33.2 C
Phnom Penh

ប្រធាន​​​ខុទ្ទ​​​កា​​​ល័យ​​​ព្រះអង្គម្ចាស់​​​ រណឫទ្ធិ លាលែង​​​ពី​​​គណបក្ស​​​រា​​​ជា​​​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នរ៉ា​​​ណា​​​ឫទ្ធិ អានន្ទ​​​ដាយ៉ាត ដែល​​​ជា​លេខា​ផ្ទាល់​របស់​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រីទី១​យូរអង្វែង​មក​ហើយ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​បាន​លាលែង​ពី​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​របស់​ព្រះអង្គម្ចាស់ ហើយ​កំពុង​ពិចារណា​ចូល​​​រួម​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជា​ជន​កម្ពុជា​។

លោក​ អានន្ទដាយ៉ាត ​​​ជា​អ្នក​នាំ​​​ពាក្យ​របស់​ព្រះអង្គម្ចាស់​ រណឫទ្ធិ និង​ជា​ទីប្រឹក្សា​ដ៏​ជិតស្និទ្ធ​រយៈ​ពេល​មួយ​ទសវត្សរ៍​​កន្លងមក​​​បាន​បម្រើការ​ជា​ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គ​​​រហូត​ដល់​ចប់​អាណត្តិ​​​បោះ​ឆ្នោត​លើក​ទី២​កាលពី​ឆ្នាំ​២០០២។

លោក អានន្ទដាយ៉ាត​ បាន​មាន​ប្រសាសន៍​ថា លោក​​មាន​វិវាទ​ជាមួយ​ព្រះ​អង្គ​​​ម្ចាស់​ រណឫទ្ធិ បន្ទាប់ពី​ព្រះ​អង្គ​​​ម្ចាស់​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​កាលពី​ខែ​មុន ដោយ​រិះ​គន់​លោក​ថា បាន​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាមអារ៉ាម​​អំពី​ព្រះអង្គ​​ក្នុង​ចំណោម​សមាជិក​គណបក្ស​ថ្មី​​​របស់​​​ព្រះអង្គ​​​គឺ​​​គណបក្ស​​​សង្គម ​​រាស្ត្រ​ រាជាធិបតេយ្យ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំពោះ​ព្រះអង្គ​ដែល​​​មាន​​​បន្ទូល​​​ថា ខ្ញុំ​បាន​ចុះ​តាម​ខេត្ត​រិះគន់​ព្រះ​អង្គ​នោះ​គឺ​ជា​ការ​ភូត​កុហក​ទាំង​ស្រុង។ ព្រះ​អង្គ​អាច​ហៅ​សមាជិក​នៅ​តាម​ខេត្ត​ណាក៏បាន ហើយ​​​សួរ​ពួកគេ​ទៅ។ វា​ជា​ការ​ភូត​កុហក​ទាំង​ស្រុង។ វា​ជា​ការ​រិះគន់​ធ្ងន់​​​ធ្ងរពី​ជំនួយ​ការ​ជិត​​​ស្និទ្ធិ​​​បំផុត​​​របស់​ព្រះអង្គ​។ វា​​មិន​​​មែន​​​ជា​​​ការ​​​​ល្អ​ឡើយ​”។

លោក​ អានន្ទដាយ៉ាត បាន​មាន​ប្រសាសន៍​ថា ជា​លទ្ធផល​លោក​បាន​ចាក​ចេញ​ពី​តួនាទី​របស់​ខ្លួន​​​ជា​ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គ​​​ម្ចាស់ និង​ជា​​​សមាជិក​គណបក្ស​ថ្មី​របស់​ព្រះអង្គ ដែល​បាន​បង្កើត​ឡើង​​​ដោយ​មាន​ជំនួយ​របស់​លោក​​កាលពី​ខែ​មីនា។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​​​លាលែង​។ ខ្ញុំ​បាន​បោះ​បង់​ចោល​តួនាទី​របស់​ខ្ញុំ”។

លោក​បាន​មាន​ប្រសាសន៍​ពី​លិខិត​របស់​ព្រះអង្គម្ចាស់​ រណឫទ្ធិ ដែល​ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​កាសែត​កោះ​សន្តិភាព​កាលពី​សប្ដាហ៍​មុននោះ ​ត្រូវ​បាន​ផ្ញើ​កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ហើយ​ថា លោក​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ​។ អត្ថបទ​​នោះ​លើក​ឡើង​ថា ​លោក​ប្រហែល​ជា​ចូល​រួម​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក អានន្ទដាយ៉ាត បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក​បាន​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ប៉ុន្តែ​បាន​លើក​ឡើង​ថា លោក​មិន​ទាន់​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា តើ​ត្រូវ​ចូល​រួម​ជាមួយ​គណបក្ស​នេះ​ឬ​​​អត់​ឡើយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” ពិតមែនហើយ​​​ខ្ញុំ​បាន​និយាយ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា។ ពួកគេ​​បាន​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ​”។ លោក​បាន​បន្ថែម​ថា លោក​នឹង​មិន​​​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ពីព្រោះ​លោក​ ” មិន​មែន​ជា​​ប្រភេទ​អ្នក​ប្រឆាំង​ឡើយ​”។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ពេល​វេលា​នឹង​បញ្ជាក់​ប្រាប់​។ ប្រសិន​បើ​ព្រះ​អង្គ​​​ម្ចាស់​ រណឫទ្ធិ មិន​ចង់​ប្រើ​ប្រាស់​រូប​ខ្ញុំ ខ្ញុំ​មាន​​​ជំនឿ​ថា ក៏​​​មាន​​អ្នក​ផ្សេង​ចង់​ប្រើ​ប្រាស់​រូប​ខ្ញុំ​​​ដែរ”។ ព្រះអង្គម្ចាស់​​ រណឫទ្ធិ មិន​បាន​ឆ្លើយ​តប​តាម​សំណើ​​​សុំ​អត្ថាធិប្បាយ​ឡើយ​។

គណបក្ស​ហ្វុ៊ន​​​ស៊ិន​​​ប៉ិច​របស់​ព្រះអង្គម្ចាស់​​​បាន​ឈ្នះ​​​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហ​​​ប្រជា​ជាតិ​កាលពី​ឆ្នាំ​១៩៩៣​ ប៉ុន្តែ​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​លោក​ ហ៊ុន សែន ដែល​ពេល​នោះ​ជា​​​នាយក​រដ្ឋមន្ត្រី​ទី២​ បន្ទាប់ពី​​ការ​ប្រយុទ្ធ​គ្នា​កាលពី​ឆ្នាំ​១៩៩៧ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ព្រះអង្គ​បាន​ចុះ​​​ខ្សោយ​​​យ៉ាង​​​ខ្លាំង​​​ពី​ឆាក​នយោបាយ​រយៈ​ពេល​មួយ​ទសវត្សរ៍​​​កន្លងមក​​​​ ដែល​អំឡុង​ពេល​នោះ​ព្រះអង្គ​បាន​ដឹក​នាំ​គណបក្ស​រាជា​​​និយម​តូច​​​ៗ​​បី​​​ផ្សេង​​​គ្នា៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស