38.8 C
Phnom Penh

ឧកញ៉ាលេច​ធ្លោ​ម្នាក់​ត្រូវ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​តាម​បាញ់​​ប្រហារ​មួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនួញ​ដ៏​លេចធ្លោម្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ស្លាប់​បន្ទាប់ពី​​ខ្មាន់​​កាំភ្លើង​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់​ត្រូវ​​ចំនួន​ប្រាំមួយ​គ្រាប់​នៅ​ខាង​ក្រៅ​ហាង​លក់​ផ្លែឈើ​មួយ​ក្នុង​ខណ្ឌ​ចំមន កាលពី​ថ្ងៃ​សៅរ៍។

នគរ​បាល​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា​ អុឹង ម៉េងជឺ ​អាយុ​៥៣​ឆ្នាំ​ ម្ចាស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​​​​ទើប​តែ​ចុះ​ពី​រថយន្ត​ម៉ាក Lexus របស់​លោក​នៅ​ខាង​មុខ​ហាង​លក់​ផ្លែ​ឈើ​ ឡោ តិច​សេង តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ នៅ​ម៉ោង​ប្រហែល​៧យប់​ នៅ​ពេល​នោះ​លោក​ក៏​បាន​រង​ការ​បាញ់​​ប្រហារ​តែ​ម្ដង។

លោក​ ប៉ុល ដាវី មេបញ្ជាការរង​​កង​រាជ​អាវុធហត្ថ​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​ករណី​ឃាតកម្ម​គ្រោង​ទុក​ជាមុន​។ យើង​មិន​ទាន់​កំណត់​ថា តើ​ឃាតកម្ម​នេះ​​​មាន​ជាប់​ទាក់​ទិន​នៅ​ក្នុង​ជំនួញ​ណាមួយ​របស់​លោក​នៅឡើយ​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” យើង​ទទួល​បាន​វីដេអូឃ្លីប​មួយ​ពី​អ្នក​ដែល​មាន​សណ្ដាន​ចិត្ត​ល្អ​មួយ​ចំនួន​​នៅ​ក្បែរ​ហាង​លក់​ផ្លែឈើ​​ក្បែរ​ផ្លូវ​ដែល​ថត​បាន​សកម្មភាព​ [បាញ់​ប្រហារ​នេះ]។ ឥឡូវ​នេះ យើង​កំពុង​តែ​ស៊ើបអង្កេត​ដើម្បី​​តាម​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​”។

លោក អុឹង ម៉េងជឺ មាន​ជំនួញ​មួយ​​ចំនួន​ រួម​ទាំង​ក្រុម​ហ៊ុន​លក់​សម្ភារសំណង់​​​​ Seng Hong Heng Import Export & TransportCo.Ltd ដែល​ក៏ហៅ​ថា Shimmex និង​ហាង​លក់​ពេជ្រ ព្រម​ទាំង​ក្រុម​ហ៊ុន​អចលនទ្រព្យ​ផង​ដែរ​។

ខ្សែអាត់​វីដេអូ​កាមេរ៉ាសុវត្ថិភាព​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​​ និង​ចែក​រំលែក​តាម​អុីន​ធើណិត​កាលពី​ម្សិល​មិញ បង្ហាញ​ថា អំពើ​ឃាត​កម្ម​​នេះ​បាន​កើត​ឡើង​​​នៅ​ខាង​មុខ​ហាង​លក់​ផ្លែឈើ​មួយ​។ ខណៈ​លោក អុឹង ម៉េងជឺ ដើរ​ចេញ​ពី​រថយន្ត​​សេរីថ្មី​របស់​លោក​ បុរស​ម្នាក់​​​ពាក់​​អាវ​ពណ៌ស​ ហើយ​ពាក់​មួក​កាតឹប​ពណ៌​ខ្មៅ​​បាន​ដើរ​ពីក្រោយ​គាត់​ ហើយ​បាន​បាញ់​​ប្រហារ​ជាលើក​​ទី១។

លោក អុឹង ម៉េងជឺ បាន​ដួល​ទៅ​លើ​ដី ហើយ​បែរ​មុខ​ទៅ​រក​ខ្មាន់​កាំភ្លើង​ដែល​​បាញ់​បន្ថែម​ជាច្រើន​គ្រាប់​ទៀត​មុន​ពេល​​កាំភ្លើង​របស់​​ខ្មាន់​កាំភ្លើង​ទំនង​ជា​បាញ់​មិន​ចេញ​។ អ្នកជំនួញ​រូប​នេះ​​បាន​​ក្រោក​ឡើង​វិញ​ ហើយ​ទំនង​ជា​និយាយ​ទៅ​កាន់​ខ្មាន់​កាំភ្លើង​មុន​ពេល​​ខ្មាន់​កាំភ្លើង​បន្ត​បាញ់​ប្រហារ​។ ប៉ុន្មាន​វិនាទី​ក្រោយ​មក​ លោក​ អុឹង ម៉េងជឺ បាន​ដួលទៅ​លើ​ដី​ ហើយ​ខ្មាន់​កាំភ្លើង​បាន​គេច​ខ្លួន​បាត់​​។

ឆេង ផេត អាយុ​១៧​ឆ្នាំ​ បុគ្គលិក​ម្នាក់​នៅ​ហាង​លក់​ផ្លែឈើ​ដែល​ជា​អ្នក​បើក​ទ្វារ​រថយន្ត​​ឲ្យ​លោក អុឹង ម៉េងជឺ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ឮស្នូរ​កំភ្លើង​យ៉ាង​តិច​១០គ្រាប់​។ ឆេង ផេត បាន​និយាយ​នៅ​ខាង​ក្រៅ​ហាង​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​ស្ថិត​នៅ​ចំណុច​កណ្ដាល​រវាង​ពួកគេ​។ ខ្ញុំ​បាន​រត់​ទៅ​ពួន​ក្បែរ​ដើមឈើ​មួយ​ដើម​បន្ទាប់ពី​​ការ​បាញ់​ប្រហារ​លើក​​ទី២ ដើម្បី​ការ​ពារ​ជីវិត​”។

ឆេង ផេត បាន​ឲ្យ​ដឹង​បន្ត​ថា ខ្លួន​បាន​ឃើញ​​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាកហុង​ដាឌ្រីម​ពណ៌​ខ្មៅ​មួយ​គ្រឿង​​មក​ឈប់​ពី​ក្រោយ​រថយន្ត​របស់​លោក អុឹង ម៉េង​ជឺ ​នៅពេល​អ្នក​​ជំនួញ​រូប​នេះ​បាន​មក​ដល់​ហាង​លក់​ផ្លែឈើ​។ បុរស​ម្នាក់​​បាន​ចុះពី​លើ​ម៉ូតូ​ ហើយ​ដើរ​ពីក្រោយ​អ្នក​ជំនួញ​រូប​នេះ​ស្ងាត់ៗ រួច​ក៏បាញ់​ប្រហារ​តែ​ម្ដង។

​ឆេង ផេត បាន​និយាយ​​ទៀត​ថា “គាត់​បាន​ដួល​ទៅ​លើ​ដី​បន្ទាប់ពី​ត្រូវ​ចំនួន​បីគ្រាប់​ ប៉ុន្តែ​បន្ទាប់​មក​គាត់​បាន​ងើប​ឈរ​វិញ។ គាត់​ព្យាយាម​រត់​សំដៅ​ទៅ​រក​ជនសង្ស័យ​ ប៉ុន្តែ​ជន​សង្ស័យ​បាន​​ព្យាយាម​បាញ់​ប្រហារ​ហើយ​បាញ់​ប្រហារ​ទៀត​”។ យុវជន​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ខ្មាន់​កាំភ្លើង​​​គ្មាន​និយាយ​អ្វី​ឡើយ​អំឡុង​​ពេល​បាញ់​ប្រហារ​ ទោះ​បី​ជា​កាំភ្លើង​របស់​គេ​បាញ់​មិន​ចេញ​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី​។ យុវជន​រូប​នេះ​បាន​និយាយ​ថា “ដំបូង​ គ្រាប់​កាំភ្លើង​បាញ់​​មិន​ចេញ​ទេ ប៉ុន្តែ​​វា​​ព្យាយាម​បាញ់​ម្ដង​ហើយ​ម្ដង​ទៀត​។ វា​បាញ់​យ៉ាង​តិច​១០គ្រាប់​”។

យោង​តាម​របាយការណ៍​របស់​នគរ​បាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា លោក អុឹង ម៉េងជឺ ត្រូវ​គ្រាប់​ចំនួន​ប្រាំមួយ​គ្រាប់ ហើយ​សុទ្ធ​តែ​ត្រូវ​ចំ​ដង​ខ្លួន​។

កាលពី​រសៀល​ម្សិលមិញ ​បុរស​​ដែល​មាន​មាឌ​ធំៗ​ប្រហែល​ប្រាំមួយ​នាក់​បាន​ឈរ​យាម​នៅ​ខាង​មុខ​ហាង​លក់​ពេជ្រ​ហុង​កុង​​ដែល​​បិទ​ទ្វារ​នៅ​ក្បែរ​ផ្សារ​ធំថ្មី​។ ពួកគេ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ឡើយ ប៉ុន្តែ​បុរស​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​និយាយ​ថា ខ្លួន​គឺ​ជា​មន្ត្រី​នគរ​បាល​ដែល​ត្រូវ​បាន​ចាត់​តាំង​​ឲ្យ​មក​យាម​​ហាង​នេះ​រហូត​ដល់​ពិធី​បុណ្យ​សព​លោក អុឹង ម៉េងជឺ ចប់​​រួច​រាល់​។

អំឡុង​ពិធី​បុណ្យ​សព​នៅ​ផ្ទះ​របស់​អ្នក​ជំនួញ​រូប​នេះ​ក្នុង​​ខណ្ឌ​សែន​សុខ ​ដែល​​មន្ត្រី​នគរ​បាល​កំពុង​​យាម​​ លោក អុឹង ប៉ោតិច អាយុ​២០​ឆ្នាំ ​ជា​ក្មួយ​ប្រុស​របស់​អ្នក​ជំនួញ​រូប​នេះ​បាន​លើក​ឡើង​ថា ខ្លួន​មិន​អាច​ផ្ដល់​ព័ត៌មាន​អ្វី​បន្ថែម​លើ​ករណី​ឃាត​កម្ម​នេះ​​បាន​ទេ​។ លោក​បាន​និយាយ​ថា “ខ្ញុំ​អត់​ដឹង​ថា នរណាជា​ឃាត​ករ​ឡើយ ហើយ​យើង​ទុក​ករណី​នេះ​ឲ្យ​នគរ​បាលជា​អ្នក​ដោះស្រាយ​។ ខ្ញុំ​មិន​អាច​ប្រាប់​អ្វី​បាន​ឡើយ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស