ក្រុមមន្ត្រីបាននិយាយថា អ្នកកាសែតអាយុ៤៩ឆ្នាំម្នាក់ដែលតាមសេចក្តីរាយការណ៍ថាកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់ក្នុងខេត្តក្រចេះនោះ ត្រូវបានគេបាញ់សម្លាប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។ តែក្នុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ នគរបាលបានចាប់ខ្លួនបុរស៣នាក់ មានមេប៉ុស្តិ៍ឃុំម្នាក់ មន្ត្រីរាជអាវុធហត្ថម្នាក់ និងទាហានម្នាក់។

យោងតាមលោក សុខ សុវណ្ណ ប្រធានសមាគមអ្នកកាសែតខ្មែរប្រជាធិបតេយ្យ ដែលមានអ្នកកាសែតត្រូវគេធ្វើឃាតរូបនេះជាសមាជិកម្នាក់ដែរនោះ បានមានប្រសាសន៍ថា លោក តាំង ទ្រី ដែលបានសរសេរអត្ថបទព័ត៌មានឲ្យកាសែតមួយចំនួន ត្រូវបានគេបាញ់ចំថ្ងាសនៅម៉ោងប្រហែលមួយយប់ នៅឃុំខ្សឹម ស្រុកស្នួល បន្ទាប់ពីរូបលោកនិងអ្នកកាសែត៥នាក់អ្នកផ្សេងទៀតចុះទៅស៊ើបអង្កេតការកាប់ឈើខុសច្បាប់។
លោកបានមានប្រសាសន៍ថា លោក សា ពិសិដ្ឋ និពន្ធនាយកកាសែតនិស្សិត ខ្មែរ បានធ្វើដំណើរតាមរថយន្តជាមួយជនរងគ្រោះ ប៉ុន្តែបានដើរទៅចម្ការដើម្បីសុំឲ្យប្រជាពលរដ្ឋជួយរុញឡាន ពេលដែលរថយន្ត តូយ៉ូតា កាមឺរី របស់ពួកគេជាប់ផុងតាមផ្លូវ។
លោក ពិសិដ្ឋ ដែលបានត្រឡប់មករថយន្តវិញស្រាប់តែឃើញមិត្តរបស់ខ្លួនដេកលើដី បានមានប្រសាសន៍ថា “សហការីរបស់ខ្ញុំ តាំង ទ្រី ត្រូវគេបាញ់តែមួយគ្រាប់ចំក្បាល ហើយស្លាប់ក្បែររថយន្តកាមឺរីរបស់គាត់”។
នគរបាលបានឲ្យដឹងថា នៅចម្ងាយប្រហែល២០០ម៉ែត្រពីទីកន្លែងកើតហេតុ មានរថយន្ត Lexus LX470 SUV ក្រឡាប់ផ្ងារកង់មួយគ្រឿងគ្មានផ្លាកលេខ ដែលអ្នកបើករថយន្តនេះបានបើកក្រឡាប់ក្នុងពេលព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ។
យោងតាមលោក អ៊ុំ ភី ស្នងការរងខេត្តក្រចេះបានឲ្យដឹងថា រថយន្ត SUV នោះជារបស់លោក បែន ហៀង អាយុ៣១ឆ្នាំ ជាប្រធាននគរបាលឃុំស្រែឈូកនៅស្រុក កែវ សីមា ខេត្តមណ្ឌលគិរី ។ អ្នករួមដំណើរពីរអ្នកផ្សេងទៀតគឺ ឃឹម ភក្តី អាយុ២៧ឆ្នាំ ជាមន្ត្រីរាជអាវុធហត្ថរាជធានីភ្នំពេញ និងខ្នាន់កាំភ្លើង ឈ្មោះ ឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាទាហានកងកម្លាំងខេមរភូមិន្ទ នៅខេត្តមណ្ឌលគិរី។
លោក ភី បានមានប្រសាសន៍ថា “នគរបាលខេត្តបានចាប់ខ្លួនអ្នកទាំង៣ម្តងម្នាក់ៗនៅថ្ងៃនេះ ហើយឥឡួវនេះគេបានបញ្ជូនអ្នកទាំង៣ទៅស្នងការនគរបាលខេត្តក្រចេះ ហើយនឹងត្រូវបញ្ជូនទៅតុលាការបន្តទៀត”។ លោកបានមានប្រសាសន៍ថា ក្នុងអំឡុងពេលសាកសួរ អ្នកទាំង៣សុទ្ធតែបានសារភាពថាមានចំណែកក្នុងការសម្លាប់នេះ ប៉ុន្តែគេនៅកំពុងស៊ើបអង្កេតមូលហេតុនៃការសម្លាប់នេះនៅឡើយ។
យោងតាមសហការីរបស់ជនរងគ្រោះបានឲ្យដឹងថា អ្នកយកព័ត៌មាន៦នាក់បានជិះរថយន្ត៣គ្រឿង ក្នុងមួយគ្រឿង២នាក់ ដើម្បីស៊ើបអង្កេតឃ្លាំងមួយរបស់ឈ្មោះ ឈុន ភឿន ជាបងប្រុសរបស់លោក ឈុន ឃឿន មេបញ្ជាការរងកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល នៅពេលដែលពួកគេបានទទួលព័ត៌មានថា រទេះគោជាច្រើនបាននិងកំពុងដឹកឈើប្រណីតនៅទីនោះនៅពេលយប់។
យោងតាមលោក ពិសិដ្ឋ និងអ្នកផ្សេងទៀតក្នុងក្រុមបានឲ្យដឹងថា ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មានបានទៅដល់ឃ្លាំងនោះ អ្នកយកព័ត៌មានម្នាក់បានទទួលការហៅទូរស័ព្ទពីលោក ឃឿន ដែលបញ្ជាឲ្យពួកគេត្រឡប់មកផ្ទះវិញ ហើយបានអះអាងថា “ទំនិញ”នោះជារបស់គាត់ទេ។
អង្គការសិទ្ធិមនុស្សនិងអង្គការឃ្លាំមើលព័ត៌មានបានថ្កោលទោសភ្លាមៗចំពោះការសម្លាប់លោក តាំង ទ្រី កាលពីម្សិលមិញ ដែលការសម្លាប់នេះកើតឡើងបន្ទាប់ពីការសម្លាប់អ្នកយកព័ត៌មានវីរៈជនខ្មែរ លោក ហង្ស សេរីឧត្តម កាលពីឆ្នាំ២០១២ នៅខេត្តរតនៈគិរី ដែលពេលនោះលោកក៏បានស៊ើបអង្កេតការរកស៊ីឈើ និងក្រោយមកទៀតមានការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថាន ក្នុងឆ្នាំដដែលនោះនៅក្នុងខេត្តកោះកុងផងដែរ។
លោក ហ្វិល រ៉ូប៊ឺតសុន នាយករងអង្គការសិទ្ធិមនុស្ស Human Rights Watch ផ្នែកអាស៊ី បានមានប្រសាសន៍ថា “ការសម្លាប់គ្មានមេត្តានេះជាថ្មីម្តងទៀតបង្ហាញថា ប្រទេសកម្ពុជាគឺគ្រោះថ្នាក់សម្រាប់អ្នកកាសែត ជាពិសេស អ្នកដែលស៊ើបអង្កេតការប្រព្រឹត្តខុសច្បាប់ក្នុងបញ្ហាដីធ្លីនិងព្រៃឈើរបស់ប្រទេសនេះ”។
“នគរបាលត្រូវធ្វើការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈនិងឥតលម្អៀងអំពីការធ្វើឃាតនេះ ហើយរដ្ឋាភិបាលត្រូវប្តេជ្ញាបញ្ចប់និទណ្ឌភាព ដែលថាពួកអ្នកវាយប្រហារលើអ្នកកាសែត ជាញឹកញាប់ច្រើនតែរួចខ្លួននោះ”។
មជ្ឈមណ្ឌលព័ត៌មានឯករាជ្យកម្ពុជា និងសម្ព័ន្ធព័ត៌មានអាស៊ីអាគ្នេយ៍បានអំពាវនាវឲ្យមានការកាត់ទោសអ្នកដែលទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា “យើងអំពាវនាវដល់អាជ្ញាធរឲ្យចាត់វិធានការឆាប់រហ័សក្នុងការនាំយកពួកឃាតករសម្លាប់លោក ទ្រី មកកាត់ទោស និងបញ្ចប់និទណ្ឌភាពដដែលៗ ចំពោះអ្នកដែលប្រព្រឹត្តហិង្សាលើកាសែតនៅកម្ពុជា”។
មានការគំរាមកំហែងជាច្រើនក្នុងពេលប៉ុន្មានខែថ្មីៗនេះលើអ្នកយកព័ត៌មានដែលរាយការណ៍អំពីការកាប់ឈើខុសច្បាប់។
កាលពីខែមេសា ក្លឹបអ្នកកាសែតខ្មែរបានចេញសេចក្តីថ្លែងការណ៍មួយសំដែងកង្វល់ដែលអ្នកកាសែតបីនាក់នៅខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម ត្រូវបានគេរំខានយាយី។ ហើយនៅខែមិថុនា អ្នកយកព័ត៌មានម្នាក់នៅកាសែតការពិត ក្នុងខេត្តពោធិ៍សាត់បានចោទថា ទាហានម្នាក់បានគំរាមសម្លាប់ខ្លួនទាក់ទិននឹងរឿងដែលភ្ជាប់ទាហានម្នាក់នោះទៅនឹងការរកស៊ីឈើក្រញូងខុសច្បាប់។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានមានប្រសាសន៍ថា មានអ្នកយកព័ត៌មានសេរីជាច្រើននាក់នៅតាមខេត្តនានា ដែលស៊ើបអង្កេតសកម្មភាពខុសច្បាប់ ហើយជាញឹកញាប់ធ្វើការដោយឯករាជ្យ ដែលអាចធ្វើឲ្យពួកគេងាយរងគ្រោះ។
លោក ណារិទ្ធ បានមានប្រសាសន៍ថា ក្នុងពេលដែលអ្នកកាសែតមួយចំនួននៅតាមខេត្តច្រើនតែគ្មានប្រាក់ខែ តែត្រូវទាក់ទាញឲ្យក្បត់នឹងក្រមសីលធម៌កាសែត និងឆ្លៀតរកប្រយោជន៍ពីព័ត៌មានរបស់ខ្លួនដែលពួកគេប្រឹងស្វែងរកឆ្កឹះកកាយនោះ ចំណែកអ្នកកាសែតដែលមិនព្រមទទួលសំណូក ប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដ គឺត្រូវគេទម្លាក់កំហុសលើ ឬត្រូវគេវាយប្រហារ ពេលដែលអ្នកកាសែតទាំងនោះបើកកកាយបទល្មើសនោះ។
លោក តាំង ទ្រី ត្រូវបានចាប់ខ្លួនពីបទកំហែងយកប្រាក់កាលពីឆ្នាំ២០១០ ហើយត្រូវតុលាការខេត្តកំពង់ឆ្នាំងកោះហៅកាលពីខែមុនពាក់ព័ន្ធនឹងការចោទបួនឆ្នាំមកហើយ។ លោកបានអះអាងដដែលៗថា លោកត្រូវបានគេចាប់ខ្លួន ព្រោះតែលោកបានឃើញផ្ទាល់ភ្នែកនូវការជួញឈើខុសច្បាប់នៅក្នុងខេត្តនេះ៕មានិត