38 C
Phnom Penh

ក្រុមអ្នកត​វ៉ា​បិទផ្លូវ​បន្ទាប់ពី​នគរបាលរុះ​ផ្ទះរបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​អ្នកភូមិ​ និងមន្ត្រី​មូលដ្ឋាន​​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា តំណាង​សហគមន៍​ដែល​រស់​នៅ​ក្នុង​តំបន់​ទឹក​ធ្លាក់​នៅ​ជាយ​ក្រុង​ព្រះសីហនុ បាន​បិទ​ផ្លូវ​ដ៏​ធំមួយ​រយៈ​ពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​នឹង​ការ​រុះ​ផ្ទះ​ និង​បំផ្លាញផល​ដំណាំ​ពី​សំណាក់​អាជ្ញាធរ​​នៅ​ព្រឹកថ្ងៃនោះ​។

យោង​តាម​លោក ឆេង សំណាង អាយុ​៤៥​ឆ្នាំ ​បាន​ឲ្យ​ដឹង​ថានៅម៉ោង​ប្រហែល​៦ព្រឹក​ថ្ងៃ​សៅរ៍ នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រុះ​ផ្ទះ​ប្រាំបីខ្នង និង​បំផ្លាញដំណាំហូប​ផ្លែ​មួយ​ចំនួន​ស្ថិត​នៅ​លើ​ដី​របស់​រដ្ឋ​ក្នុង​តំបន់​ទឹក​ធ្លាក់​ក្បាល​ឆាយ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏ពេញ​និយម​។

លោក​ សំណាង ស្ថិត​នៅ​ក្នុង​ចំណោម​អ្នកភូមិ​៧០​នាក់​ ដែល​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៤​ចាប់ពី​ម៉ោង​១០ព្រឹក​ដល់​ថ្ងៃ​ត្រង់​ថ្ងៃសៅរ៍ ដោយ​ដុត​កង់​ឡាន និង​មាន​កាន់​រូប​ថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុនរ៉ានី ភរិយា​របស់​លោក​ដើម្បី​ទាក់​ទាញ​ចំពោះ​បុព្វហេតុ​របស់​ពួកគេ​។ លោក សំណាង បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិនទៅ​ណា​ឡើយ។ យើង​សុខចិត្ត​ស្លាប់​ដើម្បី​ការ​ពារ​ដី និង​​ផ្ទះ​របស់​យើង​”។

លោក ស្រ៊ុន ស្រ៊ន់ អភិបាល​​រង​ខេត្ត​ព្រះសីហនុ​បានមាន​ប្រសាសន៍​ថា អ្នក​តវ៉ា​យល់ព្រម​បើក​ផ្លូវវិញ ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះរបស់ខ្លួនបន្ទាប់ពី​លោក​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​​ពួកគាត់​។ លោក​បានមាន​ប្រសាសន៍​ថា ក្រុម​អ្នកភូមិ​បាន​​ជួប​ជាមួយ​លោក ឈិត សុខុន អភិបាល​ខេត្ត​កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​ពិភាក្សា​បញ្ហា​នេះ​បន្ថែម​ទៀត​។ លោក​បានមាន​ប្រសាសន៍​ថា “អាជ្ញាធរ​កំពុង​គិត​ពី​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់ពួកគាត់”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស