29.6 C
Phnom Penh

អ្នក​ភូមិ​ឡ​ពាង​​​អំពាវ​នាវ​ឲ្យ​ប្រធាន​គណៈ​កម្មការ​សិទ្ធិមនុស្ស​រដ្ឋ​សភា​ លាលែង​ពី​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេល​​​ជាង​​​បួន​​​ខែ​​​មក​​​ហើយ​​​ បន្ទាប់​​​ពីនាំយក​ការ​​​តវ៉ា​​​របស់​​​ពួក​​​គាត់​​​លើក​​​ដំបូង​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយដាក់់ជូន​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​រដ្ឋសភាមក  អ្នក​​​ភូមិ​​​៥០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាល​​​ពីម្សិល​​​មិញ បាន​​​តវ៉ា​​​នៅ​​​មុខ​​​រដ្ឋ​​​សភា​​​ អំពាវ​​​នាវ​​​ឲ្យ​​​គណៈ​កម្មការ​​​នេះ​​​លា​​​លែង​​​ដោយ​​​សារ​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​​​​ធ្លីនេះ។

អ្នក​​​ភូមិ​​​៨៣​​​គ្រួសារ​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ជុ​​​ំវិញ​​​ដី​​​ទំហំ​​​១៨៣ហិកតា នៅ​​​ក្នុង​​​ភូមិ​​​ឡពាង ស្រុក​​​កំពង់​​​ត្រឡាច​​​ ជា​​​មួយ​​​ក្រុមហ៊ុន KDC International ជា​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ស្រី ជា​​​ ខេង ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៧​​​មក​​​។

លោក រាជ សីមា តំណាង​​​គ្រួសារ​​​ទាំង​​​នោះ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​ប្រធាន​​​គណៈ​កម្មការ​​​នេះ​​​ថា មិន​​​​​​អើ​ពើ​​​នឹង​​​កង្វល់​​​របស់​​​អ្នក​​​ភូមិ​​​ឡើយ​​​។

លោក រាជ សីមា បាន​​​និយាយ​​​ថា “ប្រសិន​បើ​​​ប្រធាន​​​គណៈ​កម្មការ​​​សិទ្ធិ​​​មនុស្ស​​​ដំបូង​​​នេះ​​​មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​ប្រជា​​​ជន​​​ភូមិ​​​ឡពាង​​​បានទេនោះ ​​​ យក​​​ល្អ​​​លោក​​​គួរ​​​លា​​​ឈប់​​​ទៅ​​​ ហើយ​​​ឲ្យ​​​សម្តេច​​​ ហ៊ុន សែន ឬលោក សម រង្ស៊ី ជំនួស​​​តំណែង​លោកវិញ​​​”។

រយៈ​​​ពេល​​​កន្លះ​​​ម៉ោង​​​បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​របស់ពួក​​​​គាត់​​​ លោក ជា​​​ ប៉ូច សមាជិក​​​សភា​​​គណ​បក្ស​​​ប្រឆាំង និង​​​ជា​​​សមាជិក​​​គណៈ​កម្មការ​​​នេះ​​​បាន​​​អញ្ជើញ​​​តំណាង​​​​​​អ្នក​​​ភូមិ​​​ប្រាំ​​​មួយ​​​នាក់​​​ទៅ​​​ជួប​​​ជា​​​មួយ​​​លោក អេង ឆៃ​​​អ៊ាង​​​។

អំឡុង​​​ជំនួប​​​នោះ លោក អេង ឆៃ​​​អ៊ាង បាន​​​បដិសេធ​​​ថា លោក​​​មិន​មែន​​​មិន​​​អើ​​​ពើ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​នេះទេ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​គ្មាន​​​តួនាទី​​​ដោះ​​​ស្រាយ​​​វិវាទ​​​នេះ​​​ទេ ហើយ​​​​​​​អាច​​​ជួយ​​​សើុប​​​អង្កេត​​​ករណី​​​បែប​​​នេះ ឬ​​​ដើរ​​​តួជា​​​អាជ្ញា​​​កណ្តាល​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា ស្ថាប័ន​​​រដ្ឋសភា​​​មិន​​​​​​មែន​​​ជា​ស្ថាប័ន​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ជូន​អ្នក​​​ភូមិ​​​​​ទេ ប៉ុន្តែ វា​​​ជា​​​កាតព្វកិច្ច​​​របស់​​​ស្ថាប័ន​​​ពីរ​​​ទៀត​​​គឺ​​​ស្ថាប័ន​​​នីតិប្រតិបត្តិ​​​ និ​​​ងតុលាការ​​​”។

ក្រុម​​​អ្នក​​​ភូម​​​ិ​​​បាន​​​យល់​​​ព្រម​​​រំសាយ​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន បន្ទាប់​​​ពី​​​លោក អេង ឆៃ​​​អ៊ាង បាន​​​សន្យា​​​រៀប​​​ចំ​​​ជំនួប​​​ជា​​​មួយ​​​ក្រុមហ៊ុន KDC នៅ​​​ពេល​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ផ្តល់​​​ការ​​​បង្ហាញ​ច្បាស់​​​លាស់ប្រាប់​​​លោក​​​អំពី​​​សំណង​​​ដែល​ពួក​​​គាត់​​​សុខ​​​ចិត្ត​​​ទទួល​​​សំណង​​​ពី​​​ក្រុមហ៊ុន​​​នេះ៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស