26 C
Phnom Penh

គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ត្រូវ​​​​​​សមត្ថកិច្ច​​​សួរ​​នាំ​​​ខណៈ​​​ប្រជា​​​ពល​​​រដ្ឋ​​​១៦​​​នាក់​​​ទៀត​​​ពិនិត្យឃើញ​​​ផ្ទុក​​​មេ​​​រោគ​​​អេដស៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឃុំ​​​រកា/ខេត្តបាត់​​​ដំបង-ខណៈ​​​អ្នកភូមិ​​​យ៉ាង​​​ហោច​​​ណាស់​​​១៦​​​នាក់​​​ទៀត​​​នៅទី​​​នេះ​​​បាន​​​ធ្វើ​​​តេស្ត​​​ពិនិត្យ​​​ឃើញមាន​​​​​​​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ធ្វើ​​​ឲ្យ​​​ចំនួន​​​សរុប​​​នៃ​​​អ្នក​​​​​​ធ្វើ​​​តេស្ត​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​សប្តាហ៍​​​មក​​​នេះ​​​កើន​​​លើស​​​១០០នាក់​​នោះ​​​ នគរ​​​បាល​​​ខេត្ត​​​បាន​​​ចាប់​​​ផ្តើម​​​​​​សួរ​​នាំ​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​ដែល​​​អ្នក​​​ភូមិ​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​មេរោគ​​​នេះ​​ឆ្លង​​​រាល​​​ដាល​​​។​​​

​បុគ្គលិក​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​រកា​​​ កំពុងផ្តល់​លទ្ធ​ផល​ធ្វើ​​​តេស្ត​​​​​​មេរោគ​​​អេដស៍​ដល់ប្រជា​ពលរដ្ឋ​​ កាលពីម្សិលមិញ។ អេឡិក ខុនស៊ីកលីអូ​​​
​បុគ្គលិក​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​រកា​​​ កំពុងផ្តល់​លទ្ធ​ផល​ធ្វើ​​​តេស្ត​​​​​​មេរោគ​​​អេដស៍​ដល់ប្រជា​ពលរដ្ឋ​​កាលពីម្សិលមិញ។ អេឡិក ខុនស៊ីកលីអូ​​​

ពេល​​​នេះ​​​ អ្នកភូមិ​​​ប្រមាណ​​​១០៥​​​នាក់​​​​​​រួម​​​មាន​​​កុមារ​​​១៩​​​នាក់ផង​​​ ត្រូវ​​​បាន​​​ពិនិត្យ​​​ឃើញ​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​ ចាប់​​​តាំង​​​ពី​​​មណ្ឌល​​​សុខភាព​​​ឃុំ​​​រកា​​​ បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​តេស្ត​​​បឋម​​​រក​​​មេរោគ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨ ខែធ្នូ​​​​​​មក​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​សាធារណជន​​​ភ័យ​​​ស្លន់​​​ស្លោ​​​ និង​​​បារម្ភ​​​ចំពោះ​​​បញ្ហា​​​សុខភាព​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ដែលកន្លង​​​មក​​​​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​យ៉ា​​​ងធំ​​​ធេង​​​នៅ​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​ការ​​​រាល​​​ដាល​​​ជំងឺ​​​អេដស៍​​​ដែល​​​បាន​​​កើន​​​ឡើង​​​ខ្ពស់​​​នៅ​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០។

យោង​​​តាម​​​លោក មាន ឈីវុន ប្រធាន​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​អេដស៍ សើស្បែក​​​ និង​​​កាម​​​រោគ​​​ នៃ​​​ក្រសួង​​​សុខាភិបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ជំងឺ​​​ចំនួន​​​៩០​​​នាក់​​​ ដែល​​​បាន​​​ធ្វើ​​​តេស្ត​​​ពិនិត្យ​​​ឃើញ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​​​​​​​​​​​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​តេស្ត​​​បឋម​​​នៅ​​​មណ្ឌល​​​សុខភាព​​ឃុំ​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​មួ​​​យ​​​សប្តាហ៍​​​មក​​​នេះ​​​ បាន​​​ធ្វើ​​​តេស្ត​​​ពិនិត្យ​​​លើក​​​ទី​​​២​​​នៅ​​​មន្ទីរពេទ្យ​​​បង្អែក​​​ខេត្ត​​​កាល​​​ពីម្សិលមិញ ហើយ​​​៨៩​​​ករណី​​​​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា ពិត​​​ជា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​មែន។​​​​​

លោក ហ៊ា សៀក ប្រធាន​​​កម្មវិធី​​​ជំងឺ​​​អេដស៍​​​នៃ​​​ក្រសួង​​​សុខាភិបាល​​​ប្រចាំ​​​ស្រុក​​​សង្កែ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកភូមិ​​​ជា​​​ច្រើន​​​កំពុង​​​តែ​​​បន្ទោស​​​លោក យ៉ែម ជ្រិន ជា​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ម្នាក់​​​ដែល​​​ជា​​​ញឹក​​​ញាប់​​​តែង​​​តែ​​​​​​ទូរស័ព្ទ​​​ទៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​ចំនួន​​​៨.៨៩៧​​​នាក់​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ថា​​​ជា​​​អ្នកបង្ក​​​ការ​​​ឆ្លង​​​រាល​​​ដាល​​​នេះ។

លោក សេង លុច​​​ នាយការិយាល័យ​​​ព្រហ្មទណ្ឌ​​​េខត្ត​​​បានមាន​​​ប្រសាសន៍​​​ថា លោក យ៉ែម ជ្រិន បាន​​​ស្ម័គ្រ​​​ចិត្ត​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ដើម្បី​​​ការ​​​សួរ​​​នាំ​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​។​​​

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​អញ្ជើញ​​​គាត់​​​មក​​​សាក​​​សួរ​​​ ពីព្រោះ​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​ចោទ​​​ប្រកាន់គាត់​​​ថាជា​​​អ្នក​​​បង្ក​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដាល​​​។ ពេល​​​នេះ​​​យើង​​​មិន​​​ហ៊ាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ទេ យើង​​​កំពុង​​​សើុប​​​អង្កេតអំពី​​​គាត់​​​​​​បន្ថែម​​​ទៀត​​​នៅ​​​ឡើយ​​​”។ លោក​​​បាន​​​លើក​​​ឡើងបន្ត​​​​​​ថា នគរ​​​បាល​​​មាន​​​គម្រោង​​​ឃុំ​​​​​​ខ្លួនលោក​​​​​​ យ៉ែម  ជ្រិន មួយ​​​យប់​​​ ហើយ​​​ពិនិត្យ​​​ឆែក​​​ឆេរ​​​ផ្ទះ​​​របស់​​​គាត់​​​នៅ​​​ថ្ងៃ​​​នេះ​​​។

យោង​​​តាម​​​លោក បេង សោ ប្រធាន​​​មណ្ឌល​​​សុខភាព​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ យ៉ែម ជ្រិន ដែល​​​មាន​​​វ័យខ្ទង់​​​​​​ជាង​​​៥០​​​ឆ្នាំ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពីឃុំ​​​នេះ នៅ​​​ពេល​​​​​​មជ្ឈមណ្ឌល​​​សុខភាព​​​ក្នុង​​​មូលដ្ឋាន​​​ ដែល​​​មាន​​​ចម្ងាយ​​​ប៉ុន្មាន​​​ជំហាន​​​ពីផ្ទ​​​ះ​​​របស់​​​គាត់​​ បាន​​​ចាប់​​​​​​ផ្តើម​​​ប្រគល់​​​លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​តេស​​្ត​​​រក​​​មេរោគ​​​​​​អេដស៍ទៅ​​​អ្នក​​​ភូមិ​​​​​​ដែល​​​មាន​​​ការ​​​ក្តៅ​​​ក្រហាយ​​​។

លោក ឆែម ជឿន កូនប្រសា​​​​​​របស់​​​លោក​​​ យ៉ែម ជ្រិន បាន​​​និយាយ​​​នៅ​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​គ្រួសារ​​​នេះ​​​កាល​​​ពីម្សិលមិញ​​​ថា នគរ​​​បាល​​​ឃុំ​​​បាន​​​ព្រមាន​​​ឪពុក​​​ក្មេក​​​របស់​​​ខ្លួន​​​​​​មិន​​​ឲ្យ​​​​​​ត្រឡប់​​​ទៅ​​​តំបន់​​​នោះ​​​វិញ។លោក​​​បាន​​​និយាយ​​​​​​ថា “នគរ​​​បាល​​​ឃុំ​​​បាន​​​ប្រាប់​​​គាត់​​​ថា កុំ​​​ឲ្យ​​​មក​​​ផ្ទះ​​​របស់​​​យើង​​​។​​​ពួក​​​គេ​​​បាន​​​ប្រាប់​​​គាត់​​​ថា ពួក​​​គេ​​​បារម្ភ​​​ខ្លាច​​​អ្នក​​​ភូមិ​​​ដែល​​​ក្តៅ​​​ក្រហាយ​​​បង្ក​​​អំពើ​​​ហិង្សា”។​​​​​​​​​

លោក ឆែម ជឿន និយាយ​​​ថា ឪពុក​​​ក្មេក​​​របស់​​​ខ្លួន​​​ដែល​​​ធ្លាប់​​​ទទួល​​​បាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ឲ្យ​​​ធ្វើ​​​ជា​​​គ្រូពេទ្យ​​​នៅ​​​ជំរំ​​​ជនភៀស​​​ខ្លួន​​​តាម​​​បណ្តោយ​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​អំឡុង​​​ទសវត្សរ៍ឆ្នាំ​​​​​​១៩៨០​​​ បាន​​​ព្យាបាលជំងឺ​​​ច្រើន​​​មុខ​​​​​​របស់​​​អ្នក​​​ភូមិនៅ​​​​​​ក្នុង​​​ឃុំ​​​នេះ​​​។ លោក​​​បាន​​​​​​បន្ត​​​ថា “គាត់​​​បាន​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​២០ឆ្នាំ​​​​​​មក​​​ហើយ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ពិត​​​ ឬមិន​​​ពិតនោះ​​​ទេ​​​ [ដែល​​​ថាគាត់​​​ជាអ្នក​​​ធ្វើ​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដាល​​​]​​​ ​​​ ប៉ុន្តែ អ្នក​​​ភូមិ​​​ជឿ​​​ជាក់​​​គាត់​​​ថា គាត់​​​ជា​​​មនុស្ស​​​ល្អ​​​”។

លោក អីុម ចិត្រា ប្រធាន​​​ការិយាល័យ​​​ប្រតិបត្តិ​​​សុខាភិបាល​​​ស្រុក​​​សង្កែ​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ខាង​​​ក្រៅ​​​មណ្ឌល​​​សុខភា​​​ព​​​ឃុំ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក យ៉ែម ជ្រិន​​​ ធ្វើ​​​ជា​​​គ្រូ​​​ពេទ្យ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ។ “គាត់​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ទេ​​​។ បើ​​​ខ្ញុំ​​​ដឹង​​​មុន​​​ ខ្ញុំ​​​នឹង​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​ព្យាបាល​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​នោះ​​​ទេ​​​”។

អ្នក​​​ភូមិ​​​ជាង​​​២០០នាក់​​​បាន​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​អេដស៍​​​កាល​​​ពីម្សិលមិញ​​​នៅ​​​មណ្ឌល​​​សុខ​​​ភាព​​​ខាង​​​លើ​​​នេះ ហើយ​​​យ៉ាង​​​ហោច​​​ណាស់​​​មនុស្ស​​​១៦​​​នាក់​​​បានធ្វើ​​​តេស្ត​​​​​​រក​​​ឃើញ​​​ថា​​​ មាន​​​ផ្ទុក​​​ជំងឺ​​​អេដស៍ ​​​​​​នេះ​​​បើ​​​យោង​​​តាម​​​ការ​​​ឲ្យ​​​ដ​​​ឹង​​​ពី​​​លោក អីុម ចិត្រា ​​​ដែល​​​មិន​​​ទាន់​​​បូក​​​សរុប​​​លទ្ធផលនៅឡើយ​​គិត​​​មក​​​ទល់​​​នឹង​​​ពេល​​​​​​ល្ងាច​​​នោះ​​​។អ្នកភូមិ​​​ជា​​​ច្រើន​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​មណ្ឌល​​​សុខភាព​​​នេះ​​​ក្នុង​​​​​​ទឹក​​​មុខ​​​ធូរស្រាល​​​ ចំណែក​​​ឯ​​​មនុស្ស​​​មួយ​​​ចំនួន​​​ត​​​ូច​​​បាន​​​ស្រែក​​​យំ​​​។

អ្នក​​​ស្រី ឡាប ឡឺត អាយុ​​​៥៥​​​ឆ្នាំ​​​ បាន​​​និយាយ​​​បណ្តើរ​​​យក​​​ក្រមា​​​ជូត​​​ទឹក​​​ភ្នែក​​​បណ្តើរ​​​ថា “ខ្ញុំ​​​និង​​​ប្តី​​​របស់​​​ខ្ញុំ​​​បាន​​​ទៅ​​​ធ្វើ​​​តេស្ត​​​ឈាម ហើយ​​​លទ្ធផល​​​គឺ​​​យើង​​​ផ្ទុកមេរោគ​​​អេដស៍​​​​​​ទាំង​​​ពីរ​​​នាក់​​​។ ខ្ញុំ​​​ភ័យ​​​ខ្លាច​​​ណាស់”។​​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា ជា​​​ញឹក​​​ញាប់​​​ប្តី​​​របស់​​​អ្នក​​​ស្រី​​​ពឹង​​​ឲ្យ​​​លោក យ៉ែម ជ្រិន ព្យាបាល​​​ជំងឺ​​​របស់​​​គាត់​​​ ហើយ​​​ពេល​​​ខ្លះ​​​មាន​​​ការ​​​ចាក់​​​ថ្នាំ​​​ផង​​​។ “ខ្ញុំ​​​សង្ស័យ​​​ថា វា​​​មក​​​ពី​​​គាត់​​​ [លោក ជ្រិន] ។ គាត់​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្តី​​​ខ្ញុំ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​”។

អ្នក​​​ស្រី ប៊ុត ទុយ​​​តើន អាយុ​​​៤០​​​ឆ្នាំ​​​ ​​​បាន​​​និយាយ​​​ការ​​​ពារ​​​គ្រូពេទ្យ​​​គ្មា​​​ន​​​អាជ្ញា​​​ប័ណ្ណ​​​រូប​​​នេះ​​​កាល​​​ពីម្សិលមិញ​​​ បន្ទាប់ពី​​​គាត់​​​​​ទទួល​​​បាន​​​លទ្ធផលនៃ​​​ការ​​​​​​ធ្វើ​​​​​​តេស្ត​​​ឈាម​​​ ដែល​​​បង្ហាញ​​​ថា គាត់​​​គ្មានផ្ទុក​​​មេរោគ​​​អេដស៍​​​​​​ ប៉ុន្តែ ជា​​​អកុសល​​​​​​កូន​​​ស្រី​​​វ័យ​​​២០​​​ឆ្នាំ​​​របស់​​​គាត់​​​ផ្ទុក​​​មេរោគ​​​នេះ​​​។ “ខ្ញុំ​​​តក់​​​ស្លុត​​​​​​ពេល​​​ឮ​​​ថា​​ កូន​​​ស្រី​​​របស់​​​ខ្ញុំ​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​។ គាត់​​​ [លោក ជ្រិន] គឺ​​​ជា​​​គ្រូពេទ្យ​​​ល្អ​​​”។

អ្នក​​​ស្រី​​​និយាយ​​​ថា លោក យ៉ែម ជ្រិន បាន​​​ព្យាបាល​​​កូន​​​ស្រី​​​របស់​​​គាត់​​​ បន្ទាប់​​​ពី​​​នាង​​​បាន​​​សម្រាល​​​កូន​​​កាល​​​ពី​​​ប្រហែល​​​ប្រាំ​​​ខែ​​​មុន​​​ ដោយ​​​ចាក់​​​ថ្នាំ​​​ និង​​​បន្តោក​​​សេរ៉ូម​​​ឲ្យ​​​នាង​​​ ហើយ​​​ម្ជុល​​​ទាំង​​​អស់​​​​​​ដែល​​​គាត់​​​ប្រើ​​​គឺសុទ្ធ​​​តែ​​​ថ្មី​​​ដក​​​ចេញ​​​ពីស្រោម​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា “វា​​​ពិបាក​​​នឹងសង្ស័យ​​​គាត់​​​ [លោក ជ្រិន] ណាស់”។

នៅ​ពេល​គេ​កំពុង​ស្វែងរក​មូល​ហេតុ​ផ្សេង​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នេះ អ្នក​ភូមិ​ផ្សេង​ៗ​​ទៀត​បាន​និយាយ​សំដៅ​លើ​​​កម្ម​វិធី​​​ផ្ដល់​វ៉ាក់សាំង​​​ដល់​កុមារ​មួយ​ដែល​រៀប​ចំ​ដោយ​​ក្រុម​គ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​តាម​បទ​បញ្ជា​របស់​ក្រសួង​សុខាភិបាល​កាលពី​ប្រហែល​៦ខែ​កន្លង​ទៅ​នេះ។

ប៉ុន្តែ​ លោក​ ចិត្រា​ ប្រធាន​ការិយាល័យ​ប្រតិបត្តិ​សុខាភិបាល​ស្រុក​ បាន​លើក​ឡើង​ថា​ កម្មវិធី​ផ្ដល់​​​​វ៉ាក់សាំង​​​​​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ក្បួន​ពេទ្យ​យ៉ាង​ត្រឹមត្រូវ ហើយ​លោក​ យ៉ែម ជ្រិន​ គឺ​មិន​បាន​មក​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នេះ​ទេ។ លោក​ បាន​មាន​ប្រ​សាសន៍​ថា “​មណ្ឌល​សុខ​ភាព​មិន​ដែល​​សហ​ការ​ជា​មួយ​គាត់​ឡើយ​។​យើង​ចាក់​ថ្នាំ​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង។​ វា​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​រឿង​នេះ​បាន​កើតឡើង​។​​ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​ តើ​វា​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ”។

លោក​ បេង សោ​​ ប្រធាន​​មណ្ឌល​សុខ​ភាព​ឃុំ​រកា ក៏​បាន​ការពារ​បុគ្គលិក​ពេទ្យ​ដែល​គេ​សង្ស័យ​ថា​ជា​ប្រភព​​ដែល​អាច​ធ្វើ​ឲ្យ​មេរោគ​​អេដស៍​នេះ​ផ្ទុះ​ឡើង​ផង​ដែរ។

លោក បាន​មាន​ប្រសាសន៍​ ដោយ​បង្ហាញ​ពី​ម្ជុល​​​ដែល​​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្ម​វិធី​ផ្តល់​​វ៉ាក់​សាំង​នោះ​​ថា “ព័ត៌មាន​ដែល​ថា​ការ​ចាក់​វ៉ាក់សាំង​ក៏​អាច​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​ដែរ​នោះ​ គឺ​ចេញ​ពី​ពល​រដ្ឋ​ ហើយ​ពួក​គាត់​មិន​ដឹង​​ពី​ការ​ងារ​បច្ចេកទេស​ឡើយ​។​ហើយ​យើង​បាន​ប្រើ​ម្ជុល​​​តែ​ម្ដង​ប៉ុណ្ណោះ រួច​ក៏​បោះ​ចោល​ហើយ”។

លោក បេង សោ​ បាន​លើកឡើង​ទៀត​ថា​ អ្នក​ភូម​ិសង្ស័យ​ថា លោក​ យ៉ែម ជ្រិន​ ​បាន​ប្រើ​ម្ជុល​តែមួយ​ទៅ​ចាក់ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ផ្សេង​ៗ​​គ្នា​។​

លោក​ ស៊ីម ពៅ​ មេ​ឃុំ​រកា​ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​តែងតែ​យក​លោក​ យ៉ែម​ ជ្រិន​ធ្វើជា​គ្រូពេទ្យ​របស់​ខ្លួន​ព្រោះ​វា​ងាយ​ស្រួល។ លោក បាន​មាន​ប្រសាសន៍​ថា​ “អ្នក​ភូមិ​បាន​ប្រើ​គាត់​ ព្រោះ​គាត់​​យក​ថ្លៃ​ព្យា​បាល​ថោក។ ហើយ​វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ដែល​អ្នក​​ភូមិ​ហៅ​គ្រូពេទ្យ​ឯក​ជន​មក​ព្យាបាល​ដល់​ផ្ទះ​នោះ”។

លោក ឈី វុន​ បាន​លើក​ឡើង​ថា ​ជា​ផ្នែក​នៃ​ការ​ស៊ើប​អង្កេត​ដែល​កំពុង​បន្ត​នោះ​ ក្រសួង​សុខាភិបាល​នឹង​យក​កម្រង​សំណួរ​ទៅ​ចែក​អ្នក​ភូមិ​នៅ​​ទីនោះ​ក្នុងពេលឆាប់ៗ។​ លោក បាន​មាន​ប្រសាសន៍​ថា​ “ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​”។ លោក​ បាន​បន្ថែម​ថា ការ​ស្ទង់​មតិ​នេះ​ប្រហែល​មាន​រួម​ទាំង​​សំណួរ ដែល​សួរ​ថា​ តើ​អ្នក​ភូមិ​ធ្លាប់​ឲ្យ​លោក​ យ៉ែម ជ្រិន​​ព្យាបាល​​ឬ​អត់​ផង​ដែរ។​ លោក បាន​មាន​ប្រសាសន៍​បន្ថែម​ថា “វា​ត្រូវ​ចំណាយ​ពេល​ដើម្បី​ទទួល​ភស្តុតាង​ដែល​មាន​គុណភាព​។​ យើង​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ទេ​ ថា​វា​បង្កឡើង​ដោយ​មនុស្ស​តែ​ម្នាក់​ឬ​យ៉ាងណានោះ​ ព្រោះ​យើង​នៅ​មិនទាន់​​ដឹង​ការពិត​នៅ​​ឡើេយ​ទេ”៕​សុុខុម​ និង​ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស