39.4 C
Phnom Penh

អង្គរក្ស​របស់​ឧត្តមសេនីយ៍​ទោ​ ថោង សារ៉ាត់ ត្រូវ​បញ្ជូន​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចាប់​ផ្តើម​នីតិ​វិធី​សួរ​ចម្លើយ​អង្គរក្ស​៤​នាក់ ដែល​ជាប់​ចោទ​ពីបទ​សម្លាប់​ឧកញ៉ា​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ខែ​មុន​តាម​បញ្ជា​មេ​របស់​ខ្លួន ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ ដែល​កំពុង​រត់​គេច​ខ្លួន។Front

ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ នាយរង​ខុទ្ទកាល័យ​ក្រសួង​ការពារ​ប្រទេស ត្រូវ​គេ​សង្ស័យ​ថា​ បាន​បញ្ជា​អង្គរក្ស​របស់​ខ្លួន​ឲ្យ​បាញ់​សម្លាប់​លោក អឹុង ម៉េងជឺ ប្រធាន​ក្រុមហ៊ុន ស៊ីមម៉ិច គ្រុប (Shimmex Group) នៅ​ខាងក្រៅ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ចម្ការ​មន នៅ​ល្ងាច​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា។

អង្គរក្ស​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ ហើយ​អង្គរក្ស​ទី​៤​ត្រូវ​ចាប់​ខ្លួន​បាន​ក្នុង​ការ​ចូល​ឆែក​ភូមិ​គ្រឹះ​ជាច្រើន​កន្លែង​របស់​គ្រួសារ​ឧត្តមសេនីយ៍​ទោ​ សារ៉ាត់ កាលពី​យប់ថ្ងៃ​ពុធ។

ឪពុក​ម្តាយ​របស់​ឧត្តមសេនីយ៍​រូប​នេះ​ក៏​ត្រូវ​នាំ​ខ្លួន​ទៅ​ស្នងការ​ប៉ូលិស​ដែរ ហើយ​​យ៉ាង​ហោចណាស់​កាំភ្លើង​៦​ដើម​ត្រូវ​បាន​ដកហូត​ក្នុង​ប្រតិបត្តិការ​នោះ។

ព័ត៌មាន​លើ​វិបសាយ​នគរបាល​ជាតិ​បង្ហាញ​អត្តសញ្ញាណ​បុរស​៤​នាក់ គឺ ឈ្មោះ​ សៀង វាសនា អាយុ​៤៤​ឆ្នាំ ជា​ជន​ដៃ​ដល់ ឈ្មោះ លី សៅ អាយុ​២៨​ឆ្នាំ ជា​អ្នក​ឌុប​ជន​ដៃដល់ និង អ្នក​រួម​គំនិត​ឈ្មោះ មាស សម្បត្តិ អាយុ​២៧​ឆ្នាំ និង កូយ ចាន់ថុល អាយុ ២៩​ឆ្នាំ។

លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “យើង​មាន​ភ័ស្តុតាង​គ្រប់​ទាំងអស់ ហើយ​[អង្គរក្ស]​បាន​សារភាព”។

ពេល​មុននោះ ប៉ូលិស​បាន​នាំ​ជនសង្ស័យ​ទាំង​៤​ចេញ​ពី​រថយន្ត​ប៉ូលិស​ទៅ​ការិយាល័យ​ព្រះរាជ​អាជ្ញារង​តុលាការ​ក្រុង កែវ សុជាតិ ដើម្បី​សួរ​ចម្លើយ។ លោក វាសនា បាន​និយាយ​ពេល​គាត់​ចេញ​ពី​រថយន្ត​ថា “ខ្ញុំ​មិន​មែន​ជា​ឃាតករ​ទេ”។ លោក សៅ ជា​អ្នក​គេ​ចោទ​ថា​ឌុប​ជន​ដៃដល់ បាន​ដើរ​ខ្ចើចៗ​ចេញ​ពី​រថយន្ត​ដោយ​មាន​ជំនួយ​ពី​ប៉ូលិស​ផង។ លោក​បាន​និយាយ​ថា “ប៉ូលិស​ធ្វើ​ឲ្យ​បាក់​ជើង​ខ្ញុំ។ ខ្ញុំ​ចង់​ឲ្យ​ពេទ្យ​ព្យាបាល​ជើង​របស់​ខ្ញុំ”។

យោងតាម​វិបសាយ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក វាសនា និង លោក សៅ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ហាង​លក់​ផ្លែ​ឈើ​នោះ​ក្នុង​ខណ្ឌ​ចម្ការ​មន ទីដែល​លោក វាសនា បាន​បាញ់​លោក អុឹង ម៉េងជឺ ៦​គ្រាប់​ចំ​ខ្លួន បន្ទាប់​ពី​ឧកញ៉ា​រូប​នេះ​ដើរ​ចេញ​ពី​រថយន្ត ឡិចស៊ិស​របស់​ខ្លួន។

វិបសាយ​នេះ​ឲ្យ​ដឹង​ទៀត​ថា លោក សម្បត្តិ និង​លោក ចាន់ថុល ជិះ​ម៉ូតូ​ទី​២​បិទ​គូទ​ពីក្រោយ​ដើម្បី​ការពារ​ម៉ូតូ​ទី​១។ ក្រោយពី​បាញ់​សម្លាប់​ហើយ លោក ចាន់ថុល បាន​ត្រឡប់​មក​កន្លែង​បាញ់​វិញ ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា​ជន​រងគ្រោះ​ស្លាប់​មែន។

វិបសាយ​ឲ្យ​ដឹង​ថា “ព្រះរាជ​អាជា្ញរង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ នៅ​មិន​ទាន់​ដាក់​បទ​ចោទ​ប្រកាន់​ជាផ្លូវការ​លើ​ជន​សង្ស័យ​ទាំង​៤​នៅ​ឡើយ​ទេ ពីព្រោះ​តុលាការ​មិន​ទាន់​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​ពួកគេ”។ “ជន​សង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង រង់ចាំ​ការ​សួរ​ចម្លើយ​បន្ថែម​[នៅថ្ងៃ​នេះ]”។

ឧត្តមសេនីយ៍​ត្រី ណារិន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ូលិស​ក្រុង​បាន​ស្នើ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ឧត្តមសេនីយ៍​ទោ ថោង សារ៉ាត់ ដែល​បាន​គេច​ខ្លួន​កាលពី​យប់​ថ្ងៃ​ពុធ។

ឧត្តមសេនីយ៍​ត្រី ណារិន បាន​បដិសេធ​មិន​និយាយ​ ថាតើ​ប៉ូលិស​មាន​តម្រុយ​ណាមួយ​អំពី​កន្លែង​លាក់​ខ្លួន​របស់​ឧត្តមសេនីយ៍​ទោ សារ៉ាត់ ឬ​អត់​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ឪពុក​ម្តាយ​ជា​ជនជាតិ​វៀតណាម​របស់​ឧត្តមសេនីយ៍​រូប​នេះ គឺ​លោក ថោង ចំរើន អាយុ​៦៥​ឆ្នាំ និង អ្នកស្រី កែវ សារី អាយុ​៥៥​ឆ្នាំ ​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​នេះ​ដើម្បី​ប្រឈម​នឹង​បទចោទ​រារាំង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស និង​មាន​អាវុធ​ខុស​ច្បាប់។

តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​លោក ចំរើន និង​អ្នកស្រី សារី ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​នោះ ពួកគេ​បាន​ធ្វើ​សន្និសីទ​កា​សែត​​នៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​ខណ្ឌ​មាន​ជ័យ ដែល​ក្នុង​ពេល​នោះ ពួកគេ​បាន​ប្រកាស​ថា ពួកគេ​បាន​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​លាក់​ខ្លួន និង​បាន​​រិះគន់​ប៉ូលិស​ក្រុង​ព្រោះ​ស្វែងរក​ចាប់​ខ្លួន​កូន​ប្រុស​របស់​ពួកគាត់ និង​បាន​ទាមទារ​ឲ្យ​លោក ជួន សុវណ្ណ​ ស្នងការ​ប៉ូលិស​ក្រុង​លាលែង​ពី​តំណែង​របស់​ខ្លួន។

គ្រួសារ​របស់​ឧត្តមសេនីយ៍​ទោ សារ៉ាត់ បាន​បង្កើត​មុខ​ជំនួញ​ដ៏​ធំ​ក្នុង​ក្រុង​ភ្នំពេញ តាម​រយៈ​ក្រុមហ៊ុន​អចលនទ្រព្យ​និង​អាហារ​ដ៏​ជោគជ័យ​របស់​ខ្លួន រួមទាំង​ក្រុមហ៊ុន Meanchey Foods 999 ដែល​ផលិត​សាច់​ប៉ាតេ​មាន​នៅ​គ្រប់​ទីកន្លែង​លក់​តាម​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ផងដែរ។ គ្រួសារ​នេះ​ក៏ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ មាន​ជ័យ អិុនធើនេសិន​ណល់ អិុនវេសមិន ដែរ។

យោងតាម​សារ​មួយ​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​សាលាក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍​ទោ សារ៉ាត់ បាន​ប្រើ​ព្រទ្យ​សម្បត្តិ​បញ្ចុះ​បញ្ចូល​អង្គរក្ស​របស់​ខ្លួន​ឲ្យ​សម្លាប់​លោក អឹុង ម៉េងជឺ ។ សារ​ដដែល​ឲ្យ​ដឹង​ថា “ក្រុមជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​លោក អឹុង ម៉េងជឺ បាន​សារភាព​ថា ពួកគេ​មិន​មែន​ជា​ឃាតករ​ស៊ីឈ្នួល​ទេ ប៉ុន្តែ គ្រាន់តែ​ធ្វើ​តាម​បញ្ជា​របស់​មេ​​ខ្លួន​ជា​ថ្នូរ​នឹង​ផ្ទះ​ម្នាក់​មួយ​ល្វែងប៉ុណ្ណោះ”៕(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស