39.4 C
Phnom Penh

ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​​រង់ចាំ​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​១៣​នាក់ ដែល​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ នៅ​មិន​ទាន់​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ឡើយ​ទេ ហើយ​នឹង​ត្រូវ​និរទេស​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជនអន្តោប្រវេសន៍​ខុស​​ច្បាប់​​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​សាកសួរ​រួច​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​ក្រសួង​មហាផ្ទៃ​​​​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​បញ្ជូន​អ្នក​ទាំង​នោះ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិន​បើ​យើង​រក​ឃើញ​ថា ពួកគេ​មិន​​មែន​​ជា​ជន​ភៀស​ខ្លួន​ទេ​នោះ”។

លោក កែម សារិន ​ប្រធាន​នាយកដ្ឋាន​ជនភៀស​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា ការិយាល័យ​របស់​លោក​​នៅ​មិន​ទាន់​មាន​ផែន​ការ​សាកសួរ​​អ្នក​ទាំង​១៣​នាក់​នោះ​នៅ​ឡើយ​ទេ។ លោក សារិន បាន​មាន​ប្រសាសន៍​ទាក់​ទិន​នឹង​ក្រុម​​ជនជាតិ​ភាគតិច​ ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​រតនគិរី​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ថា ” ពួកគេ​ទើប​តែ​មក​ដល់​យប់​មិញ ហេតុ​ដូច្នេះ យើង​គួរ​តែ​ទុក​ពេល​ឲ្យ​ពួកគេ​បាន​សម្រាក​ពីរ​បី​ថ្ងៃ​សិន”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” យើង​​នឹង​អញ្ជើញ​ពួកគេ​មក​សាកសួរ​នៅ​ពេល​​យើង​មានពេល​”។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រី​​​​ផ្នែក​ព័ត៌មាន​ប្រចាំ​​តំបន់​នៅ​ការិយាល័យ​​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​​ (UNHCR) បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​ថា ការិយាល័យ​របស់​លោកស្រី​បាន​រៀបចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​ក្រុម​ជនជាតិ​ភាគ​តិច​នេះ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” UNHCR នឹង​មើល​ការ​ខុស​ត្រូវ​ចំពោះ​សេចក្តី​ត្រូវការ​របស់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រោក​កោន​ម៉ុង​តាញ៉ា​​ ខណៈ​ការ​អះអាង​របស់​ពួកគេ​កំពុង​ត្រូវ​បាន​វាយ​តម្លៃ៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស