ឪពុក​​​ម្តាយ​​​លោក​​​ ថោង​​​ សារ៉ាត់ ត្រូវ​​​ឃំុខ្លួន​​​ក្នុងពន្ធនាគារ​​​ព្រៃ​​​ស​​​​​​សាជាថ្មី​​​​​​

​​​​​​​​​​​​​​​មេធាវី​​​តំណាង​​​ឪពុក​​​ម្តាយ​​​របស់​​​ជន​​​រត់​​​គេច​​​ខ្លួន ថោង​​​ សារ៉ាត់​​​ ដែលត្រូវ​​​ប៉ូលិស​​​តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ផ្តើម​​​គំនិត​​​បាញ់​​​សម្លាប់​​​លោក​​​ឧកញ៉ា​​​អ៊ឹង​​ ម៉េងជឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា តុលាការ​​​ក្រុង​​​ភ្នំពេញ​​​បានសម្រេចឃំុខ្លួនលោក​​​ ថោង​​​ ចំរើន​​​ និង​​​អ្នក​​​ស្រី​​​ កែវ​​​ សាវី​​​ ក្នុង​​​ពន្ធនាគារ​​​ព្រៃស បន្ទាប់ពីពួកគេបាន​​​នៅ​​​ក្រៅ​​​ឃំុ​​​អស់​​​រយៈ​​​ពេលមួយសប្តាហ៍។​​​​​​

​​ប៉ូលិស​នាំខ្លួន​​ឪពុក​​​ម្តាយ​​​របស់​​​លោក​ ថោង​​​ សារ៉ាត់​​​ មកកាន់​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​នេះ។​ ស៊ីវ ចាន់ណា
​​ប៉ូលិស​នាំខ្លួន​​ឪពុក​​​ម្តាយ​​​របស់​​​លោក​ ថោង​​​ សារ៉ាត់​​​ មកកាន់​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​នេះ។​ ស៊ីវ ចាន់ណា

លោកមេធាវី​​​​​​ ស៊ី សត្យា បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃនេះថា​​​​​​​​​ តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​សម្រេច​​​ឃំុ​​​ខ្លួន​​​កូនក្តី​​​របស់​​​លោក​​​គឺលោក​​​ ថោង​​​ ចំរើន​​​ និង​​​អ្នក​​​ស្រី​ ​កែវ​​​ សាវី​​​​​​ ក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​សវិញ ​​​ដោយ​​​សារ​​​តែពួកគេ​​​បំពាន​​​ដីកា​​​តុលាការ។

លោក​​​សត្យា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​ឃំុ​​​ខ្លួន​​​ [ពួកគេ] ដោយសារ​​​តុលាការ​​​ចោទ​​​ពួក​​​គាត់​​​ថា​​​បំពាន​​​លើ​​​ដីកា​​​តុលាការ​​​។ ពួកគាត់​​​មិន​​​មាន​​​ចេតនា​​​គេចវេះ​​​ទេ”។

​​​កាលពី​​​យប់​​​ថ្ងៃ​​​អាទិត្យ ប៉ូលិស​​​បាន​​​ឃាត់​​​ខ្លួនលោក​​​ ថោង​​​ ចំរើន​​​ និង​​​អ្នក​​​ស្រី​​​កែវ​​​ សាវី​​​នៅតាមផ្លូវ​​​ជាតិ​​​លេខ​​​មួួយនៅក្នុង​​​ស្រុក​​​ពាមរក៍​​​ក្នុង​​​​​​ខេត្ត​​​ព្រៃវែង ក្នុង​​​ពេល​​​ដែល​​​ពួកគេកំពុងធ្វើ​​​ដំណើរ​​​​​​តាម​​​រថយន្ត​​​ពេទ្យ​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម។

មន្ត្រីតុលាការ​​​មិន​​​អាច​​​ទាក់ទង​​​សំុ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​នៅ​​​ថ្ងៃ​​​នេះ។

តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​ចោទលោក ​​​​ថោង​​​ ចំរើន​​​ ​​​និង​​​អ្នក​​​ស្រី​​​​ កែវ​​​ សាវី ពី​​​បទ​​​មាន​​​អាវុធ​​​ខុស​​​ច្បាប់​​​ហើយ​​​ពួកគេ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​សនៅថ្ងៃ​​​ទី​​​៧ខែ​​​ធ្នូ​​​ បន្ទាប់​​​ពី​​​ប៉ូលិស​​​បាន​​​​​​ឆែកឆេរ​​​គេហដ្ឋាន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​របស់ពួកគេ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​និង​​​គ្រាប់ជា​​​ច្រើន​​​។​​​ កាល​​​ពី​​​ថ្ងៃ​​​ទី៧​​​ខែ​​​កុម្ភៈកន្លង​​​ទៅ​​​នេះ តុលាការ​​​ក៏បាន​​​ដោះលែង​​​ពួកគេឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ។ លោក​​​ ថោង​​​ សារ៉ាត់​​​ កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ។ ​​​

 

​​​

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.