39.4 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទិតៀន​​​ខ្លួន​​​ឯង​​​​​​អំឡុង​​​សមាជ​​​បក្ស​​​ប្រចាំ​​​ឆ្នាំ​​​របស់ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​ពេល​​​ខ្លួន​​​បាន​​​ចាប់​​ផ្តើម​​​សមាជ​​​បក្ស​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​បាន​​​បន្ទោស​​​​​​ការ​​​រង្គោះ​​​រង្គើ​​​ផ្ទៃ​​​ក្នុង​​​បក្ស​​​ និង​​​អំពើ​​​ពុករលួយ​​​​​​ថា ជា​​​មូល​​​ហេតុ​​​​​​ធ្វើ​​​ឲ្យ​​​ខ្លួន​​​បាត់​​​បង់​​​សំឡេង​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​ ដែល​​​ក្រោយ​​​ពី​​​​​​នោះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ស្ថាន​​​ភាព​​​ចលាចល​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ដូច​​​ជា ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ មហា​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ការ​​​បង្ក្រាប​​​យ៉ាង​​​សាហាវ​​​របស់​​​រដ្ឋាភិបាល​​​ទៅ​​​លើ​​​អ្នក​​​ប្រឆាំង​​​ជា​​​ដើម​​​។WEB_CPP-photo

នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​​​​ចែក​​​ចាយ​​​ទៅ​​​ឲ្យ​​​មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​បើក​​​អង្គ​​​សមាជ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​ខ្លួន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ គណបក្ស​​​កាន់​​​អំណាច​​​បាន​​​បង្ហាញ​​​ការ​​​វាយ​​​តម្លៃ​ដោយ​​​​​ស្មោះ​​​ត្រង់​​​​​​​​​​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​អំពី​​​មូល​​​ហេតុ​​​ដែល​​​ខ្លួន​​​បាត់​​​ការ​​​គាំទ្រ​​​យ៉ាង​​​ច្រើន​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។

របាយការណ៍​​​ “សម្ងាត់​​​” ទទួល​​​បាន​​​ពី​​​មន្ត្រី​​​មួយ​​​រូប​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​បិទ​​​ទ្វារ​​​នៅ​​​ពេល​​​ព្រឹក​​​នៃ​​​សមាជ​​​នេះ​​​ មាន​​​ខ្លឹម​​​សា​​​រ​​​ដូច្នេះ​​​ថា “ទោះបីជា​​​គណបក្ស​​​របស់​​​យើង​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ក្តី​​​ ក៏​​​ការ​​​ធ្លាក់​​​ចុះ​​​សំឡេង​​​ឆ្នោត​​​គឺ​​​​​​ជាក់​​​ស្តែង​​​បំផុត។ មាន​​​មូល​​​ហេតុ​​​ចម្បងៗ​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​ឲ្យ​​​យើង​​​បាត់​​​បង់​​​សំឡេង​​​ឆ្នោត”។

របាយការណ៍​​​កម្រាស់​​​​​​២៦​​​ទំព័រ​​​នេះ​​​​​​លើក​​​ឡើង​​​ថា “មាន​​​ហេតុផល​​​ចម្បង​​​​​​ៗ​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​ឲ្យយើង​​​បាត់​​​បង់​​​សំឡេង​​​ឆ្នោត​​​” ​​​ដោយ​​​បញ្ជាក់​​​ថា ​​​ហេតុផល​​​ទី​​​១ គឺ​​​ការ​​​ដែល​​​រដ្ឋាភិបាល​​​មិន​​​បាន​​​អនុវត្ត​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​នូវ​​​អ្វី​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​និយាយ​​​ថា ជា​​​ “គោល​​​នយោបាយ​​​ដ៏​​​ល្អ​​​សម្រាប់​​​គ្រប់​​​វិស័យ​​​”។

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​បន្ត​​​ថា “ទី​​​២គឺ​​​​​​ការ​​​ប្រព្រឹត្ត​​​មិន​​​ត្រឹម​​​ត្រូវ​​​ដូច​​​ជា​​​អំពើ​​​ពុក​​​រលួយ​​​ បក្ខ​​​ពួក​​​និយម​​​ ការ​​​បំពាន​​​អំណាច​​​ គម្លាត​​​ខ្លាំង​​​រវាង​​​មន្ត្រី​​​ថ្នាក់​​​លើ​​​ និ​​​ងមន្ត្រី​​​ថ្នាក់​​​ក្រោម​​​ រវាង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ រវាង​​​អ្នក​​​មាន​​​និង​​​អ្នក​​​ក្រ​​​ កង្វះ​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​ វិសមភាព​​​ ប្រសិទ្ធ​​​ភាព​​​នៃ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ដែល​​​នៅ​​​មាន​​​កម្រិត​​​នៅ​​​ឡើយ​​​ បញ្ហា​​​សេវា​​​សាធារណៈ បញ្ហា​​​ដីធ្លី និង​​​ព្រៃ​​​ឈើ បាន​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​បាត់​​​បង់​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​​​​លើ​​​ការ​​​ដឹក​​​នាំ​​​របស់​​​យើង។ ទោះ​​​បី​​​ជា​​​​​​​​​ចំណុច​​​ខ្វះ​​​ខាត​​​ទាំង​​​នេះ​​​បង្ក​​​ឡើង​​​ដោយ​​​មន្ត្រី​​​មួយ​​​ចំនួន​​​ក្តី ក៏​វា​​​មាន​​ឥទ្ធិពល​​​​​​ធំធេង​​​ណាស់​​​​​​មក​​​លើ​​​ប្រជា​​​ប្រិយភាព​​​របស់​​​គណបក្ស​​​យើង​​​ដូច​​​សុភា​​​សិត​​​ខ្មែរ​​​ពោល​​​ថា ‘ត្រី​​​​​​មួយ​​​កន្ត្រក​​​ ស្អុយ​​​មួយ​​​គឺ​​​ស្អុយ​​​ទាំង​​​អស់​​​” ។

របាយការណ៍​​​នេះ​​​លើក​​​ឡើ​​ង​​​ថា​​​ ការ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​គាំទ្រ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំពោះ​​​​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ក៏​​​បង្ក​​​ឡើង​​​ដោយ​​​សារ​​​បញ្ហា​​​ព្រះ​​​ដែន​​​ និង​​​អន្តោប្រវេសន៍​​​ដែល​​​ខ្លួន​​​និយាយ​​​ថា ត្រូវ​​​បាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កេង​​​ចំណេញ​​​ “ដើម្បី​​​ទាក់​​​ទាញ​​​ការ​​​គាំទ្រ​​​ពី​​​អ្នក​​​ដែល​​​មាន​​​ទស្សន​​​ជ្រុល​​​និយម​​​ ជា​​​ពិសេស​​​ក្នុង​​​ចំណោម​​​យុវជន​​​ដែល​​​ខ្វះ​​​ការ​​​យល់​​​ដឹង​​​ត្រឹម​​​ត្រូ​​​វ​​​អំពី​​​ប្រវត្តិសាស្ត្រ”។

ជោគ​​​ជ័យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ការ​​​ទាក់​​​ទាញ​​​ការ​​​គាំទ្រ​​​​នៅ​​​តាម​​​មូល​​​ដ្ឋាន និង​​​ថ្នាក់​​​ជាតិ​​​ ត្រូវ​​​បាន​​​លើក​​​ឡើង​​​ថា​​​ជា​​​ហេតុ​​​ផល​​​ទី​​​៥ ដែល​​​ធ្វើ​​​ឲ្យ​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជួប​​​ការ​​​លំបាក​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ។

នៅ​​​ពេល​​​បើក​​​កិច្ច​​​ប្រជុំ​​​ពេល​​​រសៀល​​​នៃ​​​សមាជ​​​ដែល​​​​ប្រារព្ធ​​​ឡើង​​​នៅ​​​កោះ​​​ពេជ្រ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​ធានា​​​អះ​​​អាង​​​ចំពោះ​​​សមាជិក​​​បក្ស​​​ជាង​​​១.៣០០​​​រូប​​​ដែល​​​ចូល​​​រួម​​​ថា លោក​​​ ជា សីុម ប្រធាន​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា ដែល​​​បាន​​​ដាច់​​​សរសៃ​​​ឈាម​​​ក្នុង​​​ខួរ​​​ក្បាល​​​កាល​​​ពី​​​ឆ្នាំ​​​២០០០​​​ និង​​​​​​មាន​​​សុខភាព​​​ទ្រុឌទ្រោម​​​កាន់​​​តែ​​​ខ្លាំង​​​ឡើយ​​​ៗ​​​នោះ​​​​​​​​ នឹង​​​នៅ​​​តែ​​​កាន់​​​មុខ​​​តំណែង​​​របស់​​​លោក​​​ដដែល​​​រហូត​​​ដល់​​​ថ្ងៃ​​​លោក​​​ទទួល​​​មរណភាព​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដូច្នេះ​​​ថា “ដរាប​​​ណា​​​គាត់​​​នៅ​​​មាន​​​ជីវិត​​​ គាត់​​​នឹង​​​នៅ​​​តែ​​​ជា​​​ប្រធាន​​​បក្ស​​​របស់​​​យើង​​​។ នេះ​​​ជា​​​គោល​​​ការណ៍​​​នយោបាយ​​​របស់​​​មេដឹក​​​នាំ​​​នៃ​​​គណបក្ស​​​ប្រជា​​​ជន​​​”។

កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ ប្រធាន​​​អង្គរក្ស​​​របស់​​​លោក ជា សីុម បាន​​​លើក​​​ឡើង​​​ថា ប្រធាន​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ​​​កំពុង​​​ពិនិត្យ​​​ស្ថាន​​​ភាព​​​ជំងឺ​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម ហើយ​​​ទំនង​​​ជា​​​មិន​​​អាច​​​ត្រឡប់​​​មក​​​​​​កម្ពុជា​​​វិញ​​​ទាន់​​​ពេល​​​សមាជ​​​បក្ស​​​នេះ​​​ឡើយ​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​​បន្ទាប់​​​ពី​​​លោក ហ៊ុន សែន​​​ ថ្លែង​​​ចប់​​​ លោក ហេង សំរិន ប្រធាន​​​រដ្ឋសភា​​​និង​​​ជា​​​ “ប្រធាន​​​កិត្តិយស​​​” របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​រិះ​​​គន់​​​គណបក្ស​​​ប្រឆាំង​​​ខ្លាំង​​​ៗ​​​ដែល​​​ខំ​​​ប្រឹង​​​បន្ទុចបង្អាក់​​​​​​រដ្ឋាភិបាល​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៣។

ទោះ​​​បី​​​ជា​​​លទ្ធផល​​​ផ្លូវ​​​ការ​​​បង្ហាញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​សំឡេង​​​គាំទ្រ​​​​​​៦៨​​​អាសនៈ​​​ទល់​​​នឹង​​​៥៥អាសនៈ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្តី​​​ ក៏​​​គណបក្ស​​​ប្រឆាំង​​​បាន​​​អះ​​​​​​អាង​​​ថា ម្លេ៉ះ​​​ខ្លួន​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​ទៅ​​​ហើយ ប្រសិន​​​បើ​​​គណបក្ស​​​កាន់​​​អំណាច​​​មិន​​​ប្រើ​​​កលល្បិច​​​ទេ​​​នោះ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​មហា​​​បាតុកម្ម​​​ជា​​​បន្ត​​​បន្ទាប់​​​រហូត​​​ឈាន​​​ដល់​​​ការ​​​កាន់​​​កាប់​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៣​​​ ដែល​​​បាន​​​ក្លាយ​​​ជា​​​មូល​​​ដ្ឋាន​​​សម្រាប់​​​បាតុកម្ម​​​ប្រចាំ​​​ថ្ងៃ​​​ដែល​​​មាន​​​ប្រជា​​​ពលរដ្ឋ​​​ចូល​​​រួម​​​រាប់​​​មឺុន​​​នាក់​​​។

លោក ហេង​​​ សំរិន បាន​​​ថ្លែង​​​ទៅ​​​កាន់​​​សមាជិក​​​បក្ស​​​ថា “បន្ទាប់​​​ពី​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣ ស្ថានភាព​​​របស់​​​កម្ពុជា​​​ត្រូវ​​​បាន​​​រំខាន​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​អ្នកគាំទ្រ​​​របស់​​​ពួក​​​គេ​​​ដែល​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត។ ពួក​​​គេ​​​បាន​​​ញុះ​​​ញុង​​​ឲ្យ​​​មាន​​​បាតុកម្ម​​​ កុបកម្ម ការ​​​រំខាន​​​ [និង​​​] ចលាចល​​​ ដោយ​​​ប្រើ​​​ប្រាស់​​​កលល្បិច​​​គ្រប់​​​​​​បែប​​​យ៉ាង​​​​​​ក្នុង​​​គោល​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ដើម្បី​​​រុញ​​​ច្រាន​​​ស្ថាន​​ភាព​​​របស់​​​កម្ពុជា​​​ឲ្យ​​​​​​ចេ​​​ញ​​​ឆ្ងាយ​​​ពី​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ និង​​​រំលោភ​​​រដ្ឋធម្មនុញ្ញ និង​​​ច្បាប់ ដោយ​​​ប្រឆាំង​​​នឹង​​​ការ​​​​​សម្រេច​​​​​​​​​​​​​ចិត្ត​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ភាគ​​​​​​ច្រើន​​​ដែល​​​បាន​​​បោះ​​​ឆ្នោត​​​”។

ទោះ​​​ជា​​​​​​យ៉ាង​​​ណា លោក ហេង សំរិន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បោះ​​​​​​ឆ្នោត និង​​​ស្ថាន​​​ភាព​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ បាន​​​ជំរុញ​​​ឲ្យ​​​មានការ​​​ពិនិត្យ​​​ពិច័យ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នៅ​​​ក្នុង​​​ជួរ​​​គណបក្ស​​​កាន់​​​អំណាច​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បញ្ហា​​​ទាំង​​​នេះ​​​តម្រូវ​​​ឲ្យ​​​យើង​​​សិក្សា​​​ស៊ី​​​ជម្រៅ​​​អំពី​​​មូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ស្ថានភាព​​​បែប​​​នេះ​​​ ហើយ​​​ទន្ទឹម​​​នេះ​​​ក៏​​​ត្រូវ​​​ធ្វើ​​​​​​ការ​​​វាយ​​​តម្លៃ​​​ដោយ​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ដែរ​​​លើ​​​ចំណុច​​​ខ្លាំង​​​ ចំណុច​​​ខ្សោយ និង​​​មេរៀនទទួល​​​បាន​​​ពី​​​បទ​​​ពិសោធន៍​​​ថ្មី​​​ៗ​​​សម្រាប់​​​បក្ស​​​ ដោយ​​​ជំរុញ​​​ឲ្យ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ទាន់​​​ពេល​​​វេលា និង​​​មាន​​​ប្រសិទ្ធភាព​​​”។

​​​ចាប់​​​តាំង​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​ថ្ងៃ​​​២២ កក្កដា ឆ្នាំ​​​មុន​​​រវាង​​​លោក ហ៊ុន សែន និង​​​លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​១០​​​ខែ​​​របស់​​​ខ្លួន​​​មក​​​នោះ គណបក្ស​​​ប្រឆាំង​​​បាន​​​សរសើរ​​​ “វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​” រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​ដែល​​​ផ្ទុយ​​​ស្រឡះ​​​ពី​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣​​​ ក្លាយ​​​ជា​​​រដ្ឋាភិបាល​​​មិន​​​ស្រប​​​ច្បាប់​​​។

នៅពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នៅ​​​តែ​​​ពង្រីក​​​ការ​​​គាំទ្រ​​​របស់​​​ខ្លួន​​​ដោយ​​​ផ្អែក​​​លើ​​​គុណ​​​ភាព​​​នៃ​​​គំនិត​​​ និង​​​សំណើ​​​របស់​​​ខ្លួន​​​ដែល​​​ត្រូវ​​​លើក​​​ឡើង​​​ក្នុង​​​ជំហរ​​​ប្រឆាំង​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​នឹង​​​បន្ត​​​ប្រកួត​​​ប្រជែង​​​ជា​​​មួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ប្រកួត​​​ប្រជែង​​​ដណ្តើម​​​ការ​​​គាំទ្រ​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​។ ហើយ​​​ខ្ញុំ​​​គិត​​​ថា យើង​​​ មាន​​​ន័យ​​​ថា​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​កំពុង​​​ស្ថិ​​​ត​​​នៅ​​​លើ​​​ផ្លូវ​​​ឈ្នះ ពីព្រោះ​​​យើង​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​នឹង​​​គំនិត​​​ យើង​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​សំណើ​​​ យើង​​​មិន​​​ប្រកួត​​​ប្រជែង​​​ជា​​​មួយ​​​ប្រាក់ ជា​​​មួយ​​​ការ​​​បំផិត​​​បំភ័យ​​​ ជា​​​មួយ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​នោះ​​​ទេ​​​”។

លោក សម រង្ស៊ី បាន​​​ជូន​​​ពរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឲ្យ​​​មាន​​​សំណាង​​​ល្អ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ធ្វើ​​​កំណែ​​​ទម្រង់​​​របស់​​​ខ្លួន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ជូន​​​ពរ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​សំណាង​​​ល្អ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​គោល​​​នយោបាយ​​​របស់ខ្លួន​​​ និង​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ខ្លួន​​​ពួក​​​គេ​​​ ប៉ុន្តែ​​​ ខ្ញុំ​​​មាន​​​មន្ទិល​​​ថា តើ​​​ពួក​​​គេ​​​អាច​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ខ្លួន​​​ឯង​​​ក្នុង​​​ផ្លូវ​​​​​​ដែល​​​ប្រជា​​​ពល​​​រដ្ឋ​​​ចង់​​​បាន​​​ ចង់​​​ឃើញ​​​គណបក្ស​​​មួយ​​​​​​ដែល​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​គណបក្ស​​​មួយ​​​ដែល​​​ដឹក​​​នាំ​​​ប្រទេស​​​​​​ឲ្យ​​​​​​ធ្វើ​​​តាម​​​បាន​​​ ឬ​​​យ៉ាង​​​ណា​​​​​​។ ប៉ុន្តែ​​​ ខ្ញុំ​​​គិត​​​ថា អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​រាល​​​ដាល​​​ខ្លាំង​​​ មាន​​​លក្ខណៈ​​​ជា​​​ប្រព័ន្ធ ដូច្នេះ​​​កំណែ​​​ទម្រង់​​​ហ្មត់​​​ចត់​​​ណា​​​មួយ​​​ដើម្បី​​​ទប់​​​ស្កាត់​​​អំពើ​​​ពុក​​​រលួយ​​​ នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​មូល​​​ដ្ឋាន​​​គ្រឹះ​​​របស់​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស