28.4 C
Phnom Penh

មេខ្លោង​ឃាតកម្ម​កំពុង​គេចខ្លួន ចំណែក​ឯ​ឪពុកម្តាយ​ត្រូវ​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការ​ចូលឆែក​ផ្ទះ​កាលពី​យប់មិញ នគរបាល​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​ឪពុក​ម្តាយ របស់​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​ជាន់​ខ្ពស់​ម្នាក់ ដែល​គេ​សង្ស័យ​ថា​ជា “​មេ​ខ្លោង​”​ នៅ​ពីក្រោយ​ការ​សម្លាប់​ឧកញ៉ា​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ខែ​មុន គឺតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពីឪពុក​ម្តាយ​របស់​ជន​សង្ស័យ​បាន​ប្រកាស​ថា ពួកគេ​បាន​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​លាក់​ខ្លួន។front

ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ នាយរង​ខុទ្ទកាល័យ​ក្រសួង​ការពារ​ប្រទេស ត្រូវ​គេ​សង្ស័យ​ថា​បាន​រៀបចំ​ឃាតកម្ម​ព្រៃផ្សៃ​លើ ឧកញ៉ា អឹុង ម៉េងជឺ ដែល​ត្រូវ​បាន​គេ​បាញ់​៦​គ្រាប់​នៅ​ខាងក្រៅ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ទី២២​ខែ​វិចិ្ឆកា។

សារ​មួយ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សាលា​ក្រុង​នៅ​ម៉ោង​ប្រហែល​៨​យប់ ដែល​មាន​ទាំង​រូបថត​ប៉ូលិស​ព័ទ្ធ​ផ្ទះ​របស់​គ្រួសារ​ឧត្តម​សេនីយ៍​ទោ​ ថោង សារ៉ាត់ ផង​បាន​ឲ្យ​ដឹង​ថា “ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ឧកញ៉ា ថោង សារ៉ាត់ ជា​មេខ្លោង​​ក្នុង​ការ​សម្លាប់​លោក អឹុង ម៉េងជឺ”។

ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា “អាជ្ញាធរ​ឃាត់​ខ្លួន​ឪពុកម្តាយ​របស់​ឧកញ៉ា ថោង សារ៉ាត់ នៅ​ពេល​ដែល​ឧកញ៉ា ថោង សារ៉ាត់ គេច​ខ្លួន”។

លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ឪពុក​ម្តាយ​របស់​ឧត្តម​សេនីយ៍​ទោ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភូមិគ្រឹះ​របស់​ពួកគេ​ ក្នុង​សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ និង​បាន​និយាយថា ​ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង ដើម្បី​សាកសួរ។​ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឃាត់​ខ្លួន​មនុស្ស​៤​នាក់​និង​អង្គរក្ស​ប្រហែល​៨​នាក់​ដើម្បី​សួរ​ចម្លើយ ហើយ​យើង​បាន​រឹបអូស​កាំភ្លើង​៦​ដើម និង​កំពុង​ស្វែងរក​ចាប់ [ឧត្តមសេនីយ៍​ទោ សារ៉ាត់]។

មន្ត្រី​ប៉ូលិស​ប្រដាប់​អាវុធ​ប្រហែល​៥០​នាក់​ត្រូវ​បាន​គេ​ឃើញ​នៅ​ផ្ទះ​ចាក់អង្រែ​ក្រោម​នោះ​មុន​ម៉ោង​៩​យប់​បន្តិច ដោយ​ខ្លះ​ស្ពាយ​កាំភ្លើងអាកា៤៧​យាម​ផ្ទះ​នោះ ខ្លះទៀត​ប្រើ​ពិល​ស្វែងរក​ភ័ស្តុតាង​ក្នុង​ផ្ទះ។

ប៉ូលិស​ក៏​បាន​ឆែក​ភូមិគ្រឹះ​នៅ​សង្កាត់​បឹង​ទំពុន​របស់​ឧត្តមសេនីយ៍​ទោ សារ៉ាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា​ ដែល​ទទួលបានកិត្តិយសជា​ពាណិជ្ជករ​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ ហើយដែល​ធម្មតា​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​បាន​និយាយ​​តាម​ទូរស័ព្ទ​នៅ​ម៉ោង​ប្រហែល​៩​យប់​ថា “យើង​មិន​ទាន់​បាន​រកឃើញ [ឧត្តម​សេនីយ៍​ទោ សារ៉ាត់]​នៅ​ឡើយ​ទេ។ អាជ្ញាធរ​កំពុង​តែ​ធ្វើ​ការ”។

កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ប៉ូលិស​ក្រុង​បាន​ឲ្យ​ឧត្តម​សេនីយ៍​ទោ សារ៉ាត់ ឈប់​អែបខាង​ ពេល​គាត់​កំពុង​បើកបរ​តាម​ផ្លូវ​លេខ២៧១ ជិត​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ បន្ទាប់​មក ពួកគេ​បាន​ឃាត់​ខ្លួន​អង្គរក្ស​៣​នាក់​របស់​គាត់​នៅ​ស្នងការ​ដ្ឋាន​ប៉ូលិស​ក្រុង ហើយ​បាន​សាកសួរ​ជំុវិញ​រឿង​ឃាតកម្ម​លើ​លោក អឹុង ម៉េងជឺ ប៉ុន្តែ បាន​អនុញ្ញាត​ឲ្យ​ឧត្តមសេនីយ៍​ទោ សារ៉ាត់​ចាកចេញ​មកវិញ​។

ការ​ចាប់​ខ្លួន​កាលពី​យប់​មិញ​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ឪពុក​ម្តាយ​ឧត្តមសេនីយ៍​ទោ សារ៉ាត់ គឺ​លោក ថោង ចំរើន និង អ្នកស្រី កែវ សារី បាន​ធ្វើ​សន្និសីទ​កា​សែត​នៅ​ពេល​រសៀល​នៅ​ផ្ទះ​របស់​ពួកគេ ដោយ​រិះគន់​ប៉ូលិស​ក្រុង​ព្រោះ​ស្វែងរក​ចាប់​ខ្លួន​កូន​ប្រុស​របស់​ពួកគាត់ និង​បាន​ទាមទារ​ឲ្យ​លោក ជួន សុវណ្ណ​ ស្នងការ​ប៉ូលិស​ក្រុង​លាលែង​ពី​តំណែង​របស់​ខ្លួន​ទាក់​ទិន​នឹង​ករណី​នេះ។

អ្នកស្រី សារី ជា​ម្តាយ​របស់​ឧត្តមសេនីយ៍​ទោ​រូបនេះ​បាន​និយាយ​ថា “បើ​ប៉ូលិស​មើលងាយ​កូន​ប្រុស​របស់​ខ្ញុំ វាដូចជា​ពួកគេ​មើលងាយ​ សម្តេចឪ។ អ្នកស្រី​បាន​ពន្យល់​ថា គឺ​សម្តេច​ឪ​ដែល​ឲ្យ​កូន​ប្រុស​របស់​អ្នកស្រី​ធ្វើ​ជា​ឧកញ៉ា។ អ្នកស្រី​បាន​និយាយ​ថា ប៉ូលិស​កំពុង​ប្រើ “ច្បាប់​ព្រៃ”​ដើម្បី​ធ្វើ​ឲ្យ​កូនគាត់​ជាប់​ពាក់ព័ន្ធ​។

អ្នក​ស្រី សារី បាន​និយាយ​ថា ឧត្តមសេនីយ៍​ឯក សុវណ្ណ បាន​អញ្ជើញ​កូន​ប្រុស​របស់​អ្នកស្រី​ទៅ​ស្នងការ​ដ្ឋាន​ប៉ូលិស​ក្រុង​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ទទួលយក​អង្គរក្ស​៣​នាក់​របស់​គាត់មកវិញ​ បណ្តាល​ឲ្យ​អ្នកស្រី​មានការ​សង្ស័យ។

អ្នកស្រី​បាន​និយាយ​ថា “ថ្ងៃ​នេះ លោក សុវណ្ណ បាន​កុហក​ និង​បាន​ឲ្យកូន​ប្រុស​របស់​ខ្ញុំ​ទៅ​យក​អង្គរក្ស​៣​នាក់​របស់​គាត់។ ខ្ញុំ​មិន​​ឲ្យ​កូន​ប្រុស​របស់​ខ្ញុំ​ទៅ​ទេ ដោយសារ​ចិត្ត​ខ្មៅ​របស់​ប៉ូលិស”។ អ្នកស្រី សារី បាន​និយាយថា អ្នកស្រី​សុខ​ចិត្ត​ទៅ​ស្នងការ​ប៉ូលិស​ជំនួសវិញ​ ហើយ​លោក សុវណ្ណ បាន​ស្នើ​អ្នកស្រី​ឲ្យ​នាំ​អង្គរក្ស​ទី៤​មក​ជាមួយ ហើយ​​អ្នក​ស្រី​​បាន​ធ្វើ​តាម​។

អ្នកស្រី សារី បាន​និយាយ​ថា បន្ទាប់​មក ប៉ូលិស​បាន​ឃាត់​ខ្លួន​អង្គរក្ស​ទី៤ ហើយ​មិន​បាន​ដោះលែង​៣​នាក់​ផ្សេងទៀត​ទេ។ បន្ទាប់ពី​រង់ចាំ​អស់​ពេល​ជាច្រើន​ម៉ោង អ្នកស្រី​បាន​ចាកចេញ​ពី​ស្នងការដ្ឋាន ហើយ​បាន​ប្រាប់​កូន​ប្រុស​របស់​អ្នកស្រី​ឲ្យ​គេច​​ខ្លួន។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​របស់​ខ្ញុំ​ឲ្យ​គេច​ខ្លួន”។

លោក ចំរើន ជាឪពុក បាន​ប្រាប់​អ្នកកាសែត​ថា ប៉ូលិស​មិន​គួរ “វាយ​ដំ​និង​ឲ្យ​ប្រាក់​ទៅ​អង្គរក្ស​របស់​កូន​ប្រុស​ខ្ញុំ​ ដើម្បី​ឲ្យ​សារភាព ហើយ​ដាក់​កំហុស​លើ​កូន​ប្រុស​របស់​ខ្ញុំ​ទេ”។ លោក​បាន​និយាយ​ថា “ថ្ងៃ​នេះ ពួកគេ​បាន​ធ្វើ​ខុស​ច្បាប់”។

លោក អឹុង ម៉េងជឺ ដែល​ជា​ប្រធាន​ក្រុមហ៊ុន ស៊ីមម៉ិច គ្រុប (Shimmex Group) ដែល​សាខា​ក្រុមហ៊ុន​របស់​គាត់​លក់សម្ភារ​សំណង់ គ្រឿង​អលង្ការ គ្រឿងតុទូ និង អចលនទ្រព្យ ត្រូវ​ឃាតករ​បាញ់​សម្លាប់ បន្ទាប់ពី​ដើរ​ចេញ​ពី​រថយន្ត​ឡិចស៊ិស​របស់លោក​ ដើម្បី​ទិញ​ផ្លែឈើ​នៅ​ហាង​មួយ​កន្លែង​ក្នុង​ខណ្ឌ​ចម្ការ​មន ក្រុង​ភ្នំពេញ។

ឧត្តម​សេនីយ៍​ទោ សារ៉ាត់ ដែល​គ្រួសារ​របស់​គាត់​មាន​មុខ​ជំនួញ​ជាច្រើន រួមទាំង​ក្រុមហ៊ុន មាន​ជ័យ អិុនធើនេសិន​ណល់ អិុនវេសមិន ផង​នោះ កាលពី​ថ្ងៃ​អង្គារបាន​បដិសេធ​ថា អង្គរក្ស​របស់​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ​ទេ។ គាត់​បាន​និយាយ​ថា ប៉ូលិស​បាន​សង្ស័យ​ថា អង្គរក្ស​ម្នាក់​របស់​គាត់ ដែល​គាត់​បាន​ប្រាប់​តែ​ឈ្មោះ ស្នា នោះ នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​នេះ។

បន្ទាប់ពី​ម៉ោង​១០​បន្តិច​កាលពី​យប់​មិញ ជាថ្មី​ម្តងទៀត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សាលា​ក្រុង​បាន​កំណត់​ថា សៀង វាសនា ដែល​ជា​អង្គរក្ស​ម្នាក់​ក្នុង​ចំណោម​អង្គរក្ស​ត្រូវ​ឃាត់​ខ្លួន​របស់​ឧត្តមសេនីយ៍​ទោ ថោង សារ៉ាត់ នោះ ជា​ខ្មាន់​កាំភ្លើង។ ទំព័រ​ហ្វេសប៊ុក​ដដែល​ឲ្យ​ដឹង​ថា “ជន​ដៃដល់​​​ដែល​សម្លាប់​ឧកញ៉ា អឹុង ម៉េងជឺ គឺ សៀង វាសនា”៕មានិត (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា និង Alex Consiglio)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស