33.2 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​​​​​​ថា តំណាង​​​រាស្ត្រ​​គណបក្ស​​​សង្គ្រោះជាតិ​​​៧​​​រូបអាច​​​នឹង​​​ជាប់​​​ពន្ធនាគារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថាបាន​​​បំពាន​​​​​ “វប្បធម៌​​នៃ​​​ការ​​​ចរចា​​​” ដែល​​​លោក​​​ និង​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន ហើយ​​​​​​​​​បានព្រមាន​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​ដែលជាប់​​​ចោទ​​​​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​កុបកម្ម​​​​​​ថា អភ័យ​​​ឯកសិទ្ធិ​​​​​​តំណាង​​​រាស្ត្រ​​​របស់​​​ពួក​​​គាត់​​​មិន​​​អាច​​​ជួយ​​​ពួក​​​គាត់​​​ឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ជាប់​​​ពន្ធនាគារ​​​បាន​​​ឡើយ​​​។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ទាំង​​​ប្រាំពីរ​​​រូបនេះ​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ឯទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ដែល​​​អំឡុង​​​ពេល​​​នោះ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ចំនួន​​​បាន​​​វាយ​​​ដំ​​​​​​ក្រុម​​​​​​​​​សន្តិសុខ​​​ខណ្ឌ​​​ ធ្វើ​​​ឲ្យ​​​ពួកគេ​​​ពីរ​​​បី​​​នាក់​​​​​​រង​​​របួស​​​ធ្ងន់​​​។

តំណាង​​​រាស្ត្រ​​​ទាំង​​​េនះ​​ត្រូវ​​​បាន​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​​​​តំណាង​​​រាស្ត្រឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ផ្តន្ទាទោស​​​​​​នៅ​​​ពេល​​​ក្រោយ​​​មក​​​ក្នុង​​​ឆ្នាំដដែល​​​នោះ​​​ បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចុះកិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ កាន់​​​អំណាច​​​ជុំ​​​វិញ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​ថ្នាក់​​​​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​។

បើ​​​​​​មាន​​​សំឡេង​​​បី​​​ភាគ​​​បួន​​​​​ សភា​​​ក៏​​​អាច​​​ព្យួរ​​​ការ​​​ផ្តន្ទាទោស​​​តំណាង​​​រាស្ត្រ​​​បាន​​​ដែរ។ ប៉ុន្តែ

អំឡុង​​​សុន្ទរកថា​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញាបត្រ​​​​​​កម្រិត​​​សាកល​​​វិទ្យាល័យ​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ដែល​​​មាន​​​​​​សំឡេង​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​សភា​​​ នឹ​​​ងមិន​​​យល់​​​ព្រម​​​ធ្វើ​​​ដូច្នេះ​​​ឡើយ​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​តែ​​​បន្ត​​​វាយ​​​ប្រហារ​​​លោក​​​ និង​​​គណបក្ស​​​របស់​​​លោក​​​​​​​​​តទៅ​​​ទៀត​​​។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា “បើលោក​​​ឯង​​​ជំហរ​​​បែប​​​ហ្នឹង​​​ គណបក្ស​​​ប្រជាជន​​​ខ្ញុំ​​​ប្រកាស​​​ជំហរ​​​ដាច់​​​ខាត​​​មិន​​​គាំទ្រ​​​ឲ្យលុប ​​​[ការ​​​ចោទ​​​ប្រកាន់​​​] ​​​ចោល​​​ទេ​​​។ ខ្ញុំ​​​ ហ៊ុន សែន ជា​​​តំណាង​​​រាស្ត្រ​​​ម្នាក់​​​ ហើយ​​​ជា​​​ថ្នាក់​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រជា​​​ជន​​​ដែល​​​មាន​​​សមា​​​ជិក​​​៦៨​​​រូប ​​​មិន​​​គាំទ្រ​​​ឲ្យលុប​​​ចោលទេ។​​​ អញ្ចឹង​​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​នៅ​​​តែ​​​ជាប់​​​គុក​​​ដដែល​​​ហ្នឹង ព្រោះ​​​អភ័យ​​​ឯកសិទ្ធិ​​​អ្នក​​​ឯង​​​ទទួល​​​បាន​​​ក្រោយ​​​ពេល​​​ដែល​​​គេ​​​ចោទ​​​ប្រកាន់​​​ អាហ្នឹង​​​សិក្សា​​​ផ្លូវ​​​ច្បាប់។ លោក​​​ឯង​​​ខាង​​​ណោះ​​​ក៏​​​ចេះ​​​ច្បាប់​​​ដែរ ខាង​​​​​​ណេះ​​​ក៏​​​គេ​​​ចេះ​​​ គេ​​​មិន​​​ល្ងង់​​​ជាង​​​លោក​​​ឯង​​​ទេ ហើយ​​​លោក​​​ឯង​​​ក៏​​​មិន​​​ល្ងង់​​​ជាង​​​ខ្ញុំ​​​ដែរ​​​”។

លោក​​​ ហ៊ុន សែន​​​ បាន​​​ព្រមាន​​​ថា តំណាង​​​រាស្ត្រ​​​​​​ទាំង​​​នេះ​​​ទំនង​​​ជា​​​គ្មាន​​​សេរីភាព​​​យូរ​​​ទៀត​​​ឡើយ​​​។ លោក​​​​​​លើក​​​ឡើង​​​ថា “​​​លោក​​​ឯង​​​ទៅវៃគេ​​​ ដឹកនាំ​​​អំពើហិង្សា។អ្នក​​​ដែល​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ គ្រាន់​​​តែ​​​​​​គេ​​​ឲ្យ​​​នៅ​​​ក្រៅឃុំ​​​បណ្តោះ​​​អាសន្ន​​​ទេ កាត់​​​ទោស​​​នៅ​​​តែ​​​កាត់​​​ទោស​​​ហ្នឹង តែ​​​អានេះ​​​ជា​​​ដំណើរ​​​ការ​​​របស់​​​តុលាការ​​​។ តែ​​​ខ្ញុំ​​​ឲ្យសារ​​​ជូន​​​អ្នក​​​ឯង​​​ឲ្យ​​​ហើយ​​​ទៅ​​​ បើ​​​អ្នក​​​ឯង​​​នៅតែ​​​ព្រហើន សម្រុះ​​​សម្រួល​​​ៗ ហើយ​​​មក​​​ឲ្យ​​​ខ្ញុំ​​​គិត​​​ឲ្យ​​​ស្រួល​​​ រួច​​​ចេះ​​​តែ​​​វៃ​​​​​​ក្បាល​​​ខ្ញុំ​​​”។

មុន​​​ពេល​​​ធ្វើ​​​ការ​​​គំរាម​​​កំហែង​​​បែប​​​នេះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​រិះ​​​គន់​​​​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​បាន​​​រិះ​​​​​​គន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ក្នុង​​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ។

នៅក្នុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ លោក កឹម សុខា បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​របស់​​​លោក ហ៊ុន សែន ថា បាន​​​កឹប​​​កេង​​​ធន​​​ធាន​​​ធម្មជាតិ​​​របស់​​​ប្រទេស​​​ដើម្បី​​​ផល​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​។

កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន បាន​​​វាយ​​​បក​​​ទៅ​​​វិញ​​​យ៉ាង​​​ដូច្នេះ​​​ថា “ខ្ញុំ​​តប​​ទៅ​​​វិ​​ញ​​​ថា ​​​សូម​​​​​​ប្រើ​​​ភាសា​​​ចិញ្ចើម​​​ថ្នល់​​​​​​​​​ល្មមៗបាន​​​ហើយ។​​​​​លោក​​​ឯង​​​ធ្វើ​​​ឲ្យ​​​ប្រជាជន​​​ពិបាក​​​​​​មិន​​​​គ្រប់​​​គ្រាន​​់​​​ទេ ​​​នៅ​​​ពេល​​​​លោក​​​​​​ឯងធ្វើ​​​បាតុ​​​កម្ម​​​​​​​​​​សម្តែង​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត?”។

ចាប់​​​តាំង​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីខែ​​​កក្កដា​​​មក លោក ហ៊ុន សែន ​​​បាន​​​រិះ​​​គន់​​​​​​គណបក្ស​​​ប្រឆាំង​​​ធ្ងន់​​​ៗ​​​ដូច​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​រិះគន់​​​លោក​​​​​​ដែរ​​​។ ​​​គ្រាន់​​​​​​តែក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​សប្តាហ៍​​​​​មក​​​នេះ​​​ លោក​​​បាន​​​ចោទ​​​ប្រកាន់​​​លោក យឹម សុវណ្ណ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា បាន​​​ផិត​​​ក្បត់​​​ប្រពន្ធ​​​កូន​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ណា​​​ដែល​​​ប្រឆាំង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ន័យ​​​ថា អ្នក​​​នោះ​​​គាំទ្រ​​​របប​​​ ប៉ុល​​​ ពត ព្រៃ​​​ផ្សៃ។

ទោះ​​​បី​​​ជា​​​ដូច្នេះ​​​​​ក្តី ​​​ក៏​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បានមាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បំពាន​​​ការ​​​សន្យា​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​ថ្ងៃ​​​ទី​​​២២ កក្កដា​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ថា នឹង​​​ចាប់​​​ផ្តើម​​​​​​ចរចា​​​​ជុំ​​​វិញ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​​​​ជា​​​ច្រើន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​សូម​​​​​​ផ្តាំផ្ញើ​​​ទៅ​​​ឯកឧត្តម​​​ សម រង្ស៊ី ​​​ថា វប្បធម៌​​​សន្ទនា​​​របស់​​​ឯក​​​ឧត្តម​​​គ្មាន​​​ប្រសិទ្ធ​​​ភាព​​​ទេ។ រាប់​​​ទាំង​​​ឯក​​​ឧត្ត​​​ម ឯកឧត្តម​​​មិនត្រូវ​​​បិទមាត់​​​ខ្ញុំ ហើយ​​​ទាំង​​​អនុ​​​របស់​​​ឯកឧត្តម​​​ ឥឡូវ​​​លេង​​​គ្នា​​​ទៅ អូខេ មិន​​​ចាំ​​​បាច់​​​សន្ទនា​​​មិន​​​សន្ទនា​​​អី​​​ទេ​​​”។

នៅ​​​ពេល​​​ទាក់​​​ទង​​​ បន្ទាប់​​​ពី​​​សុន្ទរកថា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ លោក រៀល ខេមរិន្ទ្រ​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​​​ស្ថិត​​​​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ប្រាំពីរ​​​រូប​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​កុបកម្ម​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​គោរព​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គោរ​​​ព​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​១០០ភាគ​​​រយ​​​។ គាត់​​​ [លោក​​​ ហ៊ុន សែន ] បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ធ្វើ​​​អ្វី​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​នឹង​​​កិច្ច​​​ព្រមព្រៀង​​​២២ កក្កដា ដែល​​​មិន​​​​​​មែន​​​ជា​​​ការ​​​ពិត​​​។ គាត់​​​ខ្លួន​​​ឯង​​​មិន​​​ទាំង​​​គោរ​​​ព​​​វា​​​ផង​​​”។

លោក រៀល​​​ ខេមរិន្ទ្រ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​យល់​​​ខុស​​​ដែរ​​​ចំពោះ​​​ការ​​​អះ​​​អាង​​​ថា អភ័យ​​​ឯកសិទ្ធិ​​​តំណាង​​​រាស្ត្រ​​​ដែល​​​លោក​​​ទទួល​​​បាន​​​ក្រោយ​​​ពី​​​​​​ទទួល​​​យក​​​អាសនៈ​​​សភា​​របស់​​​លោក គ្មា​​​ន​​​ប្រសិទ្ធិ​​​ភាព។ លោក​​​បាន​​​​​​បន្ថែម​​​ថា “គេ​​​បាន​​​ចោទ​​​ប្រកាន់យើង​​​ដោយ​​​សារ​​​តែ​​​យើង​​​គ្មាន​​​អភ័យ​​​ឯកសិទ្ធិប៉ុន្តែ ពេល​​​នេះ​​​​​​​​​យើង​​​មាន​​​អភ័យ​​ឯក​​​សិទ្ធិ​​​ តើ​​​ពួក​​​​​​គេ​​​នៅ​​តែ​​​​​អាច​​​ចោទ​​​ប្រកាន់​​​យើង​​​បាន​​​ទៀត​​​ដោយ​​​របៀប​​​ណា​​​”?៕សុខុម​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស