38.8 C
Phnom Penh

លោក សម រង្ស៊ី ប្រយ័ត្ន​ប្រយែង​​​​ពាក្យ​សម្តី ខណៈ​លោក ហ៊ុន សែន គំរាម​ចាប់​តំណាង​រាស្ត្រ​ដាក់​ពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំ​​វិញ​ការ​ប្រកាស​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ​តំណាង​រាស្ត្រ​៧រូប​មកពី​គណបក្ស​ប្រឆាំង​របស់​លោក​នៅ​តែ​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​​ពីបទ​ “​ដឹកនាំ​កុបកម្ម” ថ្វីបើ​​លោក​មាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​​​ដែល​​អាច​​ការ​ពារ​​ខ្លួន​ពី​ការ​ផ្ដន្ទាទោស​​​ក្ដី។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគាត់​​ស្បថ​ចូល​កាន់​មុខតំណែង​នៅ​ក្នុង​សភា នៅ​តែ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ដដែល​ប្រសិន​បើ​គណបក្ស​ប្រឆាំង​មិន​បញ្ឈប់​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​ពាក្យ​សម្ដី​ទេ​នោះ ពីព្រោះ​ការ​ចោទ​ប្រកាន់ទាំង​នោះ​ធ្វើ​ឡើង​មុន​ពេល​ពួកគាត់​ទទួលបាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​។

លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា “តំណាង​រាស្ត្រ​​ប្រាំពីរ​រូប​នៅ​តែ​ជាប់​គុក​ដដែល​ហ្នឹង​ ព្រោះ​អភ័យ​ឯកសិទ្ធិ​​អ្នក​ឯងទទួល​បាន​ក្រោយ​ពេល​ដែល​គេ​ចោទ​ប្រកាន់​”។

​​​​​​​​ នៅ​ពេល​សាក​សួរ​អំពីការអត្ថាធិប្បាយ​ទាំង​នេះដែល​​ទំនង​ជា​​ផ្ទុយ​នឹង​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​​២២ កក្កដា ដែល​បាន​បញ្ចប់​​​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក សម រង្ស៊ី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ស្ថានភាព​ស្ងាត់​ស្ងៀម​​ដើម្បី​ចៀស​វាង​ការ​ប្រឈម​មុខ​ដាក់​​គ្នា​បន្ថែម​​ទៀត។ ពេល​នេះ​ខ្ញុំ​កំពុង​ខិត​ខំ​អស់​ពី​លទ្ធភាព​ដើម្បី​សម្រាល​ភាព​តាន​តឹង​”។

នៅ​ពេល​សួរ​ថា​ តើ​លោក​គិត​ថា ជំហរ​បច្ចុប្បន្ន​របស់​លោក​ ហ៊ុន សែន ផ្ទុយពីជំហរ​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ អំឡុង​ពេល​ចរចា​កាលពី​​ខែ​កក្កដា ឬយ៉ាង​ណា​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​ជា​ថ្មី​ថា លោក​មិន​ចង់​បង្ក​ឲ្យ​​មានស្ថានភាព​តាន​តឹង​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា “មេធាវី​ជាច្រើន​​បាន​បញ្ចេញ​ទស្សនៈរបស់​ខ្លួន​រួច​ហើយ​ ហើយ​វា​មិន​មែន​ជាការ​ងារ​របស់​ខ្ញុំ​ដែល​ត្រូវលើក​ឡើង​​ពី​ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​របស់ពួកគាត់​​ឡើង​វិញ​ទេ។​ ខ្ញុំគិត​ថា តួនាទី​របស់​ខ្ញុំ​គឺ​​ត្រូវ​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​បន្ថែមទៀត ហើយ​ខ្ញុំ​មិន​ចាំបាច់​ធ្វើ​អត្ថាធិប្បាយ​​ទៀត​ទេ​លើ​បញ្ហា​នេះ​”។

លោកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្ថិត​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​​ប្រាំពីរ​រូប​​ដែល​ជាប់ចោទ​ពីបទ ” ​ដឹកនាំកុបកម្ម​” ជុំវិញ​​ការ​តវ៉ា​មួយ​កាល​ពី​ថ្ងៃទី​១៥ ខែ​កក្កដា ដែល​បាន​ផ្ទុះ​អំពើ​ហិង្សា​​វាយ​តប់​គ្នា​តាម​ផ្លូវ​​ ក៏​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​អំពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដែរ។

លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​កិច្ច​ព្រមព្រៀង​ថ្ងៃ​២២ កក្កដា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​​កាលពី​ម្សិលមិញ ប៉ុន្តែ​នៅ​ថ្ងៃ​មាន​កិច្ច​ព្រមព្រៀង​​​​​​​​​​​​​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​បាន​មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រាំពីរ​រូប​នេះ​នឹង​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​នៅ​យប់​​ថ្ងៃ​មាន​​កិច្ច​ព្រមព្រៀង​គ្នា​ថា “ពួកគាត់​នឹង​​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​​ជា​បណ្ដោះ​អាសន្ន ដើម្បី​ឲ្យពួកគាត់​ស្បថ​ចូល​កាន់មុខ​តំណែង ហើយ​បន្ទាប់​មក​រដ្ឋសភា​នឹង​ពិចារណា​អភ័យ​ឯកសិទ្ធិ​របស់ពួកគាត់ និង​ស្នើ​សុំ​ឲ្យ​តុលាការ​មិន​ចាត់​ការ​​សំណុំរឿង​នេះ​។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ឆ្លង​​កាត់​ដំណើរ​​ការ​​ច្បាប់​”។

​នៅ​ខែ​បន្ទាប់​ មេធាវី​​​តំណាង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ “កុបកម្ម” ប៉ុន្តែ​​ដែល​ទទួល​បាន​ដីកា​កោះហៅ​ពី​តុលាការ​​សម្រាប់​ការ​សាកសួរ​ជុំវិញ​សំណុំរឿង​នេះ​នោះ​ បាន​មាន​ប្រសាសន៍​ថា ចៅក្រម​ កែវ មុនី នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ថែម​ទាំង​បដិសេធ​មិន​សួរ​លោក កឹម សុខា ​ទៀត​ផង​ដោយ​សារ​តែ​លោក​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាង​រាស្ត្រ​។

លោកស្រី ម៉េង សុភារី មេធាវី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហាថា “គាត់​បាន​ជូន​ដំណឹង​មក​យើង​ថា គាត់​មិន​អាច​សាកសួរ​យើង ឬកូនក្ដី​របស់​យើង​បាន​ទេ ពីព្រោះ​គាត់​ជា​តំណាង​រាស្ត្រ ដូច្នេះ​​គាត់​នឹង​ខុស​បើ​គាត់​សាកសួរ​តំណាង​រាស្ត្រ”។

ប៉ុន្តែលោកស្រី​ក៏​បាន​មាន​ប្រសាសន៍​​នៅ​ពេល​នោះ​ដែរ​ថា តុលាការ​​មិន​ទាន់​បាន​​ដក​ការ​ចោទ​ប្រកាន់​លើ​តំណាង​រាស្ត្រ​ទាំង​នេះ​នៅ​ឡើយ​ទេ គឺ​គ្រាន់​តែមិន​ចាត់ការ​ប៉ុណ្ណោះ។ លោក​ស្រី​បាន​​មាន​ប្រសាសន៍​ទៀត​ថា “ចៅក្រម​ស៊ើបសួរ​ កែវ មុនី​​ បាន​ប្រាប់​យើង​ថា គាត់​បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រសួង​យុត្តិធម៌​ ដើម្បី​ស្នើ​សុំ​យោបល់​ពី​រដ្ឋសភា​​ជុំវិញ​សំណុំ​រឿង​នេះ”។ ចំណែក​ឯ​ចៅក្រម​ កែវ មុនី ​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ៕ សុខុម​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស