លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស្កត់ ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ (MoU) មួយនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីបញ្ជូនជនភៀសខ្លួនដែលបានស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី និងដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅកោះណូរូ នាកណ្ដាលមហាសមុទ្របា៉សីុហ្វិកខាងត្បូង មកកាន់ប្រទេសកម្ពុជា។
នៅមុនម៉ោង៣ និង៣០នាទីរសៀលបន្តិច លោកទាំងពីរបានចូលទៅក្នុងសាលមួយដែលមានការតុបតែងលម្អយ៉ាងស្រស់ស្អាតនៅក្រសួងមហាផ្ទៃ ហើយបានចុះហត្ថលេខាលើឯកសារដែលនឹងកំណត់ជោគវាសនារបស់ជនភៀសខ្លួនរាប់រយនាក់ដោយមិននិយាយអ្វីមួយម៉ាត់សោះ។
ក្រោយពីការចុះហត្ថលេខាដ៏ស្ងៀមស្ងាត់នេះរួច ក៏មានការជល់កែវស្រាសំប៉ាញ ខណៈអ្នករត់តុម្នាក់កំពុងតែដើរ។ លោក ស ខេង និងលោក ស្កត់ ម៉ូរីសុន បានបដិសេធមិនឆ្លើយសំណួរជាច្រើនរបស់ក្រុមអ្នកសារព័ត៌មាន ខណៈពេលលោកទាំងពីរពិសាស្រាសំប៉ាញ និងអបអរសាទរចំពោះគ្នាទៅវិញទៅមក មុនពេលចាកចេញពីសាលនោះ។ លោក ស្កត់ ម៉ូរីសុន ត្រូវបានគេនាំឡើងរថយន្ត និងបើកចេញទៅយ៉ាងប្រញាប់។
សេចក្តីថ្លែងការណ៍រួមមួយចេញក្រោយពីការចុះហត្ថលេខានេះលើកឡើងថា “ចំនួន និងពេលវេលានៃការតាំងទីលំនៅជនភៀសខ្លួននឹងត្រូវកំណត់ដោយកម្ពុជា”។ សេចក្តីថ្លែងការណ៍រួមនេះបានបន្ថែមទៀតថា ប្រទេសទាំងពីរបានយល់ស្របតាម “កិច្ចព្រមព្រៀងសាកល្បងបឋមមួយដើម្បីទទួលយកជនភៀសខ្លួនមួយក្រុមតូច ហើយនឹងផ្តល់ការតាំងលំនៅបន្ថែមទៀតដល់ជនភៀសខ្លួនទៅតាមសមត្ថភាពរបស់កម្ពុជា”។
សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងដែរថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដោយមានកិច្ចសហប្រតិបត្តិការពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) “ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងផ្ទេរជនភៀសខ្លួននេះដោយរលូន និងប្រកបដោយភាពជោគជ័យ”។
ប៉ុន្តែ មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់របស់ UNHCR វីវៀន តាន (Vivian Tan) នៅក្នុងទីក្រុងបាងកក បានឆ្លើយតបទៅនឹងការអះអាងនោះតាមអីុម៉េលថា “ជំហររបស់យើងនៅតែមិនផ្លាស់ប្តូរ យើងគ្មានតួនាទីពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីនេះទេ”។
សេចក្តីថ្លែងការណ៍មួយចេញដោយ UNHCR កាលពីថ្ងៃសុក្របានលើកឡើងថា UNHCR “មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចដែលកំណត់” ដោយកិច្ចព្រមព្រៀងនេះ។
សេចក្ដីថ្លែងការណ៍នេះដកស្រង់ប្រសាសន៍របស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អែនតូនីញ៉ូ ហ្គូធើរ៉េស (Antonio Guterres) ដែលបានលើកឡើងថា “ជនភៀសខ្លួន គឺជាអ្នកដែលកំពុងរត់គេចពីការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងដល់អាយុជីវិតដោយសារតែសង្គ្រាមប្រដាប់អាវុធ។ ពួកគេមានសិទ្ធិទទួលបានការយកចិត្តទុកដាក់ជាជាងការបញ្ជូនពួកគេពីប្រទេសមួយទៅប្រទេសមួយទៀត”។
លោក ស្កត់ ម៉ូរីសុន បានមានប្រសាសន៍ថា ជនភៀសខ្លួនដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅឯនាយឆ្នេរនៃប្រទេសអូស្ត្រាលី “ពេលនេះនឹងមានឱកាស ហើយទទួលបានការឧបត្ថម្ភគាំទ្រដើម្បីកសាងជីវិតជាថ្មី ដែលរួចផុតពីការធ្វើទុក្ខបុកម្នេញ”។
លោកបានមានប្រសាសន៍ការពារប្រទេសកម្ពុជាដែលកាលពីឆ្នាំ២០០៩បានបង្ខំឲ្យជនជាតិភាគតិចវីហ្គួ២០នាក់ ដែលស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសនេះឲ្យវិលត្រឡប់ទៅប្រទេសចិនវិញដោយចុងកាណុងកាំភ្លើងថា ជាគោលដៅស័ក្ដិសមសម្រាប់ជនភៀសខ្លួន។
សេចក្តីថ្លែងការណ៍នេះដកស្រង់ប្រសាសន៍របស់លោក ស្កត់ ម៉ូរីសុន ដែលបានលើកឡើងថា “ក្នុងនាមជាភាគីនៃអនុសញ្ញាជនភៀសខ្លួន ខណៈពេលកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសក្រោយសង្គ្រាមស៊ីវិល កម្ពុជាកំពុងបង្ហាញលទ្ធភាព និងឆន្ទៈរបស់ខ្លួនដើម្បីរួមចំណែកជាវិជ្ជមានដល់បញ្ហាមនុស្សធម៌”។
លោកបានប្រាប់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) កាលពីថ្ងៃសុក្រថា អូស្ត្រាលីមានគម្រោងផ្តល់ជំនួយ៤០លានដុល្លារបន្ថែមទៀតដល់កម្ពុជានៅរយៈពេលបួនឆ្នាំបន្ទាប់ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ លោកបានបដិសេធថា វានឹងមិនត្រូវបានប្រើប្រាស់សម្រាប់សម្រួលដល់ការផ្ទេរជនភៀសខ្លួនទាំងនេះឡើយ គឺទុកប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍។
នៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសុក្រ បាតុករប្រហែល៥០អង្គ-នាក់មកពីបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងអ្នកភូមិមកពីសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បានធ្វើការតវ៉ានៅលើកំណាត់ផ្លូវដែលមានបិទរបាំងច្រើនជាន់នៅខាងមុខស្ថានទូតអូស្ត្រាលី។
ពួកគាត់បានលើកបដាអំពាវនាវឲ្យរដ្ឋាភិបាលគោរពការទទួលខុសត្រូវរបស់ខ្លួននៅក្នុងប្រទេស មុននឹងចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ហើយបានលើកឡើងថា ប្រទេសកម្ពុជា “ក្រីក្រណាស់” គ្មានលទ្ធភាពទទួលយកជនភៀសខ្លួនរបស់អូស្ត្រាលីឡើយ។
ព្រះតេជគុណ សីុម សុវណ្ឌី បានមានសង្ឃដីកាថា “តើប្រទេសកម្ពុជាអភិវឌ្ឍដល់ណាហើយ? ប្រទេសនេះមិនទាន់ទាំងបានសាងទំនាក់ទំនងសន្តិវិធីជាមួយពលរដ្ឋរបស់ខ្លួនដែលបានរងគ្រោះដោយសារការចាប់យកដីធ្លី និងការរំលោភសិទ្ធិមនុស្សនៅឡើយផងទេ”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍តាមទូរស័ព្ទថា លោកថ្កោលទោស “ការខ្វះតម្លាភាពទាំងស្រុង” នៅក្នុងការធ្វើសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះដែលបានស្ថិតក្រោមដំណើរការចរចាចាប់តាំងពីខែកុម្ភៈមក។
លោកបានមានប្រសាសន៍ថា “យើងមិនដឹងពីផែនការអ្វីទេ យើងគ្មានការធានាអ្វីទេ ពីព្រោះយើងស៊ាំនឹងមើលឃើញការបង្វែរធនធានខុសគោលបំណងរបស់វាទៅហើយ។កម្ពុជាមិនមែនជាកន្លែងសម្រាប់ជនភៀសខ្លួនតាំងទីលំនៅទេ ពីព្រោះប្រជាពលរដ្ឋនៅក្នុងប្រទេសនេះគ្មានជីវភាពសមរម្យ។ ពួកគាត់ត្រូវបានបំបិទសិទ្ធិមូលដ្ឋាន និងលក្ខខណ្ឌរស់នៅ ដូច្នេះតើយើងអាចផ្ដល់ជម្រកដល់អ្នកមកពីប្រទេសផ្សេងៗនៅក្នុងពិភពលោកបានដោយរបៀបណា?”។
សេចក្តីថ្លែងការណ៍ដែលបានចេញនៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃសុក្រលើកឡើងថា ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ “ប្រទេសអូស្ត្រាលីនឹងទទួលរាប់រងផ្ទាល់លើថ្លៃចំណាយក្នុងការបញ្ជូនជនភៀសខ្លួន និងការកសាងប្រទេសកម្ពុជាដើម្បីធានាថា កម្ពុជាមានធនធានគ្រប់គ្រាន់ក្នុងការទទួល និងធ្វើសមាហរណកម្មជនភៀសខ្លួនដោយជោគជ័យ”។
លោក ស្កត់ ម៉ូរីសុន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាក៏បានមានប្រសាសន៍ដែរថា ការផ្ទេរជនភៀសខ្លួនណាមួយ គឺធ្វើឡើងដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត។
ប៉ុន្តែ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងដោយគ្មានមតិយោបល់ពី UNHCR នេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីរសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសទាំងពីរ ដែលលើកឡើងថា វារំលោភអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ហើយថា ប្រទេសកម្ពុជាគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីធានាសុខុមាលភាពជនភៀសខ្លួនឡើយ។
លោកស្រី អីុឡេន ភាសុន (Elaine Pearson) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះបញ្ជូនសារថា បណ្តាប្រទេសអភិវឌ្ឍន៍អាចលុបបំបាត់កាតព្វកិច្ចអន្តរជាតិរបស់ខ្លួនបានដោយងាយតាមរយៈការផ្តល់មូលនិធិ និងជំនួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោកស្រីបានមានប្រសាសន៍ទៀតថា “កម្ពុជាបានចុះអនុសញ្ញាជនភៀសខ្លួន ប៉ុន្តែ ប្រទេសនេះបែរជាមានប្រវត្តិមិនល្អ ចំពោះការការពារជនភៀសខ្លួន ហើយជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ កម្ពុជាមិនបានបង្ហាញឆន្ទៈ ឬសមត្ថភាពក្នុងការផ្តល់ការការពារជនភៀសខ្លួនឲ្យបានគ្រប់គ្រាន់ឡើយ។ អូស្ត្រាលីបានរកឃើញលេសថ្មីមួយដើម្បីផ្ទេរបញ្ហាជនភៀសខ្លួនឲ្យអ្នកដទៃជាជាងការស្វែងរកដំណោះស្រាយថ្នាក់តំបន់”៕សុខុម