30.4 C
Phnom Penh

អ្នកភូមិ​ជាប់​ពាក់ព័ន្ធ​វិវាទ​ដីធ្លីដ៏អូស​បន្លាយ​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​បិទផ្លូវ​ជាត​ិ​លេខ​៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ប្រហែល​៥០០​នាក់​ដែល​បាន​ជាប់​ពាក់​ព័ន្ធនៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​​ បាន​បិទ​ផ្លូវ​ជា​តិ​លេខ​៧​​ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ កាលពី​ម្សិលមិញ ដើម្បី​ទាម​ទារ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​ពួកគាត់​លើក​ឡើង​ថា ពួកគាត់​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨០​មក​ម្លេ៉ះ។

ដោយ​កាន់​រូប​ថត​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​ ក្រុម​អ្នកភូមិ​បាន​បិទ​ផ្លូវ​​ដ៏សំខាន់នេះ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទីព្រឹក​រហូត​ដល់​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​នៅ​មុខ​សាលា​ស្រុក​ ហើយ​បាន​ស្រែក​ពីការ​ទាមទាររបស់ខ្លួន​​​តាម​ឧគ្ឃោ​សន​សព្ទ។

​អ្នកស្រី​ ព្រំ ដាណែត អាយុ​៤៨​ឆ្នាំ តំណាង​អ្នក​តវ៉ា​បាន​មាន​ប្រសាសន៍​​​តាម​ទូរស័ព្ទ​បន្ទាប់​ពីការ​តវ៉ា​ថា ​អ្នក​ភូមិ​ប្រហែល​៥០០​គ្រួសារ​ចាប់​តាំងពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​មក បាន​រស់​នៅ​លើ​ដី​​ដែលឥឡូវនេះ​កាន់​កាប់​ដោយ​ចម្ការ​កៅស៊ូមេមត់​​ តាម​រយៈ​ការ​ផ្ដល់​សម្បទាន​។

អ្នកស្រី ដាណែត បានមាន​ប្រសាសន៍​ថា “យើង​បាន​​ទៅ​ទីនោះ​ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ពួកយើង​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ហើយ​បានទាម​ទារ​ឲ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដល់​ពួកយើង​”។

អ្នកស្រី​បាន​បន្ថែម​ថា ” យើង​បាន​រស់​នៅ​លើ​ដី​ទំហំ​២០​ហិកតា​នេះ​តាំង​ពី​ឆ្នាំ​១៩៨០​មក​ម្លេ៉ះ ហើយ​យើង​មិន​ដែល​ប្រឈម​បញ្ហា​ណាមួយ​ទេរហូត​ដល់​ឆ្នាំ​២០០៨​។ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក គេបាន​​ព្យាយាម​​បណ្ដេញពួក​យើង​ចេញ​ដោយ​គ្មាន​ផ្ដល់​សំណង​ ដូច្នេះយើង​នឹង​មិន​ទៅ​ណាឡើយ​”។

អ្នកស្រី​ ដាណែត បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នកភូមិ​បាន​រស់​នៅ​ក្នុង​ផ្ទះ​របស់ពួកគាត់​ ដែល​ស្ថិត​នៅ​ជាយ​​អតីត​ចម្ការ​កៅស៊ូ​របស់​រដ្ឋ​នេះ ហើយ​​​បាន​រស់​នៅ​រហូត​ដល់​អាជ្ញាធរ​មូលដ្ឋាន​​កាលពី​ឆ្នាំ​១៩៨០ បាន​​សុំ​ឲ្យ​ពួកគាត់​ផ្លាស់​ទៅ​ទី​នោះ​​ដើម្បី​ផ្តល់ជា​តំបន់​ទ្រនាប់ដល់​​ទាហាន​ខ្មែរ​ក្រហម​ដែលវិលត្រឡប់មកវិញ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​បាន​តែ​ផ្ទះ​មួយ​ខ្នង​សម្រាប់​គ្រួសារ​នីមួយៗ តែប៉ុណ្ណោះ ហើយ​ចង់​ឲ្យអាជ្ញាធរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួក​យើង​ ដើម្បី​ការ​ពារ​ដី​របស់​យើង​មួយ​ក្បាល​តូចៗ​កុំ​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​រំលោភ​យក​។ អ្នកស្រី​បាន​បន្ថែម​ថា “ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​​បន្ទាប់ពី​ពីរ​សប្ដាហ៍​ទេ​នោះ យើង​នឹង​ធ្វើ​ការ​តវ៉ា​ ហើយ​បោះ​តង់​ដាំ​បាយ​ដាំទឹក​នៅ​សាលា​ខេត្ត​តែ​ម្ដង​​​”។

លោក​ ស្រេង សយណេ តំណាង​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​បាន​មាន​ប្រសាសន៍​ថា មាន​ការ​ផ្តល់​ការ​តាំងទីលំនៅដ្ឋាន​ថ្មី​​ដល់​អ្នកភូមិ​នៅលើ​ដី​មួយ​ផ្នែក​នៃ​ដី​សម្បទាន​​ឆ្នាំ​២០០៨​របស់​ក្រុម​ហ៊ុន​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ជួល​ដី​នេះពី​រដ្ឋាភិបាល​ ហើយ​អាជ្ញាធរ​បាន​​ឲ្យ​ក្រុម​អ្នក​ភូមិ​ផ្លាស់​ទៅ​កន្លែង​​​ថ្មី​រួច​ហើយ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ពួកគាត់​នៅ​តែ​តវ៉ា​ទៀត​?”។ លោក​បាន​បន្ថែម​ថា “អ្នកភូមិប្រហែល​៩០​ភាគរយ​បាន​ទទួល​យក​​​ការ​ចំណាត់ការ​នេះ​។ មាន​អ្នកភូមិ​មួយចំនួន​តូច​​ប៉ុណ្ណោះ​នៅជំទាស់”។

លោក ចេង ប៊ុនតារា អភិបាល​ស្រុក​មេមត់​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយមន្ត្រី​ខេត្ត ប៉ុន្តែ​​ត្រូវ​ការ​ពេល​ពីរ​សប្ដាហ៍​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​​អ្នក​តវ៉ា​។ លោក​បានមាន​ប្រសាសន៍​ថា ” យើង​មិន​អាច​ឆ្លើយ​តប​ទៅ​ពួកគាត់​បាន​ទេ​ក្នុង​ពេល​ឥឡូ​នេះ ពីព្រោះ​អាជ្ញាធរជាប់​រវល់​រៀបចំ​ពិធី​បុណ្យ​អុំទូក​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស