29.6 C
Phnom Penh

ប្រជា​​​ពល​​​រដ្ឋ​​​​​​ភ័​​​​​​យ​​​ស្លន់ស្លោ​​​​​​ចំ​​​ពេល​​​ផ្ទុះ​​​ករណី​​​មេរោគ​​​អេដស៍​​​​ជា​ច្រើន​នៅ​​​ខេត្ត​បាត់​​​ដំបង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​​​ពិនិត្យ​​​សុខ​​​ភាព​​​​កាល​ពី​ចុង​សប្តាហ៍​មុន​ដែលដំបូង​ឡើយ​​បានចាប់​ផ្តើម​តាម​​​ទម្លាប់​​​ធម្មតា បាន​​​​​ប្រែ​ក្លាយ​ទៅ​ជា​ហេតុ​​ការណ៍ភ័យ​​​ស្លន់​​​ស្លោ​​​ចំពោះ​សុ​ភាព​សាធារណៈនៅ​​​ក្នុង​​​ស្រុក​​​សង្កែ​​​ ខេត្ត​​​បាត់​​​ដំបង​​​ កន្លែង​​​​ដែល​​​មនុស្ស​​​ជិត​​​១០០នាក់​​​​បាន​ធ្វើ​​​តេស្ត​​​ឃើញ​​​មេរោគ​​​អេដស៍​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មី​​​ៗ​​​នេះ ជា​​​អ្វី​​​ដែល​​​មន្ត្រី​​​សុខាភិបាល​​​សង្ស័យ​​​ថា ជា​​​ការ​​​ផ្ទុះ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​ឧបករណ៍​​​​​​ពេទ្យមិន​​​ស្អាត​​។

លោក​​​ស្រី​​​ ស៊ីុម ពៅ មេឃុំ​​​រកា​​​រ ដែល​​​ផ្ទុះ​​​ករណី​​​មេរោគ​​​អេដស៍​ច្រើន​​​ជាង​​​គេ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​​​​​​​យ៉ាង​​​ហោច​​​ណាស់​​​អ្នក​​​ជំងឺ​​​ពីរ​​​នាក់​​​បាន​​រកឃើញ​​​​ថា ពួក​​​គេ​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ បន្ទាប់ពី​​​ធ្វើ​​​តេស្ត​​​ឈាម​​​នៅ​​​មណ្ឌល​​​សុខភាព​​ឃុំ​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយមក​​​ អ្នក​​​ភូមិ​​​យ៉ាង​​​ហោច​​​ណាស់​​​៩០​​​នាក់​​​ទៀតដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​៤​​​ឆ្នាំ ដល់​​​៨០​​​ឆ្នាំ​​​ ក៏​​​បាន​​​ធ្វើ​​​តេស្ត​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍ដែរ​​​។

លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្នុង​​​ចំណោម​​​អ្នក​​​ធ្វើ​​​តេស្ត​​​ទាំង​​​នោះ ​​​មាន​​​កូន​​​ភ្លោះ​​​អាយុ​​​៤​​​ឆ្នាំ​​​ពីរ​​​នាក់​​​ ហើយ​​​​ម្នាក់ក្នុងចំណោម​​​ពួក​គេ​ធ្វើ​​​តេស្តឃើញ​ផ្ទុក​​​មេ​​​រោគ​​​អេដស៍​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​តាម​​​ភូមិ​​​ភ័យ​​​ស្លន់​​​ស្លោ​​​យ៉ាង​​​ខ្លាំង​​​។ នោះ​​​ជា​​​មូល​​​ហេតុ​​​​​​ដែល​​​​​​ថ្ងៃ​​​នេះ ​​​អ្នក​​​ភូមិ​​​​​​មូល​​​ដ្ឋាន​​​ប្រហែល​​​១០០​​​នាក់​​​ទៀត​​​​​​មក​​​កាន់​​​មណ្ឌល​​​សុខភាព​​​​​​ឃុំ​​​រការ​ ​​​ដើម្បី​​ធ្វើ​​​តេស្ត​​​ឈាម​​​”។

ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​៦៦០នាក់​​​រស់​​​នៅ​​​ឃុំ​​​រការ​​​ បាន​​​ទៅ​​​កាន់​​​មណ្ឌល​​​សុខភាព​​​នេះ​​​ដើម្បី​​​ធ្វើ​​​តេស្ត​​​ឈាម​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ថ្ងៃ​​​​​​​​​​​​​​​មក​​​នេះ ដោយ​​​​​​អ្នក​​​​​​ដែល​​​ធ្វើ​​​តេស្ត​​​ឃើញ​​​មេរោគ​​​អេដស៍​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅកាន់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ដើម្បី​​​ធ្វើ​​​តេស​​​្ត​​​ជា​​​លើក​​​ទី​​​២។

លោក​​​ស្រី ម៉ារី អូឌីល អីុម៉ុន (Marie-Odile Emond)​​​ តំណាង​​​របស់​​​ UNAIDS ប្រចាំ​​​ប្រទេស​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ​ការ​ធ្វើតេស្ត​​​រក​​​មេរោគ​​​អេដស៍​​​​​​​នៅ​​​ថ្នាក់​​​ឃុំ ​​​ជា​​​ធម្មតា​​​គឺ​​​មាន​​​ភាព​​​ត្រឹម​​​ត្រូវ។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​”ការធ្វើ​​​តេស្ត​​​នៅ​​​តាម​​​សហគមន៍​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​
ជា​​​អន្តរ​​​ជាតិ​​​ ប៉ុន្តែ​​​ធ្វើ​​​ឡើង​​​ដោយ​​​មនុស្ស​​​ ដូច្នេះ​​​អាច​​​មាន​​​ភាគរយ​​​តិច​​​តួច​​​​នៃ​ការ​ធ្វើ​​​តេស្ត​ច្រឡំ​ថា​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍ ដែល​​​ធាតុ​​​ពិត​​​មិន​​​ផ្ទុក​​​មេ​​​រោគ​​​អេដស៍​​​សោះ​​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ក្នុង​​​ចំណោម​​​​ផ្លូវ​ចម្លង​​​មេ​​​រោគ​​​អេដស៍​​​ចំនួន​​​បី​​​ដែល​​​សាមញ្ញ​​​បំផុត គឺ​​​ទី​​​១ចម្លងពី​​​ម្តាយ​​​ទៅ​​​កូន​​​ ការ​​​រួម​​​រ័ក​​​​​​ និង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​​​​ដោយ​​​ចាក់​​​បញ្ចូល​​​តាម​​​សឺរ៉ាំង​​​ មិន​​​ទំនង​​​ជា​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ឆ្លង​​​ជំងឺ​​​អេដស៍នៅ​​​បាត់​​​ដំបង​​​ កាល​ពី​ពេល​ថ្មីៗ​នេះ​ឡើយ​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នេះ​​​គឺ​​​ជា​​​ស្ថាន​​​ភាព​​​ពិសេស​​​ដែល​​​ទាំង​​​កុមារ​​​ ទាំង​​​មនុស្ស​​​ពេញវ័យ​​​ដែល​​​មាន​​​អាយុ​​​ខុស​​​ៗ​​​គ្នា បានឆ្លង​មេរោគអេដស៍​​ក្នុង​​ពេល​​​ថ្មី​​​ៗ​​​នេះ។ ការ​​​ប្រើ​​​ប្រាស់​​​ឧបករណ៍​​​ពេទ្យ​​​គ្មាន​​​អនាម័យ គឺ​​​ជា​​​មូល​​​ហេតុ​​​អាច​​​ទៅ​​​រួច”។

លោក​​​ អ៊ាង មល្លី ប្រធាន​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​សើុប​​​អង្កេត​​​មួយ​​​ក្រុម​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​​ទៅ​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ម្សិលមិញ។លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​សើុប​​​អង្កេត​​​​​​​​​​​​​​​​​​​​​​​​​​ផ្តោត​​​លើ​​​ការ​​​ប្រើ​​​ប្រាស់​​​សឺរ៉ាំង ហើយ​​​​នៅ​ថ្ងៃ​ស្អែក យើង​​​នឹង​​​ដឹង​ច្បាស់​ពី​មូល​ហេតុ​​នោះ​។ យើង​​​មាន​​​ការ​​​សង្ស័យ​​​លើ​​​អង្គការ​​​​មិន​មែន​រដ្ឋាភិបាល​មួយ​​​ដែល​​​បាន​​​ផ្តល់​​​វ៉ាក់សាំង​​​កាល​​​ពី​​​ប្រាំ​​​មួយ​​​ខែ​​​មុន​​​ និង​ការ​​​ប្រើ​​​ប្រាស់​​​ម្ជុលសឺរ៉ាំង​​​ដោយ​​​គិលានុបដ្ឋាយិកាម្នាក់​នៅ​ក្នុង​មូលដ្ឋាន”។

លោក​ មាន ឈីវុន ប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​នឹង​ជំងឺ​​​អេដស៍​​​ សើ​​​ស្បែក​​​ និង​​​កាម​​​រោគ​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មជ្ឈ​មណ្ឌល​​​របស់​​​លោក​​​ក៏​​​បាន​​​បញ្ជូន​​​អ្នក​​​ជំនាញមួយក្រុម​​​ទៅ​​​ខេត្ត​​​បាត់​​​ដំបង​​​​ដែរ​​​។

លោក ហ៊ា សៀក ប្រធាន​​​កម្មវិធី​​​ជំងឺ​​​អេដស៍​​​​​​ក្នុង​​​ស្រុក​​​សង្កែ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ក៏​​​​បាន​ប៉ាន់​​​ស្មាន​​​ដែរ​​​ថា ពេទ្យ​​​ម្នាក់គឺ​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​ការ​ឆ្លង​រាល​ដាល​នេះ។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​​​មូល​​​ហេតុ​​​ការ​​​ឆ្លង​​​​នេះ​​​​នៅឡើយទេ​​​ ប៉ុន្តែ មនុស្ស​​​ជា​​​ច្រើន​​​បាន​​​រាយការណ៍​​​មក​​​យើង​​​​​​ថា ពួក​​​គេ​​​សង្ស័យ​​​ថា ខ្លួន​បាន​​​​​ឆ្លង​​​មេរោគ​​​អេដស៍​​​​​​តាម​​​រយៈ​​​ការ​​​ចាក់​​​ថ្នាំ​​​ដោយ​​​គ្រូពេទ្យ​​​ម្នាក់​​​ក្នុង​​​មូល​​​ដ្ឋាន​​​”។

កសិករ​​​​ម្នាក់​​​ឈ្មោះ​​​ អិុន រ៉ូកា អាយុ​​​៦៣​​​ឆ្នាំ ដែល​​​បាន​​​ធ្វើ​​​តេស្ត​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​កាល​​​ពីម្សិលមិញ និង​​​ដែល​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយសារ​​​ភាព​​​អាម៉ាស់​​ដែល​កើត​ជំងឺ​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គាត់​​​ “តក់​ស្លុត​​​”។ គាត់​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ខ្ញុំ​​​ពិត​​​ជាតក់​ស្លុត​យ៉ាង​​​ខ្លាំង​​​ ពីព្រោះ​​​ខ្ញុំ​​​ជា​​​កសិករ​​​ក្រីក្រ​​​ និង​​​មិន​​​ដែល​​​រួម​​​រ័ក​​​ជាមួយ​​​អ្នក​​​​ផ្សេង​ឡើយ​​​”។

កូន​បី​នាក់​របស់​គាត់​ដែល​មាន​អាយុ​១២​ឆ្នាំ ២០​ឆ្នាំ ​និង​៣០​ឆ្នាំ​ ​​បាន​ធ្វើ​តេស្ត​រ​ក​មិន​ឃើញ​​ផ្ទុក​មេរោគ​អេដស៍​​នោះ​ទេ តែ​ទោះ​​ជា​យ៉ាង​ណា ​ចៅ​ពីរ​នាក់​របស់​​គាត់​បាន​ធ្វើ​តេស្ត​ឃើញ​ផ្ទុក​មេរោគ​អេដស៍​។​ គាត់​បាន​និយាយ​​​ថា “ចៅ​​​ពីរ​នាក់ [របស់​​​ខ្ញុំ​​​] អាយុ​​​៩ឆ្នាំ​​​ និងចៅ​ស្រី​​អាយុ​​​​១០​​​ឆ្នាំ​​​ ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​វា​​​ធ្វើ​​​តេស្ត​​​រក​មិន​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នោះ ​​​បាន​​​រក​​​ឃើញ​​​ថាពួក​គេ​ផ្ទុក​​​មេរោគ​​​អេដស៍​​​”។

បុរស​​​រូប​​​​​នេះ​​​បាន​​​​លើក​ឡើង​បន្ត​ថា គ្រួសារ​​​របស់​​​គាត់​​​កម្រ​​​​​​ទៅ​​​កាន់​​​មណ្ឌល​​​សុខភាព​​​ណាស់​​​ពេល​​​មាន​​​បញ្ហា​​​សុខភាព​ម្តងៗ​ ​ពោល​គឺ​ពួក​គាត់​​ចូល​ចិត្តទៅ​​​រក​​​គ្រូពេទ្យ​​​ឯកជន​ម្នាក់ ​​​ដែល​​​បាន​​​ព្យាបាល​​​​​​ជំងឺ​​​គ្រុន​​​ពោះ​​​វៀន​​​របស់​​​ចៅ​​​ស្រី​​​របស់​​​​​​​គាត់​​​​​​​​​​​​កាល​ពី​ប្រហែល​​​មួ​​យ​​​ឆ្នាំ​​​មុន​​​។

លោក​​​ស្រី​​​ សុីម ពៅ​​​ ដែល​​​ជា​​​មេឃុំ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រូពេទ្យ​​​ម្នាក់​​​​​​ដែល​​​​លោក​ស្រី​​​​សង្ស័យ​​​ថា បាន​​​ចម្លង​​​ជំងឺ​​​នេះ​​​តាម​​​រយៈ​​​​ការ​ប្រើ​ប្រាស់​ឧបករណ៍​​​ពេទ្យ​​​មិន​​​ស្អា​តនោះ ​​​បាន​​​រត់​​​គេច​​​​ខ្លួន​​​ចេញ​​​ពី​​​ឃុំ​​​នេះ​​​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​។

​សូម​បញ្ជាក់​ថា ប្រទេស​​​កម្ពុជា​​​ ទទួល​​បាន​ការ​កោត​​​សរសើរ​​​ជា​​​អន្តរ​​​ជាតិ​​​ចំពោះ​​​ជោគ​​​ជ័យ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​​មេរោគ​អេដស៍ ដែល​​​បាន​​​កាត់​​​បន្ថយ​​​អត្រា​​​ឆ្លង​​​ក្នុង​​​ចំណោម​​​​​ប្រជា​ពល​រដ្ឋ​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​១៥​​​ឆ្នាំ​​​ដល់៤៩​​​ឆ្នាំ ពី​​​១,៧​​​ភាគ​​​រយ​​​នៅ​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ១៩៩០​​​​​​​​​​​​​​​មក​​​នៅ​​​ត្រឹម​​​០,៧ភាគ​​​រយនា​ពេល​បច្ចុប្បន្ន៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស