30.4 C
Phnom Penh

ជន​​​ជាតិ​​​វៀតណាម​​​សម្តែង​​​កំហឹង​​​ ខណៈ​​​ការ​​​ធ្វើ​​​ជំរឿន​​​ជន​​​អន្តោប្រវេសន៍​​​ជិត​​​បញ្ចប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​​​ជាតិ​​​វៀតណាម​​​ដែល​​​រស់នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​សម្ដែង​​​កំហឹង និង​​​ការ​​​មួម៉ៅ​​​កាល​​​ពី​​​ម្សិលមិញ ចំពោះ​​​​​​ការ​​​ធ្វើ​​​ជំរឿន​​​ជន​​​អន្តោប្រវេសន៍​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ខែ​​​សីហា ដោយ​​​ពួក​​​គេ​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​បាល​​​បាន​​​ផ្តោត​​​គោល​​​ដៅ​​​លើ​​​សហគមន៍​​​ និង​​​កន្លែង​​​រក​​​ស៊ី​​​របស់​​​ពួក​​​គេ​​​ ដើម្បី​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ឆ្មក់​​​ចូល​​​​​​ និង​​​ចាប់​​​ខ្លួន​​​។vietnamese-jump1

នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ជំរឿន​​​ថ្មី​​បំផុត ​​​​​​​​​នគរបាល​​​អន្តោប្រវេសន៍ បាន​​​ឆ្មក់​​​ចូល​​​កន្លែង​​​រក​​​ស៊ី​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​បាន​​​ចាប់ខ្លួន​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ ដែល​​​មិន​​​អាច​​​ផ្តល់​​​ឯកសារ​​​បញ្ជាក់​​​ថា ពួក​​​គេ​​​រស់​​​នៅ​​​ទី​​​នេះ​​​ដោយ​​​ស្រប​​​ច្បាប់​​​ ក៏​​​ដូច​​​ជា​​​ក្មេង​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំ​​​ម្នាក់ ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ម៉ោង​​​ផង​​​ដែរ​​​។

ដោយ​​​ជក់​​​បារី​​​មួយ​​​ដើម​​​ហើយ​​​មួយ​​​ដើម​​​ទៀត​​​នៅ​​​តុ​​​មួយ​​​ក្នុង​​​ហាង​​​កាហ្វេ​​​ ដែល​​​ជា​​​របស់​​​ខ្លួន​​​ក្នុង​​​សង្កាត់​​​ផ្សារ​​​ដើម​​​គរ​​​ ខណ្ឌ​​​ទួល​​​គោក​​​ លោក គឹម ចន្ធី ដែល​​​កើត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ឪពុក​​​ម្តាយ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​អន្តោប្រវេសន៍​​​បាន​​​ជជីក​​​សួរ​​​គាត់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទោះ​​​បី​​​ជា​​​គាត់​​​បាន​​​​​​បង្ហាញ​​​ប័ណ្ណ​​​ចេញ​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​បញ្ជាក់​​​ថា កន្លែង​​​រក​​​ស៊ី​​​របស់​​​គាត់​​​ត្រូវ​​​បាន​​​ត្រួត​​​ពិនិត្យ​​​រួច​​​ហើយ​​​ក៏​​​ដោយ​​​​​​​​​​​​​​​។

លោក​​​ ចន្ធី បាន​​​និយាយពេល​​​មាន​​​ចម្រៀង​​​វៀតណាម​​​ចាក់​​​ឮខ្លាំង​​​ៗនៅ​​​ពីក្រោយ​​​​​​ថា “នៅ​​​ពេល​​​ខ្ញុំ​​​ឲ្យ​​​ប័ណ្ណ​​​លឿង​​​ទៅ​​​នគរ​​​បាល​​​ ពួក​​​គេ​​​ចង់​​​រឹប​​​អូស​​​យក​​​ ហើយ​​​ខ្ញុំ​​​បាន​​​ប្រកែក​​​ត​​​វ៉ា​ជា​​​មួយ​​​ពួក​​​គេ​​​មុន​​​ពេល​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​។ ពួក​​​គេ​​​ផ្តោត​​​គោល​​​ដៅ​​​មក​​​លើ​​​ខ្ញុំ​​​​​​ ព្រោះ​​​ឪពុក​​​របស់​​​ខ្ញុំ​​​​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​។ ពួក​​​គេ​​​ចង់​​​ចាប់​​​ខ្ញុ​​​ំរុញ​​​ចូល​​​ឡាន​​​។ នគរបាល​​​បាន​​​ប្រើ​​​អំណាច​​​របស់​​​ខ្លួន​​​មក​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​។ យោង​​​តាម​​​​​​ច្បាប់​​​ពួក​​​គេ​​​អាច​​​សាក​​​សួរ​​​ម្ចាស់​​​ហាង​​​បាន​​​ ប៉ុន្តែ ពួកគេ​​​មិន​​​អាច​​​ចូល​​​មក​​​ហើយ​​​ធ្វើ​​​ដាក់​​​ខ្ញុំ​​​បែប​​​នេះ​​​បាន​​​ឡើយ​​​”។

លោក សៀក ឃៀង ដែល​​​ផ្លាស់​​​ប្តូរ​​​ទីលំនៅ​​​ពី​​​ប្រទេស​​​វៀតណាម​​​មក​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​១៩៨៤ ហើយ​​​ជា​​​ម្ចាស់​​​ហាង​​​កាហ្វេ​​​មួយ​​​ទល់​​​មុខ​​​ហាង​​​កាហ្វេ​​​របស់​​​លោក ចន្ធី បាន​​​លើក​​​ឡើង​​​ថា កូន​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំ​​​ ដែល​​​មើល​​​ទៅ​​​មាន​​​ភាព​​​តក់​​​ស្លុត​​​របស់​​​គាត់​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​​​​បញ្ចូល​​​រថយន្ត​​​នគរ​បាល​​​ ដោយ​​​មន្ត្រី​​​នគរ​​​បាល​​​ បន្ទាប់​​​ពី​​​គាត់​​​មិន​​​អាច​​​បង្ហាញ​​​សំបុត្រ​​​កំណើត​​​​​​ច្បាប់​​​ដើម​​​របស់​​​នាង​​​ភ្លាម​​​ៗ​​​​​។

លោក សៀក ឃៀង បាន​​​និយាយ​​​នៅ​​​ក្នុង​​​ហាង​​​កាហ្វេ​​​របស់​​​គាត់​​​ថា “វា​​​ជា​​​រឿង​​​ធម្មតា​​​ទេ​​​ដែល​​​គេ​​​មក​​​ឆែក​​​ឆេរ​​​ចង់​​​ដឹង​​​ថា តើ​​​មនុស្ស​​​នៅ​​​ទី​​​នេះ​​​រស់​​​នៅ​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​ឬក៏​​​អត់​​​នោះ។ ប៉ុន្តែ ខ្ញុំ​​​មាន​​​ការ​​​អាក់​​​អន​​​់ចិត្ត​​​ចំពោះ​​​​​​ទង្វើ​​​របស់​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​​​​ នៅ​​​ពេល​​​ខ្ញុំ​​​ស្នើ​​​សុំ​​​ពួក​​​គេ​​​កុំ​​​ចាប់​​​ខ្លួន​​​កូន​​​​​​ស្រី​​​របស់​​​ខ្ញុំ​​​”។

លោក សៀក ឃៀង បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ទោះ​​​បី​​​ជា​​លោក​​​ខំពន្យល់​​​មន្ត្រី​​​នគរ​​​បាល​​​ថា សំបុត្រ​​​កំណើត​​​របស់​​​កូន​​​ស្រី​​​គាត់​​​ទុក​​​នៅ​​​ផ្ទះ​​​ក៏​​​ដោយ​​​ តែ​​​ពួក​​​គេ​​​នៅ​​​តែ​​​នាំ​​​នាង​​​ទៅ​​​ឃំុ​​​ខ្លួន​​​នៅ​​​ការ​​​ិយាល័យ​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដដែល​​​ ហើយ​​​បាន​​​ដោះ​​​លែង​​​នាង​​​មក​​​វិញ​​​​​​នៅ​​​ពេល​​​គាត់​​​បាន​​​បង្ហាញ​​​​​​​​​​​​​​​​​​​​​​​​ឯកសារ​​​តាម​​​ក្រោយ​​​​​​នៅ​​​​​​ថ្ងៃ​​​ដដែល​​​នោះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា បុគ្គលិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុគ្គលិក​​​ផ្សេង​​​ៗ​​​ទៀត​​​របស់​​​គាត់​​​​​​ដែល​​​កើត​​​ក្នុង​​​ប្រទេស​​​កម្ពុជា ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ផង​​​ដែរ​​​ បន្ទាប់​​​ពី​​​នាង​​​មិន​​​បាន​​​បង្ហាញ​​​សំបុត្រ​​​កំណើត​​​។

កូន​​​ស្រី​​​របស់​​​លោក សៀក ឃៀង ដែល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ការិយាល័យ​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​រាជ​​​ធានី​​​ភ្នំពេញ​​​មក​​​វិញ​​​នៅ​​​ពេល​​​ឪពុក​​​របស់​​​នាង​​​បាន​​​បង្ហាញ​​​សំបុត្រ​​​កំណើត​​​ច្បាប់​​​ដើម​​​របស់​​​នាង​​​បាន​​​លើក​​​​​​ឡើង​​​ថា នាង​​​មាន​​​ភាព​​​តក់​​​ស្លុត​​​ដោយ​​​សារ​​​ការ​​​ចាប់​​​ខ្លួន​​​ទោះ​​​បី​​​ជា​​​ឪពុក​​​របស់​​​នាង​​​អះ​​​អាង​​​ថា គ្រួសារ​​​របស់​​​នាង​​​មាន​​​ឯកសារ​​​ស្រប​​​ច្បាប់​​​ពាក់​​​ព័ន្ធ​​នានា​​​ក៏​​​ដោយ​​​។

នាង​​​បាន​​​និយាយ​​​ថា “នៅ​​​ពេល​​​នគរ​​​បាល​​​ចាប់ខ្លួន​​​ខ្ញុំ​​​ ហើយ​​​បញ្ជូន​​​ខ្ញុំ​​​ចូល​​​ឡាន​​​ ខ្ញុំ​​​មាន​​​អារម្មណ៍​​​ភ័យ​​​ខ្លាច ហើយទ្រហ៊ោ​​​ស្រែក​​​យំ។​​​​​​​​​ នៅពេល​​​ពួកគេ​​​មក​​​ដល់​​​ទី​​​នេះ​​​ ខ្ញុំ​​​កំពុង​​​តែ​​​ដេក​​​ ហើយ​​​​​​មិន​​​មាន​​​ឯកសារ​​​ជាប់​​​ខ្លួន​​​”។

លោក​​​ អ៊ុច សុធារ័ត្ន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានីភ្នំពេញ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​អន្តោប្រវេសន៍​​​​​​បាន​​​បញ្ជាក់​​​ថា ក្មេង​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំ​​​ម្នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​ព្រោះ​​​ឪពុក​​​របស់​​​នាង​​​មិន​​​បាន​​​បង្ហាញ​​​សំបុត្រ​​​កំណើត​​​ដែល​​​នៅ​​​មាន​​​សុពល​​​ភាព​​​របស់​​​នាង​​​​​​។

លោក​​​ សុធារ័ត្ន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅពេល​​​ឯកសារ​​​ច្បាប់​​​ដើម​​​ត្រូវ​​​បាន​​​បង្ហាញ​​​ យើង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​នាង​​​ត្រឡប់​​​ទៅវិញ​​​”។

ការ​​​ចុះ​​​ត្រួត​​​ពិនិត្យ​​​ក្នុង​​​ហា​​​ង​​​កាហ្វេ​​​ទាំង​​​ពីរ​​​នេះ​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ពេល​​​ក្បួន​​​រថយន្ត​​​របស់​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​ចុះ​​​ប្រតិបត្តិការ​​​តាម​​​ផ្លូវ​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដោយ​​​ឈប់​​​នៅ​​​កន្លែង​​​រក​​​ស៊ី​​​ដែល​​​ភាគ​​​ច្រើន​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​វៀតណាម​​​។

នគរ​​​បាល​​​អន្តោប្រវេសន៍​​​ប្រហែល​​​២០​​​នាក់​​​ ដែល​​​ពួកគេ​​​មួយ​​​ចំនួន​​​ប្រដាប់ដោយ​​​អាវុធ​​​បាន​​​ចូល​​​ទៅ​​​ក្នុង​​​ហាង​​​កាហ្វេ​​​ Em Minh កាន់​​​កាប់​​​ដោយ​​​ជនជាតិ​​​វៀតណាម​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ នៅ​​​ម៉ោង​​​ប្រហែល​​​១០ព្រឹក ដោយ​​​ត្រួត​​​ពិនិត្យ​​​ឯកសារ​​​របស់​​​អ្នក​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​ ខណៈ​​​មន្ត្រី​​​ដែល​​​ឈរ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​ក្រុម​​​នេះ​​​​​​កំពុង​​​ថត​​​រូប​​​ និង​​​ថត​​​វីដេអូ​​​។ បន្ទាប់​​​ពីមាន​​​ការ​​​ជជែក​​​គ្នា​​​យ៉ាង​​​តឹង​​​សរសៃ​​​ក​​​ជាមួយ​​​មន្ត្រី​​​ម្នាក់​​​មួយ​​​ភ្លែត​​​ បុគ្គលិក​​​ស្រី​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុគ្គលិក​​​ស្រី​​​ផ្សេង​​​ៗ​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​បញ្ចូល​​​រថយន្ត​​​ ដែល​​​ក្រោយ​​​មក​​​បន្តិច​​​បាន​​​​​​បើក​​​ចេញ​​​ទៅ​​​បាត់​​​​​​ភ្លាម​​​តាម​​​ផ្លូវ​​​ដែល​​​មាន​​​ដី​​​ហុយ​​​ទ្រលោម​​​ឆ្ពោះ​​​ទៅ​​​កាន់​​​នាយក​​​ដ្ឋាន​​​​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​។

បន្ទាប់​​​ពី​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​រួច​​​ ក្បួន​​​រថយន្ត​​​របស់​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​បាន​​​ចាប់​​​ផ្តើម​​​ចុះ​​​ប្រតិបត្តិការ​​​បន្ត​​​នៅ​​​ក្នុង​​​សង្កាត់​​​ផ្សារ​​​ដើម​​​គរ ដែល​​​ជា​​​តំបន់​​​មាន​​​ជនជាតិ​​​វៀត​​​ណាម​​​ជា​​​ច្រើន​​​រស់​​​នៅ​​​ ដោយ​​​ពួក​​​គេ​​​បាន​​​ចូល​​​​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​ ហើយ​​​ទាម​​​ទារ​​​ឯកសារ​​​ពី​​​បុគ្គលិក​​​​​​ដែល​​​មើល​​​ទៅ​​​ដូច​​​​​​ជា​​​ភិតភ័យ​​​។ ស្ត្រី​​​ចំនួន​​​បី​​​នាក់​​​ត្រូវ​​​បាន​​​​​​ចាប់​​​បញ្ចូល​​​រថយន្ត​​​របស់​​​នគរ​​​បាល​​​នៅ​​​ចំពោះ​​​មុខ​​​អ្នក​​​ឈរ​​​មើល​​​យ៉ាង​​​ច្រើន​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​មិន​​​បាន​​​បង្ហាញ​​​​​​លិខិត​​​ឆ្លង​​​ដែន​​​នៅ​​​ក្នុង​​​ហាង​​​ម៉ាស្សា​​​ និង​​​កាត់​​​សក់​​​មួយ​​​កន្លែង​​​ឈ្មោះ​​​ថា Tiem Hot Toc Nam Thanh Tuan ។

​​​យោង​​​តាម​​​លោក អ៊ុក ហៃសីលា នាយ​​​នគរបាល​​​សុើប​​​អង្កេត​​​នៃ​​​នាយក​​​រដ្ឋាន​​​អន្តោប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​​​​ថា ការ​​​ឆ្មក់​​​ចូល​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ គឺ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ការ​​​ឆ្មក់​​​ចូល​​​ចុង​​​ក្រោយ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ជំរឿន​​​ទូទាំង​​​ប្រទេស​​​រយៈ​​​ជិត​​ប្រាំ​​​មួយ​​​ខែ​​​មក​​​នេះ ដែល​​​ជា​​​លទ្ធផល​​​គេ​​​បាន​​​ឃើញ​​​ថា មាន​​​ជន​​​អន្តោប្រវេសន៍​​​​​​ចំនួន​​​១.២៥៣​​​នាក់​​​ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​ប្រទេស​​​របស់​​​ពួកគេ​​​វិញ​​​​​​ក្នុ​​​ង​​​នោះ​​​មាន​​​១.០០៨​​​នាក់​​​ គឺ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ពេល​​​ទាក​​​់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍ទោ​​​ ហៃសីលា បាន​​​បដិសេធ​​​ថា អ្នក​​​ធ្វើ​​​ជំរឿន​​​​​​មិនមែន​​​មាន​​​គោល​​​ដៅ​​​តែ​​​ទៅ​​​លើ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​នោះ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​មែន​​​ផ្តោត​​​លើ​​​តែជន​​​ជន​​​ជាតិ​​​វៀតណាម​​​នោះ​​​ទេ គឺ​​​យើង​​​ផ្តោត​​​លើ​​​ជន​​​ជាតិ​​​ទាំង​​​អស់​​​ ប៉ុន្តែ​​​ជន​​​​​​អន្តោប្រវេសន៍​​​ភាគ​​​ច្រើន​​​គឺមក​​​ពី​​​ប្រទេស​​​វៀតណាម​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ជន​​​អន្តោប្រវេសន៍​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ដែល​​​រក​​​ឃើញ​​​ថា កំពុង​​​ធ្វើ​​​ការ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​តាម​​​រយៈ​​​ទិដ្ឋាការ​​​ទេស​​​ចរណ៍​​​​​​មិន​​ត្រូវ​​​បាន​​​រឹត​​​បន្តឹង​​​ខ្លាំង​​​ពេក​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​ប្រទេស​​​វិញ​​​ដែរ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ដាក់​​​ពាក្យ​​​សុំ​​​ទិដ្ឋាការ​​​មក​​​ធ្វើ​​​ការ​​​ដោយ​​​ត្រឹម​​​ត្រូវ​​​នោះ។

ឧត្តម​​​សេនីយ៍ទោ ហៃសីលា បាន​​​លើក​​​ឡើង​​​ថា តាម​​​រយៈ​​​ការធ្វើ​​​ជំរឿន​​​បង្ហាញ​​​ថា ចំនួន​​​នៃ​​​ជនជាតិ​​​វៀត​​​ណាម​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​​​​តិច​​​ជាង​​​ចំនួន​​​ដែល​​​លោក​​​បាន​​​គិត​​​ទុក​​​ពី​​​ដំបូង​​​មក​​​។លោក​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​​​​ការ​​​អះ​​​អាង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​លើក​​​ឡើង​​​ថា ចំនួន​​​នៃ​​​ជន​​​ជាតិ​​​វៀតណាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាច​​​មាន​​​ចំនួន​​​លើស​​​ពី​​​នេះ​​​ឆ្ងាយ​​​ណាស់​​​នោះ​​​ផង​​​ដែរ​​​។

គណបក្ស​​​ប្រឆាំង​​​ និង​​​មេ​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​បាន​​​បង្ក​​​បញ្ហា​​​ធំ​​​​​​​​​ដោយសារ​​​តែ​​​​​​អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​អះ​​​អាង​​​ថា ជន​​​អន្តោប្រវេសន៍​​​វៀតណាម​​​ជា​​​ច្រើន​​​​​​បាន​​​​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​​​​ដោយ​​​គ្មាន​​​ការ​​​ត្រួតពិនិត្យ​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​​​​។

ឧត្តម​​​សេនីយ៍​​​ទោ ហៃសីលា បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​ធ្វើ​​​ជំរឿន​​​បាន​​​យ៉ាង​​​ល្អ។ វា​​​មិន​​​ដូច​​​អ្វី​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​បាន​​​និយាយ​​​នោះ​​​ទេ​​​។ យើង​​​គិត​​​ទុក​​ថា ប្រហែល​​​​​​ជា​​​មាន​​​​​​យ៉ាង​​​តិច​​​ចំនួន​​​៣០០.០០០នាក់ ប៉ុន្តែ យើង​​​រក​​​ឃើញ​​​ថា​​​មាន​​​​​​ត្រឹម​​​តែ​​​ប្រហែល​​​២០០.០០០នាក់​​​ប៉ុណ្ណោះ​​​។ [គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​] បាន​​​និយាយ​​​នៅ​​​ក្នុង​​​កាសែត​​​ថា មាន​​​ប្រហែល​​​១លាន​​​នាក់​​​ ប៉ុន្តែ យើង​​​មិន​​​បាន​​​រក​​​ឃើញ​​​ដូច្នោះ​​​ឡើយ​​​”៕ស៊ុយ​​​ឈាង​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស