38.8 C
Phnom Penh

គណបក្ស​​​ប្រឆាំង​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យ​​​កន្លែង​​​ដែល​​​ជនជាតិ​​​វៀតណាម​​​បួង​​​សួង​​​ និង​​​តាំង​​​សមាធិ​​​ក្នុង​​​ខេត្ត​​​កំពត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តកំពត-ក្រោយ​​​ពេល​​​មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​តាម​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ថា ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀតណាម​​​កំពុង​​​ចូល​​​មក​​​តំបន់​​​​​​សល់​​​ពី​​​សម័យ​​​អាណានិគមន៍​​​នេះ​​​សម្រាប់​​​ពិធី​ដែល​​​មាន​​​ការ​​​រៀបចំ​​​បាន​​​យ៉ាង​​​ល្អ និង​​​មាន​​​ការ​​​លាក់​​​កំបាំង​​​នៅកន្លែង​​​​ផ្នូរ​​​​​ដូន​​​តា​​​របស់​​​ពួក​​​គេ​​​ លោក យ៉ែម បុញ្ញឫទ្ធិ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ដឹក​​​នាំ​​​មន្ត្រី​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៥០​​​នាក់​​​​​​មក​​​កាន់​​​កន្លែង​​​​​​ក្នុង​​​ដំណើរ​​​មួយ​​​ដើម្បី​​​ស្វែង​​​រក​​​ការ​​​ពិត​​​។bokor1

កាល​​​ពី​​​ខែ​​​មុន លោក យ៉ែម បុញ្ញឫទ្ធិ ដែល​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​​​​​ និង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​សាសនា​​​ វប្បធម៌ និង​​​ទេសចរណ៍​​​នៅ​​​រដ្ឋសភា​​​ ​​​បាន​​​គូស​​​បញ្ជាក់​​​ថា ពិធី​​​នេះ​​​​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​យ៉ាង​​​សុះ​​​សាយ​​​តាម​​​អីុន​​​ធើ​​​ណិត​​​ថា ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ព្រៃ​​​យ៉ាង​​​ជ្រៅ​​​​​​លើ​​​ភ្នំ​​​បូក​​​គោ​​​គឺ​​​កំពុង​​​​​​តែ​​​ធ្វើ​​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​​​វប្បធម៌​​​របស់​​​ខ្មែរ​​​។

លោក​​​បាន​​​សន្យា​​​ថា នឹង​​​ចុះ​​​ទៅ​​​ត្រួត​​​ពិនិត្យ​​​តំបន់​​​នេះ​​​ ហើយ​​​​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​រក​​​ឃើញ​​​របស់​​​លោក​​​ជូន​​​រដ្ឋាភិបាល​​​។ នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​​​កាល​​​ព​​​ី​​​ម្សិល​​​មិញ លោក យ៉ែម បុញ្ញឫទ្ធិ​​​ បាន​​​ទៅ​​​ដល់​​​កន្លែង​​​វាល​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​​ព្រៃ​​​ភាគ​​​​​​ខាង​​​ជើង​​​ភ្នំ​​​បូក​​​គោ​​​ បន្ទាប់​​​ពី​​​ស្នាក់​​​នៅ​​​សណ្ឋាគារ​​​សុខា ដែល​​​បើក​​​នៅ​​​លើ​​​ភ្នំ​​​បូក​​​​​​គោ​​​កាល​​​ពី​​​​​ឆ្នាំ​​​២០១២​​​អស់​​​មួយ​​​យប់​​​។

សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​អម​​​ដំណើរ​​​ដោយ​​​​​អ្នក​​​មក​​​ជាមួយ​​​ម្នាក់ទៀត​​​ អាយុ​​​៧២​​​​​​ឆ្នាំ​​​​​​ឈ្មោះ ឡុង​​​ បូតា ​​​បាន​​​ជួប​​​ការ​​​លំបាក​​​ក្រោយ​​​ពេល​​​ធ្វើ​​​ដំណើរ​​​អស់​​​រយៈ​​​ពេល​​​បួន​​​​​​ម៉ោង​​​ដោយ​​​នៅ​​​ពេល​​​ខ្លះ​​​ពួក​​គេ​​​​​​ត្រូវ​​​​​​​​​​​​​​​ចុះ​​​តាម​​​ចំណោត​​​ភ្នំ​​​​​​មាន​​​ចំណោត​​​៦០​​​ដឺក្រេ​​​ ដែល​​​ត្រូវ​​​ប្រើ​​​ខ្សែពួ​​​ចង​​​ភ្ជាប់​​​ទៅ​​​នឹង​​​ដើម​​​ឈើ​​​ទៀត​​​ផង​​​។

មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ទាំង​​​នេះ​​​សង្ឃឹម​​​ថា នឹង​​​បាន​​​​​​ទៅ​​​អង្កេត​​​មើល​​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀតណាម​​​​​​ធ្វើ​​​ពិធី​​​បួង​​​សួង​​​បន់ស្រន់​​​ដល់​​​ដូន​​​តា​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ដ៏​​​ជ្រៅ​​​​​​លើ​​​​​​ភ្នំ​​​បូក​​​គោ​​​ ប៉ុន្តែ ដំណើរ​​​ដ៏​​​វែង​​​ឆ្ងាយ​​​របស់​​​ពួក​​​គេ​​​មិន​​​​​​ទទួល​​​បាន​​​​​ដូច​​​​​​អ្វី​​​ដែល​​​ខ្លួន​​​សង្ឃឹម​​​​​​ឡើយ​​​។

រូង​​​ភ្នំ​​​មួយ​​​នៅ​​​ពី​​​ក្រោម​​​​​​ផ្ទាំង​​​ថ្ម​​​ធំ​​​ៗ​​​​​​ត្រង់​​​ចំណុច​​​ជាយ​​​​​​ភ្នំ​​​គឺជា​​​ទី​​​តាំង​​​ដំបូង​​​ដែល​​​ក្រុម​​​មន្ត្រី​​​ទាំង​​​នេះ​​​បាន​​​ទៅ​​​ដល់​​​ ប៉ុន្តែ ពួកគេ​​​មិន​​​បាន​​​​​​ប្រទះ​​​ឃើញ​​​ដាន​​​ណា​​​មួយ​​​នៃ​​​ពិធី​​​បួង​​​សួង​​​បន់ស្រន់​​​របស់​​ភ្ញៀវ​​​ទេសចរ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ឡើយ​​​​​​​​​​​​​​​​​​​​​។

លោក យន់ ផល្លី​​​ អ្នកឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ ដែល​​​ធ្វើ​​​ជា​​​អ្នក​​​នាំ​​​ផ្លូវ​​​​​​ឲ្យ​​​ក្រុម​​​​របស់​​​​​​​​លោក យ៉ែម បុញ្ញឫទ្ធិ  ពេល​​​ក្រុម​​​នេះ​​​ទៅ​​​ដល់​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បាន​​​​​​មក​​​ទី​​​នេះ ​​​ប៉ុន្តែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​​​​បាន​​​ទៅ​​​បាត់​​​អស់​​​ហើយ​​​”។

លោក ផល្លី ​​​បាន​​​បង្ហាញ​​​រូប​​​ភាព​​​​​​នៅ​​​ក្នុង​​​ទូរស័ព្ទ​​​ដៃ​​​ដែល​​​លោក​​​បាន​​​និយាយ​​​ថា ថត​​​បាន​​​កាល​​​ពី​​​ខែ​​​ធ្នូ និង​​​ដែល​​​ស្តី​​​អំពី​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​បួង​​​សួង​​​​​​នៅ​​​ក្នុង​​​រូង​​​ភ្នំ​​​មួយ​​​ដែល​​​ព័ទ្ធ​​​ជំុវិញ​​​ដោយ​​​វត្ថុ​​​លោហៈ​​​ធាតុ​​​ និង​​​​​​រូប​​​ថត​​​ដែល​​​មាន​​​ដាក់​​​សុ៊ម​​​យ៉ាង​​​ត្រឹម​​​​​​ត្រូវ​​​របស់​​​លោក ហូ ជីមិញ មេដឹក​​​នាំ​​​កុម្មុយនិស្ត​​​វៀត​​​ណាម​​​។

លោក ផល្លី បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​គិត​​​ថា អ្វី​​​ៗ​​​ទាំង​​​អស់​​​នេះ​​​​​​មាន​​​ការ​​​រៀប​​​ចំ​​​ដោយ​​​អាជ្ញាធរ និង​​​ក្រុមហ៊ុន​​​ ព្រោះ​​​គណៈកម្មការ​​​​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ [គម្រោង​​​ចុះ​​​មក​​​ទី​​​នេះ​​​របស់​​​ខ្លួន​​​] តាម​​​រយៈ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ហេតុ​​​ដូច្នេះ​​​ពួកគេ​​​ដឹង​​​អំពី​​​ផែន​​​ការ​​​នេះ​​​ ហើយ​​​​​​បាន​​​យក​​​​​​ [វត្ថុ​​​ទាំង​​​អស់​​​] ចេញ​​​ដើម្បី​​​បំបាត់​​​ភ័ស្តុ​​​តាង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​ទី​​​កន្លែង​​​នេះ​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​របស់​​​ពួកគេ​​​ ប្រសិន​​​បើ​​អាជ្ញាធរ​​​នៅ​​​តែ​​​បណ្ដោយ​​​ឲ្យ​​​ពួក​​​គេ​​​ម​​​ក​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​ៗ​​​ដើម្បី​​​ធ្វើ​​​ពិធី​​​បួង​​​សួង​​​ ដែល​​​ពួក​​​គេ​​​អះអាង​​​ថា ធ្វើ​​​ឡើង​​​សម្រាប់​​​ដូន​​​តា​​​របស់​​​​​​ខ្លួន​​​ដែល​​​​​​ទទួល​​​មរណភាព​​​នៅ​​​ទី​​​នេះ​​​នោះ”។

លោក យ៉ែម បុញ្ញឫទ្ធិ ដែល​​​​​​ឡើង​​​ទៅ​​​កាន់​​​រូង​​​ភ្នំ​​​ហើយ​​​គ្មាន​​​ឃើញ​​​​​​អ្វី​​​សោះ​​​​នោះ​​​​​​​​​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័​​​ត៌​​​មាន​​​ថា ​​​លោក​​​បាន​​​ពិភាក្សា​​​អំពី​​​ពិធី​​​របស់​​​ជនជាតិ​​​វៀតណាម​​​នេះ​​​ជា​​​មួយ​​​​​​លោក​​​ស្រី ភឿង​​​ សកុណា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​វប្បធម៌​​​ហើយ​​​​​​ ប៉ុន្តែ​​​​​​​​​​​​ថា លោក​​​ត្រូវ​​​តែ​​​មក​​​ភ្នំ​​​បូក​​​គោ​​​នេះ​​​ដើម្បី​​​ពិនិត្យ​​​ស្ថាន​​​ភាព​​​ដោយ​​​ផ្ទាល់​​​។

សមាជិក​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​សប្បាយ​​​ចិត្ត​​​ដែល​​​ការ​​​រៀប​​​ចំ​​​ពិធី​​​ថត​​​បាន​​​ដោយ​​​លោក ផល្លា ​​​ត្រូវ​​​បាន​​​រើ​​​ចេញ​​​ពី​​​ទី​​​នេះ ហើយ​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​​​​ណាស់​​​ដែល​​​ភ្នំ​​​បូក​​​គោ​​​​​​នៅតែ​​​រក្សា​​​ទុក​​​កន្លែង​​​មួយ​​​នេះ​​​សម្រាប់​​​ភ្ញៀវ​​​ទេសចរ​​​​​​មក​​​អង្កេត​​​ឬ​​​សិក្សា​​​​​​ពី​​​វប្បធម៌​​​ខ្មែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គោលបំណង​​​នៃ​​​ដំណើរ​​​ចុះ​​​មក​​ទី​​​នេះ​​​ គឺ​​​ដើម្បី​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​ជាតិ។ ប្រទេស​​​នីមួយ​​​ៗ​​​សុទ្ធ​​​តែ​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​ ហើយ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​បង្ហាញ​​​ពី​​​អត្ត​​​សញ្ញាណ​​​ជាតិ​​​ និង​​​វប្បធម៌​​​របស់​​​ខ្លួន​​​  ហេតុ​​​ដូច្នេះការ​​​រក្សា​​​អត្ត​​​សញ្ញាណ​​​ជាតិ​​​របស់​​​យើង​​​គឺ​​​វា​​​ជា​​​រឿង​​​សំខាន់​​​ណាស់​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ចាប់​​​ពី​​​ពេល​​​នេះ​​​ទៅ ​​​គ្មាន[សម្ភារធ្វើ​​​ពិធី]​​​ នៅ​​​ទី​​​នេះ​​​ទៀត​​​ឡើយ​​​ ហើយ​​​យើង​​​នឹង​​​គ្រប់គ្រង​​​រៀប​​​ចំ​​​ទី​​​កន្លែង​​​នេះ​​​សម្រាប់​​​អត្ត​​​សញ្ញាណ​​​ជាតិ​​​។ វា​​​គឺ​​​ជា​​​សិទ្ធិ​​​សេរីភាព​​​របស់​​​មនុស្ស​​​នៅ​​​ក្នុង​​​ការ​​​​​​ធ្វើ​​​ពិធី​​​តាម​​​ជំនឿ​​​របស់​​​ខ្លួន​​​ ប៉ុន្តែ យើង​​​ត្រូវ​​​តែ​​​គ្រប់​​​គ្រង​​​ទី​​​កន្លែង​​​េនះ​​​ដើម្បី​​​បង្ហាញ​​​ពី​​​​​​អត្ត​​​សញ្ញាណ​​​របស់​​​យើង​​​”។

ក្រោយ​​​ពេល​​​​​​លោក យ៉ែម បុញ្ញឫទ្ធិ ​​​បាន​​​មាន​​​ប្រសាសន៍​​​រួច​​​ លោក ស្វាយ​​​ វុទ្ធី ប្រធាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​នៅ​​​សណ្ឋាគារ​​​សុខា ​គ្រប់​​​គ្រង​​​ដោយ​​​លោក សុខ គង់ អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ភាគតិច​​​​វៀតណាម​​​​​​ដែល​​​គ្រប់​​​គ្រង​​​ភ្នំ​​​បូកគោ​​​នេះ​​​ទាំង​​​មូល​​​ បាន​​​បញ្ជាក់​​​ថា ភ្ញៀវ​​​ទេស​​​​​ចរ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​តែង​​​តែ​​​មក​​​កម្សាន្ត​​​នៅ​​​ទី​​​នេះ​​​។

លោក​​​ វុទ្ធី បាន​​​និយាយ​​​ថា “ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​បាន​​​មក​​​ទី​​​នេះ​​​តាំង​​​ពី​​​មុន​​​ពេល​​​​​​ក្រុមហ៊ុន​​​ចាប់​​​ផ្តើម​​​ការ​​​អភិវឌ្ឍ​​​​​​ម្លេ៉ះ​​​​​​”។ លោក​​​បាន​​​ពន្យល់​​​ថា ផ្នូរ​​​ក្បែរ​​​ៗ​​​នោះ​​​បាន​​​ទាក់ទាញ​​​ភ្ញៀវ​​​ទេសចរ​​​មក​​​ភ្នំបូក​​​គោ​​​នេះ​​​ជា​​​យូរ​​​ឆ្នាំ​​​មក​​​ហើយ​​​ ពោល​​​គឺ​​​មុន​​​ពេល​​​សណ្ឋាគារ​​​​​​​បាន​​​​​បើក​​​ទៅ​​​ទៀត​​​​​​”។

លោក​​​បាន​​​និយាយ​​​បន្ត​​​ទៀត​​​ថា “ក្រុម​​​ខ្លះ​​​មក​​​ពេល​​​ព្រឹក​​​ចាក​​​ចេញ​​​ទៅវិញ​​​ពេល​​​ល្ងាច ហើយ​​​ក្រុម​​​ខ្លះ​​​ទៀត​​​ស្នាក់​​​នៅ​​​ទីនេះ​​​មួយ​​​យប់​​​​​​។ យើង​​​មិន​​​បាន​​​ហាម​​​ពួក​​​គេ​​​ទេ​​​ ព្រោះ​​​ពួកគេ​​​​​​គឺ​​​ជា​​​ភ្ញៀវ​​​ទេសចរ​​​ដែល​​​មក​​​កម្សាន្ត​​​នៅ​​​លើ​​​ភ្នំ”។

ក្រុម​​​របស់​​លោក យ៉ែម បុញ្ញឫទ្ធិ ​​​ក៏​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កន្លែង​​​ផ្សេង​​​មួយ​​​ទៀត​​​ផង​​​ដែរ​​​ដោយ​​​ឃើញ​​​មាន​​​ផ្នូរ​​​មួយ​​​ចំនួន​​​ទៀត​​​នៅ​​​លើ​​​ទី​​​​​​ជម្រាល​​​​​​មួយ​​​កន្លែង​​​ក្នុង​​​ព្រៃ​​​ដែល​​​​​​ហ៊ុម​​​ព័ទ្ធ​​​ដោយ​​​ផ្ទាំង​​​ថ្ម​​​​​​មួយ​​​ចំនួន​​​​​​ ដែល​​​មាន​​​ឆ្លាក់​​​និង​​​សរសេរ​​​អក្សរ​​​ចិន​​​ពណ៌​​​ក្រហម​​​។

លោក សិទ្ធ វណ្ណៈ អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​លីកាដូ​​​ប្រចាំខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ទី​​​កន្លែង​​​នេះ​​​ក៏​​​ជា​​​កន្លែង​​​សម្រាប់​​​​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ធ្វើ​​​ពិធី​​​ផង​​​ដែរ​​​កាល​​​​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា ​​​នៅ​​​មាន​​​សល់​​​តែ​​​ក្រមួន​​​ទៀន​​​ប៉ុណ្ណោះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

លោក​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ចុះ​​​មក​​​ទីនេះ​​​​​​កាល​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​ធ្នូ​​​ថា “​​​​​​ខ្ញុំ​​​បាន​​​មក​​​ទី​​​កន្លែង​​​នេះ​​​ ហើយ​​​បាន​​​ឃើញ​​​រូប​​​សំណាក​​​មួយ​​​ រូប​​​ថត​​​របស់​​​លោក ហូ ជីមិញ ​​​និង​​ធូបកំពុងឆេះ ​​​ទីកន្លែង​​​មួយដែល​​​ត្រូវ​​​បង្កើត​​​ឡើង​​​ដូច​​​ជា​​​កន្លែង​​​សម្រាប់​​​ពួកគេ​​​ស្នាក់​​​នៅ​​​អ៊ីចឹង​​​… និង​​​បាន​​​ឃើញ​​​ផ្លែ​​​ឈើ​​​នៅ​​​លើ​​​ថ្ម​​​ក្បែរ​​​ផ្នូរ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “យើង​​​បាន​​​ជួប​​​ជាមួយ​​​ជន​​​ជាតិ​​​វៀតណាម​​​ជា​​​ច្រើន​​​នាក់​​​។ អ្នកខ្លះ​​​ចម្អិន​​​អាហារ​​​ អ្នកខ្លះ​​​តាំង​​​សមាធិ​​​នៅ​​​លើ​​​ថ្ម និង​​​អ្នកខ្លះ​​​ទៀត​​​កំពុង​​​ងូត​​​ទឹក​​​។ ពល​​​រដ្ឋ​​​ខ្មែរ​​​កម្រ​​​មក​​​ទី​​​នេះ​​​ណាស់​​​ព្រោះ​​​វា​​​ជា​​​ទី​​​កន្លែង​​​មួយ​​​ដ៏​​​លំបាក​​​។ យើង​​​ទើប​​​​​​តែ​​​ដឹង​​​ថា មាន​​​​​​កន្លែង​​​នេះ​​​កាល​​​ពី​​​ប្រហែល​​​ពីរ​​​ឆ្នាំ​​​មុន​​​ប៉ុណ្ណោះ​​​”។

អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ចុះ​​​មក​​​ទី​​​នេះ​​​បាន​​​បង្ហាញ​​​​​​ក្ដី​​​ព្រួយបារម្ភ​​​ខ្លាច​​​ក្រែង​​​​​​ថា​​​ជន​​​អន្តោប្រវេសន៍​​​ជនជាតិ​​​វៀត​​​ណា​​​ម​​​ក្នុង​​​ចំនួន​​​ច្រើន​​​ដែល​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​បាត់​​​បង់​​​ទឹក​​​ដី​​​ដែល​​​សព​​្វ​​​ថ្ងៃ​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​ប្រទេស​​​វៀត​​​ណាម អាច​​​ធ្វើ​​​ឲ្យ​​​រឿង​​​េនះ​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​នៅ​​​ប្រទេស​​​កម្ពុជា​​​។

លោកស្រី សំ ចរិយា សមាជិក​​​ក្រុមប្រឹក្សា​​​ខេត្ត​​​កំពត​​​មក​​​ពី​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ដែល​​​ចូល​​​រួម​​​ជា​​​មួយ​​​លោក យ៉ែម បុញ្ញឫទ្ធិ ​​​បាន​​​លើក​​​ឡើង​​​ថា លោកស្រី​​​ជឿ​​​ជាក់​​​ថា ផ្នូរ​​​ទាំង​​​េនះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ពល​​​រដ្ឋ​​​វៀតណាម​​​​​​ក្នុង​​​គោល​​​បំណង​​​​​​ភ្ជាប់​​​ទំនាក់​​​វប្បធម៌​​​របស់​​​ខ្លួន​​​ទៅ​​​នឹង​​​កន្លែង​​​នេះ​​​។​ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើងធ្លាប់​​​ដឹង​​​មក​​​ហើយ​​​ថា នៅ​​​ពេល​​​ណា​​​ពួកគេ​​​បាន​​​ខ្ចី​​​អ្វី​​​មួយ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ គឺ​​​ពួក​​​គេ​​​ស៊ីដាច់​​​តែ​​​ម្តង​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ទៀត​​​ថា “នៅ​​​ថ្ងៃ​​​អនាគត​​​ ពួកគេ​​​ចង់​​​ឲ្យ​​​ភ្នំ​​​បូក​​​គោ​​​ក្លាយ​​​ជា​​​របស់ខ្លួន​​​ ហេតុ​​​ដូច្នេះ​​​ពួកគេ​​​មាន​​​បំណង​​​ប្រាប់​​​អ្នក​​​ជំនាន់​​​ក្រោយថា ដូន​​​តា​​​របស់ពួក​​​គេ​​​ទទួល​​​មរណភាព​​​នៅ​​​ទី​​​នេះ ហើយ​​​នេះ​​​គឺ​​​ជា​​​ភ័ស្តុ​​​តាង​​​របស់​​​ពួក​​​គេ​​​ដើម្បី​​​បង្ហាញ​​​ថា ទី​​​កន្លែង​​​នេះ​​​គឺ​​​ជា​​​ដី​​​របស់​​​ខ្លួន​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​យក​​​ដី​​​កម្ពុជា​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

​​​

​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស