29.6 C
Phnom Penh

​អាជ្ញាធរ​រារាំង​អតីត​អ្នកភូមិ​ដីក្រហម​​​​មិន​ឲ្យ​ចាក់​បញ្ចាំង​​ខ្សែវីដេអូ​ដើម្បី​រំឭក​ខួប​នៃ​ការ​បណ្ដេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​សមាជិក​សហគមន៍​ដីក្រហម​ប្រហែល​១០០​នាក់ បាន​វិល​ត្រឡប់​ទៅកន្លែង​​ដែល​មាន​ការ​បណ្ដេញ​ចេញ​យ៉ាង​ព្រៃផ្សៃ​​របស់​ខ្លួន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ដើម្បី​រំឭក​ខួប​​​៦ឆ្នាំ​ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​ខ្លួន​មក​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​​រារាំង​​មិន​ឲ្យ​ចាក់​បញ្ចាំង​វីដេអូនានា​ជុំវិញ​ការ​បណ្ដេញ​ចេញ។cam-photo-dey-krahorm

លោក ចាន់ វិចិត្រ អាយុ​៣៦​ឆ្នាំ អតីត​អ្នកភូមិ​​សហគមន៍​ដីក្រហម​ម្នាក់​ដែល​រៀបចំ​គម្រោង​ចាក់​​បញ្ចាំង​ខ្សែវីដេអូ​នេះ​បាន​លើក​ឡើង​ថា នគរ​បាល​បាន​ល្បាត​តាម​ផ្លូវ​ក្បែរ​​កន្លែង​ជួបជុំ​គ្នា​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​កន្លែង​​មាន​ការ​បណ្ដេញ​ចេញ​​ក្នុង​ខណ្ឌ​ចំការមន នៅ​​ម៉ោង​ប្រហ្រហែល​៤រសៀល។

លោក​បាន​និយាយ​ថា “យើង​​រៀបចំ​ចាក់​បញ្ចាំង​ខ្សែវីដេអូ​ស្ដីពីការ​បណ្ដេញ​ចេញ ប៉ុន្តែ​​​នគរ​បាល​ជាង​១០​នាក់​​ជិះ​រថយន្ត​មួយ​គ្រឿង​បាន​ព្រមាន​ពួកយើង​​តាម​រយៈ​ឧគ្ឃោសនសព្ទ​ថា ពួកគេ​នឹង​ចាត់​វិធានការ​ ប្រសិន​បើ​យើង​ចាក់​បញ្ចាំង​ខ្សែវីដេអូ។ ខ្ញុំ​គិត​ថា អាជ្ញាធរ​រំលោភ​សិទ្ធិ​មនុស្ស ព្រោះ​ពួកគេ​រារាំង​មិន​ឲ្យ​យើង​​បញ្ចេញ​មតិ​យោបល់​”។

លោក សុខ សំអ៊ុត នាយ​ប៉ុស្តិ៍​សង្កាត់​ទន្លេបាសាក់ ជា​កន្លែង​ដែល​សហគមន៍​ដីក្រហម​​ស្ថិត​នៅ​​បាន​លើក​ឡើង​ថា លោក​បាន​បញ្ជូន​មន្ត្រី​របស់​លោក​ដើម្បី​​ទៅ​ហាម​ឃាត់​​ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ បន្ទាប់ពី​ទទួល​បាន​​បទ​បញ្ជា​មួយពី​លោកអភិបាលខណ្ឌ​ ព្រំ សំខាន់។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​មិន​បាន​បញ្ឈប់​អ្នក​ទាំង​នោះ​មិន​ឲ្យ​ធ្វើ​ពិធី​រំឭក​ខួប​​៦ឆ្នាំ​នៃការ​បណ្ដេញ​ចេញ​ឡើយ ប៉ុន្តែ​យើង​គ្រាន់​តែ​ណែនាំពួកគេ​កុំ​ឲ្យ​ចាក់​បញ្ចាំង​ខ្សែវីដេអូ​ប៉ុណ្ណោះ ព្រោះ​នេះ​ជា​បទ​បញ្ជា​ពី​អភិបាល​ខណ្ឌ​”។

លោក​ ព្រំ សំខាន់ បាន​លើក​ឡើង​ថា លោក​ហាម​មិន​ឲ្យ​ចាក់​បញ្ចាំង​ខ្សែវីដេអូ ព្រោះ​​ក្រុម​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​ចាក់​បញ្ចាំង​ខ្សែវីដេអូឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​ហាម​ពួកគេ​មិន​ឲ្យ​ចាក់​បញ្ចាំង​ខ្សែវីដេអូ ព្រោះ​ពួកគេ​មិន​មានការ​អនុញ្ញាត​ពី​សាលា​រាជធានី​នោះ​ទេ”។

លោក វិចិត្រ បាន​និយាយ​បន្ថែម​ថា លោក​បាន​​រៀបចំ​ខ្សែវីដេអូ​នេះ​ឡើង​តាម​រយៈ​ការ​​ដោនឡូត​វីដេអីខ្លីប​ពី​អង្គការ​ផ្សេងៗ ដែល​បាន​បង្ហោះ​​​ទិដ្ឋភាព​នៃ​ការ​បណ្ដេញ​ចេញ​​នៅ​លើ​​បណ្ដាញ​អុីនធើណិត។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​ដែល​ធ្វើ​ការ​យ៉ាង​យ​ក​ចិត្ត​ទុក​ដាក់​ ដើម្បី​​ការ​ពារ​អ្នក​ភូមិ​សហគមន៍​ដីក្រហម​បាន​លើក​ឡើង​ថា មន្ត្រី​គ្មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​ដើម្បី​​​ហាម​មិន​​ឲ្យ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែវីដេអូ​​នេះ​ឡើយ។

លោក​បានមាន​ប្រសាសន៍​ថា “ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ​​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​ចាក់​បញ្ចាំ​ខ្សែវីដេអូទេ គឺ​វា​មាន​ន័យ​ថា ពួកគេ​ខ្លាច​ស្រមោល​ខ្លួន​ឯង​”។

កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០០៩ មាន​នគរ​បាល​ប្រហែល​៣០០នាក់ និង​​កម្មករ​​​ចុះ​រុះរើ​ប្រហែល​៣០០​នាក់​ដែរ ​​ជាមួយ​នឹង​គ្រឿង​ចក្រ​ឈូសឆាយ​ប្រហែល​ប្រាំមួយ​គ្រឿង​​បាន​​ទៅ​កម្ទេច​ផ្ទះ​របស់​អ្នកភូមិ​សហគមន៍​ដីក្រហម ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​សំណង​របស់​​សាលា​រាជធានី​ និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ 7NG​។

ដោយ​សារ​តែ​មាន​រឿង​កើត​ឡើង​នៅ​ព្រឹក​នោះ អាជ្ញាធរ​​ និង​កម្មករ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នកភូមិដែល​នៅ​សេសសល់​ ខណៈ​​គ្រឿង​ចក្រ​ឈូស​ឆាយ​កំពុង​កម្ទេច​ផ្ទះ​របស់​​ពួកគាត់​។

សាលា​រាជធានី​​បាន​​សម្រេច​​ចុះ​រុះរើ​ដោយ​ប្រើ​កម្លាំង​នេះ ដោយ​អះអាង​ថា ​វា​គឺ​ជា​ជម្រើស​ចុង​ក្រោយ​​ដើម្បី​បណ្ដេញ​អ្នក​ភូមិ​ដែល​មិន​ព្រមទទួល​យក​ប្រាក់​សំណង​ និង​មិន​ព្រម​ចាក​ចេញ​ពីផ្ទះ​របស់ខ្លួន​។ ក្រុម​ហ៊ុន 7NG នៅ​មិន​ទាន់​ចាប់​ផ្ដើម​សាងសង់​​​​អ្វី​នៅ​លើ​ដី​សហគមន៍​ដីក្រហម​នេះ​នៅ​ឡើយ​ទេ៕ ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស