39.4 C
Phnom Penh

សកម្មជន​​មកពី​តំបន់​បឹង​កក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​​​បទ​អូសគ្រែ​ដាក់​លើ​ផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ម្សិលមិញ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ចំនួន​ប្រាំពីរ​នាក់ ដែល​នាំគ្នា​តវ៉ា​​​ចំពោះ​​ទឹក​ជំនន់​ដែល​ជន់​លិច​តំបន់​បឹង​កក់​​ក្នុង​ពេល​ថ្មីៗនេះ​ ដោយ​ពួកគាត​់​បាន​បន្ទោស​​លើ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មកពី​គណបក្ស​ប្រជា​ជន​​កម្ពុជា ដែល​បាន​បូម​​​ខ្សាច់​ចាក់​​​លុប​បឹងកក់​។ ក្រុម​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចោទ​ប្រកាន់​នៅ​ថ្ងៃនេះ​។front

សកម្មជន​ប្រហែល​២០​នាក់​បាន​នាំគ្នា​អូស​គ្រោង​គ្រែ​មួយ​ដាក់​លើ​មហាវិថី​ព្រះមុនីវង្ស​ នៅ​ខាង​មុខ​សាលា​រាជ​ធានី​​ ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បូម​ទឹក​ជំនន់​ដែល​ជន់​លិច​ផ្ទះ​សំបែង​មួយ​ចំ​នួន​របស់​ពួកគាត់​ចេញ។ អ្នក​តវ៉ា​បាន​​ប៉ះទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​ប្រហែល​កន្លះ​ម៉ោង បន្ទាប់ពី​សន្តិសុខ​បាន​រុញ​គ្រែ​ចេញ​ពី​​​ផ្លូវ​រួច​វាយ​បំបាក់​ជើង​គ្រែ​ចោល​។

បន្ទាប់មក​ អ្នក​តវ៉ា​​បាន​ចេញ​ពី​ផ្លូវ ហើយ​បន្ត​ការ​តវ៉ា​របស់​ខ្លួន​នៅ​ខាង​មុខ​សាលា​រាជ​ធានី​ទៀត​ ជាទី​ដែល​សកម្មជន​ចំនួន​ប្រាំពីរ​នាក់​ដែល​រួម​មាន​ទាំង​សកម្មជន​ដ៏ល្បី​ឈ្មោះ គឺ​អ្នកស្រី ទេព វន្នី ផង​ត្រូវ​បាន​ចាប់​ខ្លួន​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​​មាន​ប្រសាសន៍​ថា “យើង​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំពីរ​នាក់​ដែល​រំលោភ​ច្បាប់ ដោយ​នាំគ្នា​ទៅ​បិទ​ផ្លូវ​សាធារណៈ។ យើង​បាន​បញ្ជូន​ពួកគេ​​​ទៅ​ឲ្យ​នគរ​បាល​រាជ​ធានី​រួច​ហើយ ហើយ​នគរ​បាល​រាជធានី​នឹង​ធ្វើ​របាយការណ៍​”។

ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នង​ការ​នគរ​បាល​រាជ​ធានីភ្នំពេញ​បាន​លើក​ឡើង​ថា អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដែល​សុទ្ធតែ​ជា​ស្ត្រី​ទាំង​អស់​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដោយ​សារ​ការ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ចរាចរណ៍​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មិនដែល​គោរព​ច្បាប់​ទេ​។ យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ [នៅ​ថ្ងៃ​នេះ] ដោយ​យោង​តាម​មាត្រា​៧៨​នៃ​ច្បាប់​ចរាចរណ៍​ដែល​ចែង​យ៉ាង​ច្បាស់​ថា អ្នក​ដែល​ប្រើ​ប្រាស់​អ្វី​មួយ​ទៅ​រារាំង​​​ចរាចរណ៍​សាធារណៈ​នឹង​ត្រូវ​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១ខែ​ដល់​១ឆ្នាំ​”។

អ្នក​ភូមិ​បឹង​កក់​បាន​លើក​ឡើង​ថា រដូវ​វស្សា​​ដែល​ធ្វើ​ឲ្យ​ជន់​លិច​តំបន់​របស់ពួកគាត់​ ដោយ​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគាត់​ពោរពេញទៅ​ដោយ​ទឹក​ស្អុយ និង​សំរាម​នោះ​​បាន​ចាប់​ផ្ដើម​កាលពី​ឆ្នាំ​២០០៨ នៅ​ពេល​​ក្រុម​ហ៊ុន​ស៊ូកាគូអុីន របស់​លោក​ ឡាវ ម៉េងឃិន ជា​អ្នក​ជំនួញ​ម្នាក់ និង​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច​​​បាន​ចាប់​ផ្ដើម​បូម​​​​ខ្សាច់​ចាក់​​​លុប​បឹង​សម្រាប់​គម្រោង​អចលនទ្រព្យ​របស់​លោក​។

អ្នកភូមិ​បឹង​កក់​បាន​ចោទ​ប្រកាន់​សាលា​រាជ​ធានី​​ ថា​​​បាន​​ជួល​តំបន់​នេះ​ដែល​ជា​ជម្រក​សម្រាប់​អ្នកភូមិ​ប្រមាណ​៤.០០០​គ្រួសារ​ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ និង​បាន​បណ្ដេញ​អ្នកភូមិ​ភាគ​ច្រើន​ចេញ​ពី​ផ្ទះ​សំបែង​ដោយ​ខុស​ច្បាប់។

នៅ​កន្លែង​តវ៉ា​កាលពី​ម្សិលមិញ មុន​​ពេល​ត្រូវ​បាន​ចាប់​ខ្លួន ​អ្នកស្រី វន្នី បាន​លើក​ឡើង​ថា ផ្ទះ​​របស់​ពួកគាត់​ត្រូវ​ជន់​លិច​ដោយ​ទឹក​ស្អុយ​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ម្លេ៉ះ។ អ្នកស្រី​បាន​លើក​ឡើង​ទៀត​ថា សាលា​រាជ​ធានី​​ជា​អ្នក​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​នេះ​ ដោយអនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​បូម​​​ខ្សាច់​ចាក់​​​លុប​បឹង​ ហេតុដូច្នេះ​ហើយ​​សាលា​រាជ​ធានី​មាន​កាតព្វកិច្ច​ត្រូវ​តែ​បូម​ទឹក​ស្អុយ​នេះ​ចេញ​។

អ្នកស្រី​បាន​និយាយ​ថា “យើង​មិន​អាច​រស់​នៅ​បែប​នេះ​បាន​ឡើយ​។ យើង​មិន​អាច​ដេក​ពួន​បាន​នោះ​ទេ​ ហើយ​យើង​គ្មាន​កន្លែង​ចម្អិន​អាហារ​ ឬទៅ​បន្ទប់​ទឹកឡើយ​​​ ហើយ​យើង​កំពុង​ប្រឈម​នឹង​ការ​ឆក់​ខ្សែ​ភ្លើង​។ ទឹក​នេះ​ស្អុយ​ដូច​អាចម៍​អ៊ីចឹង​។ យើង​កំពុង​តែ​រស់​នៅ​ជាមួយ​ទឹក​លូ”។

លោក គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌ​​​​បាន​​​ប្រាប់​អ្នក​តវ៉ា​ថា មន្ត្រី​មូលដ្ឋាន​កំពុង​តែ​ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​ខ្លួន​អាច​ធ្វើ​បាន​​​ ​ព្រោះ​ថា ពិធី​បុណ្យអុំទូក​បាន​ចប់​ហើយ។ ពិធី​បុណ្យអុំទូក​រយៈ​ពេល​បីថ្ងៃ​បាន​បញ្ចប់​កាលពី​ថ្ងៃសុក្រ​។

លោក​ វុត្ថា បាន​ប្រាប់​អ្នក​តវ៉ា​ថា “​បន្ទាប់ពី​ពិធី​បុណ្យអុំទូក​យើង​​​បាន​ទៅ​ទីនោះ​​ដើម្បី​ជួយ​ភ្លាមៗ​។ កាលពី​ម្សិលមិញ ខ្ញុំ​បាន​ទៅ​​ជាមួយ​មនុស្ស​របស់​ខ្ញុំ​ដើម្បី​សម្អាត​តាំង​ពី​ព្រលឹម​ទល់​យប់។ យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់”។

លោក អំ សំអាត អ្នកគ្រប់​គ្រង​បច្ចេកទេស​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា អាជ្ញាធរ​គួរ​តែ​ខិត​ខំ​បន្ថែម​ទៀត​​​ដើម្បី​ជួយ​អ្នក​តវ៉ា​មិន​មែន​​ទៅ​ចាប់​ខ្លួន​ពួកគេ​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួកគាត់ ដែល​ទៅ​ចាប់​ខ្លួន​ពួកគាត់​នោះ​ ព្រោះ​សាលា​រាជ​ធានី​​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បូម​ទឹក​ចេញ​ពី​ផ្ទះ​សំបែង​របស់​​ពួកគាត់​ ដោយ​​​សារ​​​តែ​​​ សាលា​រាជ​ធានី​កំពុង​អភិវឌ្ឍ​តំបន់​នេះ​។ សាលា​រាជ​ធានី​គួរ​តែ​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​ តែ​​បែរ​ជា​​​អាជ្ញាធរ​ទៅ​​​ចាប់​ខ្លួន​ពួកគាត់ទៅវិញ​​​”។

​យោង​តាម​លោក ឡុង គឹមហ៊ាង អ្នក​នាំពាក្យ​​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ត្រឹម​ល្ងាច​ម្សិលមិញ​សាច់​ញាតិ​ប្រហែល​៣០​នាក់​របស់​ស្ត្រី​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​​បាន​មក​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​​ទីស្នាក់ការ​នៃ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​រាជ​ធានី​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ។

ក្នុង​ចំណោម​ស្ត្រី​ទាំង​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ មាន​ប្រាំ​នាក់​ស្ថិត​ក្នុង​ចំណោម​សកម្មជន​​តំបន់​បឹងកក់​ចំនួន​១៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១២ ដោយ​សារ​ការ​តវា៉​ប្រឆាំង​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​នៅ​លើ​ដី​ដែល​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន​នេះ​។

ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១២​នោះ សាលា​ដំបូង​រាជ​ធានី​​បាន​ចោទ​ប្រកាន់​​ស្ត្រី​ទាំង​នោះ​ពីបទ​រារាំង​ការ​បំពេញ​ការ​ងារ​របស់​​​មន្ត្រី​សាធារណៈ​ ហើយ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ ដោយ​ផ្ដន្ទាទោស​ពួកគាត់​ឲ្យ​ជាប់​ពន្ធនាគារ​​ក្នុង​ម្នាក់ៗ​ពីរ​ឆ្នាំ​កន្លះ​។

សាលា​ឧទ្ធរណ៍​បាន​ដោះ​លែង​ពួកគាត់​វិញ​មួយ​ខែ​ក្រោយ​មក បន្ទាប់ពី​បន្ធូរ​បន្ថយ​ទោស​ជាប់ពន្ធនាគារ​របស់​ពួកគាត់​ ប៉ុន្តែ​បាន​តម្កល់​ការ​ផ្ដន្ទាទោស​នេះ​រហូត​មក​ទល់ថ្ងៃ​នេះ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស