាក់​អំឡុង​ការ​តវ៉ា​នៅ​ថ្ងៃ​ទី២ និង​ទី៣ ខែ​មករា”។

លោក កេង ឆេងឡាង អនុប្រធាន​សហព័ន្ធសហជីព​ជាតិ​នៃ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហជីព​មាន​ ” ផែន​ការ​ច្បាស់​លាស់​” សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​ ដែល​​មាន​​គោលដៅ​សំដៅ​ទៅ​កាន់​ការិយាល័យ​​ក្រុម​ហ៊ុន​លក់​សម្លៀក​បំពាក់​យីហោល្បីៗ​ទូទាំង​ពិភព​លោក និង​ស្ថានទូត​បរទេស​នានា​។

រដ្ឋាភិបាល​គ្រោង​ប្រកាស​ការ​ដំឡើង​ប្រាក់​ខែ​គោល​​ពីលើ​ប្រាក់​ខែ​​​ត្រឹម​តែ​១០០ដុល្លារ​នា​ពេល​សព្វ​ថ្ងៃ​​នៅ​ខែ​តុលា ដើម្បី​ឲ្យ​វា​ចូល​ជា​ធរមាន​នៅ​ខែ​មករា។ ម្ចាស់​រោងចក្រ​កាត់​ដេរ​​​​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ត្រឹម​តែ​១០ដុល្លារ​ទៀត​​ប៉ុណ្ណោះ​ ដោយ​វា​ស្រប​ទៅ​នឹង​ផែន​ការ​​របស់​រដ្ឋាភិបាល ​ ដែល​មាន​បំណង​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​ត្រឹម​ឆ្នាំ​២០១៨។

ការ​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ដល់​៩៥​ដុល្លារ​របស់​រដ្ឋាភិបាល​​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៣ គឺ​វា​ខុស​គ្នា​ឆ្ងាយ​ទៅ​នឹង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ ដែល​សហជីព​បាន​​ទាម​ទារ​នៅ​​ពេល​នោះ ហើយ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ដែល​ត្រូវ​បាន​បញ្ចប់​​ដោយ​មាន​ការ​បង្ហូរ​ឈាម​នៅ​ពេល​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​អ្នក​តវ៉ា​​គប់​ដុំថ្ម​ចំនួន​ប្រាំនាក់​ និង​ធ្វើ​ឲ្យ​របួស​រាប់​សិប​​នាក់​ផ្សេង​ទៀត​នៅ​លើ​ផ្លូវ​វេងស្រេង។

លោកស្រី សានត្រា មីកូ សមាជិក​គណៈកម្មាធិការ​ប្រឹក្សា​ការ​ងារ​​ ជា​ស្ថាប័ន​ដែល​មាន​បី​ភាគី​ រួម​មាន​ និយោជក រដ្ឋាភិបាល និង​សហជីព ដែល​កំណត់​ប្រាក់​ខែ​គោល​​​របស់​កម្មករ​បាន​លើក​ឡើង​ថា ការ​ចរចា​ចុងក្រោយ​ស្ដីពី​​ប្រាក់​ខែ​គោល​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ និង​ទី​២៧ ខែ​កញ្ញា ដោយ​មាន​ការ​បោះ​ឆ្នោត​។

លោកស្រី ដាមីកូ បាន​ឲ្យ​ដឹង​បន្ត​ថា ប្រសិន​បើ​គ្មាន​ការ​ព្រមព្រៀង​គ្នា​ទេ​នោះ ការ​បោះ​ឆ្នោត​ជា​លើក​ទី២ និង​លើក​ចុង​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៨ ខែ​តុលា៕ ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស