ក្រុមមន្ត្រីនិងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីអាយុ៧៣ឆ្នាំនិងទារកអាយុប្រាំពីរខែ ទាំងពីរនាក់ស្ថិតក្នុងចំណោមអ្នកភូមិជាង២៣០នាក់ក្នុងឃុំរកា ខេត្តបាត់ដំបង ដែលធ្វើតេស្តមានវីរុសហ៊ីវ បានស្លាប់កាលពីសប្តាហ៍មុនហើយ។

មូលហេតុនៃការឆ្លងរាលដាលនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីបានដាក់កំហុសលើលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណដែលតែងតែទៅព្យាបាលអ្នកភូមិ ដោយការចាក់ថ្នាំ ហើយលោកបានសារភាពថា លោកបានប្រើសឺរ៉ាំងឡើងវិញជាច្រើនលើកច្រើនសា។ កាលពីថ្ងៃទី២២ខែធ្នូ តុលាការខេត្តបានដាក់ពន្ធនាគារ លោក យ៉ែម ជ្រិន ពីបទឃាតកម្ម។
លោក មាន ឈីវុន នាយកមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីចំណាស់នោះបានចាប់ផ្តើមលេបថ្នាំ ដើម្បីព្យាបាលជំងឺរបេងរបស់គាត់ មុនពេលគាត់ស្លាប់នៅថ្ងៃទី២២ខែមករា។
លោក មាន ឈីវុន បានបន្ថែមថា ស្ត្រីនោះមិនទាន់បានចាប់ផ្តើមលេបថ្នាំប្រឆាំងអេដស៍នៅឡើយទេ។
លោក ឈីវុន បានមានប្រសាសន៍ថា “ខ្ញុំទើបដឹងថា គាត់ស្លាប់ ប៉ុន្តែគាត់មិនមែនស្លាប់ដោយសារតែគាត់បានប្រើថ្នាំប្រឆាំងវីរុសទេ”។
លោកបានឲ្យដឹងទៀតថា ទារិកាអាយុប្រាំពីរខែបានស្លាប់ដោយសាររោគរលាកសួតរ៉ាំរ៉ៃនៅមន្ទីរពេទ្យកុមារ ជ័យវរ្ម័នទី៧ ក្នុងក្រុងសៀមរាបកាលពីថ្ងៃអង្គារ ប៉ុន្តែបានបដិសេធមិនអធិប្បាយបន្ថែមទេ។
លោក សឿម ឆុំ ជាជំទប់ឃុំរកា បានប្រាប់ថា ស្ត្រីដែលស្លាប់នោះឈ្មោះ ឈឹម ភឿក និងបាននិយាយថា លោកមិនបានស្គាល់ឈ្មោះទារិកានោះទេ។
លោក ហេង មុន្នីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៏ ជាអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងផ្តល់ជំនួយដល់អ្នកភូមិឃុំរកាដែលឆ្លងវីរុសហ៊ីវ បានមានប្រសាសន៍ថា វាមិនច្បាស់ថា ឈឹម ភឿក បានស្លាប់ដោយសារអ្វីនោះទេ។
លោកបាននិយាយនៅកិច្ចពិភាក្សាតុមូលស្តីពីការផ្ទុះវីរុសហ៊ីវ ឯសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ថា “យើងមិនទាន់បានពិនិត្យមើល ថាតើគាត់ស្លាប់ដោយសារថ្នាំរបេង ឬដោយសារសុខភាពខ្សោយខ្លាំងនោះទេ”។
លោកបាននិយាយថា “អ្វីដែលយើងដឹងគឺថា គាត់មានរោគរបេងនិងហ៊ីវ។ ពេលនោះគាត់បាននិយាយថា ‘ខ្ញុំល្ហិតល្ហៃណាស់’ ហើយគាត់បានស្លាប់”។ លោកបានបន្ថែមថា អ្នកភូមិឃុំរកា២៣៤នាក់ឥឡូវនេះធ្វើតេស្តមានមេរោគហ៊ីវ ចាប់តាំងពីវីរុសនេះត្រូវបានរោគឃើញដំបូងកាលពីចុងខែវិច្ឆិកាមក។
លោក ម៉ាសាមិ ហ្វូជីតាក់ (Masami Fujita) ប្រធានក្រុមការងារទទួលបន្ទុកមេរោគហ៊ីវនៅអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា រោគរបេងជាកង្វល់ធ្ងន់ធ្ងរសម្រាប់មនុស្សមានវីរុសហ៊ីវ។
លោកបានមានប្រសាសន៍ថា “ជាធម្មតារបេងជាមូលហេតុចម្បងជាងគេដែលបណ្តាលឲ្យស្លាប់។ របេងចាំបាច់ត្រូវតែបង្ការនិងព្យាបាល ប្រសិនបើពួកគេមានជំងឺនេះ បញ្ហានេះសំខាន់ណាស់”។
លោកវេជ្ជបណ្ឌិត ហ្វូជីតាក់ បានមានប្រសាសន៍ថា ប្រសិនបើមនុស្សម្នាក់លេបថ្នាំប្រឆាំងអេដស៍ហើយ វាមានសុវត្ថិភាពសម្រាប់ពួកគេក្នុងការលេបថ្នាំរបេងដែរ។
លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី ក្នុងករណីដែលមិនបានលេបថ្នាំណាមួយទេ ថ្នាំរបេងគួរត្រូវឲ្យលេបពីរសប្តាហ៍មុននឹងចាប់ផ្តើមលេបថ្នាំប្រឆាំងអេដស៍។
លោកបានឲ្យដឹងទៀតថា “ជាធម្មតាទាក់ទិននឹងករណីហ៊ីវ ការព្យាបាលរោគរបេងត្រូវចាប់ផ្តើមជាមុនសិន បន្ទាប់មកទើបចាប់ផ្តើមការព្យាបាលហ៊ីវ”។ លោកបានមានប្រសាសន៍ថា ប្រសិនបើលេបថ្នាំរបេងក្រោយថ្នាំហ៊ីវ ដូចជាក្នុងករណីស្ត្រីអាយុ៧៣នេះ ជំងឺរបេងអាចកាន់តែធ្ងន់ឡើង។
លោកវេជ្ជបណ្ឌិត ហ្វូជីតាក់ បានមានប្រសាសន៍ថា ជាទូទៅចំពោះជំងឺសួត ដូចជាការរលាកសួត ឬរោគរលាកទងសួត មុខជាបណ្តាលឲ្យអ្នកផ្ទុកអេដស៍ស្លាប់បាន៕ មានិត
© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.