32.5 C
Phnom Penh

ជន​​​ជាប់​​​ចោទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​អំឡុង​​​សវនាការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​បុរស​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពេល​​​កំពុង​​​ព្យាយាម​​​ផ្ញើ​​​តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ដែល​​​មានលាក់ស្យូដូហ្វេឌ្រីន (Pseudoephedrine) ជា​​​​​​សារធាតុ​​​គីមី​​​ម៉្យាង​​​សម្រាប់​​​ផលិត​​​គ្រឿង​​​ញៀន​​ ពី​​​ភ្នំពេញ​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី បុរស​​​វ័យ​​​៤៧​​​ឆ្នាំ​​​រូប​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​បង្ហាញ​មុខ​​​ក្នុង​​​តុលាការ​​​ពីបទ​​​គម្រោង​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​មួយ​​​ទៀត ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ។

បុរស​​​ឈ្មោះ វ៉ាន វ៉ៃ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១៤​​​ពេល​​​កំពុង​​​​​​ប៉ុន​​​ប៉ង​​​ផ្ញើ​​​តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ធំៗ​​​ចំនួន​​​ប្រាំ​​​ ដែល​​​ផ្ទុក​​​ទៅ​​​ដោយ​​​ស្យូដូហ្វេឌ្រីន ​​​ទម្ងន់​​​​​​១២​​​គីឡូក្រាម​​​ ជា​​​ថ្នាំ​​​បន្ធូរ​​​តឹង​​​ច្រមុះ​​​ម្យ៉ាង​​​ដែល​​​ជា​​​ទូទៅ​​​ប្រើ​​​សម្រាប់​​​ផលិត​​​ថ្នាំ​​​ញៀន​​​មេតាំហ្វេតាមីន​​​។

មួយ​​​ខែ​​​ក្រោយ​​​មក​​​កន្សែង​​​ពោះ​​​គោ​​​ចំនួន​​​៣៨​​​ ​​​ជ្រលក់​​​ត្រាំ​​​ជាមួយ​​​​អ្វី​​​​​​​​​​​​​​​ដែល​​​នគរ​​​បាល​​​បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា កេតាមីន​​​(Ketamine) ត្រូវ​​​បាន​​​រក​​​ឃើញ​​​រុំ​​​​​​ថង់​​​ប្លា​​​ស្ទិក​​​ក្នុង​​​អាផាត​​​មិន​​​មួយ​​​កន្លែង​​​ដែល​​​ជន​​​នេះ​​​បាន​​​ស្នាក់​​​នៅ​​​ជា​​​មួយ​​​បុរស​​​ម្នាក់​​​ឈ្មោះ​​​ ឡេ វីឡាំ អាយុ​​​៣០​​​ឆ្នាំ​​​ដែល​​​បច្ចុប្បន្ន​​​នគរ​​​បាល​​​កំពុង​​​តាម​​​ចាប់ខ្លួន​​​។

វរសេនីយ៍​​​ទោ ឈូក គា មក​​​ពី​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​មហាផ្ទៃ បាន​​​ប្រាប់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “[យើង​​​]​​​ ទទួល​​​បាន​​​ព័ត៌​​​មានសម្ងាត់​​​​​​ពី​​​ភ្នាក់​​​ងារ​​​នគរ​​​បាល​​​ថា  ខណៈ​​​ជាប់​​​ពន្ធនាគារ វ៉ាន វ៉ៃ បាន​​​ហៅ​​​ ឡេ វីឡាំ ​​​ឲ្យ​​​ទៅ​​​ជួយ​​​​​​​​​យក​​​កន្សែង​​ពោះ​​​គោ​​​ទាំង​​​នោះ​​​ចេញ​​​ពី​​​កុនដូ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ខាង​​លើ​​​នេះ​​​​​​ ហើយ​​​បាន​​​សន្យា​​​ឲ្យ​​​ជន​​​នេះ​​​​​​៣.០០០​​​ដុល្លារ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា បន្ទាប់​​​ពី​​​នគរ​​​បាល​​​ដក​​​ហូត​​​កន្សែង​​​ពោះ​​​គោ​​​ទាំង​​​នេះ​​​ដែល​​​ក្នុង​​​កន្សែង​​​នីមួយ​​​ៗ​​​មាន​​​ទំហំ​​​​​​១,៨​​​ម៉ែត្រ​​​​​​គុណ​​​នឹង​​​០,៩១​​​ម៉ែត្រ​​​ ពួកគេ​​​បាន​​​កំណត់ដឹង​​​​​​ថា កន្សែង​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ជ្រលក់​​​ត្រាំ​​​ស្យូដូហ្វេឌ្រីន។ “​​​បន្ទាប់​​​ពី​​​​​​ពិនិត្យ​​​​​​មើល​​​គ្រឿង​​​ញៀន​​​រួច​​​​​​ យើង​​​បាន​​​បញ្ជាក់​​​ថា ម្ស៉ៅ​​​ផ្សំ​​​គ្រឿង​​​ញៀន​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ជ្រលក់​​​ត្រាំ​​​​​​ចូល​​​ក្នុង​​​កន្សែង​​​ទាំង​​​នោះ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា គីមី​​​ដែល​​​ប្រមូល​​​បាន​​​​​​មាន​​​ទម្ងន់​​​ត្រឹម​​​តែ​​​ជាង​​​១២​​​គីឡូក្រាម​​​ប៉ុណ្ណោះ។

ដំបូង​​​ឡើយ​​​អាជ្ញាធរ​​​កម្ពុជា​​​បាន​​​ចាប់​​​ខ្លួន​​​ វ៉ាន វ៉ៃ ក្រោយ​​​ពី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​សម្ងាត់​​​ពី​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី​​​ដែល​​​បាន​​​ជូន​​​ដំណឹង​​​ពួក​​​គេ​​​ថា តុក្កតា​​​ខ្លា​​​ឃ្មុំ​​​ចំនួន​​​ប្រាំ​​​មួយ​​​ប្រអប់​​​មាន​​​ផ្ទុក​​​​​​ពេញ​​​ទៅ​​​ដោយ​​​ស្យូដូហ្វេឌ្រីន បាន​​​​​​ចូល​​​ទៅ​​​ដល់​​​ប្រទេស​​​នោះ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១៤​​​។

ពេល​​​បង្ហា​​​ញ​​​មុខ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​ ពីបទ​​​រក្សា​​​ទ​​​ុក​​​និង​​​រត់​​​ពន្ធ​​​គ្រឿង​​​ញៀន​​​ពាក់​​​ព័ន្ធ​​​នឹង​​​កន្សែង​​​​​​ពោះ​​​​​​គោ​​​ដែល​​​​​​ដក​​​ហូត​​​បាន​​​ វ៉ាន វ៉ៃ បាន​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​ ដោយ​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​មិនមែន​​​ជា​​​ម្ចាស់​​​កន្សែង​​​ពោះ​​​គោ​​​ទាំង​​​នោះ​​​ទេ​​​ ហើយ​​​ខ្លួន​​ក៏មិន​​​មែន​​​ជា​​​អ្នក​​​ចុះ​​​​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ជួល​​​អាផាត​​​មិន​​​នោះ​​​ដែរ​​​។

វ៉ាន វ៉ៃ និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​មិ​​​ន​​​បាន​​​ប្រព្រឹត្ត [បទ​​​ល្មើស​​​] ទេ​​​។ ផ្ទះ​​​នោះ​​​គឺ​​​ ឈ្មោះ ឡាំ ជា​​​អ្នកជួល​​ហើយ​​​ខ្ញុំ​​​គឺ​​​ជា​​​សាក្សី​​​ដឹង​​​ឮ​​​នៅ​​​ក្នុង​​​កិច្ច​​​សន្យា​​​ជួល​​​នេះ​​​”។

ក្រឡា​​​បញ្ជី​​​មួយ​​​រូប​​​បាន​​​អាន​​​ចម្លើយ​​​បំភ្លឺ​​​របស់​​​​​​ម្ចាស់​​​ផ្ទះ​​​ជួល​​​​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា វ៉ាន វ៉ៃ “កម្រ​​​មក​​​លេង​​​” ផ្ទះ​​​នេះ​​​ណាស់​​​។លោក តុបឈុន​​​ ហេង​​​ ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សាល​​​ក្រម​​ផ្តន្ទា​​​ទោស​​​​​​នឹង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​១៣​​​ ខែ​​​មីនា៕​​​សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស