42.2 C
Phnom Penh

កម្មករ​​​រោងចក្រ​​​ដែល​​​ធ្វើការ​​​តវ៉ា​​​ចោទ​​​ប្រកាន់​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ថា​​​បាន​​​វាយ​​​កម្មករ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តំណាង​សហជីព និង​មន្ត្រី​​​នគរ​បាល​បាន​ឲ្យ​ដឹង​ថា កម្មករ​​ដែល​បាន​ធ្វើ​កូដកម្ម​នៅ​រោងចក្រ Quantum Clothing ក្នុង​រាជធានី​ភ្នំពេញ បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​តាមចោទថា បាន​វាយ​កម្មករ​ពីរ​នាក់​​​អំឡុង​ការ​តវ៉ា​កាលពី​ម្សិលមិញ នៅ​ខាង​ក្រៅ​រោង​​​ចក្រ​។

កម្មករ​ប្រហែល​៣.០០០​នាក់​​បាន​ធ្វើ​កូដកម្ម​កាល​​​ពី​ថ្ងៃ​ព្រហស្បតិ៍ តវ៉ា​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​​របស់​រដ្ឋាភិបាល​កាល​​​ពី​ខែ​​មករា ដែល​មិន​រាប់​បញ្ចូល​កម្មករ​ដែល​មាន​​ប្រាក់​ខែ​លើស​ពី​១២៨​ដុល្លារ​រួច​​​ទៅ​ហើយ​​​នោះ។

លោកស្រី ទូច សឿ អនុប្រធាន​សហជីព​សេរី​​​កម្មករ​​​បាន​មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ប្រហែល​៧និង​១០​នាទី​ព្រឹក​ម្សិលមិញ ខណៈ​ដែល​កម្មករ​ប្រហែល​១.០០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​ ដែល​​ស្ថិត​នៅ​តាម​ផ្លូវ​វេង​​​ស្រេង បុគ្គលិក​រោងចក្រ​​​បាន​វាយ​អ្នក​តវ៉ា​ពីរ​នាក់។

លោក​ស្រី​ ទូច សឿ បាន​មាន​ប្រសាសន៍​ថា “ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​ចាប់​បោច​សក់ ហើយ​អូស​ចូល​ក្នុង​រោងចក្រ ប៉ុន្តែ​ម្នាក់​អាច​រត់​គេចខ្លួន​​​រួច ចំណែក​ម្នាក់​ទៀត​ត្រូវ​បាន​ទះ​​​កំផ្លៀង​រហូត​មាន​ស្នាម​ជាំ​”។ លោកស្រី​បាន​បន្ថែម​ថា ភ្លាម​​​ៗ​នោះ​សហជីព​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​សង្កាត់​ចោម​​​ចៅ។

អ្នកស្រី​ វណ្ណ កក្កដា អ្នក​គ្រប់​គ្រង​​​ផ្នែក​​​​ធនធាន​មនុស្ស​នៅ​រោងចក្រ Quantum Clothing បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ អ្នកស្រី​បាន​និយាយ​ថា ​ការ​ចោទ​ប្រកាន់​របស់​ពួកគេ​មិន​ពិត​ឡើយ ពីព្រោះ​គ្មាន​បុគ្គលិក​រោងចក្រ​ណា​វាយ​កម្មករ​ឡើុយ។ កម្មករ​បាន​យក​ម៉ូតូ​​បិទ​​​ច្រកទ្វារ​​​​ចូល​រោង​​​ចក្រ ដែល​​​ធ្វើ​ឲ្យ​កម្មករ​មាន​កំហឹង​សហការ​ជាមួយ​រោងចក្រ​”។

អ្នកស្រី កក្កដា បាន​អះអាង​ថា លោក សុខ ប៊ុន​​​ឡេង ប្រធាន​ផ្នែក​នាំ​ចូល​​​និង​នាំចេញ​នៅ​រោងចក្រ​នេះ ដែល​តាម​ចោទ​ថា បាន​វាយ​កម្មករ​នោះ គឺ​ជា​​​អ្នក​​​ព្យាយាម​ជួយ​អន្តរាគមន៍​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​ដែល​ធ្វើ​ការ​តវ៉ា​​​និង​សហសេវិក​របស់​ខ្លួន​ដែល​ព្យាយាម​ចូល​ក្នុង​រោងចក្រ​​​តែប៉ុណ្ណោះ​​​​។អ្នកស្រី​បាន​​​និយាយ​ថា ” គាត់​បាន​ទៅ​ឃាត់​កម្មករ​កុំ​ឲ្យ​វាយ​​​​​​គ្នា។ គាត់​មិន​បាន​វាយ​នរណា​ម្នាក់​ទេ”។

លោក រឿង ចាន់រុង មន្ត្រី​នគរ​បាល​សង្កាត់​ចោម​ចៅ​​​បាន​អះអាង​ថា នគរ​បាល​​បាន​ទទួល​ពាក្យ​បណ្ដឹង​ហើយ។

លោក ចាន់រុង បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​បាន​​ពាក្យ​បណ្ដឹង​ពី​កម្មការិនី​ពីរ​នាក់​នៅ​ព្រឹក​នេះ ដោយ​ចោទ​ប្រកាន់​​បុគ្គលិក​រោងចក្រ​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួកគេ”។ លោក​​បាន​បន្ថែម​ថា តំណាង​រោងចក្រ​នឹង​ត្រូវ​​ហៅ​មក​សាក​សួរ​នៅ​ថ្ងៃ​នេះ៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស