នៅពេលចំនួនអ្នកភូមិដែលធ្វើតេស្តឈាមរកឃើញថា ឆ្លងមេរោគអេដស៍នៅតែបន្តកើនឡើងក្នុងឃុំរកា ខេត្តបាត់ដំបង ក្រសួងសុខាភិបាលកំពុងតែចាត់វិធានការចុះត្រួតពិនិត្យការព្យាបាលដោយខុសច្បាប់ ដែលប្រហែលជាមូលហេតុនាំឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នេះ និងដែលកំពុងតែកើតមានយ៉ាងច្រើននៅទូទាំងប្រទេស។

លោក សឿម ឈុំ ជំទប់ឃុំរកាបានឲ្យដឹងកាលពីម្សិលមិញថា មកទល់ពេលនេះ អ្នកភូមិចំនួន២២៦នាក់ នៅក្នុងឃុំរកា ស្រុកសង្កែ ត្រូវបានធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍ ចាប់តាំងពីមណ្ឌលសុខភាពឃុំបានចាប់ផ្ដើមធ្វើតេស្តឈាមជាលើកដំបូងកាលពីថ្ងៃទី៨ ខែធ្នូមក។
លោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលតែងតែទៅព្យាបាលអ្នកភូមិដល់ផ្ទះ ហើយព្យាបាលអ្នកជំងឺរបស់លោកដោយការចាក់ថ្នាំ បានសារភាពចំពោះមុខនគរបាលថា លោកបានប្រើសឺរា៉ងឡើងវិញជាច្រើនលើកច្រើនសារ ហើយលោកត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទមនុស្សឃាតកាលពីថ្ងៃទី២២ ខែធ្នូ។
មូលហេតុដែលធ្វើឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមការងារដឹកនាំដោយរដ្ឋាភិបាលដែលរួមមានដូចជា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក គឺកំពុងតែស៊ើបអង្កេតលើប្រភពដែលអាចនាំឲ្យមានការឆ្លងរាលដាលនេះ ហើយបានបញ្ជូនសំណាកឈាមទៅក្រៅប្រទេសដើម្បីកំណត់ថា តើអ្នកភូមិឆ្លងចេញពីប្រភពតែមួយឬយ៉ាងណា ដែលអាចជួយឲ្យក្រុមការងារឆ្ពោះទៅរកមូលហេតុពិតប្រាកដនៃការឆ្លងរាលដាលនេះ។
អ្នកជំនាញខាងវេជ្ជសាស្ត្របានលើកឡើងថា ការប្រើប្រាស់សឺរ៉ាងឡើងវិញមិនទំនងជាមូលហេតុតែមួយគត់ដែលធ្វើឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នេះឡើយ ប៉ុន្តែវាអាចទៅរួចប្រសិនបើគ្រូពេទ្យមិនអនុវត្តឲ្យបានត្រឹមត្រូវតាមវិធីសាស្ត្រការពារកុំឲ្យមេរោគឆ្លង។
លោក អុឹង ព្រហស្បតិ៍ ប្រធានស្ដីទីនៃគណៈកម្មាធិការសុខភាពកម្ពុជា ជាអង្គការដែលផ្ដល់ជំនួយដល់អ្នកភូមិនៅក្នុងឃុំក្រីក្រ ដែលមានអ្នកឆ្លងមេរោគអេដស៍ និងជំងឺរបេង បានមានប្រសាសន៍ថា “វាអាចកើតឡើងគ្រប់ទីកន្លែង។ យើងធ្លាប់ឃើញរួចមកហើយតាមរយៈការងាររបស់យើងថា មានគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណជាច្រើនដើរចាក់ថ្នាំឲ្យប្រជាជន។ ប្រសិនបើពួកគេមិនអនុវត្តតាមវិធីសាស្ត្រការពារកុំឲ្យមេរោគឆ្លងនោះទេ ពួកគេក៏នឹងអាចធ្វើឲ្យមេរោគអេដស៍ឆ្លងរាលដាលនៅក្នុងភូមិផងដែរ”។
កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលបានចេញសារាចរណែនាំមួយដល់មន្ត្រីមន្ទីរសុខាភិបាលនេះខេត្តក៏ដូចជាព្រះរាជអាជ្ញា និងនគរបាលខេត្តផងដែរ ដោយជំរុញឲ្យពួកគេត្រូវបញ្ឈប់គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណឲ្យឈប់ព្យាបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សារាចរណែនាំដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះមានខ្លឹមសារដូច្នេះថា “សូមចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតចំពោះការព្យាបាលទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ និងដែលមិនអនុវត្តតាមច្បាប់ ដោយប្ដឹងករណីព្យាបាលដោយគ្មានអាជ្ញាប័ណ្ណនេះទៅកាន់តុលាការ”។
លោក អ៊ុំ សុភាព ប្រធានអង្គការខាណា (Khanna) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលផ្ដល់ការឧបត្ថម្ភគាំទ្រ និងទង់ស្កាត់ការឆ្លងមេរោគអេដស៍ និងដែលកំពុងផ្ដល់ជំនួយដល់អ្នកភូមិឃុំរកា ដែលធ្វើតេស្តឈាមរកឃើញថា ឆ្លងមេរោគអេដស៍នោះបានលើកឡើងថា លោក យ៉ែម ជ្រិន អាចដើរព្យាបាលអ្នកភូមិអស់ជាច្រើនឆ្នាំមកហើយ ព្រោះមន្ត្រីសុខាភិបាលមិនបានចាត់វិធានការយ៉ាងសកម្ម ដើម្បីចុះត្រួតពិនិត្យគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណឡើយ។
លោកបានមានប្រសាសន៍ថា “វាមិនមែនទាល់តែមានរឿងនេះកើតឡើងហើយទើបមានការឆ្លើយតបពីរដ្ឋាភិបាលនោះទេ។ វាគឺជាការទទួលខុសត្រូវរបស់លោក យ៉ែម ជ្រិន ចំពោះការប្រើម្ជុលមិនស្អាត។ ចាំបាច់ត្រូវតែឲ្យគាត់ទទួលខុសត្រូវ ប៉ុន្តែវាក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធរផងដែរ។ វាហាក់បីដូចជាគាត់អាចដើរព្យាបាលអ្នកភូមិអស់រយៈពេលជាយូរមកហើយដោយគ្មានការចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវណាមួយឡើយ”។
លោក ស្រុុ៊ុន សុក ប្រធាននាយកដ្ឋានផ្ដល់សេវាដល់មន្ទីរពេទ្យនៅក្រសួងសុខាភិបាល ដែលទទួលបន្ទុកត្រួតពិនិត្យអាជ្ញាប័ណ្ណរបស់គ្រូពេទ្យ និងគ្លីនិកនានាបានលើកឡើងនៅក្នុងកិច្ចសម្ភាសក្នុងពេលថ្មីៗនេះថា ក្រសួងរបស់លោកមិនដឹងអំពីការដើរព្យាបាលរបស់លោក យ៉ែម ជ្រិន ឡើយ។
លោកបានមានប្រសាសន៍ថា “យើងមិនបានដឹងទេ ព្រោះគ្មានសេចក្ដីរាយការណ៍ចំពោះបុគ្គលនេះឡើយ។ វាគឺជាបន្ទុករបស់មេឃុំឬប្រធានមណ្ឌលសុខភាពឃុំ ដែលជាអ្នកធ្វើសេចក្ដីរាយការណ៍នេះជូនថ្នាក់ស្រុក ដែលបន្ទាប់មកនឹងជូនដំណឹងនេះដល់មន្ទីរសុខាភិបាលខេត្ត”។
ទោះជាយ៉ាងណា លោក ប៊ី បេងសោ ដែលទទួលតំណែងជាប្រធានមណ្ឌលសុខភាពឃុំរកាអស់រយៈពេលប្រហែល១ឆ្នាំកន្លងមកហើយ បានលើកឡើងថា លោកមិនបានដឹងទេថា លោកត្រូវមានបន្ទុកទទួលខុសត្រូវចំពោះការធ្វើសេចក្ដីរាយការណ៍អំពីគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណនោះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដែលបានធ្វើសេចក្ដីរាយការណ៍ណាមួយឡើយ។ ប្រសិនបើគេដាក់បទបញ្ជាឲ្យខ្ញុំធ្វើនោះ ខ្ញុំនឹងធ្វើតាម”។ លោកបានគូសបញ្ជាក់ថា លោក យ៉ែម ជ្រិន បានដើរព្យាបាលអ្នកភូមិអស់រយៈពេលជាង១ទសវត្សរ៍មកហើយ។
លោក សិទ្ធ សាវុធ អតីតប្រធានមណ្ឌលសុខភាពឃុំនេះបានអះអាងថា កាលពីឆ្នាំ២០១២ លោកបានធ្វើសេចក្ដីរាយការណ៍អំពីគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណយ៉ាងតិចចំនួនពីររូបក្នុងឃុំរកា ក្នុងនោះមានរួមទាំងលោក យ៉ែម ជ្រិន ផងដែរជូនមន្ត្រីសុខាភិបាលស្រុក។
ប៉ុន្តែលោក អុឹម ចិត្រា ប្រធានមណ្ឌលសុខភាពស្រុកសង្កែ ដែលគ្រប់គ្រងមណ្ឌលសុខភាពឃុំរកា បានលើកឡើងថា លោកមិនដែលទទួលបានសេចក្ដីរាយការណ៍ណាមួយដែលមានឈ្មោះលោក យ៉ែម ជ្រិន នៅក្នុងនោះឡើយ។ លោក ចិត្រា បានមានប្រសាសន៍ថា “ខ្ញុំមិនបានឃើញឈ្មោះគាត់នៅក្នុងសេចក្ដីរាយការណ៍ឡើយ”។ លោកបានបន្ថែមថា ការដែលចុះបង្ក្រាបគ្លីនិកគ្មានអាជ្ញាប័ណ្ណគឺជារឿងងាយស្រួលទេ ប៉ុន្តែការតាមដានគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលទៅព្យាបាលអ្នកភូមិដល់ផ្ទះមិនមែនជារឿងងាយស្រួលឡើយ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនគ្លីនិកគ្មានអាជ្ញាប័ណ្ណបានថយចុះពី៨៧នៅក្នុងឆ្នាំ២០១០មក០ក្នុងឆ្នាំ២០១១ ជាតួលេខមួយដែលបានបញ្ជាក់នៅក្នុងឆ្នាំ២០១២ និង២០១៣។
ការឆ្លងរាលដាលនៃមេរោគអេដស៍
នៅពេលណាដែលអ្នកស្រី យ៉ុម ណារី ឈឺក្បាលឬគ្រុនក្ដៅ អ្នកស្រីតែងតែហៅលោក យ៉ែម ជ្រិន ឲ្យមកចាប់ថ្នាំឬព្យួរសេរ៉ូមដល់ផ្ទះតែម្ដង។
អ្នកស្រី ណារី អាយុ២៥ឆ្នាំ បានលើកឡើងថា អ្នកស្រីមិនចាំទេថា តើគ្រូពេទ្យរូបនេះបានចាក់ថ្នាំអ្វីឲ្យគាត់ ប៉ុន្តែថា ការព្យាបាលរបស់គ្រូពេទ្យរូបនេះអាចជួយគាត់បាន ហើយតែងតែមានការលើកលែងខ្លះៗនៅពេលគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃព្យាបាល។ អ្នកស្រីបាននិយាយថា “គាត់តែងតែចាក់ថ្នាំ និងព្យួរសេរ៉ូមឲ្យខ្ញុំ នៅពេលខ្ញុំឈឺក្បាលឬគ្រុនក្ដៅ។ គាត់ចិត្តល្អ ហើយមានបទពិសោធន៍ច្រើន”។
លោក Chris Grundmann នាយកប្រចាំប្រទេសនៅក្រុមហ៊ុន University Research Co. ដែលអនុវត្តកម្មវិធីផ្ដល់មូលនិធិដោយទីភ្នាក់ងាយអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) ដើម្បីធ្វើឲ្យការធ្វើឲ្យការផ្ដល់សេវាកម្មផ្នែកសុខភាពមានភាពប្រសើរឡើង បានលើកឡើងថា ពលរដ្ឋខ្មែរតែងតែមានអារម្មណ៍ថា ខ្លួនមិនទទួលបានការព្យាបាលដោយត្រឹមត្រូវ ប្រសិនបើពេលព្យាបាលគ្រូពេទ្យមិនចាក់ថ្នាំ។
លោកបានមានប្រសាសន៍ថា “អ្វីដែលពលរដ្ឋខ្មែរភាគច្រើនចង់បាននៅពេលពួកគាត់ទៅឲ្យគ្រូពេទ្យភូមិព្យាបាលនោះ គឺការចាក់ថ្នាំឬព្យួរសេរ៉ូម”។ លោកបានមានប្រសាសន៍បន្ថែមថា “ភាគច្រើនគឺការចាក់ថ្នាំវីតាមីន ដែលមិនសូវជាមានប្រយោជន៍ឡើយ ប៉ុន្តែពលរដ្ឋចង់បានបែបនេះ”។
លោក ស្រ៊ុន សុក បានលើកឡើងទៀតថា អ្នកភូមិឃុំរកា ទំនងជាជ្រើសរើសការព្យាបាលដោយគ្រូពេទ្យឯកជន ឬគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណព្រោះមណ្ឌលសុខភាពឃុំចាក់ថ្នាំឲ្យពួកគាត់នៅក្នុងស្ថានភាពបន្ទាន់តែប៉ុណ្ណោះ ឬនៅក្នុងកម្មវិធីផ្ដល់វាក់សាំងណាមួយ។
លោកបានមានប្រសាសន៍ថា “អ្នកដែលធ្វើការនៅមណ្ឌលសុខភាពឃុំមិនមានចំណេះដឹងច្រើនទេ។ យើងជឿជាក់ថា ចំណេះដឹង សមត្ថភាព និងជំនាញរបស់ពួកគេមិនទាន់គ្រប់គ្រាន់សម្រាប់ចាក់ថ្នាំឲ្យពលរដ្ឋ [តាមតម្រូវការ]នៅឡើយទេ”។
លោកវេជ្ជបណ្ឌិត Sten Vermund អ្នកជំនាញផ្នែកមេរោគអេដស៍នៅសាកលវិទ្យាល័យ Vanderbilt University School of Medicine ក្នុងក្រុង Nashville រដ្ឋ Tennessee ដែលផ្ដោតលើប្រទេសកំពុងអភិវឌ្ឍបានលើកឡើងថា មនុស្សរាប់រយនាក់ដែលឆ្លងមេរោគអេដស៍តាមរយៈសឺរ៉ាងដែលប្រើឡើងវិញគឺវាប្រហែលជាត្រូវការពេលវេលាយូរ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាមិនអាចទៅរួចទេដែលមនុស្សប្រហែល២០០នាក់ឆ្លងមេរោគអេដស៍តាមរយៈការប្រើប្រាស់សឺរ៉ាងមិនស្អាតតែមួយ ព្រោះការឆ្លងតាមរយៈបែបនេះវាមានកម្រិតខ្សោយ។ ប៉ុន្តែវាអាចមានការធ្វើបែបនេះម្ដងហើយម្ដងទៀតដោយគ្រូពេទ្យ”។
អ្នកភូមិឃុំរកា ដែលធ្វើតេស្តឈាមឃើញថា មានផ្ទុកមេរោគអេដស៍រួមមានទាំងក្មេងអាយុ៤ខែ និងលោកតាអាយុខ្ទង់៨០ឆ្នាំម្នាក់។ ព្រមទាំងពលករចំណាកស្រុកដែលចាកចេញពីប្រទេសអស់រយៈពេលប្រហែល១ឆ្នាំផងដែរ។
ដោយមើលឃើញថា មានអ្នកភូមិយ៉ាងច្រើនត្រូវបានធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍នោះ លោកវេជ្ជបណ្ឌិត Vermund បានលើកឡើងថា ប្រភពដែលអាចទៅរួចផ្សេងទៀតនៃការឆ្លងតាមរយៈការចាក់ថ្នាំ អាចជាការប្រើប្រាស់មិនត្រឹមត្រូវនៃដបថ្នាំមួយដុសប្រើច្រើនសារ។
លោកបានលើកឡើងទៀតថា ប្រសិនបើលោក យ៉ែម ជ្រិន បានប្រើដបថ្នាំមួយដុសប្រើច្រើនសារ លោកប្រហែលជាធ្លាប់បានចាក់ថ្នាំអ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ ហើយបន្ទាប់មកយកម្ជុលនេះទៅបូមថ្នាំចេញពីដុសមួយផ្សេងទៀត។ លោកបានមានប្រសាសន៍ថា “គេអាចធ្វើឲ្យមានកំហុសបែបនេះ។ ប្រសិនបើគេប្រើដបថ្នាំមួយដុសប្រើច្រើនសារបែបនេះ មេរោគវាបានឆ្លងរួចទៅហើយ ទោះបីជាប្រើម្ជុលថ្មីឬសឺរ៉ាងថ្មីក៏ដោយ។ ហេតុដូច្នេះអ្នកមានកំហុសតែមួយលើទេ តែអ្នកផ្សេងៗទៀតនឹងមានការឆ្លងជាបន្តបន្ទាប់គ្នា ទោះបីជាម្ជុលឬសឺរ៉ាងនោះមានការសម្លាប់មេរោគក៏ដោយ”។
លោកវេជ្ជបណ្ឌិត Vermund បានបន្ថែមទៀតថា ប្រសិនបើលោក យ៉ែម ជ្រិន បានប្រើសេរ៉ូមប្រៃលាយជាមួយថ្នាំដើម្បីចាក់ថ្នាំឲ្យគេ គាត់ប្រហែលជាក៏ធ្វើឲ្យមានភាពមិនស្អាតនៅក្នុងសេរ៉ូមប្រៃនោះ ដោយលោកយកម្ជុលដែលមិនស្អាតទៅបូមសេរ៉ូមប្រៃនោះម្ដងទៀត។
លោកបានមានប្រសាសន៍ថា ” វាគួរតែមានវិធីសាស្ត្រក៏ល្អបំផុតសម្រាប់ការពារកុំឲ្យមេរោគឆ្លង។ ក្នុងចំណោម១០លើកប្រសិនបើមានកំហុសតែមួយលើកនោះវាក៏មិនបានដែរ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យមានកំហុសទាល់តែសោះ”។
គ្រូពេទ្យបរទេសម្នាក់ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា និងដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដោយខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួននៅក្រសួងសុខាភិបាលបានលើកឡើងថា ការព្យាបាលប្រកបដោយគ្រោះថ្នាក់ដែលលោកវេជ្ជបណ្ឌិត Vermund បានលើកឡើងនេះ គឺជារឿងធម្មតាទៅហើយក្នុងប្រទេសកម្ពុជា។
គ្រូពេទ្យបរទេសរូបនេះបាននិយាយថា ”ការព្យាបាលទម្លាប់អាក្រក់បែបនេះកើតមានយ៉ាងសាមញ្ញទៅហើយក្នុងប្រទេសកម្ពុជា ព្រោះថា គ្មានការផ្គត់ផ្គង់ត្រឹមត្រូវឡើយ។ នៅក្នុងប្រទេសកម្ពុជាគេគ្មានដបថ្នាំមួយដុសប្រើតែម្ដងនោះទេ។ គេតែងតែប្រើដបថ្នាំមួយដុសប្រើច្រើនសារបែបនេះ”។
លោក Vermund បានលើកឡើងបន្តទៀតថា ប្រសិនបើអាជ្ញាធររឹបអូសយកឧបករណ៍ពេទ្យរបស់លោក យ៉ែម ជ្រិន ដែលមានផ្ទុកមេរោគអេដស៍នោះ មេរោគនេះអាចយកទៅប្រៀបធៀបនឹងឈាមរបស់អ្នកភូមិ។
លោកបានមានប្រសាសន៍ថា “យើងអាចធ្វើការវាយតម្លៃមូ៉លេគុលដើម្បីចង់ដឹងថា តើម្ជុលរបស់គ្រូពេទ្យរូបនេះមានផ្ទុកមេរោគដូចគ្នាដែរឬអត់។ ការធ្វើដូច្នេះនឹងអាចទទួលបានភ័ស្តុតាងកាន់តែច្បាស់។ ប្រសិនបើគេចង់វាយតម្លៃអំពីការឆ្លងរាលដាលនេះប្រាកដមែននោះ វាអាចមានប្រសិទ្ធភាព”៕ ស៊ុយឈាង