33.2 C
Phnom Penh

​ UN នៅ​តែ​ទៅ​ជួប​ជាមួយ​ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា ទោះបីជា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អង្គការ​សហប្រជាជាតិ​បាន​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​ទៅ​ជួប​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជនជាតិភាគតិច​ម៉ុងតាញ៉ាចំនួន​១៣​នាក់ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី ទោះបីជា​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា អង្គការ​​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល តែ​មក​ទល់​នឹង​ពេល​នេះ​​មិន​ទាន់​មាន​ការ​អនុញ្ញាត​​​ពីរដ្ឋាភិបាលនៅឡើង។

នគរ​បាល​មូលដ្ឋាន​កំពុង​តែ​តាម​ស្វែងរក​​ជនជាតិភាគតិច​ម៉ុងតាញ៉ា​​ ដែល​​បោះ​ជំរុំ​នៅ​ក្នុង​ព្រៃ​ចាប់​តាំង​ពី​គេច​ខ្លួន​ពី​ប្រទេស​វៀតណាម​​ជាង​៥សប្ដាហ៍​កន្លង​មក​នេះ​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​កន្លែង​លាក់​ខ្លួន​របស់​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉​ទាំង​នេះ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​សប្ដាហ៍​មុន សមាជិក​នៃ​ក្រុម​​ជនជាតិ​ភាគ​តិច​នេះ ដែល​រួម​មាន​បុរស​ចំនួន​១២​នាក់ និង​ស្ត្រី​ម្នាក់​បាន​និយាយ​ថា ពួកគេ​នឹង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់ធ្ងរ​ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ហើយ​ពួកគេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជួយ​សង្គ្រោះ​ផង​ដែរ​​។

លោកស្រី Wan-Hea Lee ប្រធាន​​ការិយាល័យ​​ឧត្ដម​ស្នង​ការ​​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) បាន​​លើក​ឡើង​ថា តំណាង​ការិយាល័យ​អ្នកស្រី​ និង​តំណាង​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ (UNHCR) បាន​ធ្វើ​ដំណើរ​ទៅជួប​ជាមួយ​​ជនជាតិភាគតិច​ម៉ុងតាញ៉ា​​កាលពី​ម្សិលមិញ។

លោកស្រី Lee បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ ហើយ​ខ្ញុំ​អាច​និយាយ​បាន​​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ។ ក្រុម​ការ​ងារ​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​រដ្ឋាភិបាល​​ត្រូវ​បាន​ជូន​ដំណឹង​ ហើយ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ដែរ​។ ខ្ញុំ​មិន​អាច​និយាយ​អំពី​កម្មវិធី​នេះ​បាន​ទេ ប៉ុន្តែ​ពួកគេ​ទៅ​ទីនោះ​ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​”។

លោកស្រី​ វីវៀន តាន មន្ត្រី​ផ្នែក​ព័ត៌មាន​​ប្រចាំ​តំបន់​របស់​ UNHCR ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​កំពុង​តែ​មាន​ការ​ធ្វើ​ដំណើរ​ទៅ​ហើយ។

លោកស្រី​បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​ថា ” តំណាង UNHCR និង​ OHCHR កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ទៅ​ជួប​​ហើយ​​និយាយ​ជាមួយ​ក្រុម​ជនជាតិ​ភាគ​តិច​នេះ​នៅ​ក្នុង​ខេត្ត​រតនគិរី។ ខ្ញុំ​មិន​ទាន់​ទទួលបាន​ព័ត៌មាន​ថ្មី​ណាមួយ​ពី​ក្រុម​​ការ​ងារ​​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏មិន​ដឹង​អំពី​ព័ត៌មាន​លម្អិត​ថា​តើ​ផែន​ការ​របស់​ពួកគេ​ជា​អ្វី​នោះ​ដែរ​”។

អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នេះ ដែល​សុទ្ធតែ​ជា​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុម​ចំនួន​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ស្រុក​លំផាត់ បាន​និយាយ​ថា ពួកគេ​ប្រឈម​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​​ក្នុង​​ប្រទេស​វៀតណាម​។ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​​មូលដ្ឋាន​បាន​ផ្ដល់​ជម្រក អាហារ និង​ទឹក​ដល់​ក្រុម​ជនជាតិភាគតិច​ទាំង​នេះ​។

ប៉ុន្តែ​អាជ្ញាធរ​​គ្មាន​មេត្តា​ចំពោះ​ក្រុម​នេះឡើយ ដោយ​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​ចាត់​ទុក​ពួកគេ​ជា​ ” ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​” កាលពី​ដើម​សប្ដាហ៍​នេះ​។ សំណើ​ជា​ច្រើនលើក​ច្រើន​សារ​ដែល​អង្គការ​សហប្រជាជាតិ​​ស្នើ​ដល់​ក្រសួងមហាផ្ទៃ​ ដើម្បី​ជួប​ជាមួយ​​ជនជាតិភាគតិច​ម៉ុងតាញ៉ា​​ មិន​ដែល​ទទួល​បាន​ចម្លើយ​ទេ​ចាប់​តាំង​ពី​សំណើ​លើក​ដំបូង​ដែល​ស្នើ​​ទៅ​ក្រសួង​កាល​ពី​ថ្ងៃ​សុក្រ​នោះ​។

លោក ថោង សាវុន អភិបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា តំណាង​របស់​អង្គការ​សហប្រជាជាតិ​​​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​​ជនជាតិភាគតិច​ម៉ុងតាញ៉ា​​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “តើ​ពួកគេ​អាច​ជួប​ជាមួយ​ជនជាតិ​ភាគ​តិច​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច​ទៅ ប្រសិន​បើ​យើង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ក្នុង​ព្រៃ​នោះ?”។ លោក​បាន​បន្ថែម​ថា លោក​គ្មាន​ផែន​ការ​ទទួល​គណៈប្រតិភូ​ទាំង​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​គ្មាន​គម្រោង​ជួប​ពួកគេ​ទេ ព្រោះ​ពួកគេ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ ដែល​​បញ្ជាក់​​ថា​ពួកគេ​អាច​បំពេញ​បេសកកម្ម​នៅ​លើ​ទឹកដី​​ខេត្ត​របស់​ខ្ញុំ​”។

ដោយ​និយាយ​ដូច​គ្នា​នឹង​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ ដែរ​នោះ លោក សាវុន បាន​លើក​ឡើង​ថា ក្រុម​​ជនជាតិភាគតិច​នេះ​​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​ខុស​ច្បាប់​ ហើយ​នឹង​ត្រូវ​និរទេស​ខ្លួន​ទៅវិញ​ប្រសិន​បើ​ចាប់​បាន​ពួកគេ​។

លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា ” យើង​កំពុង​តែ​ស្វែង​រក​ជនទាំង​នោះ​ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​​ប្រទេស​របស់​ខ្លួន​វិញ ព្រោះ​​ពួកគេ​មិន​មែន​​ជាជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ា ឬ​ចារា៉យ​ឡើយ ប៉ុន្តែ​ជា​ជនបរទេស​ដែល​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​”។

ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​នៅ​ប្រទេស​វៀតណាម​ ដែល​ក៏​មាន​ឈ្មោះ​ថា Degar ដែរ​នោះ ត្រូវ​បាន​ផ្ដន្ទាទោស​ជាយូរ​មក​ហើយ​ពីបទ​ជួយ​គាំទ្រ​កង​កម្លាំង​របស់​សហរដ្ឋអាមេរិក​ និង​បារាំង​អំឡុង​សង្គ្រាម​នៅ​ឥណ្ឌូចិន​ទាំង​លើក​ទី១ និង​លើក​ទី២។ ពួកគេភាគច្រើន​កាត់​សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់​ ដែល​រដ្ឋាភិបាល​វៀតណាម​​មិន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ព្រះវិហារ​របស់​​ជនជាតិភាគតិច​ម៉ុងតាញ៉ា​​ចន្លោះ​ឆ្នាំ២០០១​និង​២០១១​។

ពួកគេ​រាប់​ពាន់​នាក់​បាន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​អំឡុង​ពេល​នោះ។ ទីបំផុត​​ពួកគេ​ជាង​១.០០០​នាក់​​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ និង​ទីលំនៅ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ខណៈ​ពួកគេ​រាប់​រយ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​និរទេស​​ទៅ​ប្រទេស​កំណើត​វិញ​។ ហើយ​មាន​សេចក្ដី​រាយការណ៍​ថា អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ និង​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​។

លោក Pham Thu Hang អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ​កំពុង​តែ​ឃ្លាំ​មើល​រាល់​សកម្មភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី។ លោក​បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​ថា “យើង​កំពុង​តែ​​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​​ពី​ព័ត៌មាន​នេះ។ វា​គួរ​តែ​ត្រូវ​បាន​គូស​បញ្ជាក់​ថា ពលរដ្ឋ​នៃ​ប្រទេស​ទាំង​អស់​​ត្រូវ​តែ​គោរព​តាម​ច្បាប់​​របស់​ប្រទេស​ខ្លួន​ ក៏ដូច​ជា​ច្បាប់​ស្ដីពី​ការ​ធ្វើ​អន្តោប្រវេសន៍​ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​”៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស