28.5 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​៖ គ្មាន​ គ.ជ.ប. ​ថ្មី​ទេ ​ប្រសិនបើ​មិន​បញ្ជៀស​បាន​នូវ​ពហិការ​មិន​ចូល​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)ទ្វេ​បក្ស​ថ្មី​បង្កើត​ឡើង​បាន​ទេ លុះត្រាតែ​បក្ស​ប្រឆាំង​យល់​ព្រម​ទៅ​នឹងច្បាប់​ថ្មី​ដែល​នឹង​បែងចែក​ជា​ថ្មី​នូវ​អាសនៈ​សភា​របស់​គណ​បក្ស​ណាមួយ​ដែល​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​បន្ទាប់ពី​ការ​បោះ​ឆ្នោត។

លោក​ក៏​បាន​ព្រមាន​ជាថ្មី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​បង្ក​ឲ្យ​មាន​បដិវត្ត​ ដោយ​លោក​និយាយ​ថា ពួកគេ​នឹង​ប្រឈម​នឹង​កំហឹង​ដ៏​ខ្លាំង​ពី​កងទ័ព ប្រសិនបើ​ពួកគេ​ធ្វើ​មែន​នោះ។

ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹកនាំ​តំណាង​រាស្ត្រ​៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​រយៈ​ពេល​១០​ខែ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​ពួកគេ​និយាយ​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ច្រើន ហើយ​បាន​បញ្ចប់​ពហិការ​ទៅ​វិញ នៅ​ពេល​ដែល​លោក ហ៊ុន សែន បាន​សន្យា​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិន​បណ្តោយ​ឲ្យ​មាន​ពហិការ​បែប​នេះ​កើត​ឡើង​ជាថ្មី​ទេ ហើយ​ថា លោក​នឹង​ប្រើ​សំឡេង​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សភា​ជាតិ ដើម្បី​រារាំង​កំណែ​ទម្រង់​ដែល​បាន​សន្យា​ហើយ​នោះ​មិន​ឲ្យ​អនុម័ត​បាន​ទេ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា “ច្បាប់​បោះ​ឆ្នោត​ដែល​នឹង​ដាក់​សុំ​ការ​អនុម័ត​នៅ​ពេល​ខាង​មុខ គួរតែ​ដាក់​ឲ្យ​ហើ​យ​ទៅ សមាជិក​សភា​នៃ​គណបក្ស​ណា​ដែល​មិន​ចូល​រួម​[សភា] តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ ចាត់​ទុក​ថា​ជាការ​បោះបង់​ចោល​អាសនៈ”។

លោក​មាន​ប្រសាសន៍​ថា “បើ​ឯង​មិន​ចូល​[សភា] គជប​នឹង​បែងចែក​អាសនៈ​របស់​អ្នក​ទៅ​ឲ្យ​បក្ស​ផ្សេងទៅ។ ឲ្យ​វា​ឆាប់​ចប់។ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​មិន​ឆាប់​ចប់​ទេ។ [អ្នក​ចាញ់] មិន​ដែល​យល់​ព្រម​[ទទួល​លទ្ធផល]​ទេ”។

លោក​មាន​ប្រសាសន៍​ថា “រឿង​ទី២​គឺថា បើ​អ្នកឯង​មិន​យល់​ព្រម នឹង​ប្រើ​អាចាស់​ដដែល។ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ជា​គណៈ​កម្មាធិការ​ចាស់ ហើយ​ច្បាប់​ផ្សេងទៀត​នឹង​នៅ​ជា​ច្បាប់​ចាស់ ពីព្រោះ​នឹង​មិន​មាន​អ្វី​ថ្មី​ជំនួស​ទេ”។

ក្រុម​ការងារ​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ សព្វ​ថ្ងៃ​កំពុង​ព្រាង​ការ​ប្តូរ​ឲ្យ​មាន​ច្បាប់​បោះ​ឆ្នោត​ថ្មី។ លោក សម រង្ស៊ី ​មាន​គម្រោង​នឹង​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​សៅរ៍ ដើម្បី​ចរចា​១០​ចំណុច​នៃ​ការ​មិន​ព្រមព្រៀង​គ្នា​ដែល​នៅ​សេស​សល់​ទាក់ទិន​នឹង​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល។

លោក រង្ស៊ី បាន​និយាយ​ថា “ស្តាប់​ទៅ​ចម្លែក​បន្តិច ពីព្រោះ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ឮ​គំនិត​បែប​នេះ។ ខ្ញុំ​កំពុង​តាម​ដាន​ការ​ចរចា​ពី​ក្រុម​ការងារ ហើយ​ពួកគេ​មិន​ដែល​បង្ហាញ​លក្ខខណ្ឌ​បែប​ហ្នឹង​ទេ”។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​និយាយ​ថា លោក​មិន​មាន​ជំហរ​អំពី​សំណើ​នេះ​ទេ ប៉ុន្តែ​ថា វា​អាច​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

លោក​បាន​និយាយ​ថា “យោងតាម​រដ្ឋធម្មនុញ្ញ ពេលណា​គណបក្ស​មួយ​បាន​ទទួល​សំឡេង​ឆ្នោត​និង​អាសនៈ​ពី​មណ្ឌល​បោះ​ឆ្នោត តើ​តាម​លក្ខណៈ​ផ្លូវ​ច្បាប់ ​គណបក្ស​នោះ​នឹង​បាត់បង់​អាសនៈ​ទាំងអស់​របស់​ខ្លួន​យ៉ាង​ម៉េច​កើត​ទៅ?”។

“ខ្ញុំ​ត្រូវ​ពិគ្រោះ​ជាមួយ​សហសេវិក​និង​មេធាវី​របស់​ខ្ញុំ ដើម្បី​ឲ្យ​ដឹង ថាតើ​ការ​នេះ​ផ្ទុយ​នឹង​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ប៉ះពាល់​ឆន្ទៈ​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា”។

ក្នុង​សុន្ទរកថា​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​នៅ​ពេល​បិទ​បញ្ចប់​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រាប់​កម្លាំង​សន្តិសុខ​នៅ​ទី​នោះ​ឲ្យ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​រដ្ឋាភិបាល​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា “ទាំង​កងទ័ព នគរបាល រាជអាវុធហត្ថ និង​រដ្ឋបាល​ស៊ីវិល​ទាំង​អស់​មិន​អាច​អព្យាក្រិត្យ​រវាង​គណបក្ស​នយោបាយនិង​រដ្ឋ​បាន​ទេ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​គណបក្ស​ឈ្លោះ​គ្នា អ្នក​ទាំងអស់​គ្នា​អាច​ទៅ​បញ្ឈប់​ជម្លោះ​ដោយ​មិន​កាន់​ជើង​ខាងណា។ ប៉ុន្តែ​ពេលដែល​គណបក្ស​មួយ​បំពាន​រដ្ឋ ត្រូវ​មាន​ការ​ឆ្លើយ​តប​ភ្លាម”។

លោក ហ៊ុន សែន ក៏​បាន​ឡកឡាយ​ដាក់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​និយាយ​ថា ប្រសិនបើ​ខ្លួន​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ខ្លួន​នឹង​ទទួល​បរាជ័យ​ភ្លាម។

ក្នុង​ពេល​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​មុន លោក រង្ស៊ី បាន​ឡកឡាយ​ជា​សាធារណៈ​ដាក់​លោក ហ៊ុន សែន ដោយ​និយាយ​ថា គាត់​អាច​ដើរ​ផ្លូវ​របស់​ប្រធានាធិបតី​អ៊ុយក្រែន វ៉ិកទ័រ យ៉ាណូកូវិច ដែល​ត្រូវ​គេ​បណ្តេញចេញ​ពី​អំណាច។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃពុធ​ថា “ពេល​អ្នកឯង​ឮ​អំពី​អ៊ុយក្រែន អ្នក​ឯង​ចង់​ធ្វើ​តាម​អ៊ុយក្រែន។ មានអី បើ​អ្នក​ឯង​ធ្វើ​តាម​អ៊ុយក្រែន ការ​ប្រយុទ្ធ​គ្នា​នឹងកើត​ឡើង”។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រទេស​ជាច្រើន​ដែល​មាន​បដិវត្ត​ពណ៌​កំពុង​តែ​ងាប់…។ ប្រទេស​លីប៊ី​ម៉េច​ហើយ? ប្រទេស​អេហ្ស៊ីប​ម៉េច​ហើយ? ប្រទេស​ទុយនីស៊ី​គ្រាន់បើ​ជាង​ប្រទេស​ផ្សេង​បន្តិច ហើយ​អេហ្ស៊ីប​គ្រប់គ្រង​ដោយ​កងទ័ព”។ “ទីនេះ​មិន​មែន​ជា​អ៊ុយក្រែន​ទេ។ ទីនេះ​មិនមែន​ជា​លីប៊ី​ទេ”៕និត (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស