33.2 C
Phnom Penh

ព្រះអង្គម្ចាស់​មាន​បន្ទូល​ថា​ ហ៊្វុនស៊ិនប៉ិចចង់​ចាក​ចេញពី​សម្ពន្ធភាព​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ហ៊្វុនស៊ិនប៉ិច​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា គណៈ​កម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​រាជានិយម​នេះ​ចង់​បញ្ចប់​ភាព​ជាដៃគូ​រយៈ​ពេល​ពីរ​ទសវត្សរ៍​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រជាជន​កាន់​អំណាច ដើម្បី​បែរ​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ចំហ ប៉ុន្តែ​រាំងស្ទះ​ដោយសារ​ក្រុម​តូច​មួយ​ ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។Funcinpec

ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន អតីត​អនុប្រធាន​ហ៊្វុនស៊ិនប៉ិច ដែល​ស្ថិត​ក្នុង​គណៈ​កម្មការ​អចិន្ត្រៃយ៍​របស់​ខ្លួន បាន​មាន​បន្ទូល​ថា ជំហរ​ផ្លូវការ​របស់​គណបក្ស​នេះគឺ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាចំហ​ទេ។

ព្រះអង្គ​មាន​បន្ទូល​ថា “យើង​បាន​ធ្វើ​សេចក្តី​សម្រេច​ជា​យូរ​មក​ហើយ នៅ​ពេល​ដែល​យើង​ត្រូវ​បាន​គេ​ដក​ចេញ​ពី​អំណាច​ ថា​ប្រសិនបើ​យើង​មាន​សមាជិក​តិចជាង​១០​នាក់​ក្នុង​រដ្ឋ​សភា យើង​នឹង​លែង​ស្ថិត​នៅក្នុង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ហើយ ប៉ុន្តែ ជំហរ​របស់​លោក​ ញឹក ប៊ុនឆៃ នៅ​បន្ត​ចូលរួម​ក្នុង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា”។ ព្រះអង្គ​បាន​ឲ្យ​ដឹង​ថា “ឥឡូវ​នេះ យើង​គ្មាន​អាសនៈ​ក្នុង​សភា​ទេ ប៉ុន្តែ​យើង​នៅតែ​ជា​ដៃគូ​របស់​គេ។ យើង​គ្រាន់តែ​ជា​គណបក្ស​មួយ​ប៉ុណ្ណោះ​​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ដោយ​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ឲ្យ​យើង​ចេញ​ទេ។

ព្រះអង្គ​បាន​បន្ថែម​ថា “សមាជិក​របស់​យើង​ជា​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខាធិការ​ក្នុង​រដ្ឋាភិបាល ដូច្នេះ​យើង​នៅ​ជា​ដៃគូ​របស់​គេ ជា​ដៃគូ​គ្មាន​អំណាច​ ដែល​មិន​អាច​និយាយ​អ្វី ឬ​បញ្ចេញ​មតិ​បាន​ឡើយ”។

ព្រះអង្គ​ម្ចាស់ សិរីរ័ត្ន បាន​មាន​បន្ទូល​ថា សមាជិក​សឹងតែ​ទាំងអស់​ផ្សេងទៀត​នៃ​គណៈ​កម្មការ​នេះ​ក៏​ចង់​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ប៉ុន្តែ​កំពុង​រង់ចាំ​ពេលវេលា​សមស្រប ដើម្បី​ចាប់​ផ្តើម​ដាក់​សម្ពាធ​លើ​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​របស់​គណបក្ស​នេះ។

លោក ញឹក ប៊ុនឆៃ ដែល​ជា​ទីប្រឹក្សា​មួយ​រូប​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឋានៈ​ជា​ឧប​នាយករដ្ឋមន្ត្រី ដែល​បាន​លេចធ្លោ​និង​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ជា​ឧត្តម​សេនីយ៍​យោធា​ជាន់​ខ្ពស់​បំផុត​ ដែល​ស្មោះ​ត្រង់​នឹង​នាយក​រដ្ឋមន្ត្រី​ទី១ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

លោក ញឹក ប៊ុនឆៃ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា គណៈកម្មការ​អចិន្ត្រៃយ៍​របស់​ហ៊្វុនស៊ិនប៉ិច មិន​ធ្លាប់​បាន​ពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ការ​គាំទ្រ ពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក​បាន​និយាយ​ថា “គ្មាន​រឿង​បែបហ្នឹង​ទេ។ បើមាន​ករណី​បែបនេះ​មែន មុខជា​នឹង​មាន​ការ​ពិភាក្សា​ក្នុង​គណៈកម្មការ​អចិន្ត្រៃយ៍។ ក្នុង​ពេល​កន្លង​មក យើង​មិន​ដែល​មាន​ការ​ពិភាក្សា​នេះ​ទេ។ មេដឹកនាំ​ទាំងអស់ [របស់​ហ៊្វុនស៊ិនប៉ិច] គ្មាន​ជំហរ​ធ្វើ​សហការ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ”។

លោក ប៊ុនឆៃ បាន​ឲ្យ​ដឹង​ទៀតថា លោក​គ្មាន​អំណាច​នឹង​ឃាត់​ព្រះអង្គម្ចាស់ សិរីរ័ត្ន មិន​ឲ្យ​ប្តូរ​ការ​ស្ម័គ្រ​ស្មោះ​របស់​ហ៊្វុនស៊ិនប៉ិច ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ បើ​ព្រះអង្គ​ពិតជា​មាន​សំឡេង​ភាគច្រើន​នោះ។ “បេើទោះជា​ខ្ញុំ​ប្រឆាំង ហើយ​គណៈ​កម្មការ​អចិន្ត្រៃយ៍​ចង់​ធ្វើ​សហការ​[ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ] ពួកគេ​នឹង​ធ្វើ​សហការ។ ខ្លួន​ខ្ញុំ​និងមនុស្ស​តែ​ពីរ​ឬ​បី​នាក់​មិន​អាច​ប្រឆាំង​រឿង​នេះ​បាន​ទេ។ ប៉ុន្តែ មិន​ដែល​មាន​ករណី​នេះ​ទេ ពេល​ដែល​យើង​បាន​ពិភាក្សា​អំពី​រឿង​នេះ”។

លោក ប៊ុនឆៃ បាន​និយាយ​ថា លោក​ជឿថា ហ៊្វុនស៊ិនប៉ិច នឹង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​រហូត។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាក្រុម​រាជានិយម ដូច្នេះហើយ យើង​គាំទ្រ​ព្រះមហាក្សត្រ និង​របប​រាជានិយម។អ្នក​ដែល​បាន​បង្កើត​របប​រាជានិយម​ជាថ្មី​ក្នុង​ឆ្នាំ​១៩៩៣ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង គណបក្ស​ប្រជាជន​កម្ពុជា។ តាំងពី​ពេលនោះ​មក យើង​បាន​សហការ​ជាមួយ​គ្នា”។

ព្រះអង្គម្ចាស់ សិរីរ័ត្ន ដែល​បាន​ធ្វើជា​ឯកអគ្គរាជទូត​របស់​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​មាន​បន្ទូល​ថា ថ្នាក់​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច តាម​ពិត ប៉ុនប៉ង​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ដែល​ក្នុង​ការ​បោះ​ឆ្នោត​នោះ គណបក្ស​រាជានិយម​នេះ​ទទួល​បាន​តែពីរ​អាសនៈ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​លោក ញឹក ប៊ុនឆៃ បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​ធ្វើ​ដូច្នោះ។

ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នោះ បាន​ទាក់ទង​នឹង​គណបក្ស​សម រង្ស៊ី រួចហើយ ដើម្បី​ស្វែងរក​វិធី​មួយ​​ដែល​មាន​ជំហរ​នយោបាយ​ប្រសើរ​ជាង។ ប៉ុន្តែ​​បន្ទាប់​មក​ព្រួយ​បារម្ភ​ថា យើង​នឹង​លែង​ជា​ដៃគូ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ស្នើ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​ដៃគូ​វិញ។ លោក​បាន​បន្ថែម​ថា “លោក ញឹក ប៊ុនឆៃ ចង់​ឲ្យ​យើង​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ ដូច្នេះ​គាត់​អាច​ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី។ វា​គួរ​ឲ្យ​អាម៉ាស់ ខ្ញុំ​និយាយ​ម្តងទៀត អាម៉ាស់​ណាស់​ដែល​យើង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា”។

លោក កែវ ពុធរស្មី ដែល​ពេល​នោះ​ជា​ប្រធាន​ហ៊្វុនស៊ិនប៉ិច បាន​ចូលរួម​ជាមួយ​បក្ស​ប្រឆាំង ក្នុង​ការ​ជំទាស់​លទ្ធផល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ។

ជា​ការ​ឆ្លើយ​តប លោក ខៀវ កាញារីទ្ធ​ ដែល​​ពេលនោះ​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា មាន​ “ហ៊្វុនស៊ិនប៉ិច​ទីមួយ និង ទី២” ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​នៅ​ជាមួយ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ដែល​បាន​ជំនួស​លោក កែវ ពុធរស្មី ជា​មេដឹកនាំ​តាម​ព្រឹត្តន័យ​ប៉ុណ្ណោះ។

ទាំង​ម្ចាស់​ក្សត្រី​ នរោត្តម អារុណរស្មី ប្រធាន​បច្ចុប្បន្ន​របស់​ហ៊្វុនស៊ិនប៉ិច ទាំង​លោក កែវ ពុធរស្មី ព្រះស្វាមី​របស់​ព្រះអង្គ មិន​អាច​ទាក់ទង​សុំការ​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ។

ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​ស្ថាបនិក​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ចួលរួម​នឹង​គណបក្ស​សង្គ្រោះជាតិ ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​មុន បាន​មាន​បន្ទូល​ថា ការ​រៀបរាប់​ឲ្យ​ដឹង​របស់​ព្រះ​អង្គម្ចាស់ សិរីរ័ត្ន អំពី​ការ​បែកបាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​រាជា​និយម​នេះ គឺ​ត្រឹមត្រូវ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៀត​ថា “ក្នុង​រង្វង់​ហ៊្វុនស៊ិនប៉ិច មនុស្ស​ដែល​ចង់​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​ភាគតិច ប៉ុន្តែ ពួកគេ​កាន់​អំណាច។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​ថ្នាក់​ក្រោម​របស់​ហ៊្វុនស៊ិនប៉ិច បាន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ជាស្រេច​ហើយ។

ព្រះអង្គ​មាន​បន្ទូល​ថា “មេឃុំ​ចៅសង្កាត់​របស់​ខ្លួន​ភាគ​ច្រើន​ចេញ​មក​ពី​ហ៊្វុនស៊ិនប៉ិច ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អតីត​សមាជិក​ហ៊្វុនស៊ិនប៉ិច​ភាគច្រើន”។ “មូលហេតុ​ដែល​ហ៊្វុនស៊ិនប៉ិច​បាន​បាត់បង់​ការ​គាំទ្រ​ពី​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​នោះ ពីព្រោះ​ពួកគេ​មិន​បាន​យល់​អារម្មណ៍​របស់​សមាជិក​នៅ​ថ្នាក់​មូលដ្ឋាន ដែល​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា។

រួមជាមួយ​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​ព្រះអង្គម្ចាស់ រណឫទ្ធិ ព្រះអង្គ​ម្ចាស់ សិរីរ័ត្ន និង​ព្រះអង្គ​ម្ចាស់ ធម្មិកោ ជា​សមាជិក​ស្ថាបនិក​នៃ​ចលនា​ហ៊្វុនស៊ិនប៉ិច ដែល​បង្កើត​ឡើង​ដោយ​ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ នាពេល​នោះ​ក្នុង​ទីក្រុង​ប៉ារីស កាលពី​ខែ​មីនា​ឆ្នាំ​១៩៨១ ដើម្បី​តស៊ូ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ ដែល​លើក​បន្តុប​ដោយ​វៀតណាម​ឈ្លានពាន។

ចលនា​តស៊ូ​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​គណបក្ស​មួយ​ ដើម្បី​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​​ខែ​ឧសភា​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ដែល​ក្នុង​ការ​បោះ​ឆ្នោត​នោះ ខ្លួន​បាន​ឈ្នះ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ចម្លែក​មួយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​លើក មាន​ទាំង​ការ​បណ្តេញ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ​ ចេញពី​តំណែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧ ដោយ​កងកម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ទី២​នៅ​ពេល​នោះ។

ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​១៩៩៨ ហ៊្វុនស៊ិនប៉ិច​បាន​បាត់បង់​អាសនៈ​ភាគច្រើន​របស់​ខ្លួន ហើយ​ចាប់តាំង​ពីពេល​នោះ​មក បាន​ធ្វើ​ជា​ដៃគូ​រដ្ឋាភិបាល​ចម្រុះ​ថ្មីថ្មោង​ជាមួយ​គណបក្ស​ប្រជាជន។ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​បាន​តែ​២​អាសនៈ​ប៉ុណ្ណោះ ដែល​អាសនៈ​ទាំង​ពីរ​នេះ ខ្លួន​បាន​បាត់បង់​អស់​រលីង​នៅ​ឆ្នាំ​២០១៣។

នៅពេល​ដំណាល​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​៥៥​អាសនៈ​នៃ​អាសនៈ​១២៣​របស់​សភា​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​មុន។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​មិន​ព្រួយ​បារម្ភ​អំពី​ការ​បាត់​ការ​គាំទ្រ​របស់​ហ៊្វុនស៊ិនប៉ិច​ទេ។ លោក​បាន​និយាយ​ថា រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​នៅ​សល់​មួយ​ចំនួន​តូច​របស់​គណបក្ស​រាជានិយម​នេះ បម្រើ​ការងារ​ជា​មន្ត្រី​សាធារណៈ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “ជា​គោលការណ៍ យើង​លែង​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ទៀត​ហើយ។ គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​រដ្ឋាភិបាល ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់​ឱកាស​ដល់​សមាជិក​ហ៊្វុនស៊ិនប៉ិច​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​ប្រទេស​កម្ពុជា និង​អភិវឌ្ឍ​ប្រទេស”។

លោក សម រង្ស៊ី ដែល​បាន​ក្លាយ​ជា​មេបក្ស​ប្រឆាំង​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ ពេល​ដែល​លោក​បាន​ចេញពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​សូម​ស្វាគមន៍​រាល់​សមាជិក​​បក្សណា​ក៏ដោយ ដែល​ចង់​ចូលរួម​ជាមួយ​យើង។

លោក រង្ស៊ី បាន​និយាយ​ថា “យើង​ស្វាគមន៍​គ្រប់គ្នា ពលរដ្ឋ​ខ្មែរ​ណាក៏ដោយ​ដែល​មាន​ទស្សន​វិស័យ​ដូចគ្នា​នឹង​យើង និង​អ្នក​ដែល​ចង់​រួមចំណែក​ដល់​បេសកកម្ម​របស់​យើង ដូច​ដែល​យើង​បាន​កំណត់​អត្ថន័យ គឺ​សង្គ្រោះ​ជាតិ”។ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ធ្វើ​ការ​វិនិច្ឆ័យ​ណាមួយ​អំពី​ហ៊្វុនស៊ិនប៉ិច​ជា​អង្គការ​មួយ​នោះ​ទេ។ ឥឡូវ​នេះ ពួកគេ​កំពុង​ធ្វើ​រឿង​ផ្សេង ហើយ​យើង​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​ទេ” ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស