32.5 C
Phnom Penh

មេបញ្ជាការ​កង​រាជអាវុធហត្ថ ‘រៀន​ពី​អីុត្លែរ’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​អង្គ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​កម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​រៀន​សូត្រ​របៀប​ថែរក្សា​សណ្តាប់​ធ្នាប់​សង្គម ដោយ​សិក្សា​ពី​ជន​ផ្តាច់ការ​ណាហ្ស៊ី អាដូហ្វ អីុត្លែរ ហើយ​ថា លោក​មាន​ការ​ជំរុល​ចិត្ត​ពី​ការ​ងើប​ឡើង​របស់​ប្រទេស​អាល្លឺម៉ង់ ក្រោម​ការ​គ្រប់គ្រង​ផ្តាច់ការ​របស់​មេដឹកនាំ​រូប​នេះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០។front

នៅ​ក្នុង​កិច្ច​ប្រជុំ​ដដែល​នោះ អភិបាល​ក្រុង​លោក ប៉ា សុជាតិវង្ស ក៏​បាន​រ៉ាយរ៉ាប់​ប្រាប់​របៀប​ដែល​លោក​បាន​រួម​គំនិត​ជាមួយ​ឧត្តម​សេនីយ៍ សុខា និង​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ខែ​មករា​ឆ្នាំ​២០១៣ ដើម្បី​ចាប់​ផ្តើម​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​លើ​ការ​តវ៉ា​តាម​ដង​ផ្លូវ ដែល​ដឹកនាំ​ដោយ​”អមិត្ត ហៅ​ម្យ៉ាង​ទៀត គឺ​គណបក្ស​ប្រឆាំង”។

ថ្លែង​ទៅ​កាន់​កង​កម្លាំង​រាជអាវុធហត្ថ​ដែល​មក​ជួបជុំ​គ្នា​នៅ​ទី​បញ្ជា​ការ​ក្រុង​របស់​ខ្លួន ឧត្តមសេនីយ៍ សុខា បាន​និយាយ​ថា លោក​ប្រាកដ​ថា កម្លាំង​រាជអាវុធហត្ថ​តែងតែ​ត្រៀម​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​សន្តិសុខ​ភ្លាមៗ ក្នុង​ករណី​ខ្លះ “គេ​ធ្វើ​សកម្មភាព​ដូច​ស្តេច​ត្សារ នរណា​មក​ធ្វើ​អ្វី​ឡប់ៗ​”។

លោក​ឧត្តម​សេនីយ៍​បាន​និយាយ​ថា “និយាយ​​ត្រង់​ទៅ ខ្ញុំ​បាន​រៀន​ពី អីុត្លែរ។ ប្រទេស​អាល្លឺម៉ង់ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​១ ត្រូវ​សហគមន៍​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​មាន​ទាហាន​ច្រើន​ជាង​១០០.០០០​នាក់​ទេ ប៉ុន្តែ​ក្រុម​ណាហ្ស៊ី និង អីុត្លែរ ​បាន​ធ្វើ​ដើម្បី​​រៀបចំ​​សង្គ្រាម​លោក​លើក​ទី​២​”។

មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូប​នេះ​បាន​និយាយ​ថា លោក​ក៏​បាន​ប្រើ​ប្រាស់​យុទ្ធវិធី​សង្គ្រាម​ទ័ព​ព្រៃ​ដែល​ប្រើ​ដោយ​ក្រុម​កុម្មុយនិស្ត​វៀតណាម​ក្នុង​សង្គ្រាម​របស់​វៀតណាម​ប្រឆាំង​បារាំង​និង​អាមេរិក។

ឧត្តម​សេនីយ៍ សុខា បាន​និយាយ​ថា “ខ្ញុំ​បាន​រៀន​ពីទ័ព​ឈ្លប​វៀតណាម ដោយ​រៀបចំ​ក្រុម​តូច​ប្រយុទ្ធ​នឹង​ក្រុម​ធំ ប៉ុន្តែ​មិន​អាច​យក​ឈ្នះ​ទេ តែ​បំផ្លាញ​ពួកគេ​បាន។ ប្រសិនបើ​យើង​ចង់​ឈ្នះ យើង​ត្រូវ​យក​ច្រើន​វាយ​តិច”។

ដោយ​និយាយ​សំដៅ​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បង្ក្រាប​កាលពី​ខែ​មករា​ឆ្នាំ​២០១៣ លោក​បាន​និយាយ​ថា “ល្បិចកល​របស់​ពួក​វិទ្ធង្សនា​ជ្រៅ​ណាស់។ ល្បិចកល​របស់​ពួកគេ​គឺ​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់ចូល​ក្នុង​ចលាចល និង​បំផ្លាញ​លទ្ធផល​បោះ​ឆ្នោត ហើយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ”។

លោក​បាន​និយាយ​ថា ” ‘ការ​ប្តូរ’ ​គឺ​ដើម្បី​ផ្តួល [រដ្ឋាភិបាល]។ ពួកគេ​ចង់​ផ្តួល ដូច្នេះ​ពូកគេ​ត្រូវ​បង្កើត​ចលាចល​ដើម្បី​ផ្តួល។ ពួកគេ​មិន​ទទួល​បាន​ជោគជ័យ​ទេ”។

លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង នៅ​ចុង​ឆ្នាំ​២០១៣ បាន​ដឹកនាំ​បាតុកម្ម​តាម​ផ្លូវ​រាល់​ថ្ងៃ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ហើយ​បាន​ទាក់ទាញ​កម្មករ​កាត់់​ដេរ​ជាច្រើន​នាក់​ចូល​រួម​ក្នុង​កូដកម្ម​ទូទាំង​ប្រទេស​ដោយ​ឡែក​មួយ​ដើម្បី​ចូលរួម​តវ៉ា។

បន្ទាប់មក នៅ​ថ្ងៃ​ទី​២​ខែ​មករា ទាហាន​ឆត្រ​យោង​ពិសេស​បាន​បំបែក​ការ​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ។ នៅ​ថ្ងៃ​បន្ទាប់ កម្លាំង​រាជ​អាវុធហត្ថ​បាន​ដាក់​ពង្រាយ​យ៉ាង​ច្រើន​បង្ក្រាប​នៅ​ផ្លូវ​តំបន់​ឧស្សាហកម្ម​វេងស្រេង បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ធ្វើ​កូដកម្ម​ប្រាំ​នាក់ និង​ធ្វើ​ឲ្យ​របួស​ច្រើន​ជាង​៤០​នាក់​ ដោយ​ការ​បាញ់​កាំភ្លើង​អាកា-៤៧ ហើយ​បាន​បញ្ចប់​ទាំង​កូដកម្ម​ ទាំង​ការ​តវ៉ា។

នៅ​ថ្ងៃ​ទី​៤​ខែ​មករា កម្លាំង​រាជ​អាវុធហត្ថ​បាន​ឡោម​ព័ទ្ធ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ក្រុង​ភ្នំពេញ ជាទី​តាំង​សម្រាប់​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ហើយ​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​ជា​សាធារណៈ។

លោក ប៉ា សុជាតិវង្ស បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បង្ក្រាប​នេះ​គឺ​ចាំបាច់​ដើម្បី​បញ្ជៀស​ការ​ប៉ះពាល់​ដល់​សង្គម និង​បាន​រៀបរាប់​របៀប​ដែល​លោក​បាន​ឃ្លាំ​មើល​ក្នុង​ពេល​ការ​តវ៉ា​បាន​រីក​ធំឡើងៗ។ លោក​អភិបាល​ក្រុង​បាន​រៀបរាប់​ថា “យើង​ទទួល​ខុសត្រូវ​រដ្ឋ​ធានី ហើយ​យើង​ចង់​ឲ្យ​រាជ​ធានី​មាន​ស្ថិរភាព ប៉ុន្តែ​អមិត្ត ដែល​ជា​ពាក្យ​ផ្សេង មាន​ន័យ​ថា​បក្ស​ប្រឆាំង​នោះ ចង់​រុញ​ច្រាន​ស្ថានការណ៍​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​ថែម​ទៀត”។

សំដៅ​ដល់​ភាព​ស្ងប់​ស្ងាត់​នយោបាយ​បច្ចុប្បន្ន លោក​បាន​និយាយ​ថា “ហេតុ​ដូច្នេះ ម្នាក់​ចង់​ទប់​ស្កាត់​[ចលាចល] ហើយ​ម្នាក់​ទៀត​ចង់​បង្ក​ចលាចល ហើយ​បើ​មេដឹកនាំ​មិន​ម៉ឺងម៉ាត់​និង​ច្បាស់​ឡាស់​ទេ វា​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​មួយ​មិន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ”។

លោក សុជាតិវង្ស បាន​និយាយ​ថា អ្នក​តវ៉ា​កាន់តែ​ហ៊ាន​ខ្លាំង​ឡើង​ ធ្វើ​ដូចជា​កាន់​ជើង នៅ​ពេល​ដែល​កម្លាំង​ប៉ូលិស​និង​កម្លាំង​រាជ​អាវុធហត្ថ​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំ​មើល​សកម្មភាព​របស់​ពួកគេ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ការ​តវ៉ា​រាល់​ថ្ងៃ។ លោក​បាន​និយាយ​ថា “មិន​មែន​ហេតុការណ៍​ធម្មតា​ទេ។ នៅ​ពេល​នោះ ស្ថានការណ៍​ក្នុង​ក្រុង​ភ្នំពេញ​កាន់តែ​ធំ​ឡើងៗ បន្ទាប់ពី​ពួកគេ​បាន​រុញ​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ឲ្យ​ផ្កា​កុលាប​និង​ផ្កា​ទៅ​កម្លាំង​ប្រដាប់​អាវុធ ហើយ​បន្តិច​ធ្វើ​នេះ បន្តិច​ធ្វើ​នោះ​ ពួកគេ​ចង់​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខ្សោយ”។

លោក សុជាតិវង្ស បាន​កត់​សម្គាល់​ថា ចលនា​របស់​លោក​ សម រង្ស៊ី បាន​ទាក់​ទាញ​ឲ្យ​កម្មករ​រោងចក្រ​ដែល​កំពុង​ធ្វើ​កូដកម្ម​ចូលរួម​រួច​ទៅ​ហើយ ហើយ​បាន​គំរាម​ថា​នឹង “រាលដាល​ទៅ​ដល់​វិស័យ​អប់រំ បង្កើត​ឲ្យ​មាន​​ការ​គំរាម​កំហែង​ធ្ងន់ ដែល​រដ្ឋាភិបាល​អាច​បាត់បង់​ការ​គ្រប់គ្រង។

លោក​អភិបាល​បាន​និយាយ​ថា លោក​បាន​ហៅ​ឧត្តមសេនីយ៍ សុខា និង​អគ្គ​ស្នងការ​នគរបាល​ជាតិ នេត សាវឿន មក​ប្រជុំ។

លោក សុជាតិវង្ស បាន​ពន្យល់​ថា “យើង​បាន​ពិភាក្សា​ក្នុង​ចំណោម​គ្នា​យើង​បី​នាក់ គឺ​មាន សៅ សុខា នេត សាវឿន និង​ខ្ញុំ​ផ្ទាល់ ថា​ ដល់​ពេល​ហើយ ហើយ​យើង​មិន​អាច​បណ្តោយ​ឲ្យ​វា​បន្ត​បាន​ទៀត​ទេ។ យើង​មិន​អាច​បក់​ផ្សែង​បាន​ទេ ហើយ​ត្រូវ​ពន្លត់​ភ្លើង”។ “យើង​បី​នាក់​បាន​ព្រមព្រៀង​ថា ខ្ញុំ​នឹង​ជូន​ព័ត៌មាន​ទៅ​ថ្នាក់​លើ ហើយ​ខ្ញុំ​បាន​បញ្ជូន​សារ​មួយ​ភ្លាមៗ និង​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​មេដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការណ៍​ជា​បន្ទាន់”។

ទាំង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ទាំង​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​បក្ស​នេះ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃព្រហស្បតិ៍៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស