39.4 C
Phnom Penh

ការ​​​តវ៉ា​​​ដោយ​​​អហិង្សា​​​​​​​​​​​​ត្រូវ​​​បាន​​​រារាំង​​​មិនឲ្យ​​​​​​ចូលទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​សន្តិសុខ​​​ខណ្ឌ​​​ដូន​​​ពេញ​​​ប្រហែល​​​៥០នាក់​​​ និង​​​នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​ក្នុង​​​ចំនួន​​​ប្រហែល​​​គ្នា​​​នេះ​​​​​​បាន​​​រារាំង​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ប្រមាណ​​​១០០​​​នាក់​​​ មិន​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ចាត់​​​ទុក​​​ការ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នេះ​​​ថា ជា​​​ការ​​​ប្រមូល​​ផ្តុំ​​​ខុស​​​ច្បាប់។front

អ្នក​​​តវ៉ា​​​ គឺ​​​សុទ្ធ​​​តែ​​​មក​​​ពី​​​សហគមន៍​​​មួយ​​​ចំនួន​​​ដែល​​​រង​​​ការ​​​បណ្តេញ​​​ចេញ​​​រួម​​​មាន​​​ដូច​​​ជា​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ និង​​​តំបន់​​​បុរី​​​កីឡា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ព្រម​​​ទាំង​​​សហគមន៍​​​មួយ​​​ចំនួន​​​ទៀត​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ផង​​​ដែរ​​​។

ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​​​​​​​ និង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​សកម្មជន​​​ចំនួន​​​១០នាក់​​​​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​នោះ​​​មាន​​​ប្រាំ​​​បួន​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ និង​​​ម្នាក់​​​មក​​​ពី​​​តំបន់​​​បុរី​​​កីឡា​​​។

អ្នក​​​តវ៉ា​​​បាន​​​ចាប់​​​ផ្តើម​​​ហែ​​​ក្បួន​​​ពី​​​ស្ថាន​​​ទូត​​​អាមេរិក​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩ និង​​​៣០​​​នាទី។ ប៉ុន្តែ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ទៅ​​​ដល់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ កង​​​សន្តិសុខ​​​ខណ្ឌ និង​​​នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​ ដែល​​​ប្រដាប់ដោយ​​​ខែល​​​ និង​​​ដំបង​​​បាន​​​យក​​​របាំង​​​មក​​​បិទ​​​ផ្លូវ​​​លេខ​​​៥១​​​នៅ​​​ខាង​​​មុខ​​​​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ហើយ​​​បដិសេធ​​​មិន​​​ឲ្យ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ចូល​​​ទៅ​​​ក្នុង​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នោះ​​​។

ទី​​​បំផុត​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ទៅ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​សួន​​​មួយ​​​ទៀត​​​ក្បែរ​​​នោះ​​​ ហើយ​​​​​​​​​​​​បាន​​​តវ៉ា​​​​​​រហូត​​​ដល់​​​ម៉ោង​​​ប្រហែល​​​៣និង​​​៣០​​​នាទី​​​រសៀល​​​ មុន​​​ពេល​​​បំបែក​​​គ្នា​​​។

នៅ​​​ពេល​​​ទាក​​់​​​ទង​​​តាម​​​ក្រោយ​​​នៅ​​​​​​ថ្ងៃ​​​ដដែល​​​នោះ​​​ លោក ឃួង​​​ ស្រេង អភិ​​​បាល​​​រង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​លើ​​​ក​​​ឡើង​​​ថា សាលា​​​រាជ​​​ធានី​​​បាន​​​សម្រេច​​​បដិសេធ​​​មិន​​​ឲ្យ​​​អ្នក​​​តវ៉ា​​​ចូល​​​ទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ព្រោះ​​​ពួក​​​គេ​​​ធ្លាប់​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​​អំពើ​​​ហិង្សា​​​កាល​​​ពី​​​លើក​​​មុន​​​ៗ។

លោក ឃួង​​​ ស្រេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្វី​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​គឺ​​​វា​​​ហួស​​​ពី​​​ព្រំដែន​​​ប្រជាធិបតេយ្យ​​​ ព្រោះ​​​វា​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​អនាធិបតេយ្យ​​​។វា​​​ខុស​​​ច្បាប់​​​ ហើយ​​​ពួក​​​គេ​​​គ្មាន​​​កម្មសិទ្ធិ​​​ផ្តាច់​​​មុខ​​​លើ​​​​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នេះ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​តវ៉ា​​​ត្រូវ​​​បាន​​​រារាំង​​​ព្រោះ​​​សហគមន៍​​​មួយ​​​ចំនួន​​​ដែ​​​ល​​​មាន​​​មុខ​​​នៅ​​​ក្នុង​​​ក្រុម​​​អ្នក​​​តវ៉ា​​​មិន​​​បាន​​​សហការ​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​ឡើយ​​​។

លោក​​​ ឃួង ស្រេង បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “សាលា​​​រាជ​​​ធានី​​​កំពុង​​​តែ​​​​​​ធ្វើ​​​ការ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នៅ​​​តំបន់​​​បឹង​​​កក់ និង​​​តំបន់​​​បុរីកីឡា​​​ហើយ​​​។ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​មក​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឡើយ​​​ ហើយ​​​ពួក​​​គេ​​​នៅ​​​តែ​​​បន្ត​​​ការ​​​តវ៉ា​​​ ហេតុ​​​ដូច្នេះ​​​សាលា​​​រាជ​​​ធានី​​​មិន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ដូច្នេះ​​​នោះ​​​ទេ​​​​​​”។

អភិបាល​​​រង​​​រាជ​​​ធានី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ទាម​​​ទារ​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ទាំង​​​១០​​​នាក់​​​ គឺ​​​មិន​​​សម​​​​​​ហេតុផល​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​ស្នើ​​​ឲ្យ​​​តុលាការ​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​ ប៉ុន្តែ វា​​​មិន​​​មែន​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​​​​គេ​​​ទេ​​​ គឺ​​​វា​​ជា​​​សិទ្ធិ​​​របស់​​​តុលាការ​​​”។

លោក​​​ ឃួង ស្រេង​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា គម្រោង​​​សម្រាប់​​​ការ​​​តវ៉ា​​​រយៈ​​​មួយ​​​ខែ​​​ដែល​​​ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពីដើម​​​សប្តាហ៍​​​នេះ​​​ គឺ​​​វា​​​មិន​​​យុត្តិធម៌​​​​​​ទេ​​​ចំពោះ​​​អ្នក​​​តវ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ប្រហែល​​​ជា​​​ចង់​​​ប្រើ​​​ប្រាស់​​​​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ដែរ​​​នោះ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “នៅ​​​ក្នុង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ មិន​​​មាន​​​​​​​​​ចែង​​​​​​​​​​​​​​​ថា ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​ការ​​​តវ៉ា​​​បាន​​​​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​នោះ​​​ឡើយ​​​។ យើង​​​ជា​​​អាជ្ញាធរ​​​ ហើយ​​​យើង​​​បាន​​​កំណត់​​​ពេល​​​វេលា​​​ព្រោះ​​​វា​​​មិន​​​មែន​​​គ្រាន់​​​តែ​​​​​​ពួក​​​គេ​​​ទេ ដែល​​​ចង់​​​បញ្ចេញ​​​មតិ​​​របស់​​​ខ្លួន​​​នោះ​​​”។

ច្បាប់​​​ស្តី​​​ពី​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ដោយ​​​អហិង្សា​​​ចែង​​​ថា ការ​​​ធ្វើ​​​បាតុកម្ម​​​​​​ដែល​​​ធ្វើ​​​ឡើង​​​ក្នុង​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ណា​​​មួយ​​​នៅ​​​កម្ពុជា​​​អាច​​​ធ្វើ​​​ឡើង​​​ចន្លោះ​​​ពី​​​ម៉ោង​​​៦​​​ព្រឹក​​​ដល់​​​ម៉ោង​​​៦ល្ងាច​​​។ ​​​វា​​​​​​មិន​​​បាន​​​កំណត់​​​ពេល​​​វេលា​​​ថា តើ​​​បាតុកម្ម​​​អា​​​ច​​​ធ្វើ​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​នោះ​​​ឡើយ​​​។

លោកស្រី ចក់​​​ សុភាព នាយក​​​ប្រតិបត្តិ​​​មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​គឺ​​​វា​​​ប្រាស​​​ចាក​​​នឹង​​​ចំណុច​​​នៅ​​​ក្នុង​​​ច្បាប់​​​​​​ស្តីពី​​​ការ​​​ធ្វើ​​​បាតុកម្ម​​​នេះ។

លោក​​​ស្រី សុភាព បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​រឹត​​​បន្តឹង​​​ចំពោះ​​​រយៈ​​​ពេល​​​នៃ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ដោយ​​​អហិង្សា​​​វា​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា​​​ ផ្ទុយ​​​ទៅ​​​នឹង​​​គោល​​​បំណង​​​នៃ​​​ច្បាប់​​​នេះ ដែល​​​ធានា​​​អំពីសេរីភាព​​​នៃការ​​​បញ្ចេញ​​​មតិ​​​របស់​​​ពល​​​រដ្ឋ​​​តាម​​​រយៈ​​​ការ​​​ប្រើ​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​ជួប​​​ជុំ​​​របស់​​​ខ្លួន​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ទៀត​​​ថា “អ្វី​​​ដែល​​​កើត​​​ឡើង​​​​​​ក្នុង​​​ថ្ងៃ​​​នេះ​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ គឺ​​​ជា​​​ការ​​​ដាក់​​​កំហិត​​​ដ៏អយុត្តិធម៌​​​ដោយ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ច្បាប់​​​ចំពោះ​​​ការ​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​ “។

អ្នកស្រី​​​ យ៉ោម បុប្ផា សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ម្នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​​​​បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​របស់​​​អ្នកស្រី​​​ជ្រើស​​​រើស​​​ការ​​​​​ធ្វើ​​​បាតុកម្ម​​​ ដែល​​​មាន​​​រយៈ​​​ពេល​​​ជាប់​​​ៗគ្មា​​​នៅ​​​ក្នុង​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​មិន​​​ចង់​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្សេង​​​ៗ​​​ទៀត​​​។

អ្នក​​​ស្រី​​​បាន​​​ប្រាប់​​​ទៅ​​​កាន់​​​កង​​​សន្តិសុខ​​​ថា “ដោយ​​​សារ​​​យើង​​​មិន​​​ចង់​​​ហែ​​​ក្បួន​​​នៅ​​​តាម​​​ផ្លូវ​​​ ហើយ​​​មិន​​​ចង់​​​ឲ្យ​​​អាជ្ញាធរ​​​ចោទ​​​ប្រកាន់​​​យើង​​​ថា ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សណ្តាប់​​​ធ្នាប់​​​នោះ​​​ យើង​​​បាន​​​សម្រេច​​​ចិត្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ។ ប្រសិន​​​បើ​​​អ្នកឯង​​​​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​នៅ​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ទេ អ៊ីចឹង​​​តើ​​​អ្នក​​​ឯង​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ធ្វើ​​​នៅ​​​កន្លែង​​​ណា​​​ទៅ?”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​ថា សាលា​​​រាជ​​​ធានី​​​បិទ​​​ផ្លូវ​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​ចូល​​​ទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ភាព​​​តាន​​​តឹង​​​ផ្អែក​​​នយោបាយ​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​តែ​​​មាន​​​ភាព​​​តាន​​​តឹង​​​ឡើង​​​វិញ​​​ម្តង​​​ទៀត​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ទីលាន​​​ប្រជា​​​ធិបតេយ្យគឺ​​​ជា​​​ទី​​​កន្លែង​​​សម្រាប់​​​ការ​​​ជួប​​​ជុំ​​​គ្នា និង​​​​​​សម្រាប់​​​ការ​​​បញ្ចេញ​​​មតិយោបល់​​​ដោយ​​​អហិង្សា​​​។ ប៉ុន្តែ នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​រដ្ឋាភិបាល​​​​​​បាន​​​ចាប់​​​ផ្តើម​​​រឹត​​​បន្តឹង​​​​​​សេរីភាព​​​​​​​​​​​​​​​​​​ និង​​​សិទ្ធិ​​​របស់​​​ពល​​​រដ្ឋ​​​នៅ​​​ពេល​​​នយោបាយ​​​មាន​​​ភាព​​​តាន​​​តឹង​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ព្រមាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា សមាជិក​​​សភា​​​ចំនួន​​​ប្រាំ​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​ទាំង​​​អស់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ប្រឈម​​​នឹង​​​ការ​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង​​​់​​​ និង​​​បង្ក​​​កុបកម្ម​​​ អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ខែ​​​កក្កដា ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បើក​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​នោះ​​​ នឹង​​​នៅ​​តែ​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ដដែល​​​ ថ្វី​​​បើ​​​ពួកគេ​​​​​​​​​មាន​​​​​​អភ័យ​​​ឯកសិទ្ធ​​​តំណាង​​​រាស្ត្រ​​​ក៏​​​ដោយ៕ស៊ុយឈាង​​​​​​​​​​​​(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Chris Mueller)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស