ផែនទីទើបតែចេញថ្មីដោយប្រើទិន្នន័យពីផ្កាយរណបរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសកម្ពុជានៅតែបន្តកើតមានការកាប់បំផ្លាញព្រៃឈើដ៏គួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៣ ដោយការកាប់បំផ្លាញភាគច្រើនបានកើតឡើងនៅក្នុងតំបន់ព្រៃការពារ និងដែនជម្រកសត្វព្រៃ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ សាកលវិទ្យាល័យ Maryland បានចេញនូវអ្វីដែលខ្លួនហៅថាជាការសិក្សាលើកដំបូងអំពីការបាត់បង់ព្រៃឈើនៅទូទាំងពិភពលោកដោយប្រើរូបភាពកម្រិតច្បាស់របស់ខ្លួន។ ការវិភាគលើទិន្នន័យដែលទទួលបានពីផ្កាយរណបចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១២ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើ៧,១ភាគរយនៃព្រៃឈើដែលកម្ពុជានៅសេសសល់កាលពីមួយទសវត្សរ៍កន្លងទៅនេះ។
ផែនទីថ្មីដែលចេញដោយសាកលវិទ្យាល័យនេះនៅក្នុងសប្តាហ៍នេះដោយសិក្សាពីព្រៃឈើនៅក្នុងឆ្នាំ២០១៣ បង្ហាញថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា មិនទាន់ថយចុះនៅឡើយទេ ហើយប្រហែលជាអាចកើនឡើងផងក៏អាចថាបាន។
លោក ម៉ាស៊ូ ពេលឡេរីន (Mathieu Pellerin) អ្នកផ្តល់ប្រឹក្សាយោបល់ស្តីអំពីបញ្ហាដីធ្លីនៅអង្គការសិទ្ធិមនុស្សលីកាដូបានចាត់ទុកការកាប់បំផ្លាញព្រៃឈើនៅក្នុងឆ្នាំ២០១៣ ដែលបង្ហាញដោយផែនទីនេះថាជាការកាប់បំផ្លាញ “ដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង”។
ដោយប្រើទិន្នន័យពីផ្កាយរណបហើយត្រូវបានបង្ហោះតាមអីុនធើណិត ផែនទីនេះបង្ហាញឲ្យឃើញថា មានការកាប់បំផ្លាញព្រៃឈើដ៏គួរឲ្យកត់សម្គាល់នៅទូទាំងប្រទេសកម្ពុជា ទោះបីជាប្រៀបធៀបទៅនឹងការកាប់បំផ្លាញយ៉ាងខ្លាំង អំឡុង១២ឆ្នាំមុនក៏ដោយ។
ការកាប់បំផ្លាញព្រៃឈើក្នុងពេលថ្មីៗគឺកើតឡើងភាគច្រើននៅតំបន់ដែលធ្លាប់មានការកាប់បំផ្លាញព្រៃឈើពីមុនមក ដោយភាគច្រើនកើតឡើងនៅតំបន់ភាគកណ្តាលនៃប្រទេសកម្ពុជា ពោលគឺលាតសន្ធឹងពីខេត្តព្រះវិហារ នៅភាគខាងជើងឆ្លងកាត់ខេត្តកំពង់ធំ និងខេត្តកំពង់ចាមទៅកាន់ខេត្តក្រចេះនៅភាគអាគ្នេយ៍។ការកាប់បំផ្លាញព្រៃឈើក្នុងពេលថ្មីៗនេះក៏កើតមាននៅភាគខាងលិចក្បែរព្រំដែនថៃ និងតាមតំបន់ដងទន្លេមេគង្គទាំងសងខាង ព្រមទាំងតំបន់ជុំវិញក្រុងស្ទឹងត្រែង និងនៅខេត្តរតនគិរីភាគឦសានប្រទេសផងដេរ។
ផែនទីនេះក៏បង្ហាញឲ្យឃើញថា ព្រៃឈើក៏មានការបាត់បង់នៅក្នុងដែនជម្រកសត្វព្រៃ និងឧទ្យានជាតិក្នុងប្រទេសកម្ពុជាផងដែរ។
ការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនត្រូវបានគេឃើញថា កើតមានយ៉ាងខ្លាំងនៅក្នុងដែនជម្រកសត្វព្រៃបឹងពែ ភាគឦសានបឹងទន្លេសាប នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពដែលស្ថិតនៅភាគខាងជើង និងនៅក្នុងតំបន់អភិរក្សជីវៈចម្រុះស្នួលសីមា ដែលស្ថិតនៅភាគខាងកើតប្រទេស។
ទោះបីជាសាកលវិទ្យាល័យ Maryland មិនបានផ្តល់ទិន្នន័យនៃការប្រែប្រួលព្រៃឈើនៅក្នុងប្រទេសនីមួយៗក៏ដោយ តែសាកលវិទ្យាល័យនេះបានបង្ហាញទិន្នន័យមិនទាន់វិភាគសម្រាប់ភពផែនដីទាំងមូល។
លោក ពេលឡេរីន ដែលជាអ្នកវិភាគទិន្នន័យមិនទាន់វិភាគនេះបានលើកឡើងថា វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើននាពេលថ្មីៗនៅតែកើតមានក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលស្ថិតក្នុងតំបន់ការពារ និងដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិកាន់កាប់ទៅឲ្យក្រុមហ៊៊ុនឯកជនមួយចំនួន។
លោកបានលើកឡើងទៀតថា យោងតាមទិន្នន័យមិនទាន់វិភាគនេះ ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើក្នុងទំហំ២.១៣២គីឡូម៉ែត្រក្រឡានៅក្នុងឆ្នាំ២០១៣ ពោលគឺជិត១៧ភាគរយនៃព្រៃដែលបានបាត់បង់ក្នុងទំហំ១២.៥៩៤គីឡូម៉ែត្រក្រឡា កាលពីទសវត្សរ៍មុន។
លោក ពេលឡេរីន បានបន្ថែមទៀតថា ហើយក្នុងចំណោមព្រៃឈើដែលបានបាត់បង់ទំហំ២.១៣២គីឡូម៉ែត្រក្រឡា កាលពីឆ្នាំ២០១៣នេះ គឺមានជាងពាក់កណ្តាល [១.០៩០គីឡូម៉េត្រក្រឡា] បានកើតឡើងនៅក្នុងដីសម្បទាន។
លោកបានមានប្រសាសន៍ថា “នេះមានន័យថា រដ្ឋាភិបាលនឹងអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានចំនួន៥១ភាគរយក្នុងឆ្នាំ២០១៣ ប្រសិនបើខ្លួនមិនបានផ្តល់ដីសម្បទានដែលស្ថិតនៅក្នុងតំបន់ការពារទៅឲ្យក្រុមហ៊ុនឯកជននោះ។ នេះគឺជាចំនួនដ៏ច្រើន”។
លោកបានលើកឡើងទៀតថា ផែនទីថ្មីនេះក៏បង្ហាញឲ្យឃើញពីការកាប់បំផ្លាញព្រៃឈើដែលរាលដាលពីក្នុងតំបន់ដីសម្បទានទៅខាងក្រៅព្រំប្រទល់នៃដីសម្បទានទាំងនោះផងដែរ។
ច្បាប់របស់ប្រទេសកម្ពុជា គឺហាមមិនឲ្យអ្នកដែលទទួលបានសិទ្ធិកាន់កាប់ដីសម្បទានកាប់ឈើល្អៗ នៅក្នុងព្រំប្រទល់នៃដីសម្បទានដែលរដ្ឋាភិបាលផ្តល់ឲ្យឡើយ។ នៅពេលក្រុមហ៊ុនកាប់ឈើនៅក្នុងដីសម្បទាន រដ្ឋាភិបាលតែងតែការពារពួកគេដោយអះអាងថា ឈើទាំងនោះគឺជាឈើកាប់រួច។ ហើយសូម្បីតែព្រៃការពារក៏ដោយ ក៏មានការកាប់បំផ្លាញដែរ។
តួលេខនៃការកាប់បំផ្លាញព្រៃឈើដែលចេញកាលពីឆ្នាំ២០១៣ ដោយសាកលវិទ្យាល័យ Maryland បង្ហាញថា ជាង២ភាគ៣នៃការបំផ្លាញព្រៃឈើអំឡុងទសវត្សរ៍មុន គឺកើតឡើងនៅក្នុងតំបន់ព្រៃស្តុក។
តួលេខនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាដែលចេញដោយសាកលវិទ្យាល័យនេះ មានការខុសគ្នាគួរឲ្យកត់សម្គាល់ពីតួលេខរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលបានអះអាងថា ប្រទេសកម្ពុជាបានបាត់បង់ព្រៃឈើត្រឹមតែ០.៥ភាគរយប៉ុណ្ណោះនៃព្រៃឈើដែលខ្លួននៅសេសសល់ចន្លោះពីឆ្នាំ២០០២ដល់ឆ្នាំ២០០៦។ រដ្ឋាភិបាលបានលើកឡើងទៀតថា នៅក្នុងឆ្នាំ២០១០ មានតែព្រៃឈើ២ភាគរយប៉ុណ្ណោះបាត់បង់ចាប់តាំងពីឆ្នាំ២០០៦មក។
លោក ឆេង គឹមស៊ុន ប្រធានរដ្ឋាបាលព្រៃឈើនៅក្រសួងកសិកម្មបានលើកឡើងកាលពីម្សិលមិញថា ទាំងនោះគឺគ្រាន់តែជាតួលេខថ្មីៗបំផុតរបស់រដ្ឋាភិបាលប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងប្រមូលទិន្នន័យពីផ្កាយរណបដោយខ្លនឯង ហើយថា តួលេខថ្មីអាចត្រូវបានបង្ហាញនៅក្នុងឆ្នាំ២០១៦។
លោក គឹមស៊ុន បានលើកឡើងទៀតថា លោកមិនបានឃើញទិន្នន័យរបស់សាកលវិទ្យាល័យ Maryland ឡើយ។ លោកមិនបានច្រានចោលទាំងស្រុងនៃតួលេខអំពីការកាប់បំផ្លាញព្រៃឈើរបស់សាកលវិទ្យាល័យនេះឡើយ ប៉ុន្តែ លោកបានជំទាស់ថា តើសាកលវិទ្យាល័យនេះធ្វើការវិវាគនៃការកាប់បំផ្លាញព្រៃឈើតាមវិធីណា ហើយការបាត់បង់ព្រៃឈើ គឺវាអាស្រ័យតែទៅលើការឲ្យនិយមន័យរបស់សាកលវិទ្យាល័យនេះតែប៉ុណ្ណោះ។ លោកបានលើកឡើងបន្ថែមទៀតថា មានការឲ្យនិយមន័យដល់ទៅជាង២០០ឯណោះទូទាំងពិភពលោកទាក់ទិនបញ្ហានេះ។ លោកបានមានប្រសាសន៍ថា “វាអាស្រ័យលើប្រទេស អាស្រ័យក្រុមអង្គការ និងអាស្រ័យលើអ្នកនយោបាយ”។
រដ្ឋាភិបាលបានអះអាងថា ផ្ទៃដីចំនួន៥៧,១ភាគរយនៃប្រទេសកម្ពុជា គឺគ្របដណ្តប់ដោយព្រៃឈើ ប៉ុន្តែ ការអះអាងនេះបូករួមទាំងចម្ការកៅស៊ូដ៏ធំល្វីងល្វើយដែលក្រុមអ្នកអភិរក្សមិនចាត់ទុកថាជាព្រៃឈើ ព្រោះខ្វះជីវៈចម្រុះផងដែរ៕ស៊ុយឈាង