កាលពីថ្ងៃព្រហស្បតិ៍ ព្រះសង្ឃមួយក្រុមបានផ្កាប់បាត្ររបស់ព្រះអង្គនៅខាងក្រៅក្រសួងយុត្តិធម៌ក្នុងក្រុងភ្នំេពញ ដើម្បីតវ៉ាប្រឆាំងនឹងការដាក់ពន្ធនាការសកម្មជន សមាជិកបក្សប្រឆាំង និងព្រះសង្ឃ១៨អង្គនិងនាក់នាពេលថ្មីៗនេះ។

ព្រះសង្ឃនិងសកម្មជនជាង១០០អង្គនិងនាក់បានធ្វើបាតុកម្មជាលើកដំបូងនៅខាងក្រៅសភានៅម៉ោងប្រហែល៨ព្រឹកកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញការខកចិត្តដែលញត្តិដាក់ទៅសភាកាលពីខែមុនមិនមានការឆ្លើយតប មុនការហែក្បួនទៅក្រសួងយុត្តិធម៌ ដោយសង្ឃឹមថានឹងប្រគល់ញត្តិទៅ លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ញត្តិនោះអំពាវនាវសុំឲ្យដោះលែងមនុស្សទាំង១៨នាក់។
ព្រះតេជគុណ ហួ សុផាត់ បានមានសង្ឃដីកាថា “គោលបំណងរបស់យើងថ្ងៃនេះគឺចង់ជួបលោក អង្គវង្ស វឌ្ឍានា និងឲ្យលោកចេញមកទទួលញត្តិដើម្បីបង្ហាញថា ក្រសួងយុត្តិធម៌អាចរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ”។
រយៈពេលពីរម៉ោងបន្ទាប់មក នៅពេលលោក អង្គវង្ស វឌ្ឍានា មិនបានចេញបង្ហាញមុខ ព្រះសង្ឃប្រហែល៤០អង្គបានផ្កាប់បាត្ររបស់ព្រះអង្គ ជាកាយវិការជម្នះដែលបង្ហាញថា ព្រះសង្ឃនឹងមិនទទួលទេយ្យទានពីរដ្ឋមន្ត្រីរូបនេះទេ។
ព្រះអង្គ ហួ សុផាត់ បានផ្តល់ការពន្យល់បន្ថែមអំពីកាយវិការនេះថា “គម្របបាត្រពណ៌សតំណាងយុត្តិធម៌ រីឯបាតពណ៌ខ្មៅតំណាងអយុត្តិធម៌ ដូច្នេះហើយយើងផ្កាប់បាត្ររបស់យើង ដើម្បីបង្ហាញថាប្រទេសរបស់យើងពោរពេញដោយអយុត្តិធម៌ ហើយប្រជាជនបន្តរងគ្រោះបែបណានោះ”។
ក្្នុងពេលតវ៉ាប្រឆាំងរដ្ឋាភិបាលនៅប្រទេសភូមាកាលពីឆ្នាំ២០០៧ ព្រះសង្ឃជាច្រើនអង្គបានផ្កាប់បាត្ររបស់ព្រះអង្គ ហើយមិនព្រមទទួលយកទេយ្យទានពីសមាជិកនៃរដ្ឋាភិបាលយោធាទេ។
ក្នុងអត្ថបទទស្សនាវដ្តីឆ្នាំ២០០៨ លោកស្រី អិុនគ្រិដ ចដធ៍ សាស្ត្រាចារ្យផ្នែកព្រះពុទ្ធសាសនាដែលផ្តោតលើប្រទេសភូមា បានពន្យល់ថា ខ្លឹមសារនៃការមិនទទួលយកទេយ្យទាន មានន័យជា “ការស្តីបន្ទោសខាងសីលធម៌”។
លោកស្រីបានសរសេរអំពីសកម្មភាពនេះ ដែលភាសាបាលីហៅថា “patam nikkujjana kamma” នោះថា “មិនព្រមទទួលយកទេយ្យទានរបស់អ្នកណាម្នាក់ គឺបដិសេធអ្នកនោះនូវឱកាសទទួលបុណ្យ។ បុណ្យគឺជាកុសលកិច្ចសម្រាប់ជាតិក្រោយរបស់ខ្លួន”។
លោក កឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងតាមទូរស័ព្ទនៅពេលបន្ទាប់នោះថា តំណាងអ្នកតវ៉ាទាំងនោះបានបដិសេធការអញ្ជើញឲ្យចូលក្រសួង។ លោកបាននិយាយថា “ក្រសួងបានបញ្ជូនអ្នកតំណាងឲ្យទទួលញត្តិ ប៉ុន្តែពួកគេមិនបានប្រគល់ឲ្យឡើយ ហើយក្រសួងក៏បានអញ្ជើញតំណាង[អ្នកតវ៉ា]ចូលមកខាងក្នុង…ប៉ុន្តែពួកគេមិនមក”។
បន្ទាប់ពីផ្កាប់បាត្រ ក្រុមនេះបានបន្តដំណើរទៅព្រះបរមរាជវាំង ដែលនៅទីនោះ តំណាងរាជវាំងម្នាក់បានសន្យាថានឹងបញ្ជូនញត្តិនោះថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី។
បាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ជាការអំពាវនាវថ្មីបំផុតសុំឲ្យដោះលែងមនុស្ស១៨នាក់ ដែលអ្នកទាំងអស់នោះកំពុងត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស៕មានិត