32.5 C
Phnom Penh

នគរ​​​បាល​​​ជប់​​​លៀង​​​ផឹក​​​សីុ​​​​​​​​​​​​សប្បាយ​​​ ពេល​​​ដែល​​​​​​​​​អធិការ​​​ខណ្ឌ​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​បាន​​​នាំ​​​គ្នា​​​និយាយ​​​លេង​​​សើច​​​​​​ និង​​​ជល់​​​កែវ​​​ផឹក​​​ស៊ី​​​យ៉ាង​​​សប្បាយ​​​នៅ​​​អធិការ​​​ដ្ឋាន​​​ខណ្ឌ​​​មាន​​​ជ័យ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​ក្រោយ​​​ពី​​​អធិការ​​​ ហ៊ី ណារិន ដែល​​​ជា​​​មេ​​​កើយ​​​របស់​​​ពួក​​​គេ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កឹប​​​កេង​​​ប្រាក់​​​ និង​​​កេង​​​ប្រវ័ញ្ច ហើយ​​​ត្រូវ​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស។

សម្បក​​​​​​កេស​​ស្រា​​​បៀរ​​​​​​​​​​​​ចំនួន​​​ប្រាំពីរ​​​កេស​​​ត្រូវ​​​បាន​​​ដាក់​​​គរ​​​លើ​​​គ្នា​​​ ហើយ​​​កំប៉ុង​​​ស្រាបៀរ​​​ត្រូវ​​​គេ​​​បោះចោល​​​រាយ​​​ប៉ាយ​​​នៅ​​​លើ​​​ឥដ្ឋ​​​ ខណៈ​​​បុរស​​​ប្រហែល​​​ជាង​​​១០​​​នាក់ ដែល​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​នគរ​​​បាល​​​មក​​​ពី​​​អង្គភាព​​​ខុស​​​ៗ​​​គ្នា​​​​​​​​​​​​អង្គុយ​​​ជុំ​​​វិញ​​​តុ​​​ដែក​​​មួយ​​​។

លោក ជឹម ស៊ីថា ដែល​​​ត្រូវ​​​បាន​​​ដំឡើង​​​តំណែង​​​ជា​​​អធិការ​​​ស្តី​​​ទី​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ បន្ទាប់ពី​​​​​​លោក ហ៊ី ណារិន​​​​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កឹបកេង​​​លុយ​​​ជាង ៦០០.០០០​​​ដុល្លារ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​បី​​​ឆ្នាំ​​​មក​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ពិធី​​​ផឹក​​​ស៊ី​​​នេះ​​ គឺ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​អប​​​អរ​​​ការ​​​​​​សម្ពោធ​​​អធិការ​​​ដ្ឋាន​​​ថ្មី​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ធ្វើ​​​ពិធី​​​ប្រោះ​​​ព្រំ ដើម្បី​​​សែន​​​ដល់​​​ម្ចាស់​​​ទឹក​​​ម្ចាស់​​​ដី​​​នេះ​​​ពីព្រោះ​​​យើង​​​បាន​​​រើ​​​មក​​​ទី​​​នេះ​​​ជាង​​​មួយ​​​ខែ​​​មក​​​ហើយ​​​។ អ្នក​​​ភូមិ​​​បាន​​​យក​​​ស្រាបៀរ​​​នេះ​​​មក​​​ជូន​​​ពួក​​​យើង ពីព្រោះ​​​ពួក​​​គាត់​​​ស្រឡាញ់​​​ចូល​​​ចិត្ត​​​ប៉ូលីស”។

លោក​​​ ហ៊ី ណារិន ត្រូវ​​​បាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​​​​ករណី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ផែន​​​ការ​​​អាក្រក់​​​ និង​​​ក្រុម​​​​​​ជំរិត​​​ទារ​​​ប្រាក់ ដែល​​​គាត់​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​ឯង​​​មាន​​​បាន​​​ អំឡុង​​​ពេល​​​លោក​​​កាន់​​​មុខ​​​តំណែង​​​ជា​​​អធិការ​​​អស់​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ទសវត្សរ៍​​​។

ក្នុង​​​ចំណោម​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​មាន​​​ការ​​​អះ​​​អាង​​​ថា គាត់​​​​​​បាន​​​បញ្ចូល​​​ឈ្មោះ​​​បុគ្គលិក​​​ខ្មោច​​​ទៅ​​​ក្នុង​​​បញ្ជី​​​បើក​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ ហើយ​​​បើក​​​យក​​​ប្រាក​​​់​​​ខែ​​​របស់​​​ពួក​​​គេ​​​ កេង​​​យក​​​ប្រាក់​​​ឧបត្ថម្ភ​​​សម្រាប់​​​កូន​​​ចៅ​​​របស់​​​ខ្លួន​​​​​​។ ក៏​​​មាន​​​ការ​​​លើក​​​​​​ឡើង​​​ដែរ​​​ថា គាត់​​​បាន​​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​ជន​​​រង​​​​គ្រោះ​​​​​​​​​​​​​​​​​​ក្នុង​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ អាជីវកម្ម​​​ រោង​​​ចក្រ​​​និង​​​កន្លែង​​​លេង​​​ល្បែង​​​ខុស​​​ច្បាប់​​​នានា​​​។ យោង​​​តាម​​​ពាក្យ​​​បណ្ដឹង​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​ពុក​​​រលួយ​​​បង្ហាញ​​​ថា ​​​ប្រាក់​​​សរុប​​​ដែល​​​គាត់​​​បាន​​​ប្រមូល​​​បាន​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​ខ្លួន​​​ មាន​​​ចំនួន​​​៦៧៨.០៥៩​​​ដុល្លារ។​​​​​​

​យោង​​​តាម​​​ក្រឡា​​​បញ្ជី យឹម ជេដ្ឋា បាន​​​ឲ្យ​​​ដឹង​​​ថា លោក យូ ប៊ុណ្ណា ចៅ​​​ក្រម​​​សើុប​​​សួរ​​​ទទួល​​​បន្ទុក​​​សំណុំ​​​រឿង​​​នេះ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​លោក ហ៊ី ណារិន កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​ការ​​​សាក​​​សួរ​​​អស់​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ហ៊ី ណារិន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កេង​​​ប្រវ័ញ្ច​​​​​​​​​ប្រព្រឹត្ត​​​ដោយ​​​មន្ត្រី​​​សាធារណៈ​​​ និង​​​បទ​​​កេង​​​ប្រវ័ញ្ច​​​ថវិកា​​​រដ្ឋ​​​ដោយ​​​គ្មាន​​​ច្បាប់​​​ទម្លាប់។ គាត់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​ហើយ​​​”។

បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​លោក ហ៊ី ណារិន ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​ទៅ​​​១៥​​​ឆ្នាំ​​​។ ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កឹប​​​កេង​​​ក៏​​​ត្រូវ​​​ទទួល​​​ការ​​​ពិន័យ “ទ្វេ​​​ដង​​​នៃ​​​ចំនួន​​​ប្រាក់​​​ ឬ​​​តម្លៃ​​​អចលនទ្រព្យ​​​ដែល​​​ត្រូវ​​​បាន​​​កឹបកេង” ផង​​​ដែរ។

លោក ជឹម ស៊ីថា អធិការ​​​ស្តី​​​ទី​​​ថ្មី​​​នៃ​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ធ្វើ​​​ការ​​​ក្រោម​​​លោក ហ៊ី ណារិន អស់​​​រយៈ​​​ពេល​​​ប្រហែល​​​១០​​​ឆ្នាំ​​​មក​​​ហើយ​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា គាត់​​​មិន​​​ដឹង​​​ច្បាស់​​​ពី​​​មូល​​​ហេតុ​​​ ដែល​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ចាត់​​​វិធាន​​​ការ​​​លើអតីត​​​ចៅហ្វាយ​​​នាយ​​​របស់​​​លោក​​​​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា អ្នក​​​ដែល​​​ស្និទ្ធ​​​នឹង​​​លោក ណារិន ​​​​​​​​​​​​បាន​​​តវ៉ា​​​ប្រឆាំង​​​រូប​​​គាត់​​​។ មនុស្ស​​​មួយ​​​ចំនួន​​​តូច​​​ដែល​​​ស្និទ្ធ​​​នឹង​​​លោក ណារិន កំពុង​​​ត្រូវ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​សាកសួរ​​​”។

ខណៈ​​​ដែល​​​នគរ​​​បាល​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​អង្គុយ​​​ពី​​​ក្រោយ​​​គាត់​​​កំពុង​​​ផឹក​​​ស្រាបៀរ លោក ជឹម ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​គម្រោង​​​ស្តារ​​​កេរ្តិ៍​​​ឈ្មោះ​​​ឡើង​​​វិញ​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​សាធារណជន​​​មាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​អង្គភាព​​​របស់​​​លោក​​​ ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​អធិការ​​​ខណ្ឌ​​​នេះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ជំហាន​​​ដំបូង​​​គឺ​​​យើង​​​នឹង​​​មិន​​​យក​​​ប្រាក់​​ពី​​​អាជីវករ​​​ទៀត​​​ទេ​​​”។ លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មន្ត្រី​​​នគរបាល​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ជា​​​ប្រចាំ​​​ទៅ​​​កាន់​​​តំបន់​​​”ស្មុគ​​​ស្មាញ​​​” នានា​​​នៅ​​​ក្នុង​​​ខណ្ឌ​​​នេះ​​​ ដែល​​​មាន​​​រោង​​​ចក្រ​​​រាប់​​​រយ​​​ និង​​​ជា​​​កន្លែង​​​កើត​​​មាន​​​បាតុកម្ម​​​ជា​​​ច្រើន​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា ដោយ​​​បាតុកម្ម​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​នោះ​​​បាន​​​បញ្ចប់​​​ដោយ​​​អំពើ​​​ហិង្សា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​មាន​​​គម្រោង​​​បញ្ជូន​​​កង​​​កម្លាំង​​​របស់​​​យើង​​​ឲ្យ​​​ចុះ​​​ល្បាត​​​តាម​​​កន្លែង​​​ស្មុគ​​​ស្មាញ​​​។ យើង​​​ក៏​​​មាន​​​ខ្សែ​​​ទូរស័ព្ទ​​​ពិសេស​​​២៤ម៉ោង​​​មួយ​​​ដែរ​​​សម្រាប់​​​ទទួល​​​យក​​​បញ្ហា​​​ផ្សេង​​​ៗ​​​​​​​​​​​​​​​​​​​​​”។

លោក​​​ ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​ដែល​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ព្យាករ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ហ៊ី ណារិន គឺ​​​គ្រាន់​​​តែ​​​ជា​​​ឧទាហរណ៍​​​តូច​​​​​​មួយ​​​ប៉ុណ្ណោះ​​​ស្តី​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ខណ្ឌ​​​មានជ័យ។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “លោក​​​ ណារិន ទំនង​​​ជា​​​មិន​​​អាច​​​ប្រមូល​​​ប្រាក់​​​យ៉ាង​​​​​​ច្រើន​​​បែប​​​នោះ​​​តែ​​​ម្នាក់​​​ឯង​​​បាន​​​ទេ​​​ បើ​​​​​​គិត​​​ពី​​​​​​បណ្ដាញ​​​ដែល​​​គាត់​​​ធ្វើ​​​ការ​​​​​​។ ខ្ញុំ​​​សង្ស័យ​​​ថា​​​ មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​ទៀត​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​”។

លោក​​​ ព្រាប កុល ដែល​​​អង្គការ​​​របស់​​​លោក​​​បាន​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​ជាប់​​​លេខ​​​១៦០​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ចំនួន​​​១៧៧​​​​​​​​​​​នៅ​​​ក្នុង​​​សន្ទស្សន៍​​​ទស្សន​​​វិស័យ​​​អំពើ​​​ពុក​​​រលួយ​​​ឆ្នាំ​​​២០១៤​​​របស់​​​ខ្លួន​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចោទ​​​ប្រកាន់​​​លើ​​​នគរ​​​បាល​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​នគរ​​​បាល​​​​​​ដែល​​​មាន​​​មុខ​​​តំណែង​​​កំពូល​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ គឺ​​​ជា​​​ការ​​​ព្រមាន​​​​​​ដល់​​​នគរ​​​បាល​​​ទូទាំង​​​ប្រទេស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ឥរិយាបថ​​​នេះ​​​គឺ​​​​​​ធម្មតា​​​ណាស់​​​។ នេះ​​​គ្រាន់​​​តែ​​​ជា​​​ករណី​​​មួយ​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ករណី​​​ជាច្រើន​​​ ដែល​​​កើត​​​ឡើង​​​ទូទាំង​​​ប្រទេស។ រដ្ឋាភិបាល​​​មិន​​​អាច​​​ចាប់​​​ពួក​​​គេ​​​ដាក់​​​ពន្ធនាគារ​​​ទាំង​​​អស់​​​បាន​​​ទេ ព្រោះ​​​គ្មាន​​​កន្លែង​​​គ្រប់​​​គ្រាន់​​​ឡើយ​​​។ដូច្នេះ​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ហ៊ី ណារិន គឺជា​​​សារ​​​មួយ​​​ពី​​​រដ្ឋាភិបាល​​​ផ្ញើ​​​ទៅ​​​នគរ​​​បាល​​​គ្រប់​​​ជាន់​​​ថ្នាក់​​​ឲ្យ​​​បាន​​​ដឹង​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​កែ​​​ប្រែ​​​ ហើយ​​​ថា និទណ្ឌភាព​​​ដែល​​​ពួកគេ​​​ទទួល​​​​​​បាន​​​ជា​​​យូរ​​​មក​​​ហើយ​​​នោះ​​​ បាន​​​បញ្ចប់​​​ហើយ​​​”៕សុខុម​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស