32.5 C
Phnom Penh

អ្នក​ទោស​​បដិសេធ​ថា មិន​បាន​ជួញ​ដូរ​ថ្នាំ​ញៀន​នៅក្នុង​ពន្ធនាគារ​ព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ពីរនាក់​ក្នុង​ចំណោម​បីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​ថ្នាំ​មេ​តំហ្វេ​តាមីន​​នៅក្នុង​ពន្ធនាគារ​ព្រៃស​ដែល​មាន​ការ​យាម​កាមតឹង​រ៉ឹង​នោះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ​ថ្នាំញៀន អំឡុង​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ។

អ្នកទោស​ឈ្មោះ​ នុត កែវ​រចនា និង​ ទូច សុវណ្ណ ដែល​មានអាយុ​៣២ឆ្នាំដូចគ្នា​ និង​ លី ធៀនម៉ម​ អាយុ​៣៩ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ប្រើ​ប្រាស់​និង​ជួញដូរ​​ថ្នាំញៀន ខណៈ​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ​ព្រៃស​កាលពី​ឆ្នាំ​២០១៣។

បច្ចុប្បន្ននេះ កែវរចនា កំពុង​អនុវត​្ត​ទោស​​របស់ខ្លួន​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​កាលពី​ម្សិលមិញ​ឡើយ។ សុវណ្ណ និង​ ធៀនម៉ម បាន​សារភាព​នៅក្នុង​ត​ុលាការ​ថា បាន​ប្រើ​ប្រាស់​​ថ្នាំមេត​ំ​ហ្វេ​តាមីនមែន ​ ប៉ុន្តែ បាន​បដិសេធ​ថា មិន​បាន​ជួញ​ដូរ​ថ្នាំ​ញៀន​ទេ។

សុវណ្ណ បាន​និយាយថា ​គាត់​ធ្លាប់​​ទទួលបាន​ប្រាក់​៥០ដុល្លារ​​ពី​អ្នក​ទោស​ម្នាក់​ដែល​មាន​ជំងឺ​ ដែលបាន​ស្លាប់​តាំង​ពី​ពេល​នោះ​ ឲ្យ​ទិញ​ថ្នាំ​ពេទ្យ​ឲ្យ​គាត​់​ ប៉ុន្តែ​​បាន​អះ​អាង​ថា ថ្នាំពេទ្យ​​នោះ​មិន​មែន​ជា​ថ្នាំញៀន​ខុស​ច្បាប់ទេ។

​គាត់​បាន​ប្រាប់​តុលាការ​ថា “​ខ្ញុំមិន​ទទួលយក​ការ​ចោទប្រកាន់​ពី​បទ​​ជួញ​ដូរ​ថ្នាំញៀន​ទេ។ នគរ​បាល​ពន្ធនាគារ​​រក​មិន​ឃើញ​ថ្នាំញៀន​ជាប់ខ្លួន​របស់​ខ្ញុំឡើយ។ ខ្ញុំមិន​ដឹង​ថា ហេត​ុអ្វី​បាន​ជា​ពួកគេ​ចោទប្រកាន់​ខ្ញុំ”។

ទោះ​ជាយ៉ាងណា នៅក្នុង​ការ​ផ្តល់​សក្ខីកម្ម​របស់​ខ្លួន ធៀនម៉ម បាន​និយាយ​ថា គាត​់​ធ្លាប់​ផ្តល់​ប្រាក់​៥០ដុល្លារ​ទៅ​ សុវណ្ណ ​ដើម្បី​ទិញ​ថ្នាំញៀន​ពី​អ្នក​ទោស​ម្នាក់ឈ្មោះ ហាក់​ ឡេង ​ដែល​ឥឡូវ​នេះ​បាន​ស្លាប់​ទៅ​ហើយ​។

គាត​់​បាន​និយាយ​ថា “​ខ្ញុំបាន​សុំ​ឲ្យ​ ទូច សុវណ្ណ ទិញ​ថ្នាំពី​​​ ហាក់​ ឡេង ហើយ​ខ្ញុំ​បាន​ផ្តល់​ប្រាក់​​​២០០.០០០​រៀល​។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ថ្នាំញៀន ពីព្រោះ​ខ្ញុំ​តាន​តឹង​ក្នុង​អារម្មណ៍”។

បើ​ទោះ​ជា​ការ​ធ្វើបែប​នេះ​ទូទៅ​ទៅហើយ​ក៏ដោយ ក៏​លោក កែវ មុនី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​បាន​ហៅ​ការលក់​​ថ្នាំញៀន​នៅក្នុង​ពន្ធនាគារ​ថា “ជារឿង​មិន​គួរ​ឲ្យ​ជឿ”​។ លោក​ចៅក្រម មុនី បាន​មាន​ប្រសាសន៍ថា ​តុលាការ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា។

នៅក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត នគរបាល​ខេត្ត​​ត្បូង​ឃ្មុំ បាន​ចាប់​ខ្លួន​​ស្ត្រី​អាយុ​​៤៦ឆ្នាំម្នាក់​​កាលពី​ថ្ងៃច័ន្ទ​​ពី​បទ​ប៉ុនប៉ង​​ជួញ​ដូរ​ថ្នាំ​មេតំហ្វេតាមីន​​ទៅ​ឲ្យ​ប្តីរបស់ខ្លួននៅក្នុង​ពន្ធនាគារ​​ត្រពាំង​​ផ្លុង​ដោយ​លាក់​នៅ​ក្នុង​សម្ល​សាច់គោ។

​លោក គា សុវណ្ណា ប្រធាន​ពន្ធនាគារ​បាន​មាន​ប្រសាសន៍ថា ស្ត្រីឈ្មោះ ឃិន សាង ត្រូវ​បាន​ចាប់នៅ​ច្រកទ្វារ​ពន្ធនាគារ​នៅពេល​សន្តិសុខ​បាន​ឆែក​សម្លរបស់​គាត់​​ ហើយ​បាន​រក​ឃើញ​ថ្នាំ​មេតំហ្វេតាមីន​​២៨គ្រាប់​ និង​ម៉ាទឹកកក​​៥ក្រាម​​លាក់​ទុក​ក្នុង​នោះ។

លោក​បាន​មានប្រសាសន៍ថា “​យើង​បាន​រក​ឃើញ​​ថ្នាំញៀន​​នៅក្នុង​ឆ្អឹង​គោ​ធំមួយ​។ គាត​់​បាន​រុំវា​នៅក្នុង​ថង់​ប្លាស្ទីក”។ លោក​បាន​បន្ថែមថា ស្ត្រី​ឈ្មោះ​ សាង បាន​សារភាព​ថា បាន​ធ្វើ​ដូច​នេះ​បួន​លើក​មក​ហើយ​៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស