32.5 C
Phnom Penh

បន្ទាប់ពី​មាន​ការ​សម្រប​សម្រួល គណបក្ស​សង្គ្រោះជាតិ​វិល​ទៅ​រក​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ខ្សាច់​កណ្តាល, ខេត្ត​កណ្តាល-ដោយ​ដាក់​ចេញ​នូវ​ការងារ​ថ្នាក់​មូលដ្ឋាន​សម្រាប់​រយៈ​ពេល​យូរ​អង្វែង​របស់​គណបក្ស​ប្រឆាំង​រហូត​ដល់​ការ​បោះ​ឆ្នោត​នៅ​ដើម​ឆ្នាំ​២០១៧​និង​២០១៨​នោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​សប្តាហ៍ បាន​វិល​ទៅ​រកមូលដ្ឋាន​របស់​បក្ស​លោក​ជាថ្មី​ទៀត​ ដើម្បី​បញ្ចុះ​បញ្ចូល​ពន្យល់​អំពី​ការ​សម្រប​សម្រួល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។cam-photo-kem-sokha

បើទោះជា​មិន​មែន​លើក​ដំបូង​ទេ​ដែល​លោក កឹម សុខា ឬ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​លើក​មក​បញ្ជាក់​ថា កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​វិធី​ល្អ​បំផុត​ដើម្បី​ឈ្នះ​គណបក្ស​នេះ​ក្តី ក៏​ការ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​គឺ​ជា​ឱកាស​ទី១​របស់​គណបក្ស​ប្រឆាំង ដើម្បី​ការពារ​សេចក្តី​លម្អិត​នៃ​ទម្រង់​បោះ​ឆ្នោត ដែល​បាន​ចរចា​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

ថ្លែង​នៅ​មុខ​អ្នក​គាំទ្រ​ប្រហែល​២៥០​នាក់​ក្នុង​ខេត្ត​កណ្តាល​កាលពី​ថ្ងៃ​អាទិត្យ លោក សុខា បាន​ណែនាំ​កុំ​ឲ្យ​មាន​ការ​បាក់​ទឹកចិត្ត នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​នេះបង្ខំ​ចិត្តធ្វើ​តាម​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ដែល​បាន​សន្យា​រួច​ហើយ។

លោក​បាន​ប្រាប់​អ្នក​មក​ចូលរួម​ស្តាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រឈម​នឹង​រដ្ឋាភិបាល ដែល​ពូកែ​ខាង​បង្ក្រាប​យ៉ាង​ហិង្សា។

លោក កឹម សុខា បាន​រំឭក​ក្រុម​អ្នក​គាំទ្រ​ថា “ជំហាន​ទី១​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គឺ​ទៅ​បោះ​ឆ្នោត។ បន្ទាប់ពី​ការ​បោះ​ឆ្នោត យើង​មិន​បាន​ឃើញ​ពួកគេ​បង្ហាញ​លទ្ធផល​ពិត​…​ពេល​នោះ​យើង​បាន​ទាមទារ​ឲ្យ​ពួកគេ​ពិនិត្យ​លទ្ធផល​ជាថ្មី ប៉ុន្តែ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​យើង​ពិនិត្យ​មើល ឬ​ស៊ើបអង្កេត​ទេ”។

លោក​បាន​បន្ថែម​ទៀត​ថា “ពេល​ដែល​យើង​មិន​បាន​ឃើញ​លទ្ធផល​ពិត យើង​បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម ធ្វើ​បាតុកម្ម​និង​តវ៉ា​ដើម្បី​ទាមទារ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន”។

លោក សុខា ដែល​បាន​ចំណាយ​ពេល​ថ្ងៃ​សៅរ៍​នៅ​វេទិកា​ក្នុង​ខេត្ត​ព្រះសីហនុ បាន​រំឭក​ឡើងវិញ​ថា ការ​តវ៉ា​សម្រេច​បាន​លទ្ធផល​ជាក់ស្តែង​មួយ​ចំនួន ហើយ​នាំ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា ការ​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ជម្រើស​តែ​មួយ​គត់។

លោក សុខា បាន​និយាយ​ថា “គណបក្ស​កាន់​អំណាច​មិន​បាន​ប្តូរ​ជំហរ​របស់​ខ្លួន​ទាល់​តែ​សោះ ​សូម្បី​មាន​ប្រជាជន​រាប់លាន​នាក់​ធ្វើ​បាតុកម្ម​ក៏ដោយ។ គណបក្ស​នេះ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​អ្នក​តវ៉ា។ ពួកគេ​ហ៊ាន​សម្លាប់​ប្រជាជន”។ លោក សុខា​ បាន​បន្ត​ថា “ដូច​បងប្អូន​ឃើញ​ហើយ ពួកគេ​គ្មាន​សីលធម៌ ឬគុណធម៌​ទេ។ យើង​ដឹង​សារជាតិ​របស់​គេ ថា​ពួកគេ​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​ធ្លាប់​សម្លាប់​ប្រជាជន ហើយ​ពួកគេ​នឹង​បន្ត​សម្លាប់​ប្រជាជន​ដោយ​គ្មាន​ញញើត​ឡើយ”។

កាលពី​ថ្ងៃសុក្រ លោក សម រង្ស៊ី និង​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឈាន​ដល់​ការ​សម្រប​សម្រួល​មួយ​ទាក់ទិន​នឹង​សេចក្តី​លម្អិត​មិន​ចុះ​សម្រុង​គ្នា​ដែល​នៅ​សេសសល់​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃទី​២២​កក្កដា ដែល​នាំ​ឲ្យ​សមាជិក​សភា​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​ខ្លួន​រយៈ​ពេល​១០​ខែ។

លោក ហ៊ុន សែន បាន​សន្យា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​ស្ថានីយ​ទូរទស្សន៍​អាណាឡូក​មួយ ដែល​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ការ​សន្យា​កាលពី​ថ្ងៃ​ទី​២២​ខែ​កក្កដា ប៉ុន្តែ​​លោក ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មិន​អាច​ផ្តល់​ឲ្យ​បាន​ទេ។

ជា​ថ្នូរ គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​បដិសេធ​មិន​ទទួល​យក​បម្រាម​លើ​អ្នក​មាន​សញ្ជាតិ​ពីរ​ក្នុង​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​មាន​សមាជិក​៤​រូប​មកពី​គណបក្ស​នីមួយៗ និង​បេក្ខជន​ទី​៩​គឺ​អព្យាក្រិត្យ។

លោក សុខា បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ក្បត់​ឆន្ទៈ​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​​ឈប់​តវ៉ា​តាមផ្លូវ​កាលពី​ខែ​កក្កដា ហើយ​ក៏​ចាប់​ផ្តើម​ចរចា​ជាមួយ​គណបក្ស​ប្រជាជន។ លោក​បាន​បន្ត​ទៀត​ថា “ការ​ប្តូរ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​បោះឆ្នោត​ត្រឹមត្រូវ ឬ​តាម​រយៈ​បះបោរ។ ដូច​បងប្អូន​ដឹង​ហើយ​ថា ​​ការ​ផ្លាស់ប្តូរ​របប​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៧០ ទីបញ្ចប់ ខ្មែរ​នៅតែ​សម្លាប់​ខ្មែរ”។ លោក​និយាយ​ថា “ការ​ផ្លាស់ប្តូរ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សង្គ្រាម​របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៥​បាន​បង្ហូរ​ឈាម។ ការ​ប្តូរ​របប​បាន​ធ្វើ​ឡើង​ដោយ​ពឹងផ្អែក​លើ​ជន​បរទេស​នៅ​ឆ្នាំ​១៩៧៩ ហើយ​ខ្មែរ​នៅតែ​រង​ទុក្ខ”។

លោក កឹម សុខា បាន​និយាយ​ថា “ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​ផ្លូវ​មួយ។ ការ​ផ្លាស់ប្តូរ​ត្រូវ​ធ្វើ​ឡើង​តាមការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ ប្រសិនបើ​ការ​ផ្លាស់​ប្តូរ​ធ្វើ​ឡើង​តាម​ការ​បោះឆ្នោត ចាំបាច់​ត្រូវ​មាន​ការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​គ.ជ.ប.”។

ការ​បោះ​ឆ្នោត​ជាតិ​លើក​ក្រោយ​ឥឡូវ​នេះ​គ្រោងធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨។ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​១.៦០០​នាក់​គ្រោង​ធ្វើ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧។

លោក សុខា បាន​និយាយ​ទៀត​ថា ទម្រាំ​ដល់​ពេល​នោះ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាប់​ផ្តើម​ប៉ះប៉ូវ​ទៅលើ​”ការ​ស្ងៀមស្ងាត់”​នៅ​ពេល​ថ្មីៗ​របស់​ខ្លួន ដែល​លោក​បាន​និយាយ​ថា ដោយសារ​ការងារ​មមាញឹក​របស់​ខ្លួន​នៅ​ក្នុង​សភា ដែល​ដាក់​បញ្ចូល​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី​២២​ខែ​កក្កដា​ទៅ​ក្នុង​ច្បាប់។

លោក​ សុខា​ បាន​ឲ្យ​ដឹង​ថា “សមាជិក​សភា​គួរ​កំណត់​ពេល​វេលា​ច្បាស់លាស់ សម្រាប់​ការ​អង្គុយ​ក្នុង​ការិយាល័យ​តំណាង​រាស្ត្រ​របស់​ខ្លួន​នៅ​តាម​ខេត្ត ហើយ​នៅ​ក្នុង​ខេត្ត​នីមួយៗ​មាន​ការិយាល័យ​​តំណាង​រាស្ត្រ​មួយ។ ក្នុង​ពេល​កន្លង​មក ការិយាល័យ​​តំណាង​រាស្ត្រ​តាម​ខេត្ត​បាន​បិទ​ទ្វារ​មិន​ដំណើរការ​ទេ ហើយ​ស្មៅដុះ​ពេញ និង​មាន​គោ​ចូល​ស៊ី​ស្មៅ​នៅទី​នោះ​ទៀតផង”។

លោក សុខា ក៏​បាន​អំពាវនាវ ដល់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​កុំ​ឲ្យ​ចាញ់​ល្បិច​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​បាន​និយាយ​ថា បាន​ប្រឹងប្រែង​បំបែក​គណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​មក​ដល់។

លោក សុខា បាន​និយាយ​ទៀតថា “គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​ឯកភាព​និង​សាមគ្គី​ភាព​រឹងមាំ។ ភាព​ខ្សោយ​របស់​យើង​គឺ​ការ​បែកបាក់​គ្នា។ ប្រសិនបើ​ពួកគេ​បំបែក​យើង​បាន​ យើង​ចាញ់។ ពួកគេ​មិន​ធ្វើអ្វី​ក៏ដោយ ទោះបីជា​គ.ជ.ប.​ត្រូវ​ប្តូរ​ក៏ដោយ បើ​យើង​បែកបាក់​គ្នា យើង​ចាញ់”៕មានិត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស